តើនេះ​ជា​រូបថត​លោក សម រង្ស៊ី និង​ភរិយា​ រៀប​អាពាហ៍ពិពាហ៍​មែនឬ​​ទេ?

Misleading Political

ខណៈ​ដែល​មេ​ដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី កំពុង​រស់នៅ​ឯ​ក្រៅ​ប្រទេស​នោះ រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​រូប​លោក និង​ភរិយា​ស្ថិត​ក្នុង​សម្លៀក​បំពាក់​ប្រពៃណី​នោះ ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម ដោយ​មាន​សំណេរ​ថា រូបថត​នោះ​ជា​រូបថត​ថ្ងៃ​លោក​រៀប​មង្គលការ។ រូបថត​នេះ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង​នៅ​លើ​បណ្ដាញ​សង្គមរួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប។ ទោះជាយ៉ាងណា តាម​រយៈ Google Reverse Image Search យើង​រក​ឃើញ​ថា ការ​អះ​អាង​លើ​រូបថត​បែប​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី និង​ភរិយា ស្ថិត​ក្នុង​សម្លៀក​បំពាក់​ប្រពៃណី និង​ធ្វើ​ដំណើរ​នៅ​ក្នុង​បរិវេណ​ព្រះ​បរម​រាជ​វាំង​នោះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​សំណេរ​នៅ​លើ​រូបថត​នោះ​ថា «ជូឡុង សូមួរ៉ា និង​ សម រង្ស៊ី ក្នុង​ថ្ងៃ​រៀប​អាពាហ៍ពិពាហ៍»។

រូបថត​ដែល​មាន​សំណេរ​បែប​នេះ ត្រូវបាន​ចែក​រំលែក​ជាច្រើន​ដង​នៅ​លើ​បណ្ដាញ​សង្គម​រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ជាច្រើន​ផង​ដែរ។

ខាង​ក្រោម​​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​រូបថត​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី​០១ ខែ​សីហា ដែល​មាន​សំណេរ​លើ​រូបថត«ជូឡុង សូមួរ៉ា និង សម រង្ស៊ី ក្នុង​ថ្ងៃ​រៀប​អាពាហ៍ពិពាហ៍»។

Facebook Post | Archived Link

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​រូបថត​មួយ​សន្លឹក​នេះ​តាម​រយៈ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។

រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​រក​ឃើញ​នៅ​លើ​គេហទំព័រ​ CSC DAILY ក្នុង​អត្ថបទ​មួយ​និយាយ​អំពី​ជីវ​ប្រវត្តិ​របស់​អ្នកស្រី ជូឡុង សូមូរ៉ា ដែល​ភរិយា​របស់​លោក សម រង្ស៊ី មេដឹកនាំ​គណបក្ស​ប្រឆាំង​ដ៏​ធំ​ជាង​គេ​នៅ​កម្ពុជា។

សំណេរ​នៅ​ក្រោម​រូបថត​ បាន​ឱ្យ​ដឹង​ថា រូបថត​មួយ​សន្លឹក​នេះ បង្ហាញ​ឱ្យ​ឃើញ​លោក សម រង្ស៊ី និង​ភរិយា​របស់​លោក​ដែល​ស្ថិត​ក្នុង​ឈុត​ប្រពៃណី ធ្វើ​ដំណើរ​ចូល​ក្នុង​ព្រះ​បរម​រាជ​វាំង នៅ​ក្នុង​ថ្ងៃ​ដែល​លោក​ត្រូវ​បាន​តែង​តាំង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ហើយ​ភរិយា​លោក​ត្រូវ​បាន​តែង​តាំង​ជា​អគ្គទេសាភិបាល​រង​ធនាគារ​ជាតិ នៅ​ក្នុង​រាជ​រដ្ឋាភិបាល​អាណត្តិ​ទី​១​។

CSD DAILY | Archived Link

រូបថត​ដដែល​នេះ ក៏​ត្រូវ​បាន​រក​ឃើញ​ផង​ដែរ​នៅ​ក្នុង​អត្ថបទមួយ​ទៀត​នៅ​លើ​គេហទំព័រ CSC DAILY កាល​ពី​ឆ្នាំ​២០២០​កន្លង​មក។ សូម​មើល​រូបថត​នេះ​នៅ​ក្នុង​អត្ថបទ​របស់​គេហទំព័រ CSC DAILY តាម​រយៈ​តំណ​ភ្ជាប់​នៅ​ទីនេះ

អត្ថបទ​ជីវ​ប្រវត្តិ​របស់​អ្នកស្រី ជូឡុង សូមូរ៉ា បាន​ឱ្យ​ដឹង​ថា លោក សម រង្ស៊ី បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​​ភរិយា​របស់​លោក​នៅ​ឆ្នាំ​១៩៧១ នៅ​ឯ​ទីក្រុង​ប៉ារីស អំឡុង​ពេល​ភរិយា​របស់​លោក​ទៅ​បន្ត​ការ​សិក្សា​នៅ​ទីនោះ ហើយ​លោក សម រង្ស៊ី ក៏​កំពុង​រស់​នៅ​ទីនោះ​ផង​ដែរ។

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា សំណេរ​នៅ​លើ​រូបថត​លោក សម រង្ស៊ី និង​ភរិយា​របស់​លោក​ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​ឱ្យ​លោក សម រង្ស៊ី និង​ភរិយា ស្ថិត​ក្នុង​ឈុត​ប្រពៃណី​ខ្មែរ​នោះ មិន​មែន​ជា​រូបថត​នៅ​ថ្ងៃ​ពួកគាត់​រៀប​អាពាហ៍ពិពាហ៍​នោះ​ឡើយ។ រូបថត​មួយ​សន្លឹក​នេះ គឺលោក សម រង្ស៊ី និង​ភរិយា ធ្វើ​ដំណើរ​ចូល​ទៅ​ព្រះ​បរម​រាជ​វាំង បន្ទាប់​ពី​លោក​ត្រូវ​បាន​តែង​តាំង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ហើយ​ភរិយា​លោក​ត្រូវ​បាន​តែង​តាំង​ជា​អគ្គទេសាភិបាល​រង​ធនាគារ​ជាតិ នៅ​ក្នុង​រាជ​រដ្ឋាភិបាល​អាណត្តិ​ទី​១។

Avatar

Title:តើរូបថត​នេះ​ជា​រូបថត​លោក សម រង្ស៊ី និង​ភរិយា​ រៀប​អាពាហ៍ពិពាហ៍​មែនឬ​​ទេ?

Fact Check By: Jay Udom 

Result: Misleading

Leave a Reply

Your email address will not be published.