ក្រុម​អ្នក​គាំ​ទ្រ​បក្ស​កាន់​អំណាច​បាន​អះអាង​ថា វត្ត​ភ្នំ​សេរី​គ្រប់​គ្រង​ដោយ​ព្រះ​តេជគុណ ប៊ុត ប៊ុនតិញ បាត់​បង់​ការ​គាំ​ទ្រ​ពី​ពុទ្ធ​បរិស័ទ​ខ្មែរ​ហើយ ដោយថា មាន​មនុស្ស​ដ៏​តិច​តួច​ប៉ុណ្ណោះ​ចូល​រួម​កាន់​បិណ្ឌ​នៅ​វត្ត​មួយ​នេះ។ ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង​រួម​ជាមួយ​ប្រតិកម្ម និង​ការ​បញ្ចេញ​មតិ​ផ្សេងៗ​ជាច្រើន។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា ការ​អះអាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះអាង​លើ​បណ្ដាញ​សង្គម

រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​ពុទ្ធ​បរិស័ទ ៣​នាក់​ចូលរួម​ក្នុង​ពិធី​កាន់​បិណ្ឌ​នៅ​វត្ត​ភ្នំ​សេរី​នៅ​សហរដ្ឋ​អាមេរិក ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​សំណេរ​ក្នុង​ន័​យ​ថា វត្ត​ខ្មែរ​មួយ​នេះ​ដែល​ដឹកនាំ​ដោយ​ព្រះ​សង្ឃ ប៊ុត ប៊ុនតិញ មិន​ទទួល​បាន​ការ​គាំ​ទ្រ​ពី​ពុទ្ធ​បរិស័ទ​ខ្មែរ​នោះ​ឡើយ។

ព័ត៌មាន​នេះ ត្រូវ​បាន​ផ្សព្វផ្សាយ និង​ចែក​រំលែក​បន្ត​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម និង​ទាក់ទាញ​បាន​ការ​គាំ​ទ្រ​ផ្នែក​មតិ​យោបល់​ពី​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​កម្ពុជា។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​​ព័ត៌មាន​ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០២៤ ដែល​រៀបរាប់​ថា “ចប់! បិណ្ឌទី​៣ វត្ត​ប៊ុត ប៊ុនតិញ សរុប ៧​អង្គ​នាក់ វត្ត​នៅ​អាមេរិក​ពេញៗ ចម្លែក​តែ​វត្ត​ប៊ុនតិញ​មួយ”។

">

Facebook Post | Archived Link

ការ​បង្ហោះ​ព័ត៌មាន​បែប​នេះ ​បាន​នាំ​ឱ្យ​មាន​ការ​ចោទ​សួរ​ថា តើ​វា​ពិត​ជា​អ៊ីចឹង​មែន ឬ​យ៉ាងណា? ស្ថាប័ន​ផ្ទៀង​ផ្ទាត់​ព័ត៌មាន​ក្លែង​ក្លាយ Fact Crescendo បាន​ត្រួត​ពិនិត្យ​រក​ការពិត​អំពី​រឿង​នេះ​ដូច​ខាង​ក្រោម។


ការ​ត្រួត​ពិនិត្យ​ការ​ពិត


Fact Crescendo បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះអាង​ខាង​លើ​នេះ​តាម​រយៈ​ការ​សម្ភាស​ផ្ទាល់​ជាមួយ​ព្រះ​សង្ឃ ប៊ុត ប៊ុនតិញ ព្រះ​ចៅ​អធិការ​វត្ត​ភ្នំ​សេរី ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។

ស្ថាប័ន​ត្រួត​ពិនិត្យ​ព័ត៌មាន​ក្លែង​ក្លាយ Fact Crescendo បាន​ទាក់ទង​សម្ភាស​ព្រះ​ចៅ​អធិការ​វត្ត​ភ្នំសេរី ព្រះ​តេជគុណ ប៊ុត ប៊ុនតិញ តាម​ទូរស័ព្ទ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ហើយ​ព្រះ​អង្គ​បាន​បក​ស្រាយ​ដូច​ខាង​ក្រោម​នេះ។

ព្រះ​តេជគុណ ប៊ុត ប៊ុនតិញ បាន​បញ្ជាក់​ថា រូបថត​ដែល​បង្ហាញ​ពុទ្ធ​បរិស័ទ​ ៣​នាក់​ចូល​រួម​ពិធី​កាន់​បិណ្ឌ​ទី​៣​នៅ​វត្ត​ភ្នំសេរី គឺ​ជា​ការ​ពិត ប៉ុន្តែ ព្រះ​អង្គ​បញ្ជាក់​ថា រូបថត​មួយ​សន្លឹក​នេះ មិន​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត​ទាំង​ស្រុង​នោះ​ឡើយ។

​ជា​ព្រះ​សង្ឃ​ឈាន​មុខ​មួយ​អង្គ​ដែល​តែង​តែ​រិះគន់​ការដឹកនាំ​របស់​រដ្ឋាភិបាល​អតីត​នាយក​រដ្ឋម​ន្ត្រី ហ៊ុន សែន និង​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត នាពេល​បច្ចុប្បន្ន​នេះ​ ​ព្រះ​តេជគុណ ប៊ុត ប៊ុនតិញ បាន​បញ្ជាក់​ថា បិណ្ឌ​ទី​៣ ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ចំ​ថ្ងៃ​ព្រហស្បតិ៍ (ត្រូវ​នឹង​ថ្ងៃ​សុក្រ​នៅ​កម្ពុជា) ដែល​ជា​ថ្ងៃ​បំពេញ​ការងារ​ដូច​ធម្មតា ទើប​ធ្វើ​ឱ្យ​មាន​ចំនួន​ពុទ្ធបរិស័ទ​ខ្មែរ​​តិច​តួច​ទៅ​ចូល​រួម​ពិធី​បុណ្យ​កាន់​បិណ្ឌ​វេន​ទី​៣​នោះ។

ព្រះ​អង្គ​បញ្ជាក់​បន្ថែម​ថា ពិធី​បុណ្យ​កាន់​បិណ្ឌ​ ឬ​ភ្ជុំ​បិណ្ឌ គ្រាន់តែ​ជា​ប្រពៃណី​សហគមន៍​ខ្មែរ​ មិន​មែន​ជា​ពិធី​ផ្លូវការ​ដែល​ទទួលបាន​ការ​ឈប់​សម្រាក​ផ្លូវការ​ណា​មួយ​នៅ​សហរដ្ឋ​អាមេរិក​នោះ​ឡើយ ដែល​នេះ​គឺ​ជា​បរិបទ និង​ស្ថានភាព​ដាច់​ដោយ​ឡែក​នៅ​ទីនោះ ដែល​មិន​ដូច​នៅ​ក្នុង​ប្រទេសក​ម្ពុជា​ទេ។

សូម​ស្ដាប់​សង្ឃ​ដីកា​ព្រះ​តេជគុណ ប៊ុត ប៊ុនតិញ ពន្យល់​ពី​មូល​ហេតុ​ដែល​មាន​ពុទ្ធ​បរិស័ទ​ខ្មែរ​ចំនួន​តិច​ចូល​រួម​កាន់​បិណ្ឌ​នៅ​វត្ត​ភ្នំសេរី នៅ​សហរដ្ឋ​អាមេរិក។

Archived Link

ទោះជាយ៉ាងណា ព្រះ​តេជគុណ ប៊ុត ប៊ុនតិញ អះអាង​ថា ពុទ្ធ​បរិស័ទ​ខ្មែរ​ក្នុង​ចំនួន​ដ៏​ច្រើន​រហូត​ដល់​ខ្ទង់​រយ​នាក់ បាន​ចូលរួម​ពិធី​បុណ្យ​កាន់​បិណ្ឌ​ដែល​ត្រូវ​ចំ​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ។ ដើម្បី​បញ្ជាក់​ការពិត​ចំពោះ​រឿង​នេះ ព្រះ​តេជគុណ ប៊ុត ប៊ុនតិញ បាន​ប្រាប់​ឱ្យ​មើល​វីដេអូ​ផ្សាយ​ផ្ទាល់​នៅ​លើ​ទំព័រ​ហ្វេសប៊ុក វត្តភ្នំសេរី Watt Phnom Serei INC

ដោយ​បាន​ចូល​ទៅ​មើល​វីដេអូ​ផ្សាយ​ដោយ​ទំព័រ​ហ្វេសប៊ុក Watt Phnom Serei INC យើង​បាន​រក​ឃើញ​ថា មាន​ពុទ្ធ​បរិស័ទ​ខ្មែរ​ជាច្រើន​នាក់ បាន​ចូលរួម​ពិធី​កាន់​បិណ្ឌ​វេន​ទី​៤ ដែល​ត្រូវ​នឹង​ថ្ងៃ​សៅរ៍ ទី​២១ ខែ​កញ្ញា ឆ្នាំ​២០២៤ ដែល​ជា​ថ្ងៃ​សម្រាក​ចុង​សប្ដាហ៍។

បើ​តាម​ព្រះ​តេជគុណ ប៊ុត ប៊ុនតិញ មាន​ពុទ្ធ​បរិស័ទ​រហូត​ដល់​ខ្ទង់​រយ​នាក់​បាន​ចូលរួម​ពិធី​បុណ្យ​កាន់​បិណ្ឌ​វេនទី​៤ និង​វេនទី​៥នៅ​វត្ត​ភ្នំសេរី នៅ​ថ្ងៃ​ឈប់​សម្រាក​ចុង​សប្ដាហ៍ ឬ​ត្រូវ​នឹង​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ​កន្លង​មក​នេះ។

ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​ផ្សាយ​ដោយ​ទំព័រ​ហ្វេសប៊ុក​វត្ត​ភ្នំ​សេរី​នៅ​ថ្ងៃ​ទី​២១ ខែ​កញ្ញា ឆ្នាំ​២០២៤ ដែល​បង្ហាញ​ពុទ្ធ​បរិស័ទ​ខ្មែរ​ជាច្រើន​នាក់​បាន​ចូលរួម​ពិធី​បុណ្យ​កាន់​បិណ្ឌ​វេន​ទី​៤ ចំ​ថ្ងៃ​សៅរ៍ ទី​២១ ខែ​កញ្ញា នៅ​វត្ត​ភ្នំ​សេរី។

">

ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​មួយ​ទៀត​ផ្សាយ​ដោយ​ទំព័រ​ហ្វេសប៊ុក​វត្ត​ភ្នំ​សេរី​ថ្ងៃ​អាទិត្យ ទី២២ ខែ​កញ្ញា ឆ្នាំ​២០២៤ ដែល​បង្ហាញ​ពុទ្ធ​បរិស័ទ​ខ្មែរ​ជាច្រើន​ចូលរួម​ពិធី​បុណ្យ​កាន់​បិណ្ឌ​វេន​ទី​៥នៅ​វត្ត​ភ្នំ​សេរី។

ព្រះ​តេជគុណ ប៊ុត ប៊ុនតិញ មាន​សង្ឃ​ដីកា​ថា ក្រុម​អ្នក​គាំ​ទ្រ​គណបក្ស​កាន់​អំណាច​នៅ​កម្ពុជា មិន​មែន​មិន​យល់​ពី​ស្ថានភាព និង​បរិបទ​នៃ​ការ​គោរព​ប្រនិប័ត្ត​ព្រះ​ពុទ្ធ​សាសនា​របស់​ពលរដ្ឋ​ដើម​កំណើត​ខ្មែរ​នៅ​អាមេរិក​នោះ​ឡើយ ប៉ុន្តែ ព្រះ​អង្គ​ថា ពួកគេ​ព្យាយាម​បង្កើត​ព័ត៌មាន​អវិជ្ជមាន​អំពី​ព្រះ​អង្គ ដើម្បី​បន្សាប​ឥទ្ធិពល​របស់​ព្រះ​អង្គ។

Archived Link

វត្ត​ភ្នំ​សេរី ដែល​មាន​ទីតាំង​ស្ថិត​នៅ​ទីក្រុង Ayer ក្នុង​រដ្ឋ​ Massachusett ត្រូវ​បាន​ផ្ដួច​ផ្ដើម​កសាង​ដោយ​ព្រះ​តេជគុណ ប៊ុត ប៊ុនតិញ និង​ពុទ្ធ​បរិស័ទ​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក កាល​ពី​ខែ​សីហា ឆ្នាំ​២០២០​កន្លង​មក។
ព្រះតេជគុណ ប៊ុត ប៊ុនតិញ ត្រូវ​បាន​គេ​ដឹង​ថា ជា​ព្រះ​សង្ឃដ៏​លេច​ធ្លោ​មួយ​អង្គ​ដែល​ថ្លែង​រិះគ​ន់​រដ្ឋាភិបាល​ដឹកនាំ​ដោយ​​អតីត​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន និង​រដ្ឋាភិបាល​បច្ចុប្បន្ន​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត និង​សកម្ម​នៅ​ក្នុង​សកម្មភាព​ជំរុញ​ការ​គោរព​សិទ្ធិ​មនុស្ស និង​ការពារ​បរិស្ថាន។

ព្រះ​សង្ឃ​អង្គ​នេះ​​ដែល​ប្រឈម​មុខ​នឹង​ការ​ចោទ​ប្រកាន់​ថា​បាន​កិប​កេង​ថវិកា​បុណ្យ​សព​បណ្ឌិត កែម ឡី នោះ បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​កាល​ពីឆ្នាំ​២០១៦ បន្ទាប់​ពី​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា បាន​ធ្លាក់​ចុះ​ក្រោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។ (លម្អិត)

មេដឹកនាំ​ជាន់​ខ្ពស់​មួយ​រូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី មូរ សុខហួរ ដែល​មាន​សញ្ជាតិ​អាមេរិក​ដែរ​នោះ បាន​ឱ្យ​ដឹង​ថា ពិធី​បុណ្យ​កាន់​បិណ្ឌ​នៅ​តាម​វត្ត​អារម​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក មាន​ការ​ចូលរួម​ពី​ពុទ្ធ​បរិស័ទ​ខ្មែរ​​ក្នុង​ចំនួន​តិច​តួច​នៅ​ពេល​ពិធី​បុណ្យ​នោះ ត្រូវ​បាន​រៀបរាប់​ឡើង​ចំ​ថ្ងៃ​ធ្វើការ។

អ្នកស្រី​បញ្ជាក់​ថា ស្ថានភាព​បែប​នេះ កើត​ឡើង​នៅ​តាម​វត្ត​អារាម​ខ្មែរ​នានា​នៅ​សហរដ្ឋ​អាមេរិក និង​នៅ​តាម​បណ្ដា​ប្រទេស​ដទៃ​ទៀត​ផង​ដែរ ដូចជា អូស្ត្រាលី និង​នៅ​តំបន់​អឺរ៉ុប។

Archived Link


សន្និដ្ឋាន

Fact Crescendo រក​ឃើញ​ថា ការ​អះអាង​ដូច​ដែល​ត្រូវ​បាន​រៀបរាប់​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ព្រះ​សង្ឃ ប៊ុត ប៊ុនតិញ ព្រះ​ចៅ​អធិការ​វត្ត​ភ្នំសេរី បាន​បញ្ជាក់​ថា ពិធី​បុណ្យ​កាន់​បិណ្ឌ​នៅ​វត្ត​មួយ​នេះ ទទួល​បាន​ពុទ្ធ​បរិស័ទ​ខ្មែរ​ចូលរួម​ច្រើន​នៅ​ថ្ងៃ​សម្រាក​ចុង​សប្ដាហ៍ ប៉ុន្តែ នៅ​ថ្ងៃ​​បំពេញ​ការងារ​ធម្មតា មាន​ពុទ្ធ​បរិស័ទ​ខ្មែរ​ចូលរួម​តិច ដែល​ស្ថានភាព​នេះ​មាន​ជា​ទូទៅ​សម្រាប់​វត្ត​អារាម​ខ្មែរ​ដទៃ​ទៀត​នៅ​សហរដ្ឋ​អាមេរិក។


Claim Review :   ចប់ ! បិណ្ឌទី៣វត្ត ប៊ុតប៊ុនតិញ សរុប៧អង្គ នាក់ វត្តនៅអាមេរិកពេញៗ ចំលែកតែវត្ត ប៊ុនតិញមួយ
Claimed By :  អ្នក​គាំ​បក្ស​កាន់​អំណាច
Fact Check :  MISLEADING