ខណៈ​វីដេអូ​ជាច្រើន​ដែល​បង្ហាញ​ពី​ប្រជាជន​ឥណ្ឌា​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​នោះ វីដេអូ​ឃ្លីប​​ដែល​បង្ហាញ​ស្ត្រី​មួយ​ក្រុម​ រលាស់​ខ្លួន បន្ទាប់​ពី​ទទួល​ការ​ប្រោះ​ទឹក​ពី​បុរស​​ស្លៀក​ពាក់​ដូច​គ្រូ​គង្វាល​ម្នាក់​នោះ ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះអាង​ថា វា​ជា​ពិធី​ស្រោច​ទឹក​មន្ត​ដើម្បី​ឱ្យ​នារីៗ​ឆាប់​បាន​ប្ដី​នៅ​ក្នុង​ប្រទេស​ឥណ្ឌា។ ការ​អះអាង​នេះ ​ត្រូវ​បាន​ចែក​រំលែក​​បន្ដ​ជា​ច្រើន​ដង​ មាន​ការ​បញ្ចេញ​មតិ​ និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ​។​ ទោះ​ជា​យ៉ាង​ណា​ យើង​រក​ឃើញ​ថា​ ការ​អះអាង​ទៅ​លើ​វីដេអូ​នេះ មិន​ត្រឹមត្រូវនោះ​ឡើយ។

ការអះអាងលើបណ្ដាញសង្គម

វីដេអូ​ឃ្លីប​មួយ​មាន​រយៈ​ពេល​ជាង​កន្លះ​នាទី​ដែល​បង្ហាញ​ស្ត្រី​មួយ​ក្រុម​ បាន​រលាស់​ខ្លួន និង​ដេក​ដួល​ទៅ​លើ​កម្រាល​លើ​ដី​នោះ ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ជាង​មួយ​សប្ដាហ៍​កន្លង​មក​នេះ។

វីដេអូ​ឃ្លីប​នេះ ត្រូវ​បាន​គេ​អះអាង​ថា ជា​ពិធី​ស្រោច​ទឹក​មន្ត​ជួយ​ឱ្យ​នារីៗ​ឆាប់​បាន​ដល់​គូ ដែល​ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើង​ដោយ​បុរស​ម្នាក់​ស្ថិត​ក្នុង​សម្លៀក​បំពាក់​ដូច​គ្រូ​គង្វាល​ម្នាក់​នៅ​ក្នុង​ប្រទេស​ឥណ្ឌា។

វីដេអូ​ឃ្លីប​ដែល​មាន​សំណេរ​ខាង​លើ​ ត្រូវ​បាន​ចែក​រំលែក​បន្ដ​ជា​ច្រើន​ដង​ រួម​ជាមួយ​ការ​បញ្ចេញ​មតិយោបល់​ និង​ប្រតិកម្ម​ចម្រុះ​បែប​ពី​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ​។​

ខាង​ក្រោម​នេះ​ គឺ​ជា​វីដេអូ​ឃ្លីប​ទាំង​ស្រុង​ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​សំណេរ​រៀប​រាប់​ថា​ «ពិធី​ស្រោច​ទឹក​មន្ត​​ឱ្យ​ ឆាប់​បាន​ប្ដី​នៅ​ប្រទេសឥ​ណ្ឌា​»។​​

Facebook Post | Archived Link

វីដេអូ​ឃ្លីប​ភ្ជាប់​ដោយ​ការ​អះ​អាង​​បែប​នេះ​ ត្រូវ​បាន​បង្ហោះ​ និង​រក​ឃើញ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​​ជា​ច្រើ​នទៀត​ផង​ដែរ​។​ សូម​មើល​វីដេអូ​នេះ​តាម​រយៈ​តំណ​ភ្ជាប់​មាន​នៅ​ទីនេះ​ (archived link), ឬ​តំណ​ភ្ជាប់​មួយ​នៅ​ទីនេះ​ (archived link) និង​តំណ​ភ្ជាប់​មួយ​ទៀត​នៅ​ទីនេះ​ (archived link)។

ការត្រួតពិនិត្យការពិត

Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះ​អាង​ខាង​លើ​នេះ​ តាម​រយៈ​ការ​ដំណើរ​ការ​ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការពិត​ដូច​ខាង​ក្រោម​។

វីដេអូ​ឃ្លីប​មួយ​ ដែល​មាន​ទម្រង់​ និង​សណ្ឋាន​ដូច​គ្នា​នេះ​ ត្រូវ​បាន​រក​ឃើញ​នៅ​លើ​បណ្ដាញសង្គម​ Instagram ដែល​បាន​បង្ហោះ​នៅ​លើ​គណនី​មួយ​ឈ្មោះ​ថា​ «Chamatkar Church TV» កាល​ពី​ខែ​កក្កដា ឆ្នាំ​២០២៣​​កន្លង​ទៅ​ ដោយ​មិន​បាន​បញ្ជាក់​ថា​ នោះ​​គឺ​ជា​ការ​ប្រារព្ធ​ពិធី​ស្រោច​ទឹក​មន្ត​ សម្រាប់​នារី​ដែល​មាន​បំណង​ចង់​បាន​ប្ដី​នោះ​​ឡើយ​។​

ខាង​ក្រោម​នេះ​ គឺ​ជា​វីដេអូ​ឃ្លីប​ ដែល​បង្ហាញ​ទិដ្ឋភាព​​ពិធី​សាសនា​មួយ​ ដែល​ធ្វើ​ និង​រៀប​ចំ​ឡើង​ដោយ​​ព្រះ​វិហារ​គ្រឹស្ត Chamatkar នៅ​ក្នុង​​ប្រទេសឥ​ណ្ឌា​។​

Instagram Post | Archived Link

ដូច​គ្នា​នេះ​ វីដេអូ​ឃ្លីប​មួយ​ផ្សេង​ទៀត​ ក៏​ត្រូវ​បាន​រក​ឃើញ​ និង​ផ្សព្វ​ផ្សាយ​ដោយ​ Chamatkar Church TV នៅ​លើ​បណ្ដាញ​គេហទំព័រ​វីដេអូ​ YouTube​ កាល​ពី​ខែ​កក្កដា​ ឆ្នាំ​២០២៣​កន្លង​ទៅ​ផង​ដែរ​។​

វីដេអូ​ខាង​លើ​នេះ​ បាន​បង្ហាញ​ទិដ្ឋភាព​ទាំង​ស្រុង​នៃ​ការ​រៀប​ចំ​ពិធី​សាសនា​​នៅ​ក្នុង​ក្រុម​ជំនុំ​របស់​ខ្លួន​ ដោយ​មាន​ការ​ប្រោះ​ទឹក​ទៅ​លើ​អ្នក​ចូល​រួម​ ដែល​ការ​ធ្វើ​បែប​នេះ​​ ​តំណាង​ឱ្យ​អំណាច​ក្នុង​ការ​បន្សុទ្ធ​ ផ្ដល់​ការ​រំដោះ​ និង​បំផ្លាញ​អំពើ​អាក្រក់​។​

YouTube Link | Archived Link

ព្រះវិហារ Chamatkar ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​២០០១​ ដោយ​លោក​ Amar Deep Singh និង​មាន​ចក្ខុវិស័យ​របស់​ខ្លួន​ ដើម្បី​បំភ្លឺ​ទៅ​ដល់​តំបន់​​ដែល​មិន​ទាន់​ជ្រួត​ជ្រាប​ពី​ការ​ផ្សព្វផ្សាយ​​ធម៌​របស់​ព្រះ​យេស៊ូ។​ ព្រះ​វិហារ​សាសនា​គ្រិស្ដ​ Chamatkar បច្ចុប្បន្ន​ គឺ​ជា​ព្រះ​វិហារ​ដ៏​​ធំ​មួយ​ ដែល​មាន​ទីតាំង​នៅ​ក្នុងទីក្រុង​ Sriganganagar នៃ​​រដ្ឋ​ Rajasthan ​ប្រទេសឥ​ណ្ឌា​។​

Chamatkar Church Link | Archived Link

ដើម្បីស្វែងរកព័ត៌មានពិត សូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម

Facebook Twitter Telegram Google News TikTok

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញ​ វីដេអូ​ឃ្លីប​ ភ្ជាប់​ដោយ​ការ​អះ​អាង​ដូច​ដែល​ត្រូវ​បាន​រៀប​រាប់​ខាង​លើ​នេះ​ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ វីដេអូ​ឃ្លីប​នេះ​ គឺ​ជា​ពិធី​សាសនា​មួយ​ ដែល​ត្រូវ​បាន​​រៀប​ចំ​ឡើង​ដោយ​ព្រះ​វិហារ​សាសនា​គ្រិស្ដ​ Chamatkar ក្នុង​រដ្ឋ​ Rajasthan ​ប្រទេសឥ​ណ្ឌា​ ដែល​មិន​បាន​ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ស្រោច​ទឹក​មន្ត​​ឱ្យ​ឆាប់​បាន​ប្ដី​នោះ​ទេ​។​

Avatar

Title:តើ​នេះ​គឺ​ជា​ពិធី​ស្រោច​ទឹក​មន្ត​​​ឱ្យ​ឆាប់​បាន​ប្ដី​ដូច​ការ​អះអាង​មែន​ឬ​ទេ?

Written By: Kakada Sim

Result: Misleading