Fact Check: រថយន្ត​ទំនើប​​ Rolls-Royce លិច​ក្នុង​ទឹក​ជំនន់​មិន​មែន​កើត​ឡើង​នៅ​កម្ពុជា​នោះ​ទេ

Misleading Political

កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ ផ្នែក​ខ្លះ​នៃ​រាជ​ធានី​ភ្នំពេញ ត្រូវ​បាន​លិច​លង់​នៅ​ក្រោម​ទឹក​បណ្ដាល​មក​ពី​ភ្លៀង​ធ្លាក់​ជោគ​ជាំ ហើយ​រូបភាព​នៃ​ទឹក​ជន់​លិច​នោះ ត្រូវ​បាន​បង្ហោះ​ចែក​ចាយ​ព្រោង​ព្រាត​ផង​ដែរ​នៅ​លើ​បណ្ដាញ​សង្គម។

ដោយ​នៅ​ក្នុង​ចំណោម​នោះ​ មាន​រូប​ថត​មួយ​សន្លឹក​​បង្ហាញ​អំពី​សកម្មភាព​មនុស្ស​មួយ​ក្រុម​កំពុង​​រុញ​ច្រាន​រថយន្ត​ទំនើប​​ Rolls-Royce ដែល​លិច​ក្នុង​ទឹក​ជំនន់​ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ម្នាក់​បាន​ភ្ជាប់​ថា​ នេះ​គឺ​ជា​លទ្ធផល​នៃ​ការ​អភិវឌ្ឍន៍​​របស់រាជ​​រដ្ឋាភិបាល​លោក​ ហ៊ុន​ សែន​។​ 

ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​ដែល​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​បង្ហោះ​ និង​ចែក​ចាយ​នៅ​លើ​បណ្តាញ​សង្គម​នោះ គឺ​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ​។

ការ​អះ​អាង​លើ​បណ្តាញសង្គម

កាល​ពី​ថ្ងៃ​ទី​១០​ ខែ​សីហា​ ឆ្នាំ​២០២១​ថ្មី​ៗ​កន្លង​ទៅ​​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​​បង្ហាញ​អំពី​ទិដ្ឋភាព​រថយន្ត​ទំនើប Rolls-Royce ពណ៌​ខ្មៅ​ ចំនួន​មួយ​គ្រឿង​ ជន់លិច​នៅ​ក្នុង​ទឹក​ជំនន់​នៅ​តាម​ដង​ផ្លូវ​មួយ​កន្លែង​ ត្រូវ​បាន​រុញ​ដោយ​មនុស្ស​មួយ​ក្រុម​។​ រូប​ថត​ដដែល​នេះ​ ក៏​ត្រូវ​បាន​ភ្ជាប់​ជាមួយ​នឹង​ការ​អះ​អាង​ថា​ហ្នឹង​ហើយ​គឺ​ជា​ប្រទេស​ដែល​អភិវឌ្ឍន៍ ជយោ​សម្តេច​តេជោ​ (សំដៅ​ទៅ​ដល់​ប្រទេស​កម្ពុជា​ ក្រោម​ការ​គ្រប់​គ្រង​ដោយ​​លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​)។​ 

រូប​ថត​នេះ​ត្រូវ​បាន​ចែក​ចាយ​តៗ​គ្នា​ និង​បញ្ចេញ​មតិ​ចម្រុះ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​ថ្មី​ៗ​នេះ​។​ 

រូបភាព​ផ្ដាម​ចេញ​ពី​គណនី​ហ្វេសប៊ុកអ្នក​ប្រើ​ប្រាស់​ដែល​បាន​សរសេរ​រៀប​រាប់​ថា​ «ពេល​នៅ​លើ​គោក​ គេ​ហៅ​ថា​ រ៉ុល រ៉យ (Rolls-Royce) ពេល​នៅ​ក្នុង​ទឹក​ គេ​ហៅ​ថា​ រ៉យ​ រុញ​ (Royce Push) អា​នាង​រុញ​ប្រទេស​ដែល​អភិវឌ្ឍន៍​​គឺ​អ៊ីចឹង​​ជយោ​សម្ដេច​តេជោ​»​។​

Facebook Post | Archived Link

ការត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​លើ​រូបភាព​នេះ​តាម​រយៈ​ការ​ដំណើរការ​កម្មវិធី​ ស្វែង​រក​រូបថត​របស់ក្រុមហ៊ុន​ Google ដែលនាំ​ឱ្យ​យើង​ជួប​ប្រទះ​នូវ​ប្រភព​ និង​ខ្លឹម​សារ​រូបថត​នៃ​ច្បាប់​ដើម​មួយ​ចំនួន។

រូប​ថត​​ដែល​បាន​បង្ហាញ​នូវ​ទិដ្ឋភាព​​​ដូច​គ្នា​ទាំង​ស្រុង​នេះ​ ត្រូវ​បាន​រក​ឃើញ​នៅ​លើ​គេហទំព័រ​ Getty Images ដែល​ជា​គេហទំព័រ​​សោត​ទស្សន៍​ដ៏​ធំ​មួយកាល​ពី​ថ្ងៃ​ទី​១៧​ ខែ​មករា​ ឆ្នាំ​២០១៣។ ​គេហទំព័រដដែល​នេះ ​​បាន​បញ្ជាក់​អំពី​ហេតុការណ៍​គ្រោះ​ទឹក​ជំនន់នោះ​ថា​ វា​បាន​កើត​ឡើង​នៅ​ក្នុង​ទីក្រុង​ហ្សាកាតា​ ប្រទេស​ឥណ្ឌូនេស៊ី​ ដែល​ក្នុង​នោះ​រថយន្ត​ទំនើប​ Rolls Royce មួយ​គ្រឿងក៏​ត្រូវ​បាន​ជន់​លិច​ផង​ដែរ។​

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​គេហទំព័រ​ដែល​បាន​បង្ហាញ​អំពី​ទិដ្ឋ​ភាព​រថយន្ត Rolls Royce ត្រូវ​បាន​ជន់​លិច​នា​ទី​ក្រុង​ហ្សាកាតា​។​

Getty Images | Archived Link

រូប​ភាព​ផ្តាម​ដែល​មាន​ទិដ្ឋ​ភាព​ដូច​គ្នា​មួយ​ផ្សេង​ទៀត​ ក៏​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​​គេហទំព័រ​ Getty Images ដោយ​បាន​សរសេរ​​ជា​ភាសា​អង់​គ្លេស​ថា​ «A Rolls Royce is stranded in flood water in Jakarta’s central business district on January 17, 2013 in Jakarta, Indonesia. Thousands of Indonesians were displaced and the capital was covered in many key areas in over a meter of water after days of heavy rain»​ ឬ​ប្រើ​ជា​ភាសា​ខ្មែរ​ថា​ «រថយន្ត​ Rolls Royce មួយ​គ្រឿង​បាន​ជាប់​គាំង​នៅ​ក្នុង​ទឹក​ជំនន់​ ស្ថិត​ក្នុង​តំបន់​ពាណិជ្ជកម្ម​នា​ទីក្រុង​ហ្សាកាតា​ ប្រទេស​ឥណ្ឌូនេស៊ី​ កាល​ពី​ថ្ងៃ​ទី​១៧​ ខែ​មករា​ ឆ្នាំ​២០១៣​។ ប្រជាជន​ឥណ្ឌូនេស៊ី​រាប់​ពាន់​នាក់​ត្រូវ​បាន​ផ្លាស់​ទី​លំនៅ​ ហើយ​ផ្នែក​ខ្លះ​នៃ​រដ្ឋធានី​ត្រូវ​បាន​គ្រប​ដណ្តប់​ដោយ​ទឹក​ ក្រោយ​ពី​មាន​ភ្លៀង​ធ្លាក់​ជា​ច្រើន​ថ្ងៃ​កន្លង​មក​»​។ 

Getty Images | Archived Link

កាល​ពី​ថ្ងៃ​ទី​១៧​ ខែមករា​ ឆ្នាំ​២០១៣​កន្លង​ទៅ តាម​រយៈ​គេហទំព័រ​សារព័ត៌មាន​មួយ​របស់​ប្រទេស​ឥណ្ឌូនេស៊ី​ Viva News ក៏​បាន​ផ្សព្វផ្សាយ​អំពី​ទិដ្ឋភាព​រថយន្ត​ទំនើប​ប្រណិត​ជាប់​គាំង​នៅ​ក្នុង​ទឹក​ជំនន់​នេះផង​ដែរ​​​។​ គេហទំព័រ​ដដែល​នេះ​ បញ្ជាក់​នៅ​ក្នុងអត្ថបទ​របស់​ខ្លួន​ថា ហេតុការណ៍​នោះ​គឺ​កើត​ឡើង​នៅ​ក្នុង​តំបន់​ទីក្រុង​ហ្សាកាតា​ ​ដែល​រថយន្ត​បាន​ជាប់​គាំង​ជន់​លិច​នៅ​ក្នុង​ទឹក​ ក្រោយ​ពី​មាន​ភ្លៀង​ធ្លាក់​បន្ត​បន្ទាប់​ជា​ច្រើន​ថ្ងៃ​មក​។​ 

រូប​ភាព​ផ្តាម​ចេញ​ពី​គេហទំព័រ​សារព័ត៌មាន​បាន​រៀប​រាប់​​ជា​ភាសា​ឥណ្ឌូនេស៊ី​ថា​ «Mobil Super Mewah Rolls-Royce Terendam Banjir Jakarta​​»​ ឬ​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​តាម​រយៈ​កម្មវិធី Google Translate មាន​ន័យ​ថា​ «​​រថយន្ត​ទំនើប​ប្រណិត​ Rolls-Royce លិច​ក្នុង​ទឹក​ជំនន់​នៅ​ទីក្រុង​ហ្សា​កា​តា​»​។​

Viva News’s Report | Archived Link

រូប​ថត​មួយ​សន្លឹក​ដែល​មានទម្រង់​ និង​ភិនភាគ​ដូច​គ្នា​ទាំង​ស្រុង​ ក៏​ត្រូវ​បាន​ចុះ​ផ្សព្វផ្សាយ​​នៅ​ក្នុង​​គេហទំព័រសារព័ត៌មាន​ Liputan6 News ផង​ដែរ​កាល​ពី​ថ្ងៃ​ទី​១៧​ ខែមករា​ ឆ្នាំ​២០១៣​កន្លង​ទៅ​នេះ​។​

រូប​ភាព​ផ្តាម​ចេញ​ពី​គេហទំព័រ​សារព័ត៌មាន​ដែល​មាន​ចំណង​ជើង​ជា​ភាសា​ឥណ្ឌូនេស៊ី​ថា​ «FOTO: Saat Rolls Royce Rp 13 M Terendam Banjir Jakarta​​»​ ឬ​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​តាម​រយៈ​កម្មវិធី Google Translate មាន​ន័យ​ថា​ «​រូបថត​៖ ​រថយន្ត​ Rolls Royce តម្លៃ​ប្រមាណ​ ១៣​ពាន់​លាន​រូពៀ​ត្រូវ​លិច​ក្នុង​ទឹក​ជំនន់​នៅទីក្រុង​ហ្សាកាតា​»​។​

Liputan6 News’s Report | Archived Link

សន្និដ្ឋាន

Fact Crescendo Cambodia បាន​​រក​​ឃើញ​​ថាការ​អះ​អាង​ដូច​បានរៀបរាប់ខាងលេីនេះ គឺ​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ​​។ ​​ទិដ្ឋ​ភាព​រថយន្ត​​​ Rolls-Royce ​ជាប់​គាំង​នៅ​ក្នុង​​ទឹក​ជំនន់​​នេះ​ មិនមែន​កើត​ឡើង​នៅ​ប្រទេស​កម្ពុជា​ ក្រោម​ការ​គ្រប់​គ្រង​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ នោះ​ទេ។​ ការ​ពិត​រូប​ថត​មួយ​សន្លឹក​នេះ​ គឺ​ជា​ទិដ្ឋភាព​រថយន្ត​ទំនើប​ Rolls Royce មួយ​គ្រឿង​ជាប់​គាំង​នៅ​ក្នុង​ទឹក​ជន់​លិច​ ក្នុង​តំបន់​ពាណិជ្ជកម្ម​មួយ​នៅ​ទីក្រុង​ហ្សាកាតា​ ប្រទេស​ឥណ្ឌូនេស៊ី​ ដែល​បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​១៧​ ខែ​មករា​ ឆ្នាំ​២០១៣​កន្លង​មក​។ 

Avatar

Title:រថយន្ត​ទំនើប​​ Rolls-Royce លិច​ក្នុង​ទឹក​ជំនន់​មិន​មែន​កើត​ឡើង​នៅ​កម្ពុជា​នោះ​ទេ​

Fact Check By: Kakada Sim 

Result: Misleading

Leave a Reply

Your email address will not be published. Required fields are marked *