
ការរីករាលដាល និងរលកនៃការឆ្លងនូវជំងឺកូវីដ-១៩បានធ្វើឲ្យមានផលប៉ះពាល់យ៉ាងខ្លាំងទៅលើគ្រប់វិស័យ ជាពិសេសវិស័យទេសចរណ៍ ដែលប្រទេសមួយចំនួននៅតែកំពុងតែបន្តការហាមឃាត់ និងទប់ស្កាត់ការធ្វើដំណើរពលរដ្ឋរបស់ខ្លួនផ្លាស់ទី ឬទៅកាន់រមណីយដ្ឋានទេសចរណ៍នានា។
នៅក្នុងចំណោមនោះ មានរូបថតមួយសន្លឹកបង្ហាញអំពីទិដ្ឋភាពកោះដែលមានទម្រង់រូបរាងជាសត្វដំរី ត្រូវបានអ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់បានបង្ហោះ និងចែកចាយនៅលើបណ្តាញសង្គមនានាជាច្រើន។
ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់ Fact Crescendo Cambodia បានរកឃើញថា រូបថតដែលអ្នកប្រើប្រាស់បានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកនោះ គឺជារូបថតកែច្នៃ។
ការអះអាងលើបណ្តាញសង្គម
កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១កន្លងទៅនេះ អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកម្នាក់ បានបង្ហោះរូបថតចំនួនមួយសន្លឹកដែលបានបង្ហាញអំពីទិដ្ឋភាពកោះដ៏ស្រស់ស្អាតមួយ។ កោះដដែលនេះ គឺមានសណ្ឋានជាសត្វដំរីនៅលើកំពូលបង្អស់របស់កោះមួយនេះ។
រូបថតមួយសន្លឹកនេះត្រូវបានចែករំលែកតៗគ្នាជាច្រើនដង រួមជាមួយនឹងការបញ្ចេញមតិចម្រុះពីសំណាក់អ្នកប្រើហ្វេសប៊ុកនិយាយភាសាខ្មែរផងដែរ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់អ្នកប្រើហ្វេសប៊ុក បានបង្ហាញអំពីទិដ្ឋភាពកំពូលកោះមួយដែលមានរូបរាងជាសត្វដំរី។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានចាប់ផ្ដើមផ្ទៀងផ្ទាល់លើរូបភាពនេះតាមរយៈការដំណើរការកម្មវិធី ស្វែងរករូបថតរបស់ក្រុមហ៊ុន Google ដែលនាំឱ្យយើងជួបប្រទះនូវប្រភព និងខ្លឹមសាររូបថតនៃច្បាប់ដើមមួយចំនួន។
រូបថតមួយសន្លឹកដែលមានទម្រង់ និងសណ្ឋានដូចគ្នាទាំងស្រុងនេះ ត្រូវបានរកឃើញនៅក្នុងគេហទំព័រអន្តរជាតិ Hotels.com ដែលជាគេហទំព័រសម្រាប់កក់សណ្ឋាគារនានានៅជុំវិញពិភពលោក។ គេហទំព័រដដែលនេះ ក៏បានបញ្ជាក់ទីតាំងរបស់កោះនេះផងដែរ ដែលកោះមួយនេះ គឺស្ថិតនៅក្នុងឈូងសមុទ្រផាំងង៉ា (Phang Nga Bay) ប្រទេសថៃ។ ឈូងសមុទ្រផាំងង៉ានេះគឺមានចម្ងាយប្រមាណ ៩៥គីឡូម៉ែត្រ ពីកោះភូកេត និងជាកន្លែងទាក់ទាញភ្ញៀវទេសចរមួយរបស់ប្រទេសថៃ ដែលមានទេសភាពដ៏សម្បូរបែបជាពិសេសកូនកោះពោរពេញដោយថ្មកំបោរ។
រូបភាពផ្តាមចេញពីគេហទំព័រដែលបានសរសេររៀបរាប់ជាភាសាអង់គ្លេសថា «Cruising Phang Nga Bay» ឬប្រែជាភាសាខ្មែរថា «ជិះទូកកម្សាន្តលេងនៅតាមឈូងសមុទ្រផាំងង៉ា (Phang Nga Bay)»។
រូបថតដែលបានបង្ហាញពីទិដ្ឋភាពកោះមួយនេះពីចម្ងាយ ក៏ត្រូវបានរកឃើញនៅក្នុងគេហទំព័រ Alamy ផងដែរ ដែលជាគេហទំព័រសោតទស្សន៍ដ៏ធំមួយកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨។ គេហទំព័រដដែលនេះ បានបញ្ជាក់អំពីទីតាំងលំអិតនៃកោះមួយនេះជាភាសាអង់គ្លេសថា «Spectacular rock formations in the sea with typical speeding Thai water taxi at Phang Nga Bay Thailand» ឬប្រែសម្រួលជាភាសាខ្មែរថា «ផ្ទាំងថ្មដ៏អស្ចារ្យនៅក្នុងសមុទ្រជាមួយនឹងទូកទេសចរណ៍ថៃដែលមានល្បឿនលឿននៅឈូងសមុទ្រផាំងង៉ា (Phang Nga Bay) ប្រទេសថៃ»។
រូបភាពផ្តាមចេញពីគេហទំព័រដែលបានបង្ហាញអំពីទិដ្ឋភាពកោះនៅឈូងសមុទ្រផាំងង៉ា។
Alamy Stock Photo | Archived Link
ខាងក្រោមនេះ គឺជារូបភាពផ្តាមដែលមានទិដ្ឋភាពដូចគ្នាមួយផ្សេងទៀត ក៏ត្រូវបានរកឃើញនៅក្នុងគេហទំព័រ Alamy ដោយបានរៀបរាប់ជាភាសាអង់គ្លេសថា «Thailand – Ao Phang-nga National Park, consists of an area of the Andaman Sea studded with numerous limestone tower karst islands, best known is Khao» ឬប្រែជាភាសាខ្មែរមានន័យថា «ប្រទេសថៃ – ឧទ្យានជាតិផាំងង៉ា (Phang-nga National Park) នៃសមុទ្រអាន់ដាម៉ាន់(Andaman Sea) ពោរពេញទៅដោយប៉មផ្ទាំងថ្មកំបោរជាច្រើន ដែលត្រូវបានគេស្គាល់យ៉ាងច្បាស់ជាភាសាថៃថា ខៅ (Khao)»។
Alamy Stock Photo | Archived Link
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថា រូបថតដូចដែលបានរៀបរាប់ខាងលើត្រូវបានកាត់ត មុននឹងបង្ហោះ និងចែករំលែកនៅលើបណ្ដាញសង្គមហ្វេសប៊ុក។ ការពិតច្បាប់ដើមនៃរូបថតមួយសន្លឹកនេះ គឺជាទិដ្ឋភាពផ្ទាំងថ្មនៃកោះមួយដែលមានទីតាំងនៅក្នុងឈូងសមុទ្រផាំងង៉ា ប្រទេសថៃ។ រូបថតនេះពុំបានបង្ហាញសណ្ឋាន និងរូបរាងដូចជាសត្វដំរីនោះឡើយ។

Title:កោះមានសណ្ឋានជាសត្វដំរីការពិតជារូបថតកាត់ត
Fact Check By: Kakada SimResult: Altered
