វីដេអូទឹកជំនន់មួយត្រូវបានចែករំលែកថាជាទឹកជំនន់ថ្មីៗនៅក្នុងអេស្ប៉ាញ
វីដេអូឃ្លីបមួយ ដែលបង្ហាញផ្ទះសម្បែង និងអគារជាច្រើនខ្នងគ្របដណ្ដប់ និងវាយប្រហារដោយទឹកជំនន់នោះ ត្រូវបានគេបង្ហោះលើបណ្ដាញសង្គមជាមួយការអះអាងថា ជាហេតុការណ៍ទឹកជំនន់នៅក្នុងប្រទេសអេស្ប៉ាញ។ ការអះអាងនេះ ត្រូវបានចែករំលែកបន្តព្រោងព្រាតនៅលើបណ្ដាញសង្គមនាពេលថ្មីៗនេះ។ ទោះជាយ៉ាងណា យើងរកឃើញថា វីដេអូនេះត្រូវបានភ្ជាប់ជាមួយព័ត៌មានមិនត្រឹមត្រូវនោះឡើយ។
វីដេអូឃ្លីបមួយ ដែលបង្ហាញផ្ទះសម្បែង និងអគារជាច្រើនខ្នងគ្របដណ្ដប់ និងវាយប្រហារដោយទឹកជំនន់នោះ ត្រូវបានគេបង្ហោះលើបណ្ដាញសង្គមជាមួយការអះអាងថា ជាហេតុការណ៍ទឹកជំនន់នៅក្នុងប្រទេសអេស្ប៉ាញ។ ការអះអាងនេះ ត្រូវបានចែករំលែកបន្តព្រោងព្រាតនៅលើបណ្ដាញសង្គមនាពេលថ្មីៗនេះ។ ទោះជាយ៉ាងណា យើងរកឃើញថា វីដេអូនេះត្រូវបានភ្ជាប់ជាមួយព័ត៌មានមិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
វីដេអូទឹកជំនន់វាយប្រហារទីក្រុងមួយ ត្រូវបានគេបង្ហោះលើបណ្ដាញសង្គមជាមួយសំណេររៀបរាប់ថា វាជាទឹកជំនន់វាយប្រហារនៅក្នុងប្រទេសអេស្ប៉ាញ។
វីដេអូដែលភ្ជាប់ជាមួយសំណេរបែបនេះ ត្រូវបានចែករំលែកបន្តព្រោងព្រាតជាច្រើនដងពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ក្នុងនោះមានអ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរ បានបញ្ចេញប្រតិកម្ម និងមតិយោបល់ទៅនឹងវីដេអូនេះ។
ខាងក្រោមនេះ គឺជាវីដេអូទាំងស្រុងដែលត្រូវបានបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ ជាមួយសំណេររៀបរាប់ថា «ទឹកជំនន់នៅអេស៉្បាញ សាហាវណាស់»។
វីដេអូឃ្លីបអះអាងដូចគ្នាមួយផ្សេងទៀត ក៏ត្រូវបានរកឃើញ និងបង្ហោះចែកចាយនៅលើបណ្ដាញសង្គមវីដេអូ TikTok ផងដែរ កាលពីពេលថ្មីៗនេះ។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើការអះអាងខាងលើនេះ តាមរយៈការដំណើរការកម្មវិធី Google Reverse Image Search ដែលនាំយើងរកឃើញការពិតដូចខាងក្រោម។
វីដេអូឃ្លីបដែលមានទម្រង់ និងសណ្ឋានដូចគ្នាទាំងស្រុង ត្រូវបានរកឃើញ និងបង្ហោះនៅលើបណ្ដាញសង្គម X កាលពិថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤កន្លងទៅ។ អ្នកប្រើប្រាស់ដដែលខាងលើ ពុំបានបញ្ជាក់ថា ទឹកជំនន់វាយបោកបក់ទីក្រុងមួយកន្លែងនោះ បានកើតឡើងនៅប្រទេសអេស្ប៉ាញនោះឡើយ។
ផ្ទុយទៅវិញ នោះគឺជាទិដ្ឋភាពនៃគ្រោះទឹកជំនន់ដែលបានកើតឡើងនៅក្នុងភូមិ Al-Qābil ភាគពាយព្យនៃប្រទេសអូម៉ង់ កាលពីខែមេសា ឆ្នាំ២០២៤កន្លងទៅ។
ប្រទេសអូម៉ង់ គឺជាប្រទេសមួយមានទីតាំងនៅទ្វីបអាស៊ីភាគខាងលិច ដែលមានព្រំប្រទល់ជាប់ទៅនឹងប្រទេសអារ៉ាប៊ីសាអ៊ូឌីត អេមីរ៉ាតអារ៉ាប់រួម អ៊ីរ៉ង់ ប៉ាគីស្ថាន និងប្រទេសយេម៉ែន។
ខាងក្រោមនេះ គឺជាវីដេអូឃ្លីបទាំងស្រុង ដែលបង្ហាញនូវទិដ្ឋភាពគ្រោះធម្មជាតិទឹកជំនន់ វាយប្រហារប្រទេសអូម៉ង់នាពេលថ្មីៗនេះ។
តាមរយៈគេហទំព័រសារព័ត៌មាន DailyMotion ចុះផ្សាយកាលពី៣ខែមុន ក៏បានបង្ហាញទិដ្ឋភាពវីដេអូឃ្លីបដូចគ្នាទាំងស្រុងផងដែរ ដោយបានរាយការណ៍នៅក្នុងអត្ថបទរបស់ខ្លួនថា នោះគឺជាទិដ្ឋភាពគ្រោះធម្មជាតិទឹកជំនន់នៅក្នុងប្រទេសអូម៉ង់។
ខាងក្រោម គឺជាវីដេអូឃ្លីបនៃការវាយប្រហារដោយទឹកជំនន់នៅភូមិមួយ ក្នុងប្រទេសអូម៉ង់។
DailyMotion News Report | Archived Link
ដូចគ្នានេះ ព័ត៌មានគ្រោះទឹកជំនន់នៅក្នុងប្រទេសអូម៉ង់កាលពីខែមេសា ឆ្នាំ២០២៤កន្លងទៅ ក៏ត្រូវបានផ្សព្វផ្សាយនៅលើគេហទំព័រអាកាសធាតុ The Weather Channel ផងដែរ ដែលបានបញ្ជាក់ថា យ៉ាងហោចណាស់ មនុស្ស១៨នាក់ រួមទាំងសិស្សសាលាចំនួន១០នាក់ ត្រូវបានទឹកហូរកាត់ និងបានស្លាប់បាត់បង់ជីវិត បន្ទាប់ពីមានភ្លៀងធ្លាក់ជាខ្លាំងជាប់ៗគ្នា។
The Weather Channel Link | Archived Link
ដើម្បីស្វែងរកព័ត៌មានពិត សូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម៖
Facebook Twitter Telegram Google News TikTok WhatsApp
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញ ការអះអាងដូចដែលត្រូវបានរៀបរាប់ខាងលើនេះ គឺមិនត្រឹមត្រូវនោះឡើយ។ វីដេអូដែលបង្ហាញទឹកជំនន់វាយបោកបក់ទីក្រុងមួយកន្លែង គឺមិនមែនជាហេតុការណ៍ទឹកជំនន់កើតឡើងនៅប្រទេសអេស្ប៉ាញនោះឡើយ។ ទិដ្ឋភាពនោះ ការពិតគឺជាគ្រោះទឹកជំនន់ដែលបានកើតឡើងនៅក្នុងភូមិ Al-Qābil ភាគពាយព្យនៃប្រទេសអូម៉ង់ កាលពីខែមេសា ឆ្នាំ២០២៤កន្លងទៅ។
Title:វីដេអូទឹកជំនន់មួយត្រូវបានចែករំលែកថាជាទឹកជំនន់ថ្មីៗនៅក្នុងអេស្ប៉ាញ
Fact Check By: Kakada SimResult: Misleading