នាយករដ្ឋ​មន្ត្រី ហ៊ុន សែន មិន​បាន​បញ្ជា​ឱ្យ​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ​ឆ្លង​ខេត្ត​នៅ​ខែ​មីនា​ទេ

Misleading Security

គិត​ត្រឹម​​​ថ្ងៃ​ទី​១២ ខែ​មីនា​ ឆ្នាំ​២០២១ កម្ពុជា​បាន​រក​ឃើញ​មនុស្ស​ដល់​ទៅ ១,២២៥​នាក់​ហើយ បាន​ឆ្លង​វីរុស​កូរ៉ូណា​ ក្នុង​នោះ​មនុស្សដល់​ទៅ ៧១២​នាក់ បាន​ឆ្លង​វីរុស​កូរ៉ូណា បន្ទាប់​ពី​ពួកគេ​ពាក់​ព័ន្ធ​​នឹង​ការ​ឆ្លង​សហគមន៍ ​ដែល​រដ្ឋាភិបាល​ហៅ​ថា «ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ»។ ទន្ទឹម​គ្នា​នេះ ក្រុម​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​កម្ពុជា បាន​ចែក​រំលែក​តៗ​គ្នា​នូវ​សំឡេង​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ដែល​បាន​ណែនាំ​ឱ្យ​បិទ​ការ​ធ្វើ​ដំណើរ​របស់​ប្រជា​ពលរដ្ឋ​ឆ្លង​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ និង​ពី​ស្រុក​មួយ​ទៅ​ស្រុក​មួយ។ ប៉ុន្តែ ការ​ផ្ទៀង​ផ្ទាត់​ការ​ពិត បង្ហាញ​ថា សារ​ជា​សំឡេង​នេះ មិន​ត្រឹម​ត្រូវ​នឹង​បរិបថ​នោះ​ឡើយ។

ការ​អះអាងលើ​បណ្ដាញ​សង្គម

សារ​ជា​សំឡេង​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ត្រូវ​បាន​ចែក​រំលែក​ចូល​ទៅ​ក្នុង​ក្រុម​នៃ​បណ្ដាញ​សង្គម​តេឡេក្រាម​កាល​ពី​យប់​ថ្ងៃ​ទី១១ ខែ​មីនា ឆ្នាំ​២០២១ ហើយ​ក៏​បាន​រំលែក​បន្ត​ទៀត​ចូល​ទៅ​ប្រព័ន្ធ​ផ្ញើ​សារ Messenger ផង​ដែរ។ សមាជិក​មួយ​ចំនួន​នៅ​ក្នុង​ក្រុម​តេឡេក្រាម​ដទៃ​ទៀត បាន​ចែក​រំលែក​សារ​ជា​សំឡេង​នេះ​ ជាមួយការ​​ចោទ​សួរ​ថា តើ​សំឡេង​នោះ​ថ្មីៗ ឬ​ក៏​ចាស់ ហើយ​សមាជិក​មួយ​ចំនួន​បាន​ឆ្លើយ​តប​ថា ជា​សំឡេង​ចាស់​កាល​ពី​មួយ​ឆ្នាំ​មុន។

ក្នុង​សារ​ជា​សំឡេង​រយៈ​ពេល ២​នាទី ១១​វិនាទី លោក​ ហ៊ុន សែន ថ្លែង​ថា​៖ «ខ្ញុំ​សូម​ស្នើ​ឱ្យ​មាន​ការ​ប្រជុំ​បន្ទាន់​ដោយ​ដឹកនាំ​ដោយ​​សម្ដេច​ក្រឡា​ហោម ខាង​ពាក់​ព័ន្ធ​ និង​រឿង​សំខាន់​ គិត​ថា ដោយសារ​តែ​មាន​បង​ប្អូន​កម្មករ​មួយ​ចំនួន គឺ​ហាក់​ដូច​ជា​មិន​យល់​ស្រប។ អ៊ីចឹង ខ្ញុំ​ចង់​ចេញ​បទ​បញ្ជាតាម​របៀប​មួយ​គឺ​ថា ហាម​ឃាត់ការ​ធ្វើ​ដំណើរ​ឆ្លង​ពី​ខេត្ត​មួយ​ទៅ​កាន់​ខេត្ត​មួយ​ចាប់​ពី​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ​ទី​១៦។ បើ​មិន​អ៊ីចឹង​ទេ គឺ​ថា កម្មករ​របស់​យើង​នឹង​ធ្វើ​ដំណើរដោយ​មិន​ព្រម​ស្ដាប់​បង្គាប់។ អ៊ីចឹង​ទេ​គឺ​ថា យក​វិធានការ​បន្ទាន់​ភ្លាម ដើម្បី​នឹង​ធ្វើ​រឿង​ហ្នឹង និង​ជូន​យោបល់​ត្រឡប់​មក​ខ្ញុំ​វិញ គឺ​នៅ​ក្នុង​​គណៈកម្មការ​កូវីដ ដូច​ជា​ ខ្ញុំ​នឹង​បញ្ជូន​រឿង​ហ្នឹង​ទៅ​ក្នុង​គណៈ​អចិន្ត្រៃយ៍ដែរ ហើយ​សូម​ផ្ដល់​យោបល់​តាម​អនឡាញ​ត្រឡប់​មក​វិញ។ តើ​គួរ​ចេញ​បទ​បញ្ជា ដើម្បី​គិត​ថា ​ផ្អាកការ​ធ្វើ​ដំណើរ​ឆ្លង​ខេត្ត ពី​ស្រុក​មួយ​ទៅ​ស្រុក​មួយ ពីខេត្ត​មួយ​ទៅ​ខេត្ត​មួយ​ចាប់​ពី​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ​ទី​១៦ គឺ​មិន​ឱ្យ​រថយន្ត​ចេញ​តែ​ម្ដង។ អ៊ីចឹង រឿង​ហ្នឹង​សំខាន់​ណាស់។ បើ​បង​ប្អូន​មិន​ស្ដាប់​អ៊ីចឹង យើង​ក៏មិន​អាច​ធ្វើ​ច្បាប់​បន្ទាន់ដែរ។ អ៊ីចឹង សូម​ឱ្យ​យក​ចិត្ត​ទុក​ដាក់​ផ្ដល់​យោបល់​ឱ្យ​ខ្ញុំ​វិញ ហើយ​បើ​ផ្ដល់​យោបល់​បាន​ហើយ សូម​សម្ដេច​ក្រឡាហោម និង​ឯកឧត្ដម ប៊ិន ឈិន ធ្វើ​សេចក្ដី​ព្រាង​ឱ្យ​ខ្ញុំ ដើម្បី​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ​ចេញ​ពី​ស្រុក​មួយ​ទៅ​កាន់​ស្រុក​មួយ ពី​ខេត្ត​មួយ​ទៅ​កាន់​ខេត្ត​មួយ ហើយ​រថយន្ត​ឈ្នួល​ទាំង​អស់​មិន​ឱ្យ​ធ្វើ​ដំណើរ​ក្នុង​រយៈ​ពេល​ហ្នឹង។ អា​ហ្នឹង យើង​យក​វិធានការ​មួយ​ជាក់​លាក់។ បើ​មិន​អ៊ីចឹង គឺ​អន្តរាយ​ស្រុក​ទេស»។

Telegram Link | Archived Link

ការ​ត្រួត​ពិនិត្យ​ការ​ពិត

យើង​​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​ការ​ពិត​នៃ​​សំឡេង​ដែល​បាន​ចែក​រំលែក​តៗ​គ្នា​ពី​ក្រុម​មួយ​ទៅ​ក្រុម​មួយ និង​ពី​ប្រព័ន្ធ​ទំនាក់​ទំនង​សង្គម​មួយ​ឆ្លង​ទៅ​ប្រព័ន្ធ​ទំនាក់​ទំនង​សង្គម​មួយ​ទៀត។ យើង​ត្រួត​ពិនិត្យ​មើល​សារ​​ឆ្លើយ​តប​របស់​សមាជិក​មួយ​ចំនួន​នៅ​ក្នុង​ក្រុម​ប្រព័ន្ធ​ទំនាក់​ទំនង​តេឡេក្រាម និង​ស្វែង​រក​មើល​សារ​សំឡេង​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​លើ​ប្រភព​​ផ្លូវការ​របស់​លោក ឬ​ប្រភព​ផ្លូវការ​របស់​រដ្ឋាភិបាល សារព័ត៌មាន​អនឡាញ ហ្វ្រេស ញូវស៍ (Fresh News) អគ្គនាយកដ្ឋាន​ទូរទស្សន៍ និង​វិទ្យុ​បាយ័ន ដែល​សុទ្ធ​តែ​ស្និទ្ធ​នឹង​លោក​នាយករដ្ឋមន្ត្រី។

តាម​រយៈ​ការ​ពិនិត្យ​មើល​សារ​ឆ្លើយ​ឆ្លង​ក្នុង​បណ្ដាញ​តេឡេក្រាម យើង​រក​ឃើញ​ថា សមាជិក​មួយ​ចំនួន​ក្នុង​តេឡេក្រាម បាន​អះ​អាង​ថា សារ​ជា​សំឡេង​នោះ គឺ​ជា​សំឡេង​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ដែល​បាន​ចេញ​កាល​ពី​ថ្ងៃ​ទី​៩ ខែ​មេសា ឆ្នាំ​២០២០។ លោក ហ៊ុន សែន បាន​ផ្ញើ​សារ​ជា​សំឡេង​នោះ​ទៅ​សមាជិក​រដ្ឋាភិបាល​របស់​លោក ដើម្បី​ដាក់​ចេញ​នូវ​ការ​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ​របស់​ប្រជា​ពលរដ្ឋ​អំឡុង​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​នៅ​ចន្លោះ​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ​ទី​​១៦ ខែ​មេសា កាល​ពី​ឆ្នាំ​២០២០។ មេដឹកនាំ​កម្ពុជា​រូប​នេះ បាន​ចេញ​នូវ​បម្រាម​ការ​ធ្វើដំណើរ​បែប​នេះ​ចំ​ពេល​ដែល​មាន​ក្ដី​បារម្ភ​អំពី​ការ​ឆ្លង​រីករាល​ដាល​កាន់​តែ​ច្រើន​​នៃ​ជំងឺ​កូវីដ​១៩​នា​ពេល​នោះ។

តាម​រយៈ​ការ​ពិនិត្យ​ទៅ​លើ​​សារព័ត៌មាន Fresh News ដែល​តែង​តែ​​​សម្ភាស​ផ្ដាច់​មុខ​ជាមួយ​លោក ហ៊ុន សែន នោះ យើង​រក​ឃើញ​ថា គ្មាន​សារ​សំឡេង​ដូច​ដែល​បាន​ចែក​រំលែក​តៗ​គ្នា​នោះ ត្រូវ​បាន​ផ្សាយ​ដោយ​សារព័ត៌មាន​មួយ​នេះ​នោះ​ឡើយ​នៅ​ក្នុង​សេចក្ដី​រាយការណ៍​សរុប ១០៤ នៅ​ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​២០២១។

ការ​ត្រួត​ពិនិត្យ​ទៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន យើង​រក​ឃើញ​ថា ទំព័រ​ហ្វេសប៊ុក​មួយ​នេះ មិន​បាន​បង្ហោះ​សារ​ជា​សំឡេង​អ្វី​នោះ​ឡើយ​នៅ​ថ្ងៃទី​១១ ខែ​មីនា ឆ្នាំ​២០២១។ ទំព័រ​ហ្វេសប៊ុក​ថ្នាក់​ដឹកនាំ​កម្ពុជា បង្ហោះ​វីដេអូល្ខោន​បាសាក់រយៈ​ពេល​ប្រហែល ៦​នាទី ដែល​ជំរុញ​ការ​ការពារ​ និង​បង្ការ​ខ្លួន​ពី​ការ​ឆ្លង​ជំងឺ​កូវីដ​១៩។

Facebook Post | Archived Link

នៅ​ក្នុង​​សេចក្ដី​រាយការណ៍​របស់​ខ្លួន វិទ្យុ​សំឡេង​សហ​រដ្ឋ​អាមេរិក VOA បាន​ដក​ស្រង់​សម្ដី​មួយ​ផ្នែក​​នៃ​សារ​ជា​សំឡេង​របស់​លោក ហ៊ុន សែន ដែលបាន​ដាក់​ចេញ​នូវ​បទ​បញ្ជា​ហាម​ឃាត់​ការ​ធ្វើដំណើរ​ឆ្លង​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​ទៀត​នៅ​អំឡុង​ពេល​ឈប់​សម្រាក​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​នៅ​ចន្លោះ​ពី​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ​ទី​១៦ ខែ​មេសា ឆ្នាំ​២០២០ ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រីករាល​ដាលនៃ​ជំំងឺ​កូវីដ​១៩។

ក្នុង​កិច្ច​សម្ភាស​តាម​ទូរស័ព្ទ​​នៅ​ថ្ងៃ​ទី​១៦ ខែ​មីនា លោក សេង ទៀង ជំនួយការ​ផ្ទាល់​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​បញ្ជាក់​ថា ​សំឡេង​នោះ គឺ​ជា​សារ​ចាស់​របស់​លោក​នាយករដ្ឋ​មន្ត្រី ដែល​បាន​ណែនាំ​ឱ្យ​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ​ឆ្លង​ខេត្ត​អំឡុង​ពេល​បុណ្យ​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​កាល​ពី​ឆ្នាំ​មុន​ ខណៈ​ករណី​ឆ្លង​ជំងឺ​កូវីដ​១៩​នៅ​កម្ពុជា​នា​ពេល​នោះ កំពុង​ផ្ទុះ​ឡើង​ច្រើន​ករណី។

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា សារ​ជា​សំឡេង​ចាស់​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ដែល​ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​លើ​បណ្ដាញ​សង្គម​នៅ​យប់​ថ្ងៃ​ទី​១១ ខែ​មីនា​នោះ គឺ​ជា​សំឡេង​ចាស់​របស់​ប្រមុខ​រាជ​រដ្ឋាភិបាល​កាល​ពី​ខែ​មេសា​ឆ្នាំ​មុន ហើយ​ការ​ចែក​រំលែក​សំឡេង​ចាស់​ឡើង​វិញ​នេះ បាន​នាំ​ឱ្យ​មាន​ការ​ភ័ន្ត​ច្រឡំ​ក្នុង​ចំណោម​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​នៅ​កម្ពុជា។ ការ​ពិត​ លោក ហ៊ុន សែន បាន​សម្រេច​ចេញ​បញ្ជា​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ​ឆ្លង​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​របស់​ប្រជា​ពលរដ្ឋ​អំឡុង​ពេល​ឈប់​សម្រាក​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​កាល​ពី​ឆ្នាំ​មុន ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ​១៩។

Avatar

Title:នាយករដ្ឋ​មន្ត្រី ហ៊ុន សែន មិន​បាន​បញ្ជា​ឱ្យ​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ​ឆ្លង​ខេត្ត​នៅ​ខែ​មីនា​ទេ

Fact Check By: Jay Udom 

Result: Misleading

Leave a Reply

Your email address will not be published.