
រាជនីសំឡេងមាសប្រចាំព្រះរាជាណាចក្រកម្ពុជាកាលពីជំនាន់ដើមអ្នកស្រី រស់ សេរីសុទ្ធា, អ្នកស្រីប៉ែន រ៉ន, និងអ្នកស្រីហួយ មាស សុទ្ធសឹងតែជាកំពូលតារាចម្រៀងដែលមានភាពល្បីល្បាញនៅក្នុងអំឡុងទស្សវត្សទី៦០ រហូតមកដល់ពេលបច្ចុប្បន្នយើងនេះ។
ក្នុងចំណោមនោះ មានទំព័រហ្វេសប៊ុកមួយបានបង្ហោះរូបថតមួយសន្លឹកដែលបង្ហាញអំពីទិដ្ឋភាពមនុស្សស្រីចំនួន៣នាក់ និងអះអាងថានោះគឺជាទិដ្ឋភាពអ្នកស្រី រស់ សេរីសុទ្ធា, អ្នកស្រី ប៉ែន រ៉ន និងអ្នកស្រី ហួយ មាស ខណៈពេលដែលពួកគាត់ចេញពីសាលារៀន។
ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិត និងផ្ទៀងផ្ទាត់របស់ក្រុមការងារ Fact Crescendo Cambodia បានរកឃើញថា រូបថតដែលទំព័រហ្វេសប៊ុកបង្ហោះនៅលើបណ្តាញសង្គមនោះ គឺជារូបថតកែច្នៃ។
ការអះអាងលើបណ្តាញសង្គម
កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៧កន្លងទៅនេះ ទំព័រហ្វេសប៊ុកមួយដែលមានឈ្មោះថា Today-ថ្ងៃនេះ បានធ្វើការបង្ហោះនូវរូបថតស្រ្តី៣នាក់កំពុងដើរនៅតាមដងផ្លូវមួយកន្លែង។ រូបថតដដែលនេះ ត្រូវបានទំព័រហ្វេសប៊ុកខាងលើអះអាងថា គឺជាតារាចម្រៀងស្រីរបស់ខ្មែរដែលក្នុងនោះត្រូវបានគេស្គាល់ថា គឺជាកំពូលតារាចម្រៀងអ្នកស្រី រស់ សេរីសុទ្ធា, អ្នកស្រី ប៉ែន រ៉ន, និងអ្នកស្រី ហួយ មាស។
រូបថត និងសំណេរអះអាងមួយនេះត្រូវបានចែកចាយតៗគ្នាជាច្រើនដង នៅលើបណ្តាញសង្គមហ្វេសប៊ុកនិយាយភាសាខ្មែរ។
រូបភាពផ្តាមចេញពីទំព័រហ្វេសប៊ុកខាងលើដែលបានសរសេររៀបរាប់ថា «រូបស៊ីវិល័យតារាចម្រៀងខ្មែរឆ្នាំ៦០,៧០ មិនចាញ់តារាចម្រៀងសម័យបច្ចុប្បន្នទេ។ រាប់ពីឆ្វេងទៅស្តាំ៖ អ្នកស្រី រស់ សេរីសុទ្ធា, អ្នកស្រី ប៉ែន រ៉ន និងអ្នកស្រី ហួយ មាស»។
ដូចគ្នានេះផងដែរ កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៧កន្លងទៅ គេហទំព័រសារព័ត៌មានមួយផ្សេងទៀតដែលមានឈ្មោះថា តារាញូស៍ ក៏បានចុះផ្សព្វផ្សាយអំពីរូបថតមួយសន្លឹកខាងលើនោះ ដោយបានអះអាងនៅលើសេចក្តីរាយការណ៍របស់ខ្លួនថា ស្ត្រីទាំងបីរូបនេះ គឺជាអ្នកស្រី រស់ សេរីសុទ្ធា, អ្នកស្រី ប៉ែន រ៉ន, និងអ្នកស្រី ហួយ មាស។
រូបភាពផ្តាមចេញពីគេហទំព័រសារព័ត៌មានតារាញូស៍ដែលបានសរសេររៀបរាប់ថា «រូបស៊ីវិល័យ រស់ សេរីសុទ្ធា, ប៉ែន រ៉ន, និង ហួយ មាស មិនចាញ់តារាចម្រៀងបច្ចុប្បន្ន»។
Dara News Report | Archived Link
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានចាប់ផ្ដើមត្រួតពិនិត្យ និងផ្ទៀងផ្ទាល់លើរូបភាពនេះតាមរយៈការដំណើរការកម្មវិធីស្វែងរករូបថតរបស់ក្រុមហ៊ុន Google ដែលនាំឱ្យយើងជួបប្រទះនូវប្រភព និងខ្លឹមសាររូបថតនៃច្បាប់ដើមមួយចំនួន។
រូបថតដែលមានទម្រង់ និងទិដ្ឋភាពដូចគ្នាមួយសន្លឹកនេះ ត្រូវបានរកឃើញនៅក្នុងគេហទំព័រ Getty Images ដែលជាគេហទំព័រសោតទស្សន៍ដ៏ធំមួយ។ គេហទំព័រដដែលនេះ មិនបានបង្ហាញភិនភាគស្ត្រីទាំងបីរូបនេះ ទៅនឹងកំពូលតារាចម្រៀងស្រីរបស់ខ្មែរអ្នកស្រី រស់ សេរីសុទ្ធា, អ្នកស្រី ប៉ែន រ៉ន, និងអ្នកស្រី ហួយ មាស នោះឡើយ។ រូបថតមួយសន្លឹកនេះត្រូវបានថតកាលពីឆ្នាំ១៩៧២ នៅក្នុងទីក្រុងកាប៊ុល ប្រទេសអាហ្វហ្កានីស្ថាន និងបញ្ចូលទៅក្នុងគេហទំព័រ Getty Imagesដោយលោកស្រី ឡូរ៉ង់ ប្រុ៊ន (Laurence BRUN)។
រូបភាពផ្តាមចេញពីគេហទំព័រសោតទស្សន៍ Getty Images ដែលបានសរសេររៀបរាប់ជាភាសាអង់គ្លេសថា «Women in Afghanistan, 1972: young students wearing mini-skirts walking down the street in city of Kabul. In the Shar-e-Naü area (the new town), a few emancipated girls wear the mini-skirt, despite the violent critics of the majority of the Afghan people, still attached to Muslim traditions. The Mullah, Muslim religious, do not hesitate to throw acid on the nude legs of the emancipated girl.» ឬប្រែជាភាសាខ្មែរមានន័យថា «ស្ត្រីនៅអាហ្វហ្គានីស្ថានឆ្នាំ១៩៧២៖ និស្សិតវ័យក្មេងពាក់សំពត់មីនីដើរតាមផ្លូវនៅទីក្រុងកាប៊ុល។ នៅក្នុងតំបន់ Shar-e-Naü (ទីក្រុងថ្មី) ក្មេងស្រីដែលត្រូវបានរំដោះខ្លួនពីរបីនាក់នៅតែស្លៀកពាក់សំពត់ខ្លី ទោះបីមានការរិះគន់យ៉ាងចាស់ដៃពីប្រជាជនអាហ្វហ្កានីស្ថានភាគច្រើនដែលប្រកាន់ខ្ជាប់នូវប្រពៃណីមូស្លីម»។
តាមរយៈគេហទំព័រសារព័ត៌មានអន្តរជាតិមួយផ្សេងទៀត The Guardian ក៏បានផ្សព្វផ្សាយអំពីទិដ្ឋភាពរូបថតមួយសន្លឹកនេះផងដែរនៅលើសេចក្តីរាយការណ៍របស់ខ្លួន កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧។
រូបភាពផ្តាមចេញពីគេហទំព័រសារព័ត៌មាន The Guardian ដែលបានសរសេររៀបរាប់ជាភាសាអង់គ្លេសថា «Young women wearing mini-skirts walking down the street in the city of Kabul, 1972. Photograph: Laurence BRUN/RAPHO» ឬប្រែជាភាសាខ្មែរមានន័យថា «ស្ត្រីវ័យក្មេងស្លៀកសំពត់ខ្លីដើរតាមផ្លូវនៅក្នុងទីក្រុងកាប៊ុល នាឆ្នាំ១៩៧២»។
The Guardian News Report | Archived Link
ដើម្បីស្វែងរកព័ត៌មានពិត សូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម៖
Facebook Twitter Telegram Google News
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថា រូបថតដែលបានបង្ហោះ និងអះអាងដោយទំព័រហ្វេសប៊ុកខាងលើនោះ គឺពិតជាមិនត្រឹមត្រូវនោះឡើយ។ រូបថតមួយសន្លឹកនេះ ត្រូវបានកាត់តមុននឹងបង្ហោះនៅលើបណ្តាញសង្គម។ ការពិត ច្បាប់ដើមនៃរូបថតនេះ គឺជាទិដ្ឋភាពនិស្សិតជនជាតិអាហ្វហ្កានីស្ថាន អំឡុងពេលដែលពួកគេកំពុងដើរតាមដងផ្លូវមួយកន្លែងនៅក្នុងទីក្រុងកាប៊ុល ប្រទេសអាហ្វហ្កានីស្ថាន កាលពីឆ្នាំ១៩៧២កន្លងមក។

Title:រូបថតនិស្សិតជនជាតិអាហ្វហ្កានីស្ថាន ត្រូវបានកាត់តជាតារាចម្រៀងស្រីខ្មែរ
Fact Check By: Kakada SimResult: Altered
