លោក​នាយករដ្ឋ​មន្ត្រី​​ ហ៊ុន​ ម៉ាណែត​ តែង​តែ​ក្លាយ​ជា​ផ្ទាំង​ស៊ីប​នៃ​ពាក្យ​ចរចាម​អារ៉ាម​ និង​ការ​ចោទ​ប្រកាន់​ផ្សេង​ៗ​នៅ​ក្នុង​ឆាក​នយោបាយ​របស់​លោក​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។​ ក្នុង​ចំណោម​នោះ​ រូប​ថត​មួយ​សន្លឹក​​ដែល​បង្ហាញ​​របស់​លោកនៅ​ក្នុង​ឈុត​សម្លៀក​បំពាក់​ជា​នគរបាល​វៀត​ណាម​ ត្រូវ​បាន​បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់​ម្នាក់​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​របស់​ Fact Crescendo Cambodia រក​ឃើញ​ថា​ រូប​ថត​​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នោះ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​

កាល​ពី​ថ្ងៃ​ទី​០១​ ខែ​មីនា​ ឆ្នាំ​២០២៤​កន្លង​ទៅ​នេះ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ដែល​បង្ហាញ​​លោក​​នាយករដ្ឋម​ន្ត្រី ហ៊ុន ម៉ាណែត​ នៅ​ក្នុង​ឈុត​សម្លៀក​បំពាក់​​ឯក​សណ្ឋាន​​នគរបាល​វៀតណាម។​

រូបថត​ខាង​លើ​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន ហើយ​អាច​​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន​​ជឿ​ថា​ជា​រូបថត​ពិត​ប្រាដក​។​

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ ដែល​បាន​សរសេរ​ថា​ «The real Hun Manet»​ ឬ​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​មាន​ន័យ​ថា​ «ការ​ពិត​របស់​លោក​ ហ៊ុន​ ម៉ាណែត​»។​

Facebook Post | Archived Link

ការ​ត្រួត​ពិនិត្យ​ការ​ពិត​

Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះអាង​ខាង​លើ​នេះ​ តាម​រយៈ​ការ​ដំណើរ​ការ​កម្មវិធី​ Google Reverse Image Search ដែល​នាំ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​។​

រូប​ថត​ដែល​មាន​ទម្រង់​ និង​សណ្ឋាន​ដូច​គ្នាមួយ​នេះ​ ត្រូវ​បាន​រក​ឃើញ​នៅ​លើ​គេហទំព័រសារព័ត៌មាន​វៀតណាម​ VTC News។​ គេហទំព័រ​ដដែល​នេះ​ ពុំ​បានបង្ហាញ​ទិដ្ឋភាព​​នាយករដ្ឋមន្ត្រី​កម្ពុជា​លោក​ ហ៊ុន​ ម៉ាណែត​ បាន​ស្លៀក​ពាក់​នៅ​ក្នុង​ឈុត​ជា​កង​នគរបាល​វៀតណាម​នោះ​ឡើយ។​

ផ្ទុយ​ទៅវិញ​ រូប​ថត​ដើម​ផ្សព្វ​ផ្សាយ​នៅ​លើ​គេហទំព័រ​សារព័ត៌មាន​ខាង​លើ​ បាន​បង្ហាញ​ទិដ្ឋភាព​កង​និស្សិត​នគរបាល​បុរស​ និង​កង​និស្សិត​នារី​នៅឯ​​បណ្ឌិត្យ​សភា​នគរបាល​វៀត​ណាម។​

ខាង​ក្រោម​នេះ​ គឺ​ជារូប​ភាព​ផ្ដាម​ ចេញ​ពី​គេហទំព័រ​សារព័ត៌មាន​ខាង​លើ​ ដែល​បាន​សរសេរ​ជា​ភាសា​វៀតណាម​ «Trường công an tuyển sinh» ឬ​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ តាម​រយៈ​កម្មវិធី​ Google Translate មាន​ន័យ​ថា​ «ការ​ជ្រើស​រើស​និស្សិត​នៅ​បណ្ឌិត្យ​សភា​នគរបាល​វៀត​ណាម​»។​

VTC News | Archived Link

ដូច​គ្នា​នេះ​ រូប​ថត​ដែល​មាន​ទម្រង់​ និង​សណ្ឋាន​ដូច​គ្នាមួយ​នេះ​ ក៏​ត្រូវ​បាន​រក​ឃើញ​នៅ​លើ​គេហទំព័រ​វៀត​ណាម​ PHUNUTODAY ផង​ដែរ​ ដោយ​បាន​បញ្ជាក់​ថា​ នេះ​គឺ​ជា​ទិដ្ឋភាព​និសិ្សត​នៅ​បណ្ឌិត្យ​សភា​នគរបាល​ប្រជាជន​វៀតណាម​ (Vietnam People's Police Academy)។​

PHUNUTODAY News Report | Archived Link

ដោយ​ឡែក​ គេហទំព័រ​សារព័ត៌មាន​របស់​វៀតណាម​មួយ​ផ្សេង​ទៀត​ ដែល​មាន​ឈ្មោះ​ថា​ Báo Điện tử Chính phủ ផ្សព្វ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១៦​ ខែ​សីហា​ ឆ្នាំ​២០២២​កន្លង​ទៅ​ ក៏​មិន​បាន​​បង្ហាញ​ទិដ្ឋភាព​របស់​លោក​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​កម្ពុជា​ ក្នុង​ឈុត​សម្លៀកបំពាក់​ជា​ប៉ូលីស​នគរបាល​​វៀត​ណាម​ផង​ដែរ​។​

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​​ផ្ដាម​ចេញពី​គេហទំព័រ​ខាង​លើ​ ដែល​បាន​រៀប​រាប់​អំពី​វិធាន​ទូទៅនៃ​ការ​ប្រព្រឹត្តិ​ និង​ក្រម​សីលធម៌​របស់​ប៉ូលីស​នគរបាល​វៀតណាម​។​

Báo Điện tử Chính phủ Link | Archived Link

ខាង​ក្រោម​នេះ​ គឺ​ជា​ការ​ប្រៀប​ធៀប​គ្នា​រវាង​រូប​ថត​ដែល​ត្រូវ​បាន​កាត់​ត​ និង​រូប​ថត​ច្បាប់​ដើម​ដែល​ត្រូវ​បាន​រក​ឃើញ​ផ្សព្វ​ផ្សាយ​នៅ​លើ​បណ្ដាញ​សង្គម​។​

ករណី​នៃ​ការ​ភ្ជាប់​ និង​អះអាង​ថា​លោក​ ហ៊ុន​ ម៉ាណែត​ ទៅ​នឹង​ប្រទេស​វៀត​ណាម​ និង​មាន​ឈាម​ជ័រ​ជា​ជន​ជាតិ​វៀតណាម​នោះ​ តែង​តែ​ត្រូវ​បាន​ផ្ទៀង​ផ្ទាត់​ជា​រឿយ​ៗ​ផង​ដែរ​ ដោយក្រុម​ការងារ​ត្រួត​ពិនិត្យ​ការ​ពិត​ Fact Crescendo Cambodia នា​ពេល​កន្លង​មក​នេះ​។​ សូម​អាន​ព័ត៌មាន​លម្អិត​នៅ​ខាង​ក្រោម​នេះ​៖​

ដើម្បី​ស្វែង​រក​ព័ត៌​មាន​ពិត​ សូម​តាម​ដាន​ការ​ផ្សាយ​របស់​យើង​តាម​រយៈ​ប្រព័ន្ធ​ដូច​ខាង​ក្រោម​៖

Facebook Twitter Telegram Google News TikTok WhatsApp

សន្និដ្ឋាន​

Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ដែល​បាន​បង្ហោះ​ និង​អះ​អាង​ដោយ​អ្នក​ប្រើ​ប្រាស់​ខាង​លើ​នេះ​ គឺ​ពិត​ជា​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ ច្បាប់​ដើម​នៃ​រូប​ថត​នេះ​ គឺ​ជា​ទិដ្ឋភាព​និស្សិត​នៃ​​បណ្ឌិត្យ​សភា​នគរបាល​ប្រជាជន​វៀតណាម ដោយ​ពុំ​បាន​បង្ហាញ​នាយករដ្ឋមន្ត្រី​កម្ពុជា​លោក​ ហ៊ុន​ ម៉ាណែត​ នោះ​ឡើយ។​

Avatar

Title:រូប​ថត​បង្ហាញ​លោក​ ហ៊ុន​ ម៉ាណែត​ ក្នុង​ឈុត​នគរបាល​វៀតណាម​​ជា​រូប​ថត​កាត់​ត​

Written By: Kakada Sim

Result: Altered