វីដេអូ​ទឹក​ជំនន់​កាល​ពី​ខែ​មុន​នៅ​ក្រុង​ Bekasi ប្រទេស​ឥណ្ឌូនេស៊ី​ ត្រូវ​បាន​ចែក​ចាយ​ថា​ជា​ហេតុការណ៍​ថ្មី​ៗ​

International Misleading

រូបភាព​ និង​វីដេអូ​ឃ្លីបជា​ច្រើន​​ ​ទាក់​ទង​ទៅ​នឹង​គ្រោះ​ធម្មជាតិ​រញ្ជួយ​ដី​ គ្រោះ​ទឹក​ជំនន់​ ត្រូវ​បាន​បង្ហោះ​ និង​ចែក​ចាយ​ឡើង​យ៉ាង​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម​។​ ក្នុង​នោះ​ វីដេអូ​ឃ្លីប​មួយ​ បង្ហាញ​ទិដ្ឋភាព​ទឹក​ជំនន់​ហូរ​ចូល​ទៅ​ក្នុង​អគារ​មួយ​ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​អះអាង​ជា​ភាសា​ខ្មែរ​ថា​ នោះ​គឺ​ជា​ទិដ្ឋភាព​ទឹក​ជំនន់​បាន​កើត​ឡើង​នៅ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​ កាល​ពី​ថ្ងៃ​ទី​១៧​ ខែ​មេសា​ ឆ្នាំ​២០២៥​​។​ វីដេអូ​ជាមួយ​ការ​អះអាង​បែប​នេះ​ ត្រូវ​បាន​ចែក​ចាយ​ជា​ច្រើន​ដង​នៅ​លើ​បណ្ដាញ​សង្គម​កម្ពុជា​​​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ផ្ទៀង​ផ្ទាត់​របស់​យើង​ រក​ឃើញ​ថា​ ការអះអាង​នេះ​ មិន​ត្រឹម​ត្រូវនោះ​ឡើយ​។​

ការអះអាងលើបណ្ដាញសង្គម

វីដេអូ​ឃ្លីប​ប្រមាណ​៥១​វិនាទី​ ដែល​បង្ហាញ​ទឹក​​ជំនន់​ហូរ​ចូល​ក្នុង​អគារ​មួយ​កន្លែង​ ត្រូវ​បាន​គេ​បង្ហោះ​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​សំណេរ​រៀបរាប់​ថា​ វា​ជា​ទិដ្ឋភាព​នៅ​ក្នុង​ប្រទេស​​ឥណ្ឌូនេស៊ី​ ដែល​បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​១៧​ ខែ​មេសា​ ឆ្នាំ​២០២៥​។​

វីដេអូ​ជាមួយ​សំណេរ​បែប​នេះ​ ត្រូវ​បាន​ចែក​ចាយ​យ៉ាង​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម​ ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​ជា​ច្រើន​។​

ខាង​ក្រោម​ គឺ​ជា​វីដេអូ​ឃ្លីប​ ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ កាល​ពីម្សិល​មិញ​ ជាមួយ​សំណេរ​រៀប​រាប់​ថា​ «Update ព័ត៌មាន​ថ្ងៃនេះ​ នៅ​ប្រទេស​ឥណ្ឌូនេសុី​ ទឹក​ហូរ​ចូល​ហាង​ មិន​ដឹង​មក​ពី​ណា​ទេ​ គួរ​អោយ​ខ្លាច​ណាស់​បង​ប្អូន​»។​

Facebook Post | Archived Link

ការត្រួតពិនិត្យការពិត

Fact Crescendo បាន​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះ​អាង​ខាង​លើ​ តាម​រយៈ​ការ​ដំណើរ​ការ​ Google Reverse Image Search និង​ពាក្យ​គន្លឹះ​ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការពិត​ដូច​ខាង​ក្រោម​។

ទិដ្ឋភាព​នៃ​ទឹក​ជំនន់​ហូរ​ចូល​ក្នុង​អគារ​ ដែល​មាន​ទម្រង់​ និង​សណ្ឋាន​ដូច​គ្នា​​នេះ​ ត្រូវ​បាន​រក​ឃើញ​ឡើង​នៅលើ​គេហទំព័រ​ Newsflare។​ គេហទំព័រ​ដដែល​ខាង​លើ​នេះ​ បាន​បញ្ជាក់​ព័ត៌មាន​បន្ថែម​ទៅ​លើ​ទិដ្ឋភាព​នោះ​ថា​ គឺ​ជា​ទិដ្ឋភាព​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​មួយ​ នៅ​ពេល​ដែល​ទឹក​ជំនន់​បាន​ហូរ​ចូល​ទៅ​ក្នុង​ផ្សារ​ទំនើប​មួយ​ ខណៈ​ពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​​។​

ខាង​ក្រោម​នេះ​ គឺ​ជា​វីដេអូ​ឃ្លីប​ទាំងស្រុង​ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​លើ​គេហទំព័រ​ Newsflare ដែល​ហេតុការណ៌​មួយ​នេះ​ បាន​កើត​ឡើង​នៅ​ក្នុង​ផ្សារ​ទំនើប​ Mega Bekasi Hypermall ក្នុង​ក្រុង​ Bekasi កាល​ពី​ថ្ងៃ​ទី​០៤​ ខែ​មីនា​ ឆ្នាំ​២០២៥​កន្លង​ទៅ​។​

Newsflare Link | Archived Link

ដូច​គ្នា​នេះ​ ហេតុការណ៍​ទឹក​ជំនន់​ហូរ​ចូល​ទៅ​ក្នុង​ផ្សារទំនើប​ Mega Bekasi Hypermall ក្នុង​ក្រុង​ Bekasi ប្រទេស​ឥណ្ឌូនេស៊ី​​ ក៏​ត្រូវ​បាន​រាយការណ៍​ដោយ​ទូរទស្សន៍​ក្នុង​ស្រុក​របស់​ប្រទេស​ឥណ្ឌូនេស៊ី​​ iNews ផង​ដែរ​ នៅ​លើ​គេហទំព័រ​វីដេអូ​ YouTube របស់​ខ្លួន​ កាល​ពី​ថ្ងៃ​ទី​០៤​ ខែមីនា​ ឆ្នាំ​២០២៥​កន្លង​ទៅ​។​ 

ខាង​ក្រោម​នេះ​ គឺ​ជា​វីដេអូ​រាយការណ៍​ទាំង​ស្រុង​ជា​ភាសា​ឥណ្ឌូនេស៊ី​​ ដែល​នេះ​មិន​មែន​ជា​ហេតុការណ៍​ទើប​តែ​កើត​ឡើង​នៅ​ថ្ងៃ​ទី​១៧​ ខែ​មេសា​ ថ្មី​ៗ​នោះ​ឡើយ​។​

YouTube Link | Archived Link

ផ្សារ​ទំនើប​ Mega Bekasi Hypermall គឺជា​ផ្សារ​ទំនើប​ដ៏​ធំ​មួយ​ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ក្រុង​ Bekasi ខេត្ត​ Java ប្រទេស​ឥណ្ឌូនេស៊ី​​ ដែល​ជា​គោល​ដៅ​ពេញ​និយមសម្រាប់​ការ​លំហែ​ និង​ទិញ​ទំនិញ​របស់​ប្រជាជន​ឥណ្ឌូនេស៊ី​​នៅ​ក្នុង​តំបន់​នោះ​។

Google Map | Archived Link

យោង​ទៅ​តាម​គេហទំព័រ​សារព័ត៌មាន​ The Jakarta Post កាល​ពី​ថ្ងៃ​ទី​០៤​ ខែ​មីនា​ ឆ្នាំ​២០២៥​កន្លង​ទៅ​ ទឹកជំនន់​ខ្លាំង​មួយ​ បាន​វាយ​លុក​ទីក្រុង​ Bekasi ខេត្ត​ Java ប្រទេស​ឥណ្ឌូណេស៊ី​ បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​ជា​ច្រើនថ្ងៃ​​ជាប់​ៗ​គ្នា​។ ទឹក​ជំនន់បាន​ហូរ​កាត់​ផ្លូវ​ថ្នល់​ ផ្ទះ​សម្បែង​​ រួមទាំងផ្សារ​ទំនើប​​ Mega Bekasi Hypermall ផង​ដែរ​ ដែល​ទឹក​បាន​លិច​ជាន់​ផ្ទាល់ដី​ និង​​ហាង​ជាច្រើន​នៅក្នុង​ផ្សារ​ទំនើប​មួយ​នេះ​។

ខាង​ក្រោម​នេះ​ គឺ​ជា​ទិដ្ឋភាព​ថត​ពី​លើ​ បង្ហាញ​ការ​ជន់​លិច​ផ្ទះ​សម្បែង​ជា​ច្រើន​ខ្នង​នៅ​ក្នុង​ទី​ក្រុង​ Bekasi កាល​ពី​ខែ​មីនា​កន្លង​ទៅ​។​

The Jakarta Post | Archived Link

ដើម្បីស្វែងរកព័ត៌មានពិតសូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម

Facebook | Twitter | Telegram | Google News | TikTok | WhatsApp

សន្និដ្ឋានFact Crescendo រក​ឃើញ​ថា​ ការ​អះអាង​​ដូច​ដែល​ត្រូវ​បាន​រៀប​រាប់​ខាង​លើ​ មិន​ត្រឹម​ត្រូវ​នោះទេ​។ វីដេអូ​ឃ្លីប​នេះ​ គឺជា​ទិដ្ឋភាព​នៅ​ពេល​ដែល​ទឹក​ជំនន់​ខ្លាំង​ហូរ​ចូល​ជាន់​ផ្ទាល់​ដី​នៃ​ផ្សារ​ទំនើប​ Mega Bekasi Hypermall ក្នុង​ក្រុង​ Bekasi ប្រទេស​ឥណ្ឌូនេស៊ី​​ កាល​ពី​ថ្ងៃ​ទី​០៤ ខែ​មីនា​ ឆ្នាំ​២០២៥​កន្លង​ទៅ​ មិន​មែន​ជា​ហេតុការណ៍​​ថ្មី​ៗ​ដូច​ដែល​បាន​អះអាង​នោះ​ឡើយ​។​

Avatar

Title:វីដេអូ​ទឹក​ជំនន់​កាល​ពី​ខែ​មុន​នៅ​ក្រុង​ Bekasi ប្រទេស​ឥណ្ឌូនេស៊ី​ ត្រូវ​បាន​ចែក​ចាយ​ថា​ជា​ហេតុការណ៍​ថ្មី​ៗ​

Written By: Kakada Sim  

Result: Misleading

Leave a Reply

Your email address will not be published. Required fields are marked *