
ខណៈដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមេដឹកនាំប្រទេសដទៃទៀតនៅតំបន់អាស៊ីអាគ្នេយ៍ប្រមូលផ្ដុំគ្នានៅឯកិច្ចប្រជុំកំពូលពិសេសអាមេរិក-អាស៊ានកាលពីសប្ដាហ៍មុននោះ ពលរដ្ឋអាមេរិកដែលមានដើមកំណើតមកពីប្រទេសនានានៅតំបន់អាស៊ាន បានប្រមូលផ្ដុំគ្នាតវ៉ាថ្កោលទោសមេដឹកនាំមួយចំនួន។ ទន្ទឹមគ្នានេះ រូបថត៤សន្លឹកដែលបង្ហាញក្រុមមនុស្សធ្វើបាតុកម្ម ត្រូវបានគេអះអាងថា ជាទិដ្ឋភាពបាតុកម្មរបស់ពលរដ្ឋថ្កោលទោសមេដឹកនាំអាស៊ាន។ រូបថត និងការអះអាងបែបនេះ ត្រូវបានគេចែករំលែកបន្តជាច្រើនដង ហើយក៏មានការបញ្ចេញមតិផ្សេងៗពីអ្នកប្រើប្រាស់បណ្ដាញសង្គមផងដែរ។ ទោះជាយ៉ាងណា ក្រោយការត្រួតពិនិត្យ យើងរកឃើញថា ការអះអាងលើរូបថតទាំងនោះ មិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក បានបង្ហោះរូបថត ៤សន្លឹកកាលពីសប្ដាហ៍មុន ដែលបង្ហាញក្រុមមនុស្សប្រមូលផ្ដុំគ្នាធ្វើបាតុកម្មប្រឆាំងនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
អ្នកប្រើប្រាស់បណ្ដាញសង្គមដដែលនេះ បានអះអាងថា រូបថតទាំងនេះ គឺជាបាតុកម្មធ្វើឡើងដោយក្រុមពលរដ្ឋអាមេរិកដើមកំណើតខ្មែរ និងពលរដ្ឋអាមេរិកដើមកំណើតភូមា ដែលថ្កោលទោសក្រុមមេដឹកនាំផ្ដាច់ការអាស៊ាននៅឯជំនួបកំពូលមេដឹកនាំអាមេរិក-អាស៊ាន នៅឯរដ្ឋធានីវ៉ាស៊ីនតោនកាលពីសប្ដាហ៍មុន។
ការអះអាងនេះ ត្រូវបានចែករំលែកបន្តជាច្រើនដងនៅលើបណ្ដាញសង្គមហ្វេសប៊ុក ហើយក៏ទទួលបានការបញ្ចេញមតិ និងប្រតិកម្មចម្រុះបែបផងដែរ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការអះអាងដោយហ្វេសប៊ុកឈ្មោះ បដិវត្តន៍ រំដោះជាតិ ដែលសរសេររៀបរាប់កាលពីថ្ងៃទី១១ ខែឧសភាថា «ក្រុមពលរដ្ឋខ្មែរ និងភូមា-អាមេរិកាំងកំពុងធ្វើបាតុកម្មថ្កោលទោសក្រុមមេដឹកនាំផ្ដាច់ការអាស៊ាននៅឯកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក»។

ការអះអាងដដែលនេះ ក៏ត្រូវបានអ្នកប្រើប្រាស់ហ្វេសប៊ុកចែករំលែកចូលទៅក្នុងក្រុមបណ្ដាញសង្គមគណបក្សប្រជាជនកម្ពុជា ដែលមានគណនីហ្វេសប៊ុកជាសមាជិករហូតដល់ជាង ៤ម៉ឺន។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើការអះអាងនេះតាមរយៈការដំណើរការ Google Reverse Image Search ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
រូបថតមួយសន្លឹកដែលបង្ហាញព្រះសង្ឃ និងក្រុមមនុស្សជាច្រើននាក់ប្រមូលផ្ដុំគ្នាកាន់បដារ និងទង់ជាតិកម្ពុជា និងទង់ជាតិអាមេរិក ត្រូវបានរកឃើញនៅក្នុងសេចក្ដីរាយការណ៍ដោយវិទ្យុអាស៊ីសេរីកាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១កន្លងមក។
បើតាមសេចក្ដីរាយការណ៍របស់វិទ្យុអាស៊ីសេរី រូបថតមួយសន្លឹកនេះ បង្ហាញពលរដ្ឋខ្មែរ-អាមេរិករាប់រយនាក់ ប្រមូលផ្ដុំគ្នាធ្វើបាតុកម្មនៅមុខមន្ទីររដ្ឋសភាអាមេរិក កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ ដែលទាមទារឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គោរពតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
ដូច្នេះ រូបថតមួយសន្លឹកនេះ មិនមែនជាទិដ្ឋភាពនៃបាតុកម្មរបស់ពលរដ្ឋអាមេរិកដើមកំណើតខ្មែរប្រឆាំងនឹងលោក ហ៊ុន សែន ដែលចូលរួមកិច្ចប្រជុំកំពូលអាមេរិក-អាស៊ាន នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីសប្ដាហ៍មុននោះឡើយ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីសេចក្ដីរាយការណ៍របស់វិទ្យុអាស៊ីសេរីកាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ អំពីបាតុកម្មរបស់ក្រុមពលរដ្ឋអាមេរិកដើមកំណើតខ្មែរប្រឆាំងនឹងលោក ហ៊ុន សែន។

Radio Free Asia | Archived Link
ចំណែកឯរូបថតពីរសន្លឹកទៀត ដែលក្នុងនោះរូបថតមួយសន្លឹកបង្ហាញក្រុមមនុស្សកាន់បដារមានសំណេរថា “We don’t need you Hun Sen. You are not welcomed to Myanmar.” និងរូបថតមួយសន្លឹកទៀតបង្ហាញក្រុមមនុស្សជាន់ទៅលើរូបថតលោក ហ៊ុន សែន នោះ ត្រូវបានរកឃើញនៅក្នុងសេចក្ដីរាយការណ៍មួយរបស់វិទ្យុអាស៊ីសេរីជាភាសាអង់គ្លេស កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២។
បើតាមខ្លឹមសារនៃសេចក្ដីរាយការណ៍នេះ រូបថតមួយសន្លឹកនេះ បង្ហាញពលរដ្ឋភូមាធ្វើបាតុកម្មកាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២កន្លងមក ប្រឆាំងនឹងដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោក ហ៊ុន សែន បានធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃទី០៧ ខែមករាកន្លងមកនេះ ដែលធ្វើឱ្យលោកក្លាយជាប្រមុខរដ្ឋាភិបាលដំបូងគេដែលបានទៅធ្វើទស្សនកិច្ចនៅមីយ៉ាន់ម៉ា បន្ទាប់ពីក្រុមយោធាភូមាបានធ្វើរដ្ឋប្រហារដណ្ដើមអំណាចពីរដ្ឋាភិបាលស៊ីវិលរបស់អ្នកស្រី អ៊ុងសាន ស៊ូជី កាលពីខែកុម្ភៈ ឆ្នាំ២០២១កន្លងមក។
ដូច្នេះ រូបថតទាំង ២សន្លឹកនេះ មិនមែនជាបាតុកម្មតវ៉ាធ្វើឡើងដោយពលរដ្ឋអាមេរិកដើមកំណើតភូមា ប្រឆាំងនឹងមេដឹកនាំអាស៊ាននៅឯកិច្ចប្រជុំកំពូលមេដឹកនាំអាមេរិក-អាស៊ាន នៅទីក្រុងវ៉ាស៊ីនតោន កាលពីសប្ដាហ៍មុននោះឡើយ។


សម្រាប់រូបថតមួយសន្លឹកដែលបង្ហាញក្រុមមនុស្សលើកអក្សរសរសេរថា “Save Myanmar” និងមានទង់ជាតិភូមាផងនោះ យើងបានរកឃើញផ្សព្វផ្សាយនៅលើគេហទំព័រ World Politics Review កាលពីខែតុលា ឆ្នាំ២០២១។
បើតាមគេហទំព័រមួយនេះ រូបថតមួយសន្លឹកនេះ បង្ហាញឱ្យឃើញក្រុមពលរដ្ឋភូមារស់នៅក្នុងប្រទេសថៃ បានប្រមូលផ្ដុំគ្នានៅមុខទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងបាងកក កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ ដើម្បីបង្ហាញការតវ៉ាប្រឆាំងនឹងរដ្ឋប្រហារដឹកនាំដោយពួកយោធា។
ដូច្នេះ រូបថតមួយសន្លឹកនេះ មិនមែនជាការតវ៉ាធ្វើឡើងដោយពលរដ្ឋអាមេរិកដើមកំណើតភូមានៅឯរដ្ឋធានីវ៉ាស៊ីនតោន ជាទីដែលមេដឹកនាំអាស៊ានជួបប្រជុំជាមួយមេដឹកនាំអាមេរិកកាលពីសប្ដាហ៍មុននោះឡើយ។

World Politics Review | Archived Link
ក្នុងឋានៈជាប្រធានប្ដូរវេនរបស់អាស៊ាន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចូលរួមកិច្ចប្រជុំកំពូលមេដឹកនាំអាមេរិក-អាស៊ាននៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែឧសភា។
ខណៈដែលមេដឹកនាំអាស៊ាន និងអាមេរិកជួបប្រជុំគ្នានោះ ក្រុមពលរដ្ឋអាមេរិកដើមកំណើតខ្មែរផងដែរ បានធ្វើបាតុកម្មទាមទារឱ្យមានការគោរពសិទ្ធិមនុស្សនៅកម្ពុជា។
សម្រាប់កម្រងរូបថតនៃបាតុកម្មរបស់ពលរដ្ឋអាមេរិកដើមកំណើតខ្មែរប្រឆាំងនឹងលោក ហ៊ុន សែន កាលពីសប្ដាហ៍មុន សូមចូលទៅមើលការផ្សាយរបស់វិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA)កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២។
សន្និដ្ឋាន
Fact Crescendo Cambodia រកឃើញថា ការអះអាងដូចដែលរៀបរាប់ខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ រូបថតទាំង ៤សន្លឹកនេះ មិនមែនជាបាតុកម្មរបស់ពលរដ្ឋខ្មែរអាមេរិក និងពលរដ្ឋភូមាអាមេរិក ថ្កោលទោសក្រុមមេដឹកនាំអាស៊ាន ដែលកំពុងជួបប្រជុំជាមួយមេដឹកនាំអាមេរិកនៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីសប្ដាហ៍មុននោះឡើយ។ រូបថតទាំង ៤សន្លឹកនេះ គឺជាបាតុកម្មដែលបានកើតឡើងកាលពីឆ្នាំមុន និងកាលពីខែមករាដើមឆ្នាំនេះ។

Title:តើរូបថតទាំងនេះជាបាតុកម្មថ្កោលទោសមេដឹកនាំផ្ដាច់ការនៅកិច្ចប្រជុំអាមេរិក-អាស៊ានមែនឬទេ?
Fact Check By: Jay UdomResult: Missing Context
