
កាលពីសប្ដាហ៍មុន យន្តហោះដឹកអ្នកដំណើរមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ចិន China Eastern Airline បានធ្លាក់បុកដីនៅតំបន់ព្រៃភ្នំក្នុងខេត្តក្វាងចូវ ដោយបានសម្លាប់មនុស្សទាំងអស់ ១៣២នាក់នៅលើយន្តហោះនោះ។ មួយថ្ងៃក្រោយហេតុការណ៍នេះកើតឡើង វីដេអូឃ្លីបមួយ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម ដោយមានការអះអាងថា ជាហេតុការណ៍មុនយន្តហោះចិនធ្លាក់។ វីដេអូនេះ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមចូលមើលដល់ទៅជាង ១លាន ២សែនដង រួមជាមួយការបញ្ចេញជាច្រើនផងដែរ។ ទោះជាយ៉ាងណា បន្ទាប់ពីផ្ទៀងផ្ទាត់រួច យើងរកឃើញថា វីដេអូឃ្លីបនេះ មិនមែនជាទិដ្ឋភាពទាំងស្រុងនៃហេតុការណ៍ធ្លាក់យន្តហោះចិននោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
កាលពីថ្ងៃអង្គារសប្ដាហ៍មុន វីដេអូឃ្លីបមួយ ដែលបង្ហាញនូវភាពច្របូកច្របល់នៅលើយន្តហោះមួយគ្រឿង ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម ដោយអះអាងថា ជាទិដ្ឋភាពនៅមុនយន្តហោះមួយគ្រឿងនៃក្រុមហ៊ុនអាកាសចរណ៍ចិនបានធ្លាក់កាលពីសប្ដាហ៍មុន។
វីដេអូមានរយៈពេលជាង ១នាទីកន្លះនេះ ត្រូវបានអ្នកប្រើប្រាស់ហ្វេសប៊ុកបញ្ចេញមតិរាប់រយដង និងចូលទស្សនាដល់ទៅជាង ១លាន ២សែនដង។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីវីដេអូនោះដែលបង្ហោះកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ជាមួយការរៀបរាប់ថា «សកម្មភាពមុនពេលធ្លាក់យន្តហោះ»។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើវីដេអូឃ្លីបនេះតាមរយៈការពិនិត្យមើលយ៉ាងល្អិតល្អន់ទៅលើវីដេអូ ការដំណើរការស្វែងរកវីដេអូដើមតាមរយៈ Google Reverse Image Search និងពាក្យគន្លឹះ ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
យើងបានរកឃើញថា វីដេអូឃ្លីបមួយនេះ ត្រូវបានផ្គុំចូលគ្នាដោយវីដេអូចំនួន ៣ នៃព្រឹត្តិការណ៍ធ្លាក់យន្តហោះ ឬបញ្ហាអាសន្នកើតឡើនៅក្នុងយន្តហោះនាពេលកន្លងមក។
តាមរយៈការពិនិត្យយ៉ាងល្អិតល្អន់ទៅលើវីដេអូឃ្លីបនេះ យើងបានរកឃើញអក្សរ Jetstar A320-200 ស្ថិតនៅខាងក្រោយកៅអីអ្នកដំណើរនៅលើយន្តហោះមួយនេះ ដែលអាចឱ្យយើងដឹងបានថា យន្តហោះមួយគ្រឿងនេះ គឺជាយន្តហោះប្រភេទ Airbus 320-200 ដែលប្រតិបត្តិការដោយក្រុមហ៊ុន Jetstar ដែលជាក្រុមហ៊ុនអាកាសចរណ៍មានតម្លៃធូរថ្លៃរបស់ប្រទេសអូស្ត្រាលី។

ការចុះផ្សាយរបស់សារព័ត៌មានអូស្ត្រាលី The Sydney Morning Herald កាលពីឆ្នាំ២០១៦កន្លងមក បានឱ្យដឹងថា ជើងហោះហើរមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ Jetstar ដែលហោះហើរពីទីក្រុងស៊ីដនីទៅទីក្រុង Cairns បានបង្ខំចិត្តបង្វែរទិសដៅទៅចុះចតនៅទីក្រុង Brisbane វិញ ក្រោយហោះហើរបាន ៤០នាទី ស្រាប់តែមានផ្សែងហុយឡើងនៅក្នុងតួយន្តហោះនោះ។

THE SYDNEY MORNING HERALD | ARCHIVED LINK
សេចក្ដីរាយការណ៍របស់សារព័ត៌មានអង់គ្លេស BBC បានឱ្យដឹងថា យន្តហោះដែលបានធ្លាក់នៅក្នុងប្រទេសចិនកាលពីថ្ងៃទី២២ ខែមីនានោះ គឺជាជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ China Eastern Airline របស់ប្រទេសចិន។ យន្តហោះដែលធ្លាក់របស់ក្រុមហ៊ុនអាកាសចរណ៍មួយនេះ គឺជាយន្តហោះ Boeing 737-800។
ជើងហោះហើរ MU5735 ដែលហោះហើរពីទីក្រុងគួនមីង (Kunming) នៃខេត្តយ៉ុនណាន ទៅកាន់ខេត្តក្វាងចូវ (Guangzhou) បានធ្លាក់នៅតំបន់ព្រៃភ្នំក្នុងខេត្តក្វាងស៊ី ដោយសម្លាប់មនុស្សទាំងអស់ ១៣២នាក់នៅលើយន្តហោះនោះ រួមទាំងបុគ្គលិកបម្រើការលើយន្តហោះផងដែរ។
ខាងក្រោមនេះ គឺជារូបថតយន្តហោះ Boeing 737-800 ដែលប្រតិបត្តិការសេវាដឹកជញ្ជូនស៊ីវិលដោយក្រុមហ៊ុនអាកាសចរណ៍ចិន China Eastern Airline ដែលបានធ្លាក់កាលពីថ្ងៃទី២២ ខែមីនាកន្លងមកនេះ។

នៅក្នុងវីដេអូឃ្លីបដដែលនេះចាប់ពីវិនាទី១៥ រហូតដល់វិនាទី៤៤ យើងបានរកឃើញថា វីដេអូមួយផ្នែកនេះ គឺជាវីដេអូឃ្លីបបង្ហាញពីការធ្លាក់នៃយន្តហោះយោធារុស្ស៊ីមួយគ្រឿង។
វីដេអូបង្ហាញការធ្លាក់យន្តហោះយោធារុស្ស៊ីនេះ ត្រូវបានផ្សព្វផ្សាយដោយសារព័ត៌មានអង់គ្លេស Express និងទីភ្នាកង់ារព័ត៌មានតួកគី ANADOLU AGENCY (AA)។
សេចក្ដីរាយការណ៍របស់សារព័ត៌មាន Express បានឱ្យដឹងថា យន្តហោះយោធារបស់ប្រទេសរុស្ស៊ីប្រភេទIlyushin Il-112V ជាប្រភេទយន្តហោះគំរូថ្មីដែលត្រូវបានរចនាឡើងសម្រាប់កងទ័ពអាកាសរុស្ស៊ីនោះ បានធ្លាក់ចូលតំបន់ព្រៃភ្នំមួយកន្លែងស្ថិតនៅជាប់ទីក្រុងមូស្គូ កាលពីខែសីហា ឆ្នាំ២០២១កន្លងមក។
ទាំងសារព័ត៌មាន Express និងទីភ្នាក់ងារព័ត៌មានទួរគី AA សុទ្ធតែបានចុះផ្សាយមកជាមួយនូវវីដេអូដែលត្រូវគេផ្ដិតយកបាននៅពេលយន្តហោះនោះហោះហើរ ហើយត្រូវភ្លើងឆាបឆេះ មុននឹងធ្លាក់ចូលក្នុងព្រៃមួយកន្លែង ដែលបណ្ដាលឱ្យផ្ទុះឆេះយ៉ាងសន្ធោសន្ធៅឡើង។
ANADOLU AGENCY | ARCHIVED LINK
រីឯវីដេអូមួយផ្នែកទៀតចាប់ពីវិនាទី៤៥រហូតដល់ចុងបញ្ចប់ គឺជាវីដេអូដែលបង្ហាញនូវទិដ្ឋភាពកំសួលភ្លើងឆាបឆេះ ក្រោយពីយន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុន China Eastern Airline បានធ្លាក់បុកដីនៅតំបន់ព្រៃភ្នំមួយកន្លែងស្ថិតក្នុងខេត្តក្វាងស៊ី។
សន្និដ្ឋាន
Fact Crescendo Cambodia រកឃើញថា វីដេអូឃ្លីបមួយដែលត្រូវបានអះអាងថាជាហេតុការណ៍នៃការធ្លាក់យន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ចិន China Eastern Airline នោះ មិនត្រឹមត្រូវនោះឡើយ។ វីដេអូឃ្លីបរយៈពេលជាង ១នាទីកន្លះនេះ មិនមែនជាទិដ្ឋភាពទាំងស្រុងនៃហេតុការណ៍ធ្លាក់យន្តហោះចិន China Eastern Airline នោះឡើយ។ ផ្នែកដំបូងនៃវីដេអូនេះ គឺជាឧបទ្ទវហេតុហុយផ្សែងនៅក្នុងយន្តហោះមួយគ្រឿងនៃក្រុមហ៊ុនអាកាសចរណ៍អូស្ត្រាលី Jetstar កាលពីឆ្នាំ២០១៦កន្លង ខណៈផ្នែកកណ្ដាលនៃវីដេអូនេះ គឺជាវីដេអូឃ្លីបដែលបង្ហាញពីការធ្លាក់នៃយន្តហោះយោធារុស្ស៊ីកាលពីឆ្នាំ២០២១កន្លងមក ហើយមួយផ្នែកចុងក្រោយ គឺជាទិដ្ឋភាពនៃកំសួលភ្លើងឆាបឆេះឡើង ក្រោយការធ្លាក់យន្តហោះចិន China Eastern Airline។

Title:តើវីដេអូនេះជាទិដ្ឋភាពមុនយន្តហោះចិនមួយគ្រឿងធ្លាក់បុកដីមែនឬទេ?
Fact Check By: Jay UdomResult: Misleading
