រដ្ឋាភិបាល​នៅ​តែ​តម្រូវ​ឱ្យ​ពលករ​​រក្សា​ខ្លួន​ដាច់​ដោយ​ឡែក​ក្នុង​មណ្ឌល​ចត្តាឡីស័ក

Misleading សុខភាព

ថ្មីៗ​នេះ លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ចេញ​បញ្ជា​ឱ្យ​រឹត​បន្តឹង​ការ​ត្រួត​ពិនិត្យ​ច្រក​ព្រំដែន​កម្ពុជា​ជាប់​ជាមួយ​ប្រទេស​ជិត​ខាង ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ​១៩​ក្នុង​ចំណោម​ពលករ​កម្ពុជា​ដែល​បាន​វិល​ត្រឡប់​ចូល​មក​ប្រទេស​កំណើត​វិញ។ បទ​បញ្ជា​របស់​ប្រមុខ​រដ្ឋាភិបាល​រូប​នេះ ត្រូវ​បាន​ចុះ​ផ្សាយ​ថា រដ្ឋាភិបាល​លើក​លែង​ការ​ធ្វើ​ចត្តាឡីស័ក ឬ​រក្សា​ខ្លួន​ដាច់​ដោយ​ឡែក​​រយៈ​ពេល ១៤​ថ្ងៃ​សម្រាប់​ពលករ​ចំណាក​ស្រុក​ ដែល​ពុំ​មាន​អការៈ​សង្ស័យ​ថា មាន​ផ្ទុក​វីរុស​កូរ៉ូណា។ ប៉ុន្តែ ការ​ចុះ​ផ្សាយ​បែប​នេះ ត្រូវ​បាន​រក​ឃើញ​ថា បាន​​ប្រាស​ចាក​ខ្លឹមសារ​ដើម ដែល​នាំ​ឱ្យ​មាន​ការ​យល់​ច្រឡំ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ដែល​និយាយ​ភាសា​ខ្មែរ។

ការ​អះ​អាង​លើបណ្តាញសង្គម

កាល​ពី​សប្ដាហ៍​ទី​១​នៃ​ខែ​មីនា​នេះ សារព័ត៌មាន​អនឡាញ Business Cambodia បាន​ដក​ស្រង់​សម្ដី​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ចុះ​ផ្សាយ​ថា រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​លើក​លែង​ការ​ធ្វើ​ចត្តាឡីស័ក​សម្រាប់​ពលករ​កម្ពុជា​ដែល​គ្មាន​អាការ​សង្ស័យ​ថា​ផ្ទុក​វីរុស​កូរ៉ូណា ឬ​កូវីដ​១៩។ អត្ថបទ​នេះ ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​លើ​គេហទំព័រ​របស់​សារព័ត៌មាន​នេះ​ដោយ​ផ្ទាល់ និង​ចែក​រំលែក​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ផង​ដែរ មុន​នឹង​ត្រូវ​បាន​ចែក​រំលែក​បន្ត​ដោយ​​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​កម្ពុជា។ 

អត្ថបទ​ដែល​ចុះ​ផ្សាយ​ដោយ​​សារព័ត៌មាន Business Cambodia «ពលករត្រឡប់មកពីថៃដែលគ្មានអាការសង្ស័យកូវីត១៩ ត្រូវបានលើកលែងការធ្វើចត្តាឡីស័ក» ហើយ​ទំព័រ​ហ្វេសប៊ុក​របស់​សរព័ត៌មាន​នេះ បង្ហោះ​សំណេរ​ថា «គ្មាន​អាការ​សង្ស័យ​កូវីដ​១៩ មិន​បាច់​ធ្វើ​ចត្តាឡីស័ក​ទេ»។

Archived Link

ការ​ពិនិត្យការ​ពិត

យើងបានចាប់ផ្តើមពិនិត្យ​មើល​​ការ​ពិត​នៅ​ក្នុង​សំណេរ​អត្ថបទ​នេះ​តាម​រយៈ​ការ​ផ្ទៀង​ផ្ទាល់​ខ្លឹមសារ​សំណេរ និង​សារ​ជា​សំឡេង​ដើម​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន និង​​ការ​បញ្ជាក់​ពី​ភាគី​ពាក់​ព័ន្ធ។

បើ​តាម​ទំព័រ​ហ្វេសប៊ុក​ក្រសួង​ព័ត៌មាន លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ចេញ​បញ្ជា​ផ្ទាល់​មាត់​មួយ​នៅ​ថ្ងៃ​ទី​៧ ខែ​មីនា ដោយ​សម្រេច​លើក​ការ​ធ្វើ​ចត្តាឡីស័ក​នៅ​តាម​ព្រំដែន​សម្រាប់​ពលករ​ណា​ដែល​គ្មាន​អាការ​សង្ស័យ​ថា​ផ្ទុក​វីរុស​កូរ៉ូណា ប៉ុន្តែ តម្រូវ​ឱ្យ​បន្ត​រក្សា​ខ្លួន​នៅ​ដាច់​ដោយ​ឡែក​រយៈ​ពេល ១៤​ថ្ងៃ​នៅ​ក្នុង​មណ្ឌល​ចត្តាឡីស័ក ដែល​រដ្ឋាភិបាល​បាន​បញ្ជា​ឱ្យ​រៀបចំ​នៅ​តាម​ខេត្ត​នីមួយៗ។

Facebook Page’s Post | Archived Link

ក្រសួង​សុខាភិបាល​បាន​បក​ស្រាយ​នៅ​រសៀល​ថ្ងៃ​ទី​៨ ខែ​មីនា ដោយ​បាន​ចាត់​ទុក​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Business Cambodia ថា «សរសេរ​ខុស​ខ្លឹមសារ»​នៃ​បទ​បញ្ជា​របស់​លោក​នាយរដ្ឋ​មន្ត្រី ហ៊ុន សែន។

បើ​តាម​ក្រសួង​សុខាភិបាល ប្រមុខ​រាជ​រដ្ឋាភិបាល​បាន​​បញ្ជា​ឱ្យ​ដឹក​ជញ្ជូន​ពលករ​ទៅ​រក្សា​ខ្លួន​ដាច់​ដោយ​ឡែក ឬ​ធ្វើ​ចត្តាឡីស័ក​នៅ​តាម​​ខេត្ត​រៀងៗ​ខ្លួន បន្ទាប់​ពី​ពួកគេ​តត្រូវ​ពិនិត្យ​រក​ឃើញ​ថា គ្មាន​អាការ​ណា​មួយ​សង្ស័យ​ថា មាន​ផ្ទុក​វីរុស​កូរ៉ូណា។

ក្រសួង​សុខាភិបាល​ក៏​បាន​ទាមទារ​ឱ្យ​សារព័ត៌មាន​មួយ​នេះ​កែ​តម្រូវ​ការ​ចុះ​ផ្សាយ​អត្ថបទ​ខ្លួន​ផង​ដែរ ហើយ​បាន​ស្នើ​ទៅ​មហាជន​កុំ​ឱ្យ​ចែក​រំលែក​ព័ត៌មាន​មួយ​នេះ។

Facebook Page Post | Archived Link

ក្រោយ​មាន​ប្រតិកម្ម​ពី​ក្រសួង​សុខាភិបាល ក្រុមហ៊ុន Baksey Media Co., Ltd ដែល​ជា​ស្ថាប័ន​អាណាព្យាបាល​លើ​សារព័ត៌មាន Business Cambodia បាន​ចេញ​លិខិត​កែ​តម្រូវ ដោយ​ទទួល​ស្គាល់​ថា អត្ថបទ​របស់​ខ្លួន​ ត្រូវ​បាន​ចុះ​ផ្សាយ​ដោយ​ខុស​ពី​បទ​បញ្ជា​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន។

Facebook Page Post | Archived Link

សន្និដ្ឋាន

Fact Crescendo Cambodia បានរកឃើញថា អត្ថបទ​ចុះ​ផ្សាយ​ដោយ​សារព័ត៌មាន Business Cambodia ដូច​បាន​បញ្ជាក់​ខាង​លើ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការពិត ប្រមុខ​រដ្ឋាភិបាលកម្ពុជាបានសម្រេច​លើក​លែង​ការ​រក្សា​ខ្លួន​ដាច់​ដោយ​ឡែក​នៅ​តាម​មណ្ឌល​ចត្តាឡីស័ក​នៅ​តាម​ព្រំដែន​សម្រាប់​ពលករ​ណា​ដែល​ត្រូវ​បាន​ពិនិត្យ​រក​ឃើញ​ថា គ្មាន​ផ្ទុក​វីរុស​កូរ៉ូណា ប៉ុន្តែ តម្រូវ​ឱ្យ​រក្សា​ខ្លួន​នៅ​ដាច់ដោយ​ឡែក​នៅ​តាម​មណ្ឌល​ចត្តាឡីស័ក​នៅ​តាម​ខេត្ត​រៀង​ខ្លួន ក្រោយ​ពី​ត្រូវ​បាន​ដឹក​ជញ្ជូន​ពី​តាម​ព្រំដែន។

Avatar

Title:រដ្ឋាភិបាល​នៅ​តែ​តម្រូវ​ឱ្យ​ពលករ​​រក្សា​ខ្លួន​ដាច់​ដោយ​ឡែក​ក្នុង​មណ្ឌល​ចត្តាឡីស័ក

Fact Check By: Jay Udom  

Result: Misleading

Leave a Reply

Your email address will not be published.