ខណៈ​ដែល​ប្រធាន​សភា​អាមេរិក លោក​ស្រី ណាន់ស៊ី ប៉េឡូស៊ី (Nancy Pelosi)​ធ្វើ​ដំណើរ​ទៅ​ទស្សនកិច្ច​នៅ​ដែន​ដី​កោះ​តៃវ៉ាន់​នោះ វីដេអូ​ឃ្លីប​មួយ​ដែល​បង្ហាញ​នូវ​សំឡេង​ស៊ីរ៉ែន​ប្រកាស​អាសន្នខាង​យោធា ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​។ វីដេអូ​នេះ បាន​ភ្ជាប់​ជាមួយ​សំណេរ​ថា វា​ជា​ស្ថានភាព​នៅ​ដែនដី​កោះ​តៃវ៉ាន់ នៅ​មុន​ពេល​យន្តហោះ​ដឹក​លោកស្រី ប៉េឡូស៊ី ចុះ​ចត​នៅ​ទីក្រុង​តៃប៉ិ។ វីដេអូ​នេះ​ ត្រូវ​បាន​ចែក​ចាយ​យ៉ាង​ផុស​ផុល​​ និង​ប្រតិកម្ម​បញ្ចេញ​មតិ​ជា​ច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា ​វីដេអូ​ភ្ជាប់​ដោយ​សំណេរ​ខាង​លើ​នេះ ធ្វើ​ឱ្យ​មាន​​ការ​យល់​ច្រឡំ​។​

ការអះអាងលើបណ្តាញសង្គម

កាល​ពី​ថ្ងៃ​ទី​០២​ ខែ​សីហា​ ឆ្នាំ​២០២២​កន្លង​ទៅ​ថ្មី​នេះ​ ទំព័រ​ហ្វេស​ប៊ុក​មួយ​​ឈ្មោះ​ថា​ «Ebook Cambodia» បាន​បង្ហោះ​វីដេអូ​ឃ្លីប​ ដែល​បង្ហាញ​ទិដ្ឋភាព​ទីក្រុង​នា​ពេល​រាត្រី​ ដោយ​មានសំឡេង​ស៊ីរ៉ែន​ប្រកាស​អាសន្ន​បន្លឺ​​ឡើង​។​ ការ​បង្ហោះ​នេះ​ ត្រូវ​បាន​ភ្ជាប់​ជាមួយ​ការ​សរសេរ​ថា​ ជា​ទិដ្ឋភាព​ទីក្រុង​តៃ​ប៉ិ​ មុន​ពេល​លោក​ស្រី​ ប៉េឡូស៊ី​ ចុះ​ចត។​

សំណេរ​ភ្ជាប់​ជាមួយ​នឹង​វីដេអូ​ឃ្លីប​មួយ​នេះ​ ត្រូវ​បាន​ចែក​ចាយ​ និង​ប្រតិកម្ម​ចម្រុះ​តៗ​គ្នា​ជា​ច្រើន​ពាន់​ដង​​ពី​សំណាក់​​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​។​

ខាង​ក្រោម​នេះ​ គឺ​ជា​វីដេអូ​ឃ្លីប​ខាង​លើ​​ បាន​រៀប​រាប់​​ថា​ «BREAKING❗️ មុន​ពេល​យន្ត​ហោះ​លោក​ស្រី​ Pelosi ចុះ​ចត​នៅ​តៃប៉ិ​»។​

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ ​បង្ហាញ​នូវ​ការ​បញ្ចេញ​មតិ​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន​។​

Facebook Post | Archived Link

ដូច​គ្នា​នេះ​ ​វីដេអូ​ឃ្លីប​ភ្ជាប់​ដោយ​សំណេរ​ខាង​លើ​ ក៏​ត្រូវ​បាន​រក​ឃើញ​ និង​ចែក​ចាយ​ដោយ​អ្នក​ប្រើ​ប្រាស់​ដទៃ​ទៀត​​នៅ​ទីនេះ និង​ទីនេះ​​ផង​ដែរ​។​

ការត្រួតពិនិត្យការពិត

Fact Crescendo Cambodia ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ទៅ​លើ​រូប​ភាព​ផ្ដាម​ និង​ការ​អះ​អាង​​​ខាង​លើ​នេះ​ តាម​រយៈ​ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការពិត​ដូច​ខាង​ក្រោម​។​

តាម​រយៈ​គេហ​ទំព័រ​សារព័ត៌មាន​ Express ផ្សព្វ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​០២​ ខែ​សីហា​ ឆ្នាំ​២០២២​ បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​រាយការណ៍​របស់​ខ្លួន​ថា​ ទិដ្ឋភាព​នៃ​ការ​បើក​បន្លឺ​សំឡេង​ស៊ី​រ៉ែន​នោះ​ ការ​ពិត​ គឺ​ជា​ទិដ្ឋភាព​ស៊ីរ៉ែន​​យោធា​ ដែល​បាន​បន្លឺ​ឡើង​នៅ​ក្នុង​ខេត្ត​ Fujian ប្រទេស​ចិន​ ពុំ​មែន​ជា​ទិដ្ឋភាព​នៅ​ក្នុង​ទីក្រុង​តៃ​ប៉ិ​នោះ​ឡើយ​។​

ខាង​ក្រោម​នេះ​​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​គេហទំព័រ​ខាង​លើ​ ដែល​បាន​សរសេររៀបរាប់​ជា​ភាសា​អង់គ្លេស​ថា​ «Military sirens sound in Chinese province»​ ឬ​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ថា​ «សំឡេង​ស៊ីរ៉ែន​យោធា​នៅ​ខេត្ត​មួយ​របស់​ប្រទេស​ចិន​»។​

Express News Report | Archived Link

ដូច​គ្នា​នេះ​ តាម​រយៈ​គេហទំព័រ​ Sustellers ផ្សព្វ​ផ្សាយ​កាល​ពី​ថ្ងៃ​០២​ ខែ​សីហា​ ឆ្នាំ​២០២២​ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ វីដេអូ​ឃ្លីប​មួយ​នេះ​ គឺ​ជា​ទិដ្ឋភាព​ការ​បន្លឺ​សំឡេង​ស៊ី​រ៉ែន​ ឬ​សំឡេង​ប្រកាស​អាសន្ន​ដែល​បាន​បន្លឺ​ឡើង​​នៅ​ក្នុង​ខេត្ត​ Fujian ប្រទេស​ចិន​កាល​ពី​ថ្ងៃ​ទី​០២​​ ខែ​សីហា​ ឆ្នាំ​២០២២​កន្លង​ទៅ​នេះ​ មិន​មែន​ជា​ទិដ្ឋភាព​សំឡេង​ប្រកាស​អាសន្ន​ក្នុង​ទីក្រុង​តៃ​ប៉ិ​នោះ​ឡើយ​។​

Sustellers News Report | Archived Link

ដើម្បីស្វែងរកព័ត៌មានពិត សូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម

Facebook Twitter Telegram Google News TikTok

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញ​ថា​វីដេអូ​ឃ្លីប​ភ្ជាប់​ដោយ​សំណេរ​ខាង​លើ​ គឺ​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ​។​ វីដេអូ​ឃ្លីប​មួយ​នេះ​ មិន​មែន​ជា​ទិដ្ឋភាព​ដែល​ត្រូវ​បាន​ថត​នៅ​ក្នុង​ទីក្រុង​តៃប៉ិ​ កោះ​តៃវ៉ាន់ ​នោះ​ឡើយ​។​ ការ​ពិត​ វីដេអូ​នេះ​ គឺ​ជា​​​សំឡេង​ស៊ី​រ៉ែន​​ប្រកាស​អាសន្ន​នៅ​ក្នុង​ខេត្ត​ Fujian ប្រទេស​ចិន​កាល​ពី​ថ្ងៃ​ទី​០២​​ ខែ​សីហា​ ឆ្នាំ​២០២២​កន្លង​ទៅ​នេះ​។​

Avatar

Title:សំឡេង​ស៊ីរ៉ែន​ប្រកាស​អាសន្ន​នៅ​ខេត្ត Fujian នាំ​ឱ្យ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​យល់​ច្រឡំ​

Fact Check By: Kakada Sim

Result: Misleading