បុរស​ម្នាក់​​វាយ​កម្ទេច​ទូរទស្សន៍​​ចោល​ព្រោះ​តែ​កម្មវិធី​ Cambodian Idol តើ​ជា​ការ​ពិត​ឬទេ?

Altered Social

បន្ទាប់​ពី​កម្មវិធី​ប្រឡង​សមត្ថភាពអន្តរជាតិ Cambodian Idol បាន​ប្រកាស​ថា បេក្ខជន ស៊ឹម ច័ន្ទពន្លឺ ត្រូវ​បាន​សម្រេច​ឱ្យ​ឈាន​ទៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​នោះ វីដេអូ​​ដែល​បង្ហាញ​បុរស​ម្នាក់​វាយ​កម្ទេច​ទូរទស្សន៍​របស់​ខ្លួន ក្រោយ​ទស្សនា​កម្មវិធី​នេះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម។​ វីដេអូ​ឃ្លីប​នេះ ទទួល​បាន​ការ​បញ្ចេញ​មតិជាច្រើន និង​ប្រតិកម្ម​ផ្សេងៗ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា វីដេអូ​បង្ហោះ​ខាង​លើ​ ត្រូវ​បាន​កាត់​ត​។

ការអះអាងលើបណ្ដាញសង្គម

កាល​ពី​ថ្ងៃ​ទី​២២​ ខែ​សីហា​ ឆ្នាំ​២០២២​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ បង្ហោះ​វីដេអូ​ឃ្លីប​មួយ​​ដែល​បង្ហាញ​បុរស​ម្នាក់​វាយ​កម្ទេច​ទូរទស្សន៍​គ្រឿង ក្រោយ​ពី​បាន​ទស្សនា​កម្មវិធី​ប្រឡង​សមត្ថភាព Cambodian Idol ដែល​ប្រកាស​ឱ្យ​បេក្ខជន ស៊ឹម ច័ន្ទពន្លឺ ជាប់​ទៅ​កាន់​វគ្គ​ផ្ដាច់​ព្រ័ត្រ។​

វីដេអូ​ឃ្លីប​​នេះ ទទួល​បាន​ការ​ចូល​ទស្សនា និង​ការ​ចែក​រំលែក​ជាច្រើន​ដង ព្រម​ទាំង​​មាន​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ផង​ដែរ។

Facebook Post | Archived Link

ការត្រួតពិនិត្យការពិត

Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​វីដេអូ​មួយ​នេះ​តាម​រយៈ Google Reverse Image Search។ ជា​លទ្ធផល យើង​បាន​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។

វីដេអូ​ឃ្លីប​ដែល​ទិដ្ឋភាព​ដូច​គ្នា​នេះ​ ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​អត្ថបទ​មួយ​របស់​​សារព័ត៌មាន​ Daily Express ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១៧​ ខែ​មិថុនា​ ឆ្នាំ​២០១៦​កន្លង​ទៅ​។ សេចក្ដី​រាយការណ៍​របស់​សារព័ត៌មាន​អង់គ្លេស​មួយ​នេះ បាន​ឱ្យ​ដឹង​ថា អ្នក​គាំ​ទ្រ​បាល់​ទាត់​ជន​ជាតិ​តួកគី​ម្នាក់ បាន​វាយ​កម្ទេច​ទូរទស្សន៍​របស់​ខ្លួន ខណៈ​កំពុង​ទស្សនា​ការ​ប្រកួត​បាល់ទាត់ Euro ឆ្នាំ​២០១៦។

Daily Express News Report | Archived Link

ចំណែក​ឯ​ការ​ផ្សាយ​របស់​គេហទំព័រ​សារព័ត៌មាន​ Daily Mail នៅ​ថ្ងៃ​ទី​១៦​ ខែ​មិថុនា​ ឆ្នាំ​២០១៦​ បាន​​ឱ្យ​ដឹង​ទៀត​ថា បុរស​ម្នាក់​នោះ​ ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ Izzet Salti ហើយ​គាត់​ផ្ទុះ​កំហឹង និង​វាយ​កម្ទេច​ទូរទស្សន៍​ខ្លួន​ឯង​អំឡុង​ពេល​​​កំពុង​មើល​ការ​ប្រកួត​បាល់​ទាត់។​

គេហទំព័រ​ដដែល​នេះ​ បាន​បន្ថែម​ថា​ មូល​ហេតុ​​នៃ​ការ​វាយ​បំផ្លាញ​ គឺ​បណ្ដាល​មក​ពី​លោក​មួម៉ៅ​នឹង​ទូរទស្សន៍​ ដែល​បិទ​បើក​ដោយ​គ្មាន​មូលហេតុ​។​ ការ​បិទ​បើក​នេះ​ គឺ​ជា​​ការ​លេង​សើច​របស់​ប្រពន្ធ​គាត់​តែ​ប៉ុណ្ណោះ​។​

ខាង​ក្រោម​នេះ​ គឺ​ជា​វីដេអូ​ឃ្លីប​ បង្ហាញ​ទិដ្ឋភាព​លោក​ Izzet Salti វាយ​កម្ទេច​ទូរទស្សន៍​ ពេល​លោក​ទស្សនា​ការ​ប្រកួត​បាល់​ទាត់​រវាង​​តួក​គី​ និង​ក្រូអាស៊ី។​

Daily Mail Link | Archived Link

ករណី​ខាង​លើ​នេះ​ ក៏​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​នៅ​លើ​គេហទំព័រ​សារព័ត៌មាន​ The Sun កាល​ពី​ថ្ងៃ​ទី​១៦​ ខែ​មិថុនា​ ឆ្នាំ​២០១៦​កន្លង​ទៅ​ផង​ដែរ​ ដោយ​ពុំ​បាន​បង្ហាញ​ទិដ្ឋភាព​បុរស​ម្នាក់​នេះ​ បាន​បំផ្លាញ​ទូរទស្សន៍​របស់​ខ្លួន​ ព្រោះ​តែ​លទ្ធផល​របស់​កម្មវិធី​ Cambodian Idol នោះ​ឡើយ​។​

The Sun News Report | Archived Link

ដើម្បីស្វែងរកព័ត៌មានពិត សូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម

Facebook Twitter Telegram Google News     TikTok

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ វីដេអូ​ដូច​ដែល​បាន​រៀប​រាប់​ខាង​លើ​នេះ​ គឺ​ត្រូវ​បាន​កាត់​ត​។​ វីដេអូ​នេះ​ ការ​ពិត​ គឺ​ជា​ទិដ្ឋភាព​លោក​ Izzet Salti បាន​វាយ​កម្ទេច​ទូរទស្សន៍​ ខណៈ​ពេល​លោក​ទស្សនា​ការ​ប្រកួត​បាល់ទាត់​។​ បុរស​ជន​ជាតិ​តួកគី​រូប​នេះ​ ផ្ទុះ​កំហឹង ហើយ​វាយ​កម្ទេច​​ទូរទស្សន៍​ ដែល​បាន​បិទ​បើកៗ​អំឡុង​ពេល​លោក​កំពុង​ទស្សនា​ការ​ប្រកួត​បាល់​ទាត់​រវាង​ក្រុម​ជម្រើស​ជាតិ​តួកគី និង​ក្រុម​ជម្រើស​ជាតិ​ក្រូ​អាស៊ី។​

Avatar

Title:បុរស​ម្នាក់​​វាយ​កម្ទេច​ទូរទស្សន៍​​ចោល​ព្រោះ​តែ​កម្មវិធី​ Cambodian Idol តើ​ជា​ការ​ពិត​ឬទេ?

Fact Check By: Kakada Sim 

Result: Altered

Leave a Reply

Your email address will not be published.