កាល​ពី​សប្ដាហ៍​ចុង​ក្រោយ​នៃ​ខែ​កញ្ញា​កន្លង​មក​នេះ លោក ហ៊ុន ម៉ាណែត ដែល​ជា​នាយករដ្ឋ​មន្ត្រី​ថ្មី​របស់​កម្ពុជា បាន​ដឹកនាំ​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​របស់​កម្ពុជា ធ្វើ​ដំណើរ​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​របស់​អង្គការ​សហ​ប្រជាជាតិ នៅ​ទីក្រុង​ញូវយ៉ក សហរដ្ឋ​អាមេរិក។ ក្នុង​ពេល​នោះ លោក ហ៊ុន ម៉ាណែត ក៏​បាន​ជួប​សំណេះ​សំណាល​ជាមួយ​ក្រុម​មនុស្ស​ដែល​ត្រូវ​បាន​គេ​ដឹង​ថា​ជា​អ្នក​គាំ​ទ្រ​គណបក្ស​ប្រជាជន​កម្ពុជា។

ទន្ទឹម​គ្នា​នោះ លោក ហ៊ុន សែន ដែ​ល​ជា​អតីត​នាយករដ្ឋ​មន្ត្រី​កម្ពុជា និង​ជា​ឪពុក​របស់​លោក ហ៊ុន ម៉ាណែត ផង​នោះ បាន​បង្ហោះ​វីដេអូ​មួយ​ដែល​បង្ហាញ​ផ្ទាំង​ប៉ាណូ​ដ៏​ធំ​មាន​រូប​កូន​ប្រុស​របស់​លោក ស្លាក​សញ្ញា​គណបក្ស​ប្រជាជន​កម្ពុជា និង​សារ​ស្វាគមន៍​ផង​ដែរ។ លោក ហ៊ុន សែន អះអាង​ថា នោះ​គឺ​ជា​ផ្ទាំង​ប៉ាណូ​ស្វាគមន៍​ដំណើរ​ទៅ​ដល់​របស់​កូន​ប្រុស​លោក​ដែល​ត្រូវ​បាន​គេ​រៀបចំ​ដាក់​នៅ Times Square កណ្ដាល​ទីក្រុង​ញូវយ៉ក។

វីដេអូ​នោះ ត្រូវ​បាន​ចែក​រំលែក​បន្ត​យ៉ាង​ផុស​ផុល និង​ទទួល​បាន​មតិ​សារទរ​យ៉ាង​ច្រើន​ពី​អ្នក​មាន​និន្នាការ​គាំ​ទ្រ​បក្ស​កាន់​អំណាច ប៉ុន្តែ ទទួល​រង​ការ​រិះគន់​ពី​សំណាក់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​ក្រៅ​ស្រុក។

ទោះជាយ៉ាងណា យើង​បាន​ផ្ទៀង​ផ្ទាត់​ទៅ​លើ​វីដេអូ​នោះ ហើយ​រក​ឃើញ​ថា ការអះអាង​នៅ​លើទំព័រ​ហ្វេសប៊ុក​របស់​លោក ហ៊ុ​ន សែន គឺ​ជា​ព័ត៌មាន​ក្លែង​ក្លាយ។

ការ​អះអាង​លើ​បណ្ដាញ​សង្គម

កាល​ពី​សប្ដាហ៍​មុន អតីត​នាយករដ្ឋ​មន្ត្រី​កម្ពុជា លោក ហ៊ុន សែន បាន​បង្ហោះ​វីដេអូ​មួយ​មាន​រយៈ​ពេល ៤៦​វិនាទី ដែល​បង្ហាញរូបថត​កូន​ប្រុស​របស់​លោក​នៅ​លើ​ផ្ទាំង​អេក្រង់​ដ៏​ធំ​នៅ​ឯ​ទីក្រុង​ញូវយ៉ក។

លោក ហ៊ុន សែន ដែល​បាន​ផ្ទេរ​ការ​ដឹកនាំ​ទៅ​ឱ្យ​កូន​ប្រុស​ច្បង​របស់​លោក​កាល​ពី​ខែ​សីហា​កន្លង​មក​នេះ បាន​អះអាង​ថា វា​ជា​ផ្ទាំង​ប៉ាណូ​ដែល​បង្ហាញ​ការ​ស្វាគមន៍​ដំណើរ​ទស្សនកិច្ច​របស់​កូន​ប្រុស​លោក​នៅ​លើ​ទឹក​ដី​សហរដ្ឋ​អាមេរិក ហើយ​ផ្ទាំង​ប៉ាណូ​ដ៏​ធំ​នោះ​ត្រូវ​បាន​ដាក់​បង្ហាញនៅ​តំបន់ Times Squar ក្នុង​ទីក្រុង​ញូវយ៉ក។

ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​ទាំង​ស្រុង​ដែល​លោក ហ៊ុន សែន បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កញ្ញា​កន្លង​មកនេះ​ជាមួយ​សំណេរ​រៀបរាប់​ថា «ផ្ទាំង​ប៉ាណូ​នៅ​ចំ​កណ្ដាល​ទីក្រុង​ញូវយ៉ក តំបន់ Times Square ស្វាគមន៍​វត្តមាន​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​នៅ​លើ​ទឹកដី​សហរដ្ឋ​អាមេរិក»។

Facebook Post | Archived Link

វីដេអូ​ដែល​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក ហ៊ុន សែន ទទួល​បាន​ការ​ចែក​រំលែក​បន្ត​រាប់​រយ​ដង និង​ទទួល​បាន​មតិ​យោបល់​ជាច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ដែល​មាន​និន្នាការ​គាំទ្រ​បក្ស​កាន់​អំណាច។

សារព័ត៌មាន​នានា​នៅ​ក្នុង​ស្រុក​ដែល​មាន​និន្នាការ​គាំ​ទ្រ​បក្ស​កាន់​អំណាច បាន​ចុះ​ផ្សាយ​ព្រោង​ព្រាត​អំពី​វីដេអូ​នេះ បន្ទាប់​ពី​វីដេអូ​នេះត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយទំព័រ​ហ្វេសប៊ុក​របស់​លោក​ ហ៊ុន សែន។ សារព័ត៌មាន​ទាំង​នោះ ក៏​បាន​បង្ហោះ​វីដេអូ​នោះ​នៅ​លើ​ទំព័រ​បណ្ដាញ​សង្គម​របស់​ពួកគេ​ផង​ដែរ។

ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​នោះ​ដែល​ផ្សព្វផ្សាយ​ដោយសារព័ត៌មាន Fresh News នៅ​លើ​ទ័ព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​យប់​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ឆ្នាំ​២០២៣។

Facebook Post | Archived Link

ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​ដែល​ផ្សព្វផ្សាយ​ដោយ​ក្រសួង​ព័ត៌មាន​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាល​ពី​ថ្ងៃទី​២៣ ខែ​កញ្ញា​កន្លង​មក​នេះ។

Facebook Post | Archived Link

ទំព័រ​ហ្វេសប៊ុក​របស់​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល ក៏​បាន​ចែក​រំលែក​នូវ​វីដេអូ​នេះ​ផងដែរ បន្ទាប់​ពី​ការ​បង្ហោះ​ដោយ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​ទំព័រ​ហ្វេសប៊ុក​របស់​មេដឹកនាំ​គណបក្ស​កាន់​អំណាច។

ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​ដូច​គ្នា​ដែល​បង្ហោះ​ដោយ​ទំព័រហ្វេសប៊ុក​របស់​លោក ហេង សួរ រដ្ឋ​មន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ។

Facebook Post | Archived Link

គេ​អាច​មើល​វីដេអូ​នេះ​នៅ​លើ​បណ្ដាញ​សង្គម​ដែល​បង្ហោះ​ដោយ​ទំព័រ​ហ្វេសប៊ុក ឬ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ដទៃ​ទៀត​ផង​ដែរ។

សូម​មើល​វីដេអូ​ទាំង​ស្រុង​ដែល​បង្ហោះ​ដោយ​ទំព័រ​ហ្វេសប៊ុក Gazette ប្រជាជន, គណនី​ហ្វេសប៊ុក​លោក ឯម ច័ន្ទមករា រដ្ឋ​លេខាធិការ​ក្រសួង​សង្គម​កិច្ច អតីត​យុទ្ធជន និង​ស្ដារ​យុវនីតិ​សម្បទា, ទំព័រហ្វេសប៊ុក I Love Cambodia Hot News, ទំព័រហ្វេសប៊ុក​ ប្រសាសន៍ ឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត

ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​នេះ​ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម X (អតីត​ Twitter)​ ដោយ​ក្រសួង​ព័ត៌មាន​កាល​ពីថ្ងៃ​ទី​២៣ ខែ​កញ្ញា​កន្លង​មក​នេះ។

ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​ដដែល​នេះ ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម TikTok ដោយ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ម្នាក់​ដែល​បាន​ចម្លង​ទាំង​ស្រុង​ពី​​ទំព័រ​ហ្វេសប៊ុក​របស់​លោក ហ៊ុន សែន។

@vann_lau

ផ្ទាំងប៉ាណូនៅចំកណ្តាលទីក្រុងញូយ៉ក តំបន់ Times Square ស្វាគមន៍វត្តមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅលើទឹកដីសហរដ្ឋអាមេរិក 🇰🇭❤️

♬ original sound - thy _vireak - thy _vireak

ខណៈ​ដែល​ទទួល​បានការ​សាទរ​នោះ វីដេអូ​នេះក៏​ទទួល​បាន​ការ​រិះគន់​ផង​ដែរ ដោយ​ត្រូវ​បាន​ចាត់​ទុក​ជា​ការ​ចំណាយ​ថវិកា​ជាតិ​មិន​ត្រឹម​ត្រូវ​ទៅ​លើ​ការ​ផ្សាយ​ពាណិជ្ជកម្ម​លើក​តម្កើង​ខ្លួន​ឯង ជាជាង​ផ្សព្វផ្សាយ​ដើម្បី​ផល​ប្រយោជន៍​ជាតិ។

ទោះជាយ៉ាងណា លោក ហ៊ុន ម៉ាណែត បាន​បញ្ជាក់​ថា លោក​ពុំ​បាន​ចំណាយ​ទៅ​លើ​ការ​ផ្សព្វផ្សាយ​លើ​ផ្ទាំង​អេក្រង់​ដ៏​ធំ​នោះ​ឡើយ ហើយ​លោក​ថា ពលរដ្ឋ​អាមេរិក​ដើម​កំណើត​ខ្មែរ​ម្នាក់​បាន​ចំណាយ​ប្រាក់​លើ​ការ​ផ្សព្វផ្សាយ​នេះ។

Facebook Post | Archived Link

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះអាង​នេះ​តាម​រយៈការ​ដំណើរការ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញការ​ពិត​ដូច​ខាង​ក្រោម​នេះ។

វីដេអូ​នេះ​ដែល​មាន​លក្ខណៈ​ស្រដៀង​គ្នា​នឹង​វីដេអូ​នេះ ត្រូវ​បាន​រកឃើញ​នៅ​លើ​វេបសាយ​មួយ​ឈ្មោះ fiverr ដែល​ជា​វេបសាយ​បង្កើត​វីដេអូ​ពាណិជ្ជកម្ម​ (visual advertisement)​នៅ​លើ​ផ្ទាំង​ប៉ាណូ​និម្មិត​នៅ​តំបន់ Times Square។

វេបសាយ​ Fiverr គឺ​ជា​ក្រុមហ៊ុន​ផលិត​ពាណិជ្ជកម្ម​អនឡាន​លំដាប់​ពិភព​លោក​របស់​ប្រទេស​អ៊ីស្រាអែល។ ក្រុមហ៊ុន​នេះ​​ភ្ជាប់​ទំនាក់​ទំនង​​អ្នក​ធ្វើការ​ឯករាជ្យទៅ​មនុស្ស ឬ​អាជីវកម្ម​ដែល​ស្វែង​រក​​តម្រូវការ​ធនធាន​មនុស្ស។

ចំណែក​ឯ​ទម្រង់​ពាណិជ្ជកម្ម​និម្មិត​នៅ​លើ​ផ្ទាំង​អេក្រង់​ធំ​នៅ​តំបន់ Times Square ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោក Antinio អ្នក​បង្កើតវីដេអូ​សោតទស្សន៍​ដែល​បាន​បញ្ចប់​ការ​សិក្សាជំនាញ​នេះ​ពី​សាលា​សិល្បៈ​នៅ​ទីក្រុង​សាន់ហ្វ្រាន់ស៊ីស្កូ។

ទម្រង់​វីដេអូ​ពាណិជ្ជកម្ម​និម្មិត​របស់​លោក Antonio បាន​អនុញ្ញាត​ឱ្យ​បុគ្គល ឬ​ក្រុម​ហ៊ុន​អាជីវកម្ម អាច​ដាក់​បញ្ចូល​ខ្លឹមសារ អក្សរ និង​រូបថត​របស់​ពួកគេ​នៅ​លើ​ផ្ទាំង​អេក្រង់​ធំៗ​នៅ​តាម​ទីតាំង​ល្បីៗ​នៅ​លើ​ពិភព​លោក។

ទោះជាយ៉ាងណា លោក Antonio បញ្ជាក់​ថា វីដេអូ​ពាណិជ្ជកម្ម​នៅ​លើ​ផ្ទាំង​អេក្រង់​ទាំង​នោះ សុទ្ធ​តែ​មិន​មែន​កើត​ឡើង​នៅ​លើ​ទីតាំង​ជាក់​ស្ដែង​នោះ​ឡើយ ដោយ​វា​គ្រាន់​តែ​ជា​ការ​បង្កើត​វីដេអូ​និម្មិត​ប៉ុណ្ណោះ។

ដើម្បី​ទទួល​បាន​វីដេអូ​ពាណិជ្ជកម្ម​និម្មិត​បែប​នេះ គេ​គ្រាន់​តែ​ចំណាយ​ថវិកា​ចន្លោះ​ពី ១០​ដុល្លារ ទៅ ៣០​ដុល្លារ​ប៉ុណ្ណោះ​ទៅ​តាម​ប្រភេទ​កញ្ចប់​សេវា​សម្រាប់​វីដេអូ​ពាណិជ្ជកម្ម​និម្មិត​មាន​រយៈ​ពេល​ប្រហែល ១​នាទី។

បើ​តាម​សំណេរ​បញ្ជាក់​របស់​លោក Antonio វីដេអូ​ពាណិជ្ជកម្ម​និម្មិត​នៅ​លើ​ផ្ទាំង​អេក្រង់​ដ៏​ធំ​នៅ​តំបន់ Times Square ក្នុង​ទីក្រុង​ញូវយ៉ក​នោះ មិន​មែន​ជា​វីដេអូ​នៅ​ទីតាំង​ជាក់​ស្ដែង​នោះ​ឡើយ។ វា​គ្រាន់​តែ​វីដេអូ​ទាញ​ចេញ​ពី​វេបសាយ​ Fiverr ដែល​ប្រើ​ប្រាស់​ទម្រង់​មាន​ស្រាប់​របស់​លោក Antonio តែ​ប៉ុណ្ណោះ។

https://www.fiverr.com/antonio26900/add-your-content-on-this-times-square-billboard-new-york-in-this-video

Fiverr | Archived Link

ក្រៅ​ពី​ទម្រង់​វីដេអូ​មួយ​នេះ វេបសាយ​ Fiverr ក៏​ផ្ដល់​ទម្រង់​វីដេអូ​ពាណិជ្ជកម្ម​និម្មិត​ដទៃ​ទៀត​ដែល​ដាក់​លើ​ផ្ទាំង​អេក្រង់ធំៗ​នៅ​តាម​ទីក្រុង​សំខាន់ៗ​នៅ​លើ​ពិភព​លោក ដូចជា ទីក្រុងឡុងដ៍​របស់​អង់គ្លេស នៅ​តាម​ព្រលាន​យន្ត​ហោះ​ជាដើម។

ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​ប្រៀប​ធៀប​រវាង​វីដេអូ​ដែល​បង្ហោះ​ដោយ​ទំព័រ​ហ្វេសប៊ុក លោក ហ៊ុន សែន និង​ទម្រង់​ដើម​នៃ​វីដេអូ​ពាណិជ្ជកម្ម​និម្មិត​បង្កើត​ឡើង​ដោយ Fiverr។

Archived

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញ​ថា ការ​អះអាង​ថា ពលរដ្ឋ​អាមេរិក​ដើម​កំណើត​ខ្មែរ​បាន​រៀបចំ​ផ្ទាំង​ប៉ាណូ​ស្វាគមន៍​ដំណើរ​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន ម៉ាណែត នៅ​ឯ​តំបន់ Times Square គឺ​ជា​ព័ត៌មាន​មិន​ពិត​នោះ​ឡើយ។ យើង​បាន​រក​ឃើញ​ថា ផ្ទាំង​ប៉ាណូ​នេះ​ គ្រាន់តែ​ជា​វីដេអូ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​នៅ​លើ​ទម្រង់​និម្មិត​របស់វេបសាយ Fiverr តែ​ប៉ុណ្ណោះ។ វា​មិន​មែន​ជា​វីដេអូ​នៅ​លើ​ទីតាំង​ជាក់​ស្ដែង​នោះ​ឡើយ។

Avatar

Title:តើ​ពិត​ជា​មាន​ផ្ទាំង​ប៉ាណូ​ស្វាគមន៍​លោក ហ៊ុន ម៉ាណែត នៅ​កណ្ដាល​ទីក្រុង​ញូវយ៉ក​ពិត​ប្រាកដ​ឬ?

Written By: Jay Udom

Result: False