
ស្របពេល ប៉ុល ពត ត្រូវបានគេស្គាល់ថាជាបងធំទី១ ក្នុងចំណោមមេដឹកនាំខ្មែរក្រហម និងជានាយករដ្ឋមន្ត្រីនៃរបបកម្ពុជាប្រជាធិបតេយ្យ ដែលគេស្គាល់ថាជា «របបខ្មែរក្រហម» ដែលបានកាប់សម្លាប់ប្រជាជនកម្ពុជាជាច្រើនលាននាក់នោះ រូបថតមួយសន្លឹក បង្ហាញទិដ្ឋភាពអ្នកគាំទ្របាល់ទាត់ជម្រើសជាតិកម្ពុជា បានឈរកាន់រូបថតរបស់មេដឹកនាំរូបនេះ ត្រូវបានបង្ហោះឡើង ជាមួយនឹងការលើកឡើងថា «ពួកយើងស្រលាញ់ ប៉ុល ពត»។ ការបង្ហោះខាងលើ ត្រូវបានចែកចាយ និងបញ្ចេញមតិជាច្រើនដង ពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមនានា។
ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់ Fact Crescendo Cambodia រកឃើញថា រូបថតបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកនោះ គឺមិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅនេះ អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ បានបង្ហោះរូបថតមួយសន្លឹក ចូលទៅក្នុងក្រុមហ្វេសប៊ុកមួយ ដែលមានឈ្មោះថា «Amazing world culture club V.3 (AWCC)» បង្ហាញទិដ្ឋភាពអ្នកគាំទ្របាល់ទាត់ជម្រើសជាតិកម្ពុជា បានឈរកាន់រូបថតរបស់អតីតមេដឹកនាំខ្មែរក្រហម ប៉ុល ពត។ អ្នកប្រើប្រាស់ខាងលើ បានភ្ជាប់រូបថតខាងលើនេះ ទៅនឹងសំណេរជាភាសាអង់គ្លេស ឬប្រែសម្រួលជាភាសាខ្មែរថា «យើងស្រលាញ់ ប៉ុល ពត»។
រូបថតភ្ជាប់ជាមួយនឹងសំណេរនេះ ត្រូវបានចែកចាយតៗគ្នាជាច្រើនដង រួមជាមួយនឹងប្រតិកម្ម និងការបញ្ចេញមតិចម្រុះពីសំណាក់អ្នកប្រើប្រាស់សង្គមហ្វេសប៊ុកយ៉ាងផុសផុល។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់អ្នកប្រើប្រាស់ ដែលបានបង្ហាញទិដ្ឋភាពអ្នកគាំទ្របាល់ទាត់កម្ពុជា បានឈរកាន់រូបថតមេដឹកនាំខ្មែរក្រហម ប៉ុល ពត។

ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើការអះអាងខាងលើនេះ តាមរយៈការដំណើរការ Google Reverse Image Search ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោម។
រូបថតដែលមានទម្រង់ និងសណ្ឋានដូចគ្នាទាំងស្រុងនេះ ត្រូវបានរកឃើញ និងបង្ហោះនៅលើគេហទំព័រសារព័ត៌មាន Keila 24 កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣កន្លងទៅ។ គេហទំព័រសារព័ត៌មានដដែលខាងលើ បានបង្ហាញទិដ្ឋភាពនៃអ្នកគាំទ្របាល់ទាត់ជម្រើសជាតិកម្ពុជា ឈរកាន់ព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រនៃកម្ពុជា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ក្នុងអំឡុងការប្រកួតបាល់ទាត់ស៊ីហ្គេមរវាងក្រុមជម្រើសជាតិកម្ពុជា និងទីម័រខាងកើត កាលពីយប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣កន្លងទៅ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីគេហទំព័រខាងលើ ដែលពុំបានបង្ហាញទិដ្ឋភាពអ្នកគាំទ្របាល់ទាត់កម្ពុជា បានឈរកាន់រូបថតអតីតមេដឹកនាំខ្មែរក្រហម ប៉ុល ពត នោះឡើយ។

ដូចគ្នានេះ ទិដ្ឋភាពអ្នកគាំទ្របាល់ទាត់កម្ពុជា ឈរកាន់ព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រនរោត្តម សីហមុនី ខាងលើ ក៏ត្រូវបានរកឃើញ និងបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ផងដែរកាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣កន្លងទៅ ដោយបានបញ្ជាក់ថា នោះគឺជា ទិដ្ឋភាពរូបភាពនៃការប្រកួតកីឡាស៊ីហ្គេមរវាងក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២២ឆ្នាំ ទល់នឹងក្រុមជម្រើសជាតិទីម័រខាងកើតអាយុក្រោម២២ឆ្នាំ នៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ។

Football Federation of Cambodia | Archived Link
ខាងក្រោមនេះ គឺជាការប្រៀបធៀបរវាងរូបថតដែលត្រូវបានកាត់ត និងរូបថតច្បាប់ដើម ដែលត្រូវបានរកឃើញផ្សព្វផ្សាយនៅលើបណ្ដាញសង្គម។

ដើម្បីស្វែងរកព័ត៌មានពិត សូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម៖
Facebook Twitter Telegram Google News TikTok
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថា រូបថតដែលបានបង្ហោះ ដោយអ្នកប្រើប្រាស់ខាងលើនេះ គឺពិតជាមិនត្រឹមត្រូវនោះឡើយ។ ច្បាប់ដើមនៃរូបថតនេះ គឺជាទិដ្ឋភាពអ្នកគាំទ្របាល់ទាត់កម្ពុជា ឈរកាន់ព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រនរោត្តម សីហមុនី ក្នុងអំឡុងការប្រកួតបាល់ទាត់រវាងក្រុមជម្រើសជាតិកម្ពុជា និងទីម័រខាងកើត។

Title:ទិដ្ឋភាពអ្នកគាំទ្របាល់ទាត់កម្ពុជា ឈរកាន់រូបថតមេដឹកនាំខ្មែរក្រហម ជារូបថតកាត់ត
Written By: Kakada SimResult: Altered
