
រូបថតមួយសន្លឹកបង្ហាញអំពីទិដ្ឋភាពស្ពានអ្នកលឿង ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដោយត្រូវបានភ្ជាប់ជាមួយនឹងការអះអាងថា ស្ពានមួយនេះ កាន់កាប់ឋានៈជាស្ពានវែងជាងគេក្នុងប្រទេសកម្ពុជារយៈពេល ២៥ឆ្នាំហើយ។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់ Fact Crescendo Cambodia បានរកឃើញថា រូបថតភ្ជាប់ដោយការអះអាង និងបង្ហោះនៅលើបណ្ដាញសង្គមខាងលើ គឺមិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្តាញសង្គម
កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ ទំព័រហ្វេសប៊ុកមួយមានឈ្មោះថា ASEAN urbanist បានបង្ហោះរូបថតមួយសន្លឹក បង្ហាញនូវទិដ្ឋភាពស្ពានអ្នកលឿងនាពេលរាត្រី។ រូបថតមួយសន្លឹកនេះ ត្រូវបានភ្ជាប់ជាមួយនឹងការអះអាងថា ស្ពានមួយនេះ បានគ្រងឋានៈជាស្ពានដែលវែងជាងគេក្នុងប្រទេសកម្ពុជារយៈពេល២៥ឆ្នាំហើយ។
ការអះអាងបែបនេះ ត្រូវបានចែករំលែកជាច្រើនពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុក និងមានការបញ្ចេញមតិ ប្រតិកម្មចម្រុះផងដែរ។
ខាងក្រោមនេះ គឺជារូបភាពផ្តាមចេញពីទំព័រហ្វេសប៊ុកខាងលើ ដែលបានសរសេររៀបរាប់ជាភាសាអង់គ្លេស និងមានអត្ថន័យជាភាសាខ្មែរថា ស្ពានអ្នកលឿងក្នុងខេត្តព្រៃវែង គឺជាស្ពានដែលវែងជាងគេក្នុងប្រទេសកម្ពុជា ២៥ឆ្នាំហើយ។

ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia ចាប់ផ្ដើមត្រួតពិនិត្យទៅលើការអះអាង ដែលបានបង្ហោះខាងលើ តាមរយៈការផ្ទៀងផ្ទាត់របស់សារព័ត៌មាននានា នាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៥កន្លងទៅនេះ គេហទំព័រសារព័ត៌មាន RFI បានចុះផ្សព្វផ្សាយអំពីការបើកសម្ភោធ និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៃស្ពានអ្នកលឿង ឬឈ្មោះជាភាសាជប៉ុនហៅថា ត្សឹបាសា ដែលជាស្ពានមួយវែងជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា។
ខាងក្រោមនេះ គឺជារូបភាពផ្តាម ដែលបានបង្ហាញទិដ្ឋភាពស្ពានត្សឹបាសា ថតពីលើផ្ទៃអាកាស។

RFI News Report | Archived Link
ដូចគ្នានេះ តាមរយៈគេហទំព័រសារព័ត៌មានភ្នំពេញ ប៉ុស្តិ៍ ក៏បានធ្វើសេចក្តីរាយការណ៍ព័ត៌មានមួយ ទាក់ទងទៅនឹងការដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៃស្ពានអ្នកលឿង ឬត្សឹបាសា ផងដែរ កាលពីថ្ងៃខែមេសា ឆ្នាំ២០១៥កន្លងទៅនេះ។
ស្ពានអ្នកលឿង ឬហៅតាមឈ្មោះជាភាសាជប៉ុនថា ស្ពានត្សឹបាសា (Tsubassa) គឺជាស្ពានដ៏វែងជាងគេមួយនៅក្នុងប្រទេសកម្ពុជា ដោយត្រូវបានដាក់ឱ្យប្រើប្រាស់ជំនួសការឆ្លងទន្លេមេគង្គដោយប្រើប្រាស់ស្រឡាង ដែលធ្លាប់មានពីមុនមក នៅថ្ងៃទី០៦ មេសា ឆ្នាំ២០១៥។
ស្ពានអ្នកលឿង គឺជាស្ពានយោងដោយខ្សែកាប ដែលតភ្ជាប់ផ្លូវជាតិលេខ១ ឆ្លងកាត់ទន្លេមេគង្គ រវាងតំបន់អ្នកលឿងខាងលិច គឺស្រុកលើកដែក ខេត្តកណ្ដាល ទៅតំបន់អ្នកលឿងខាងកើត ក្នុងស្រុកពាមរ ខេត្តព្រៃវែង។
Post Khmer Link | Archived Link
ដើម្បីស្វែងរកព័ត៌មានពិត សូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម៖
Facebook Twitter Telegram Google News
សន្និដ្ឋាន
Fact Crescendo Cambodia រកឃើញថា ការអះអាងដូចបានរៀបរាប់ខាងលើនេះ គឺមិនត្រឹមត្រូវនោះឡើយ។ ស្ពានអ្នកលឿង ឬត្សឹបាសា បានចាប់ផ្តើមសាងសង់ឡើងនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១១ និងបានបញ្ចប់ការសាងសង់រួចរាល់ ព្រមទាំងបានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៥កន្លងទៅ ដែលគិតត្រឹមឆ្នាំ២០២២នេះ មានរយៈពេលត្រឹមតែ៧ឆ្នាំប៉ុណ្ណោះ។

Title:ស្ពានអ្នកលឿងក្លាយជាស្ពានវែងជាងគេនៅកម្ពុជាអស់រយៈពេល៧ឆ្នាំហើយ
Fact Check By: Kakada SimResult: False
