បញ្ហា​វិនាសផ​ុត​ពូជ​នេះ​សត្វ​រមាស​មួយ​ប្រភេទ បាន​ក្លាយ​ជា​ប្រធាន​បទ​នៃ​ការ​ជជែក និង​ចែក​រំលែក​យ៉ាង​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម បន្ទាប់​ពី​ទំព័រ​ហ្វេសប៊ុក​មួយ បាន​បង្ហោះ​រូបថត​បុរស​ម្នាក់​អង្អែល​ក្បាល​រមាស​មួយ​ក្បាល ហើយ​អះ​អាង​ថា សត្វ​រមាស​ស​ភាគ​ខាង​ជើង បាន​ផុត​ពូជ​ពី​ភព​ផែនដី​ហើយ។ រូបថត និង​ការអះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​ដល់​ទៅ​រាប់​រយ​ដង​រួមជាមួួ​ការ​បញ្ចេញ​ប្រតិកម្ម និង​មតិ​ចម្រុះ​បែប​ពី​សំណាក់​អ្នក​ប្រើ​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​ការ​ពិត រក​ឃើញ​ថា ការ​អះ​អាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

កាល​ពី​ថ្ងៃ​ទី​០៤ ខែ​មិថុនា​ ឆ្នាំ​២០២១​កន្លង​មក​ថ្មីៗ​នេះ ទំព័រ​ហ្វេសប៊ុក​មួយ​បាន​បង្ហោះ​រូបថត​សត្វ​រមាស​មួយ​ក្បាល​​រួម​ជាមួយ​នឹង​ការ​អះ​អាង​ថា សត្វ​រមាស​ស​ឈ្មោល បាន​ស្លាប់​ផុត​ពូជ​ពី​ផែនដី​ហើយ ហើយ​ថា ពិភព​លោក​មាន​តែ​សត្វ​រមាស​ស​ញី​ពីរ​ក្បាល​ប៉ុណ្ណោះ​ដែល​នៅ​រស់​រាន​មាន​ជីវិត។

ការ​រូបថត​ជាមួយ​នឹង​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​ដល់​ទៅ​រាប់​រយ​ដង​​ពី​សំណាក់​អ្នក​ប្រើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក និង​មាន​ប្រតិកម្ម និង​ការ​បញ្ចេញ​មតិ​សោក​ស្ដាយ​ចំពោះ​ការ​បាត់​បង់​នេះ។

រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​ទំព័រ​ហ្វេសប៊ុក​នោះ រៀបរាប់​ថា «Sad News នៅ​ពេល​នេះ #ប្រភេទ​សត្វ​រមាស​ស បាន​ស្លាប់​ផុត​ពូជ​ពី​លើ​ភព​ផែនដី​របស់​យើង​ហើយ។ បញ្ជាក់៖ ជាមួយ​នឹង​ការ​ស្លាប់​នៃ​រមាស​ឈ្មោល​ពណ៌​ស​ភាគ​ខាង​ជើង​នេះ មនុស្ស​លោក​ក៏​បរាជ័យ​ក្នុង​ការ​បង្កើត​#ការ​បន្ត​ពូជ​សិប្ប​និម្មិត​សម្រាប់​រមាស​ញី​ពណ៌​ស​ពីរ​ក្បាល ដែល​នៅ​រស់​រាន​មាន​ជីវិត​ផង​ដែរ»។

Facebook Post | Archived Link

នៅ​ក្នុង​មតិ​តប​នឹង​អ្នក​បញ្ចេញ​មតិ​នោះ ទំព័រ​ហ្វេសប៊ុក​​ដដែល​នេះ បាន​បង្ហោះ​សារ​នេះ​ដោយ​យោង​តាម​​ទំព័រ​ហ្វេសប៊ុក Social Junkie ដែល​បង្ហោះ​ព័ត៌មាន​ជា​ភាសា​អង់គ្លេស​នៅ​ថ្ងៃ​ទី​០៣ ខែ​មិថុនា ឆ្នាំ​២០២១។

ទំព័រ​ហ្វេសប៊ុក Social Junkie បាន​អះ​អាង​ថា អម្បូរ​រមាស​ស​ភាគ​ខាង​ជើង បាន​ផុត​ពូជ​ពី​ផែន​ដី​ហើយ បន្ទាប់​ពី​សត្វ​អម្បូរ​មួយ​នេះ បាន​មាន​ជីវិត​នៅ​លើ​ភព​ផែនដី​អស់​រយៈ​ពេល ៥៥​ឆ្នាំ ដោយ​បាន​ឆ្លង​កាត់​យុគ​សម័យ​នានា និង​ព្រឹត្តិការណ៍​ជាច្រើន​លើ​ផែនដី។ ប៉ុស្តិ៍​របស់​ទំព័រ​ហ្វេសប៊ុក​មួយ​នេះ ក៏​ត្រូវ​បាន​ចែក​រំលែក​ត​ៗ​គ្នា​ពី​សំណាក់​អ្នក​ប្រើ​ហ្វេសប៊ុក​រាប់​សែន​ដង​ផង​ដែរ species។

រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​ទំព័រ​ហ្វេសប៊ុក Social Junkie រៀបរាប់​ជា​ភាសា​អង់គ្លេស​ដូច​ខាង​ក្រោម​នេះ៖

“The end of an era…

The northern white rhino which survived 55 million years and saw ice ages, earthquakes, meteor strikes, and was testament to innumerable historical changes on the planet could not survive humans.

The great beast is now functionally extinct.

We as a species can achieve the greatest things but also be a truly evil pest to nature…”

សំណេរ​នេះ​ អាច​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ថា «​អវសាន​នៃ​យុគ​សម័យ​មួយ…រមាស​ស​ភាគ​ខាង​ជើង ដែល​អម្បូរ​មួយ​នេះ​មាន​នៅ​លើ​ផែនដី​ ៥៥​លាន​ឆ្នាំ​មក​ហើយ និង​បាន​ឃើញ​យុគ​ទឹក​កក គ្រោះ​រញ្ជួយ​ដី ការ​វាយ​ប្រហារ​ដោយ​អាចម៍​ផ្កាយ និង​សក្ខី​ភាព​ចំពោះ​ការ​ផ្លាស់​ប្ដូរ​ប្រវត្តិសាស្ត​រាប់​មិន​អស់​នៅ​លើ​ផែនដី មិន​អាច​រស់​នៅ​ជាមួយ​មនុស្ស​ត​ទៅ​ទៀត​ឡើយ។ ចតុបាទ​ដ៏​អស្ចារ្យ​មួយ​នេះ ឥឡូវ​នេះ បាន​ផុត​ពូជ​ហើយ។ យើង​ជាអម្បូរ​មួយ​ដែរ​នោះ អាច​សម្រេច​បាន​រឿង​រ៉ាវ​អស្ចារ្យ​នានា ប៉ុន្តែ ក៏​ពិត​ជា​រោគ​ចង្រៃ​​ចំពោះ​ធម្មជាតិ​ផង​ដែរ»។

Facebook Post | Archived Link

ការ​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះ​អាង​នេះ​តាម​រយៈ​ការ​ពិនិត្យ​មើល​ព័ត៌មាន​រាយការណ៍​ពី​ការ​ស្លាប់​នៃ​សត្វ​រមាស​មួយ​អម្បូរ​នេះ ដែល​ត្រូវ​បាន​ចុះ​ផ្សាយ​ដោយ​ព្រោង​ព្រាត​ពី​សំណាក់​សារព័ត៌មាន​អន្តរជាតិ​ធំៗ និង​ការ​ស្វែង​រក​តាម​រយៈ​ពាក្យ​គន្លឹះ។

​អត្ថបទ​ព័ត៌មាន​របស់​សារព័ត៌មាន​អង់គ្លេស The Guardian បាន​ឱ្យ​ដឹង​ថា ស៊ូដង់ ដែល​ជា​​រមាស​ឈ្មោល​ពណ៌​ស​ភាគ​ខាង​ជើង​មួយ​ក្បាល​​ចុង​ក្រោយ ត្រូវ​បាន​គេ​ចាក់​ថ្នាំ​សម្លាប់​កាល​ពី​ខែ​មីនា ឆ្នាំ​២០១៨​កន្លង​មក ពោល​គឺ ៣​ឆ្នាំ​មុន​ការ​បង្ហោះ​នូវការ​អះ​អាងនេះ​ទៅ​ទៀត។

សារព័ត៌មាន​ដដែល​នេះ បាន​រាយការណ៍​ទៀត​ថា សត្វ​រមាស​ឈ្មោល​មួយ​ក្បាល​នេះដែល​មាន​អាយុ ៤៥​ឆ្នាំ​នោះ ត្រូវ​បាន​គេចាក់​ថ្នាំ​ឱ្យ​ស្លាប់​នៅ​ឯ​តំបន់​អភិរក្ស​សត្វ​ព្រៃ​អូលផេចេតា (Ol Pejeta) ស្ថិត​ក្នុង​ប្រទេស​កេនយ៉ា កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មីនា ឆ្នាំ​២០១៨ បន្ទាប់​ពី​សុខភាព​របស់​វា​ចុះ​ទ្រុឌ​ទ្រោម​ដោយសារ​តែប្រឈម​មុខ​នឹង​ជំងឺ​ជរាភាព។

ការ​ស្លាប់​របស់​សត្វ​រមាស​ឈ្មោះ​ ស៊ូដង់ បាន​ធ្វើ​ឱ្យ​ពិភព​លោក​នៅ​សល់​តែ​សត្វ​រមាស​ញី​ពណ៌​ស​ភាគ​ខាង​ជើង ២​ក្បាល​ប៉ុណ្ណោះ​នៅ​លើ​ភព​ផែនដី​យើង​នេះ។ សត្វ​រមាស​ញី​ទាំង​ពីរ​ក្បាល​នោះ គឺ​ជា​កូន​ និង​ជា​ចៅ​របស់​ស៊ូដង់។ សត្វ​រមាស​ញី​ទាំង​ពីរ​ក្បាល​នេះ មាន​ឈ្មោះ​ថា ណាជីន (Najin) ដែល​មាន​កូន​មួយ​ក្បាល​ឈ្មោះ​ថា ហ្វា​ទូ (Fatu)។

The Guardian | Archived Link

រមាស​ស​ភាគ​ខាង​ជើង​ឈ្មោល​មួយ​ក្បាល​នេះ ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ថា ស៊ូដង់ ដោយ​យក​តាម​ឈ្មោះ​ប្រទេស​ស៊ូដង់ ដែល​ជា​ទីកន្លែង​កំណើត​របស់​សត្វ​រមាស​មួយ​ក្បាល​នេះ ដែល​បាន​កើត​នៅ​ក្នុង​ឆ្នាំ​១៩៧៣។

សត្វ​រមាស​មួយ​ក្បាល​នៅ​ក្នុង​រូបថត​នេះ ដែល​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​នេះ មិន​មែន​ជា​សត្វ​រមាស​ស​ភាគ​ខាង​ជើង ស៊ូដង់ ដែល​បាន​ស្លាប់​កាល​ពី​ឆ្នាំ​២០១៨​នោះ​ឡើយ។

Getty Images | Archived Link

ចំណែក​សត្វ​មាស​នៅ​ក្នុង​រូបថត​ដែល​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ដូច​រៀបរាប់​ខាង​លើនេះ គឺ​ជា​រមាស​ញី​ឈ្មោះ ណាជីន (Najin) ដែល​ជា​កូន​របស់​រមាស​ឈ្មោះ ស៊ូដង់។ រូបថត និង​ព័ត៌មាន​លម្អិត​នៃ​រូបថត​អំពី​សត្វ​រមាស​ញី​ណាជីន​នេះ ត្រូវ​បាន​ផ្ដិត និង​ចុះ​ផ្សាយ​នៅ​លើ​អត្ថបទ​ព័ត៌មាន​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិនហួរ​កាល​ពី​ឆ្នាំ​២០១៨​កន្លង​មក។

Xinhua | Archived Link

ការ​បាត់​បង់​រមាស​ឈ្មោល​ឈ្មោះ ស៊ូដង់ កាល​ពី​ខែមីនា ឆ្នាំ​២០១៨ ត្រូវ​បាន​​គេ​មើល​ឃើញ​ថា រមាស​មួយ​អម្បូរ​នេះ កាន់​តែ​ខិត​ខិត​ទៅ​រក​ការ​វិនាស​ផុត​ពូជ​ពី​លើ​ផែនដី​ហើយ ប៉ុន្តែ ក្រុម​អ្នក​វិទ្យាសាស្ត្រ​​រំពឹង​លើ​ការ​បង្កាត់​ពូជ​តាម​លក្ខណៈ​វិទ្យាសាស្ត្រ​ទំនើប ដើម្បី​ស្រោច​ស្រង់​ពូជ​អម្បូរ​រមាស​ស​ភាគ​ខាង​ជើង​នេះ​ឡើង​វិញ។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​នៅ​លើ​គេហទំព័រ​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មេសា​ ឆ្នាំ​២០២១​កន្លង​មក​នេះ ​តំបន់​អភិរក្ស​សត្វ​ព្រៃ​អូល​ ផេចេតា (Ol Pejeta) ដែល​ជា​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​អង្គការ Fauna និង Flora អន្តរជាតិ (Fauna and Flora International) បាន​ប្រកាស​ថា ក្រុម​អ្នក​វិទ្យាសាស្ត្រ និង​អ្នក​អភិរក្ស បាន​ទៅ​បង្កើត​បាន​ស៊ុត (Embryo)​ថ្មី​ចំនួន​បួន ដើម្បី​បង្កាត់​ពូជ​អម្បូរ​រមាស​ស​ភាគ​ខាង​ជើង​ឡើង​វិញ។

ដំណើរការ​សង្គ្រោះ​អម្បូរ​រមាស​ស​ភាគ​ខាង​ជើង​នេះ ត្រូវ​បាន​ធ្វើ​ឡើង​តាម​រយៈ​ការ​បង្កាត់​ពូជ​សិប្ប​និម្មិត​រវាង​ស៊ុត​របស់​រមាស​ញី​ណាជីន និង​រមាស​ញី​ហ្វាទូ ជាមួយ​នឹង​ស្ពែម​ដែល​គេ​យក​ពី​រមាស​ឈ្មោល​ស៊ូដង់។

ដំណឹង​នេះ ត្រូវ​​បាន​គេ​ចាត់​ទុក​ជា​ជំហ៊ាន​បន្ទាប់​នៃ​ការ​ជួយ​សង្គ្រោះ​អម្បូរ​រមាស​ស​ភាគ​ខាង​ជើងឡើង​វិញ ដើម្បី​បញ្ចៀស​ពី​ការ​វិនាស​ផុត​ពូជ​ពី​ភព​ផែនដី បន្ទាប់​ពី​ការ​ស្លាប​់របស់​រមាស​ឈ្មោល​ស៊ូដង់។

Ol Pejeta’s Press Release | Archived Link

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា ការ​អះ​អាង​ដូច​បាន​រៀបរាប់​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​នោះ​ឡើយ។ រមាស​ឈ្មោល​មួយ​ក្បាល​ឈ្មោះ ស៊ូដង់ មិន​មែន​ទើប​ស្លាប់​នៅ​ដើម​ខែ​មិថុនា​ក្នុង​ឆ្នាំ​នេះ​នោះ​ទេ។ រមាស​ឈ្មោះ​ស៊ូដង់​ដែល​ស្ថិត​ក្នុង​អម្បូរ​រមាស​ស​ភាគ​ខាង​ជើង ត្រូវ​បាន​ចាក់​ថ្នាំ​សម្លាប់​កាល​ពី​ខែ​មីនា ឆ្នាំ​២០១៨ ដោយសារ​តែ​ជរាភាព​របស់​វា។ សត្វ​រមាស​មួយ​ក្បាល​ក្នុង​រូបថត​នេះ គឺ​រមាស​ញី​ឈ្មោះ ណាជីន មិន​មែន​ជា​រមាស​ឈ្មោះ​ស៊ូដង់​នោះ​ឡើយ។ ​រមាស​មួយ​អម្បូរ​នេះ មិន​ទាន់​ផុត​ពូជ​ពី​ផែនដី​នៅ​ឡើយ​ទេ ដោយ​មាន​រមាស​ញី​ពីរ​ក្បាល​នៅ​ឡើយ ហើយ​កំពុង​ស្ថិត​ក្រោម​ការ​បង្កាត់​ពូជ​តាម​លក្ខណៈ​សិប្បនិម្មិត។

Avatar

Title:អ្នក​វិទ្យាសាស្ត្រ​មាន​សង្ឃឹម​​ស្ដារ​ពូជ​រមាស​ស​ភាគ​ខាង​ជើង​ឡើង​វិញ​កុំ​ឱ្យ​វិនាស​ផុត​ពូជ

Fact Check By: Jay Udom

Result: Misleading