កាល​ពី​​ខែ​កញ្ញា​កន្លង​មក​នេះ លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន ម៉ាណែត បាន​ជួប​ពិភាក្សា​ជាមួយ​មន្ត្រី​យោធា​ជាន់​ខ្ពស់​ហ្វីលីពីន​អំពី​ទំនាក់​ទំនង​ទ្វេរ​ភាគី។ បន្ទាប់​មក ស្រាប់​តែ​មាន​ការ​បង្ហោះ​រូបថត​នៃ​ជំនួប​នោះ​ជាមួយ​សំណេរ​ថា លោក ហ៊ុន ម៉ាណែត បាន​ដាក់​តាំង​រូបថត​ឪពុក​ម្ដាយ​លោក​ទន្ទឹម​នឹង​ព្រះ​ឆាយា​លក្ខណ៍​ព្រះមហាក្សត្រ​នៅ​ឯ​កិច្ច​ប្រជុំ​នោះ។ រូបថត​នេះ បាន​នាំ​ឱ្យ​មាន​ការ​បញ្ចេញ​មតិ​ផ្សេងៗ ក្នុង​នោះ​មួយ​ចំនួន​ជឿ​ថា ជា​ការ​ពិត។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា រូបថត​នេះ​ត្រូវ​បាន​កាត់​ត។


ការ​អះអាង​លើ​បណ្ដាញ​សង្គម

រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​​រូបថត​លោក ហ៊ុន សែន និង​ភរិយា ត្រូវ​បាន​ដាក់​តាំង​នៅ​លើ​ជញ្ជាំង​ទន្ទឹម​គ្នា​នឹង​ព្រះ​ឆាយា​លក្ខណ៍​ព្រះ​មហាក្សត្រ នរោត្ដម សីហមុនី នៅ​ឯបន្ទប់​ទទួល​ភ្ញៀវ​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន ម៉ាណែត ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ខែ​មុន​នេះ។

រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​សំណេរ​ក្នុង​ន័យ​ថា លោក ហ៊ុន ម៉ាណែត បាន​ដាក់​តាំង​រូបថត​ឪពុក​ម្ដាយ​របស់​លោក​ទន្ទឹម​គ្នា​នឹង​ព្រះ​ឆាយា​លក្ខណ៍​ព្រះ​មហាក្សត្រ​នៅ​ឯ​ការិយាល័យ​ធ្វើ​ការ​របស់​លោក។

បន្ទាប់​ពី​រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហើយ មាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ​ជាច្រើន បាន​បញ្ចេញ​ប្រតិកម្ម និង​មតិយោបល់​ទៅ​នឹង​ការ​បង្ហោះ​នេះ ក្នុង​នោះ​មាន​មួយ​ចំនួន​ជឿ​ថា វាជា​ការ​ពិត។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​រូបថត​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០២៤ ជាមួយ​សំណេរ​រៀបរាប់​ថា “ដល់​ថ្នាក់​ហ្នឹង​ផង​ អាខ្នែត”។


Facebook Post | Archived Link

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះអាង​ខាង​លើ​នេះ​តាម​រយៈ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។

តាម​រយៈ​ Google Reverse Image Search យើង​បាន​រក​ឃើញ​រូបថត​ច្បាប់​ដើម​មិន​ដូច​ទៅ​នឹង​អ្វី​ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដូច​ដែល​ត្រូវ​បាន​រៀបរាប់​ខាង​លើ​នោះ​ឡើយ។

រូប​ថត​ច្បាប់​ដើម​ដែល​ត្រូវ​បាន​ចុះ​ផ្សាយនៅ​ក្នុង​អត្ថបទ​មួយ​របស់​សារព័ត៌មាន The Better Cambodia បង្ហាញ​ លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន ម៉ាណែត ជួប​ពិភាក្សា​ជាមួយ​​នាយ​សេនាធិការ​ចម្រុះ​កង​ទ័ព​ហ្វីលីពីន លោក Romeo Brawner Jr. នៅ​វិមាន​សន្តិភាព កាល​ពី​ថ្ងៃ​ទី០៩ ខែ​កញ្ញា ឆ្នាំ​២០២៤។

រូបថត​នោះ ក៏​បាន​បង្ហាញ​ឱ្យ​ឃើញ​ផង​ដែរ​នូវ​ព្រះ​ឆាយា​លក្ខណ៍​អតីត​ព្រះ​មហាក្សត្រ នរោត្ដម សីហនុ និង​ព្រះ​មហេសី​របស់​ទ្រង់ ត្រូវ​បាន​ដាក់​ព្យួរ​ទន្ទឹម​នឹង​ព្រះ​ឆាយា​លក្ខណ៍​ព្រះ​មហាក្សត្រ នរោត្ដម សីហមុនី នៅ​លើ​ជញ្ជាំង​នៃ​សាល​សវនាការ​នោះ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​រូបថត​ដែល​ត្រូវ​បាន​ចុះ​ផ្សាយ​ដោយ The Better Cambodia នៅ​ក្នុង​អត្ថបទ​មួយ​ចេញផ្សាយ​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០២៤។


The Better Cambodia’s Report | Archived Link

រូបថត​ដូច​គ្នា​នេះ​ក៏​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​គេហទំព័រ​គណបក្ស​ប្រជាជន​កម្ពុជា​ផង​ដែរ​កាល​ពី​ថ្ងៃ​ទី​០៩ ខែ​កញ្ញា ឆ្នាំ​២០២៤ នៅ​ក្នុង​អត្ថបទ​មួយ​ដែល​និយាយ​ពី​ជំនួប​ពិភាក្សា​មួយ​នេះ។



ក្រៅ​ពី​រូបថត​នៃ​ជំនួប​ពិភាក្សា​ដូច​ដែល​រៀបរាប់​ខាង​លើ​នេះ រូបថត​នៃ​ជំនួប​ពិភាក្សា​រវាង​លោក ហ៊ុន ម៉ាណែត និង​ប្រតិភូ​អន្តរជាតិ​ដទៃ​ទៀត ក៏​បង្ហាញ​ឱ្យ​ឃើញ​ព្រះ​ឆាយា​លក្ខណ៍​អតីត​ព្រះ​មហាក្សត្រ នរោត្ដម សីហនុ និង​ព្រះ​រាជ​អគ្គ​មហេសី នរោត្ដម មុនីនាថ សីហនុ ត្រូវ​បាន​ព្យួរ​នៅ​លើ​ជញ្ជាំង​ទន្ទឹម​នឹង​ព្រះ​ឆាយា​លក្ខណ៍​របស់​ព្រះ​មហាក្សត្រ នរោត្ដម សីហមុនី ផង​ដែរ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​ផ្សាយ​ព័ត៌មាន​របស់​សារព័ត៌មាន EACNEWS កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០២៤ ដែល​បង្ហាញ​ពី​ជំនួប​រវាង​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន ម៉ាណែត និង​អគ្គរដ្ឋ​ទូត​ចិន លោក វ៉ាង វិនពីន (Wang Wenbin) នៅ​ក្នុង​សាល​ទទួល​ភ្ញៀវ​ស្ថិត​ក្នុង​វិមាន​សន្តិភាព។


នៅ​ក្នុង​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក ហ៊ុន ម៉ាណែត យើង​ក៏​បាន​រក​ឃើញ​រូបថត​ច្បាប់​ដើម​ដែល​បង្ហាញ​ជំនួប​របស់​លោក​ជាមួយ​នាយ​សេនាធិការ​ចម្រុះ​កង​ទ័ព​ហ្វីលីពីន លោក Romeo Brawner Jr. នៅ​វិមាន​សន្តិភាព។


ហេតុ​នេះ វា​បញ្ជាក់​បាន​ថា រូបថត​ដែល​បង្ហាញ​ការ​ដាក់​តាំង​រូបថត​លោក ហ៊ុន សែន និង​ភរិយា​របស់​លោក​នៅ​លើ​ជញ្ជាំង​ទន្ទឹម​នឹង​ព្រះ​ឆាយា​លក្ខណ៍​ព្រះ​មហាក្សត្រ នរោត្ដម សីហមុនី នោះ គឺ​ជា​រូបភាព​កាត់​តែ​ប៉ុណ្ណោះ។


លោក ហ៊ុន ម៉ាណែត ដាក់ព្យួររូបថតឪពុកម្ដាយលោកលើជញ្ជាំទន្ទឹមព្រះឆាយាលក្ខណ៍ព្រះមហាក្សត្រ នរោត្ដម សីហមុនី។

សន្និដ្ឋាន

Fact Crescendo រក​ឃើញ​ថា រូបថត​​ដូច​ដែល​រៀបរាប់​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ រូបថត​ដែលបង្ហាញ​រូបថត​ឪពុក​ម្ដាយ​លោក ហ៊ុន ម៉ាណែត ត្រូវ​បាន​ដាក់​ព្យួរ​លើ​ជញ្ជាំង​ទន្ទឹម​ព្រះ​ឆាយា​លក្ខណ៍​ព្រះ​មហាក្សត្រ​នោះ គឺ​ជា​រូបភាព​កាត់​ត​តែ​ប៉ុណ្ណោះ មិន​មែន​ជា​ការ​ពិត​ឡើយ។ រូបថត​ច្បាប់​ដើម​ដែល​យើង​បាន​រក​ឃើញ បង្ហាញ​ព្រះ​ឆាយា​លក្ខណ៍​អតីត​ព្រះ​មហាក្សត្រ នរោត្ដម សីហនុ និង​ព្រះ​មហេស​ទ្រង់ ត្រូវ​បាន​ដាក់​តាំង​ទន្ទឹម​ព្រះ​ឆាយា​លក្ខណ៍​ព្រះ​មហាក្សត្រ នរោត្ដម សីហមុនី។








Claim Review :   លោក ហ៊ុន ម៉ាណែត ដាក់ព្យួររូបថតឪពុកម្ដាយលោកលើជញ្ជាំទន្ទឹមព្រះឆាយាលក្ខណ៍ព្រះមហាក្សត្រ នរោត្ដម សីហមុនី។
Claimed By :  Samdech Seng Ratana 007
Fact Check :  ALTERED