
បន្ទាប់ពីហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រដែលបានសម្លាប់មេដឹកនាំអ៊ីរ៉ង់កាលពីចុងសប្ដាហ៍កន្លងមកនេះ វីដេអូមួយត្រូវបានគេបង្ហោះលើបណ្ដាញសង្គមជាមួយការអះអាងថា វាជាហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រដែលបានសម្លាប់មេដឹកនាំអ៊ីរ៉ង់។ វីដេអូឃ្លីបនេះ ត្រូវបានចែករំលែកតៗគ្នាជាច្រើនដងនៅក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ។ ទោះជាយ៉ាងណា យើងបានរកឃើញថា ការផ្សព្វផ្សាយនេះមិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
រូបថតបំណែកកន្ទុយយន្តហោះមួយ ត្រូវបានប្រព័ន្ធផ្សព្វផ្សាយមួយចំនួននៅកម្ពុជាចុះផ្សាយថា វាជាបំណែកឧទ្ធម្ភាគចក្រដែលដឹកប្រធានាធិបតីអ៊ីរ៉ង់ លោក អ៊ីប្រាហ៊ីម រ៉ៃស៊ី (Ibrahim Raisi) ដែលបានធ្លាក់នៅតំបន់ភ្នំកាលពីចុងសប្ដាហ៍មុន។
ខាងក្រោមនេះ គឺជារូបថតបំណែកកន្ទុយយន្តហោះមួយ ដែលត្រូវបានចុះផ្សាយដោយទូរទស្សន៍ជាតិកម្ពុជានៅក្នុងអត្ថបទមួយនិយាយអំពីគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រមួយគ្រឿងដែលបានសម្លាប់មេដឹកនាំអ៊ីរ៉ង់រូបនេះ និងមនុស្សមួយចំនួនទៀតកាលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤។

អត្ថបទរបស់ទូរទស្សន៍ជាតិកម្ពុជានេះ ត្រូវបានចែករំលែកនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនផងដែរកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ដែលនាំឱ្យមានការចែករំលែកបន្តជាច្រើនដង។

រូបថតដដែលនេះ ក៏ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមដោយទំព័រហ្វេសប៊ុកឈ្មោះ នាយកដ្ឋានព័ត៌មាន News Departement ផងដែរ នៅក្នុងអត្ថបទមួយដូចគ្នាទៅនឹងអត្ថបទចុះផ្សាយដោយទូរទស្សន៍ជាតិ។
ទំព័រហ្វេសប៊ុក Apsara FM99 បានបង្ហោះរូបថតបំណែកកន្ទុយយន្តហោះនេះដែរកាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ នៅក្នុងអត្ថបទរបស់ខ្លួននិយាយអំពីឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រដែលបានសម្លាប់មេដឹកនាំអ៊ីរ៉ង់។

រូបថតនេះ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមដោយអ្នកប្រើប្រាស់ហ្វេសប៊ុកដទៃទៀតដែរ។ សូមមើលរូបថតនោះតាមតំណភ្ជាប់នៅទីនេះ ឬតំណភ្ជាប់មួយទៀតនៅទីនេះ (archived)។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានចាប់ផ្ដើមត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើការអះអាងខាងលើនេះតាមរយៈការដំណើរការកម្មវិធីផ្ទៀងផ្ទាត់រូបថតនៅលើប្រព័ន្ធអ៊ិនធឹណិត ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
តាមរយៈការដំណើរការ Google Reverse Image Search យើងបានរកឃើញរូបថតដូចគ្នាទាំងស្រុងដែលត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម Twitter តាំងពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០កន្លងមក ពោលគឺតាំងពី ៤ឆ្នាំមុនហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រដឹកនាំប្រធានាធិបតីអ៊ីរ៉ង់ទៅទៀត។
បើតាមសំណេរនៅលើគណនី Twitter នោះ វាបានឱ្យដឹងថា រូបថតគឺជាបំណែកយន្តហោះអ៊ីរ៉ង់មួយគ្រឿងដែលហោះហើរពី Bisheh Kolah ទៅកាន់រដ្ឋធានីតេរ៉ង់ ហើយបានធ្លាក់នៅតំបន់ភ្នំក្នុងខេត្ត Mazandaran នៃប្រទេសអ៊ីរ៉ង់។ ឧបទ្ទវហេតុនោះបានសម្លាប់អ្នកបើកបរយន្តហោះ ២នាក់។
រូបថតនៃបំណែកកន្ទុយយន្តហោះនោះ បង្ហាញលេខយន្តហោះ 1136 ដែលលេខសម្គាល់យន្តហោះ Cessna T206H Turbo Stationair II។ យន្តហោះខ្នាតតូចមួយនេះ ត្រូវបានប៉ូលិសអ៊ីរ៉ង់ប្រើប្រាស់វានៅមុនពេលវាជួបគ្រោះថ្នាក់ធ្លាក់ខ្ទេច។
សេចក្ដីរាយការណ៍នានា ឱ្យដឹងថា ប្រធានាធិបតីអ៊ីរ៉ង់ លោក អ៊ីប្រាហ៊ីម រ៉ៃស៊ី និងមន្ត្រីជាន់ខ្ពស់ដទៃទៀត បានជិះឧទ្ធម្ភាគចក្រមួយគ្រឿង មិនមែនជាប្រភេទយន្តហោះតូចខាងលើទេ។ បើតាមប្រភពអន្តរជាតិ វាបានឱ្យដឹងថា ឧទ្ធម្ភាគចក្រដែលដឹកមេដឹកនាំអ៊ីរ៉ុង់នោះ គឺឧទ្ធម្ភាគចក្រ Bell 212។

ឧទ្ធម្ភាគចក្រដែលដឹកប្រធានាធិបតីអ៊ីរ៉ង់ លោក អ៊ីប្រាហ៊ីម រ៉ៃស៊ី និងមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់មួយចំនួនទៀត បានធ្លាក់កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ ដែលបណ្ដាលឱ្យមនុស្សស្ថិតក្នុងឧទ្ធម្ភាគចក្រនោះ ស្លាប់ទាំងអស់។
ទីភ្នាក់ងារព័ត៌មាន AP ដែលបានដកស្រង់ព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ បានរាយការណ៍ថា ឧទ្ធម្ភាគចក្រដែលដឹកនាំមេដឹកនាំអ៊ីរ៉ង់រូបនោះ បានឆាបឆេះភ្លាមៗ បន្ទាប់ពីវាធ្លាក់ទៅលើភ្នំមួយ ហើយថា គ្មានសញ្ញាណាមួយបង្ហាញពីការវាយប្រហារនោះឡើយ។
គ្រោះធ្លាក់ឧទ្ធម្ភាគចក្រនេះ ដែលបានសម្លាប់រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amirabdollahian ផងនោះ បានកើតឡើងបន្ទាប់ពីមេដឹកនាំអ៊ីរ៉ង់រូបវិលត្រឡប់ពីការចូលរួមក្នុងកម្មវិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវទំនប់វារីអគ្គិសនីមួយស្ថិតនៅប្រទេសអាហ៊្សែបៃហ្សង់ តំបន់ព្រំដែនភាគខាងជើងជាមួយអ៊ីរ៉ង់។ អត្ថបទទាំងស្រុងនៅទីនេះ
ខាងក្រោមនេះ គឺជាវីដេអូថតដោយដ្រូនរបស់តួកគីដែលបង្ហាញពីទិដ្ឋភាពក្រោយធ្លាក់ឧទ្ធម្ភាគចក្រដែលបានសម្លាប់មេដឹកនាំអ៊ីរ៉ង់កាលពីចុងសប្ដាហ៍មុន។
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថា ការអះអាងដូចដែលត្រូវបានរៀបរាប់ខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ រូបថតបំណែកយន្តហោះនេះ មិនមែនជាបំណែកឧទ្ធម្ភាគចក្រដឹកប្រធានាធិបតីអ៊ីរ៉ង់ លោក អ៊ីប្រាហ៊ីម រ៉ៃស៊ី ដែលបានធ្លាក់កាលពីចុងសប្ដាហ៍មុននោះឡើយ។ រូបថតនេះ គឺជាបំណែកកន្ទុយយន្តហោះធុនតូចរបស់អ៊ីរ៉ង់ដែលបានធ្លាក់កាលពីខែកក្កដា ឆ្នាំ២០២០កន្លងមក។

Title:សារព័ត៌មានកម្ពុជាប្រើរូបថតចាស់ចុះផ្សាយក្នុងព័ត៌មានអំពីការធ្លាក់ឧទ្ធម្ភាគចក្រសម្លាប់មេដឹកនាំអ៊ីរ៉ង់
Fact Check By: Jay UdomResult: Misleading
