Fact Check: រូប​ថត​បង្ហាញ​អំពី​វិបត្តិ​ដំណាំ​ឪឡឹក​មិន​មែន​កើត​ឡើង​នៅ​កម្ពុជា​នោះ​ឡើយ​

Misleading Social

នា​រយៈ​ពេល​ចុង​ក្រោយ​ថ្មី​ៗ​នេះ​ ដំណាំ​មៀន​ប៉ៃលិន​របស់​ប្រជា​កសិករ​នៅ​តាម​បណ្តា​ខេត្ត​ជាប់​ព្រំ​ដែន​កម្ពុជា​-ថៃ​ កំពុង​តែ​ជួប​ប្រទះ​នូវ​បញ្ហា​ទីផ្សារ​ ដោយ​សារ​តែ​ភាគី​ខាង​ប្រទេស​ថៃ​កំពុង​តែ​បិទ​ច្រក​ព្រំដែន​របស់​ខ្លួន​ និង​ហាមឃាត់​មិន​ឱ្យ​នាំ​ចូល​។​ បញ្ហា​នេះ​បាន​ធ្វើ​ឲ្យ​លោក​នាយករដ្ឋ​មន្រ្តី​ ហ៊ុន​ សែន​ អនុញ្ញាត​ឲ្យ​លោក​ ហ៊ីង​ ប៊ុន​ហៀង​ នាយក​រង​ខុទ្ទកាល័យ​របស់​លោក​ ចុះ​ទៅ​ប្រមូល​ទិញ​ពី​ប្រ​ជា​កសិករ​ដែល​កំពុង​ជួប​បញ្ហា​នាំ​ចេញ​ ដោយ​សារ​តែ​ការ​បិទ​ច្រក​ព្រំដែន​​នេះ​។

ទន្ទឹម​នឹង​នេះ​​ រូប​ថត​ចំនួន​ ៤​សន្លឹក​ បង្ហាញ​អំពី​ទិដ្ឋ​ភាព​ចម្ការ​ឪឡឹក​មួយ​កន្លែង​ និង​មនុស្ស​ប្រុស​ស្រី ​២នាក់​ អង្គុយ​យំ​ ត្រូវ​បាន​បង្ហោះ​ដោយ​អះ​អាង និង​អំពាវ​នាវ​ឲ្យ​អ្នក​ប្រើ​ប្រាស់​នៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​ជួយ​គាំទ្រ​ប្រជា​កសិករ​ខ្មែរ​។​ 

ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​របស់​ក្រុម​ការ​ងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ដែល​ភ្ជាប់​ជាមួយ​នឹង​ការ​អះ​អាង​មួយ​នេះ​ គឺ​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ​។​

ការ​អះ​អាង​លើ​បណ្តាញសង្គម

កាល​ពី​ថ្ងៃ​០៦​ ខែ​កញ្ញា​ ឆ្នាំ​២០២១​ថ្មី​ៗ​កន្លង​ទៅ​នេះ​ ទំព័រ​ហ្វេស​ប៊ុក​មួយ​ដែល​មាន​ឈ្មោះ​ថា​ Sdach Reading បាន​បង្ហោះ​រូប​ថត​ចំនួន​ ៤​សន្លឹក​ បង្ហាញ​អំពី​ទិដ្ឋ​ភាព​មនុស្ស​ប្រុស​ស្រី​២​នាក់​កំពុង​តែ​យំ​ស្រក់​ទឹក​ភ្នែក​ និង​ទិដ្ឋ​ភាព​ដំណាំ​ឪឡឹក​ជា​ច្រើន​រយ​ផ្លែ​នៅ​ក្នុង​ចម្ការ​មួយ​កន្លែង​។​ ទំព័រ​ហ្វេស​ប៊ុក​ដដែល​នេះ​ បាន​សរសេរ​រៀប​រាប់​បន្ថែម​នៅ​ក្នុង​សារ​បង្ហោះ​របស់​ខ្លួន​ ដោយ​អំពាវ​នាវ​សុំ​ឲ្យ​ប្រជាជន​ខ្មែរ​ ជួយ​លើក​តម្កើង​ និង​គាំទ្រ​ទិញ​ផលិត​ផល​ដំណាំ​មួយ​នេះ​។​

រូប​ថត​ និង​សំណេរ​អះ​អាង​​នេះ​ត្រូវ​បាន​ប្រតិកម្ម​ចម្រុះ​ និង​ចែក​ចាយ​ត​ៗ​គ្នា​ជា​ច្រើន​ពាន់​ដង​ នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​។​

ខាង​ក្រោម​នេះ​គឺ​ជា​ រូប​ភាព​ផ្តាម​ចេញ​ពី​ទំព័រ​ហ្វេស​ប៊ុក​ដែល​បាន​រៀប​រាប់​ថា​ «តោះ​នាំ​គ្នា​ ខ្មែរ​ជួយ​ខ្មែរ​ ជួយ​លើក​តម្កើង​ ផលិត​ផល​កសិកម្ម​ ជន​រួម​ជាតិ​យើង​។ គ្មាន​នរណា​ជួយ​ខ្មែរ​គ្នា​យើង​ក្រៅ​ពី​ខ្មែរ​គ្នា​យើង​នោះ​ទេ​​»។​

Facebook Post | Archived Link

ដូច​គ្នា​នេះ​​ ទំព័រ​ហ្វេស​ប៊ុក​មួយ​ផ្សេង​ទៀត​ដែល​មាន​ឈ្មោះ​ថា​ Khmer Post ក៏​បាន​បង្ហោះ​នូវ​រូប​ថត​ និង​សំណេរ​ប្រ​ហាក់​ប្រហែល​ទៅ​នឹង​ការ​អះ​អាង​ខាង​លើ​ផង​ដែរ​ កាល​ពី​ថ្ងៃ​ទី​១០​ ខែ​កុម្ភៈ​ ឆ្នាំ​២០២០​កន្លង​ទៅ​នេះ​។​

រូប​ភាព​ផ្តាម​ចេញ​ពី​ទំព័រ​ហ្វេស​ប៊ុក​ដែល​បាន​សរសេរ​រៀប​រាប់​ថា​ «😭😭#ស៊ែរ​បន្ទាន់​មិន​អស់​ថ្ម​ទេ​ ទឹក​ភ្នែក​​ម៉ែ​​ហូរ​​ ព្រោះ​ខាត​​ត្រូវ​ជំពាក់​ធនាគារ​​ វ័ណ្ឌ​ក​ព្រោះ​តែ​បិទ​ការ​នាំ​ចេញ​ រួម​ទាំង​ប្រជាជន​ខ្លាច​មិន​ញុាំ​ឪឡឹក​ ធ្វើ​ឲ្យ​កសិករ​ ទទូច​ឲ្យ​សុំ​ជួយ​ទិញ​ និង​គាំទ្រ​ដំណាំ​របស់​កសិករ​ផង​ រួម​ទាំង​កំពុង​មាន​ជម្ងឺ​ផង​»។​

Facebook Post | Archived Link

ការត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ និង​ផ្ទៀង​ផ្ទាត់​លើ​រូបភាព​ទាំង​ឡាយ​នេះ​ តាម​រយៈ​ការ​ដំណើរការ​កម្មវិធី​ស្វែង​រក​រូបថត​របស់ក្រុមហ៊ុន​ Google ដែលនាំ​ឱ្យ​យើង​ជួប​ប្រទះ​នូវ​ប្រភព​ និង​ខ្លឹម​សារ​រូបថត​នៃ​ច្បាប់​ដើម​មួយ​ចំនួន។

រូប​ថត​បង្ហាញ​អំពី​ទិដ្ឋ​ភាព​បុរស​ម្នាក់​បាន​អង្គុយ​យំ​កាន់​ផ្លែ​ឪឡឹក​ដែល​មាន​ទម្រង់​ដូច​គ្នា​មួយ​សន្លឹក​នេះ​ ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​គេហទំព័រ​សារ​ព័ត៌មាន​មួយ​របស់​ប្រទេស​វៀត​ណាម​ Zing News ដែល​បាន​ផ្សព្វ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២៥​ ខែ​មេសា​ ឆ្នាំ​២០១៤​កន្លង​ទៅ​នេះ​។​ នៅ​ក្នុង​សេច​ក្តី​រាយ​ការណ៍​នេះ​ ក៏​បាន​បញ្ជាក់​ថា​ អស់​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ​ហើយ​ដែល​ប្រជា​កសិករ​នៅ​ក្នុង​ស្រុក​ថូឡៃ​ (Thới Lai) ខេត្ត​កាន់​ថូ​ (Cần Thơ)​ បាន​រើសផ្លែ​ឪឡឹក​ ហើយ​ចាក់​ចោល​ទៅ​ក្នុង​ប្រឡាយ​ទឹក​ ព្រោះ​ចម្ការ​ឪឡឹក​ដែល​ជិត​បាន​ប្រមូល​ផល​នោះ​ ត្រូវ​បាន​ខូច​ខាត​ទាំង​ស្រុង​ដោយ​សារ​តែ​ទឹក​ភ្លៀង​។

រូប​ភាព​ផ្តាម​ចេញ​ពី​គេហទំព័រ​សារ​ព័ត៌មាន​ដែល​បាន​សរសេរ​រៀប​រាប់​ជា​ភាសា​វៀត​ណាម​ថា​ «Ông Bùi Khánh Đãng nước mắt tuôn giữa ruộng khi 1,5 ha dưa sắp thu hoạch gần như mất trắng. Ông cho biết, dưa xuất hiện bệnh sau trận mưa lớn, vì đa phần nông dân ở đây trồng theo kiểu truyền thống có phủ rơm trên mặt ruộng, không lên liếp dòng như các vùng chuyên canh khác»។

សំណេរ​នេះ អាច​​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​តាម​រយៈ​កម្មវិធី​ Google Translate ដែល​មាន​ន័យ​ថា​ «លោក​ ប៊ូ​ ខាញ់​ដាង​ បាន​ស្រក់​ទឹក​ភ្នែក​នៅ​ឯ​កណ្តាល​វាល​ នៅ​ពេល​ដែលចម្ការ​​ឪឡឹក​ទំហំ​ប្រមាណ​ ១.៥​ហិកតា​ ដែល​ជិត​នឹង​ប្រមូល​ផល​បាន​នោះ​ស្ទើរ​តែ​បាត់​បង់​។ គាត់​បាន​និយាយ​បន្ថែម​ថា​ ផ្លែឪឡឹក​នៅ​ក្នុង​ចម្ការ​របស់​លោក​ត្រូវ​បាន​បំផ្លាញ​ បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​ ព្រោះ​ប្រជា​កសិករ​ភាគ​ច្រើន​នៅ​ទី​នេះ​ដាំ​ដុះ​ទៅ​តាម​ប្រពៃណី​ដោយ​ចំបើង​គ្រប​លើ​វាល​ មិន​មែន​នៅ​តាម​ជួរ​ភ្នំ​ដូច​តំបន់​ដទៃ​ទៀត​នោះ​ទេ​»។​

Zing News Report | Archived Link 

ក្រុម​ការ​ងារ​ Fact Crescendo Cambodia ក៏​បាន​រក​ឃើញ​រូប​ថត​របស់​ស្ត្រី​ម្នាក់​កំពុង​តែ​យំ​មួយ​សន្លឹក​នេះ​ផង​ដែរ​ នៅ​លើ​គេហទំព័រ​សារ​ព័ត៌មាន​​របស់​វៀត​ណាម​ ​VINAGRI News កាល​ពី​ថ្ងៃ​ទី​០៣​ ខែ​មីនា​ ឆ្នាំ​២០១៤​កន្លង​ទៅ​។​ នៅ​ក្នុង​សេច​ក្តី​រាយ​ការណ៍​ដដែល​នេះ​ ពុំ​បាន​បញ្ជាក់​ថា​នោះ​គឺ​ជា​ ស្រ្តី​ម្នាក់​នេះ​ជា​ជន​ជាតិ​កម្ពុជា​ ឬ​យំ​ដោយ​សារ​តែ​បញ្ហា​វិបត្តិ​ដំណាំ​ឪឡឹក​នោះ​ឡើយ​។​

ខាង​ក្រោម​នេះ​គឺ​ជា​ រូប​ភាព​ផ្តាម​ចេញ​ពី​គេហទំព័រ​សារ​ព័ត៌មាន​ដែល​បាន​សរសេរ​រៀប​រាប់​ជា​ភាសា​វៀត​ណាម​ថា​ «Người chăn nuôi khóc vì dịch cúm gia cầm» ឬ​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​តាម​រយៈ​កម្មវិធី​ Google Translate ដែល​មាន​ន័យ​ថា​ «កសិករ​យំ​ដោយ​សារ​តែ​ការ​ប៉ះពាល់​ពី​ជំងឺ​គ្រុន​ផ្តា​សាយ​បក្សី​»។​

VINAGRI News Report | Archived Link

ដើម្បី​ស្វែង​រក​ព័ត៌​មាន​ពិត​ សូម​តាម​ដាន​ការ​ផ្សាយ​របស់​យើង​តាម​រយៈ​ប្រព័ន្ធ​ដូច​ខាង​ក្រោម​៖

Facebook Twitter  Telegram Google News

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា​ការ​បង្ហោះ​រូបថត​ជាមួយ​នឹង​ការ​អះ​អាង​ដូច​បាន​រៀបរាប់​ខាង​លើ​នេះ គឺ​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ​។ រូប​ថត​បង្ហាញ​វិបត្តិ​ឪឡឹកមួយ​នេះ​ មិន​មែន​កើត​ឡើង​នៅ​កម្ពុជា​យើង​នោះ​ឡើយ។​ ​ទិដ្ឋភាព​រូប​ថត​​ស្រ្តី​កំពុង​ស្រក់​ទឹក​ភ្នែក​នោះ​ ការ​ពិត​គឺ​ជា​ជន​ជាតិ​វៀត​ណាម​អំឡុង​ពេល​គាត់​ទទួល​រង​នូវ​ផល​​ប៉ះ​ពាល់​ ដោយ​វិបត្តិ​ជំងឺ​គ្រុន​ផ្តា​សាយ​បក្សី ខណៈ​រូប​ថត​បុរស​វៀត​ណាម​អង្គុយ​យំ​កាន់​ផ្លែ​ឪឡឹក​នោះ​ គឺ​ដោយ​សារ​ដំណាំ​នៅ​ក្នុង​ចម្ការ​របស់​គាត់ទទួល​រង​នូវ​ការ​បំផ្លាញ​ដោយ​សារ​តែ​ទឹក​ភ្លៀង​ខ្លាំង​។​

Avatar

Title:រូប​ថត​បង្ហាញ​អំពី​វិបត្តិ​ដំណាំ​ឪឡឹក​មិន​មែន​កើត​ឡើង​នៅ​កម្ពុជា​នោះ​ឡើយ​

Fact Check By: Kakada Sim 

Result: Misleading

Leave a Reply

Your email address will not be published.