
ការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលយោធាភូមាដែលដឹកនាំដោយឧត្ដមសេនីយ៍ មីង អ៊ុងឡាំង (Min Aung Hlaing) ក្រោយទម្លាក់អ្នកស្រី អ៊ុងសាន ស៊ូជី មេដឹកនាំរដ្ឋាភិបាលជាប់ឆ្នោតកាលពីដើមខែកុម្ភៈ ឆ្នាំ២០២១កន្លងមកនោះ តែងតែត្រូវបានយកជជែក និងចែករំលែកនៅលើបណ្ដាញសង្គមពីសំណាក់អ្នកប្រើបណ្ដាញសង្គមនិយាយភាសាខ្មែរយ៉ាងផុសផុល។
ក្នុងចំណោមនោះ រូបថតមួយសន្លឹកបង្ហាញអំពីភូមិគ្រឹះមួយ ត្រូវបានអះអាងថា ជាភូមិគ្រឹះរបស់លោក មីង អ៊ុងឡាំង ត្រូវបានបង្ហោះឡើងដោយទំព័រហ្វេសប៊ុកមួយ។ ការអះអាងនេះ បានធ្វើឲ្យមានការចែកចាយ និងប្រតិកម្មជាច្រើន។
ទោះជាយ៉ាងណា ការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ការពិតរបស់ក្រុមការងារ Fact Crescendo Cambodia បានរកឃើញថា រូបថត និងការអះអាងដោយទំព័រហ្វេសប៊ុកបានបង្ហោះនៅលើបណ្តាញសង្គមនោះ គឺជាមិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្តាញសង្គម
កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១កន្លងទៅ ទំព័រហ្វេសប៊ុកមួយដែលមានឈ្មោះថា Long OMC បានបង្ហោះរូបថតភូមិគ្រឹះដ៏ធំមួយ ដោយបានអះអាងថាភូមិគ្រឹះនោះគឺជា ភូមិគ្រឹះរបស់លោក មីង អ៊ុងឡាំង។ ការអះអាងមួយនេះ ត្រូវបានចែកចាយ និងប្រតិកម្មចម្រុះតៗគ្នាពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុក។
ខាងក្រោមនេះ គឺជារូបភាពផ្តាមចេញពីទំព័រហ្វេសប៊ុកខាងលើ បានសរសេររៀបរាប់ថា «ភូមិគ្រឹស [ភូមិគ្រឹះ] មីង អ៊ុងឡាំង បានផ្ទះទ្រព្យសម្បត្តិប៉ុណ្ណឹងហើយ ចង់បានអំណាចទៀត សុីបាយតែមួយថ្ងៃ៣ពេលសោះ សុខចិត្តឲ្យប្រទេសខ្លួនឯងរលាយហិនហោចគ្មានសល់ ទាំងទីក្រុងទាំងជនបទ មេរដ្ឋប្រហារនេះបានសម្លាប់ប្រជាពលរដ្ឋបន្តើរៗជារាង[រៀង]រាល់ថ្ងៃមិនឈប់»។

ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានចាប់ផ្ដើមធ្វើការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់លើរូបថតនេះតាមរយៈ ការដំណើរការកម្មវិធីស្វែងរករូបថតរបស់ក្រុមហ៊ុន Google ដែលនាំឱ្យយើងប្រទះនូវប្រភពមួយចំនួន។
រូបថតមួយសន្លឹកដែលមានទម្រង់ និងសណ្ឋានដូចគ្នាទាំងស្រុងខាងលើ ត្រូវបានរកឃើញនៅលើគណនី Twitter មួយឈ្មោះថា Cambodia’s Eye កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៨កន្លងទៅ។ គណនីដដែលនេះ បានបញ្ជាក់នៅក្នុងសំណេររបស់ខ្លួនថាភូមិគ្រឹះមួយនេះ គឺជាភូមិគ្រឹះរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលមានទីតាំងនៅក្នុងតំបន់ទួលក្រសាំង។
ខាងក្រោមនេះ គឺជារូបភាពផ្តាមចេញពីគណនីអ្នកប្រើប្រាស់ខាងលើ បានសរសេររៀបរាប់ជាភាសាអង់គ្លេសថា «#Cambodia‘s PM Hun Sen’s luxurious house in Toul Krasang» ឬប្រែសម្រួលជាភាសាខ្មែរមានន័យថា «ភូមិគ្រឹះដ៏ធំស្កឹមស្កៃរបស់លោកនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន សែន នៅទួលក្រសាំង»។

រូបថតបង្ហាញអំពីភូមិគ្រឹះរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏ត្រូវបានរកឃើញ និងបង្ហោះដោយទំព័រហ្វេសប៊ុកលោក សៀង ណាំ កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៨កន្លងមក។ លោក សៀង ណាំ ត្រូវបានគេស្គាល់ជាទូទៅថាជាតំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជា ប្រចាំខេត្តសៀមរាបមួយរូប។ លោកបានបញ្ជាក់នៅក្នុងសំណេររបស់លោកក្នុងពិធីឡើងគេហដ្ឋានថ្មីថា រូបថតភូមិគ្រឹះមួយនេះ គឺជាភូមិគ្រឹះរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលមានទីតាំងស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាល។
ខាងក្រោមនេះ គឺជារូបភាពផ្តាមចេញពីទំព័រហ្វេសប៊ុករបស់លោក សៀង ណាំ បានសរសេររៀបរាប់ថា «នៅល្ងាចថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៨នេះ ខ្ញុំ និងភរិយាបានមកចូលរួមពិធីឡើងគេហដ្ឋានថ្មី និងខួបអាពាហ៍ ពិពាហ៏គំរប់ខួប42ឆាំ្នរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី។គេហដ្ឋាន ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាល។ ក្នុងឳកាសឆ្នាំថ្មីនេះ ក្នុងនាមខ្ញុំតំណាងឲ្យក្រុមគ្រួសារ និងខ្លួនខ្ញុំផ្ទាល់សូ មគោរពជូនពរសម្តេចទាំង២មានសុខភាពល្អ អាយុយឺនយូរ ដើម្បីដឹកនាំប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍតទៅទៀត»។


ដើម្បីស្វែងរកព័ត៌មានពិត សូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម៖
Facebook Twitter Telegram Google News
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថា រូបថត និងការអះអាងដោយទំព័រហ្វេសប៊ុកខាងលើនោះ គឺពិតជាមិនត្រឹមត្រូវនោះឡើយ។ ការពិតរូបថតបង្ហាញអំពីទិដ្ឋភាពភូមិគ្រឹះមួយនេះ មិនមែនជាភូមិគ្រឹះរបស់លោកឧត្ដមសេនីយ៍ មីង អ៊ុងឡាំង មេដឹកនាំប្រទេសមីយ៉ាន់ម៉ានោះទេ។ ភូមិគ្រឹះនេះ ត្រូវបានស្គាល់ថាគឺជា ភូមិគ្រឹះរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលមានទីតាំងស្ថិតនៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។

Title:តើភូមិគ្រឹះជាគេហដ្ឋានមេដឹកនាំយោធាមីយ៉ាន់ម៉ា មីង អ៊ុងឡាំង មែនឬទេ?
Fact Check By: Kakada SimResult: False
