Update (15/04/2021):

បច្ចុប្បន្នភាព (ថ្ងៃ​ទី​១៥ ខែ​មេសា ឆ្នាំ​២០២១)៖ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន លោក ម៉ៅ អាយុទ្ធ អាយុ ៧៧​ឆ្នាំ
បាន​ទទួល​មរណភាព​ដោយសារ​ជំងឺ​កូវីដ​១៩​នៅ​ល្ងាច​ថ្ងៃ​ទី​១៥ ខែ​មេសា ឆ្នាំ​២០២១។ កាល​ពី​សប្ដាហ៍​មុន
មាន​ការ​បង្ហាញ​នូវ​ព័ត៌មាន​មិន​ត្រឹម​ត្រូវ​មួយ​អំពី​មរណភាព​របស់​លោក ម៉ៅ អាយុទ្ធ។

គិត​ត្រឹម​ថ្ងៃ​នេះ មនុស្ស ២៤​នាក់​ហើយ ត្រូវ​បាន​ក្រសួង​សុខាភិបាល​កម្ពុជា​ប្រកាស​​ជា​ផ្លូវការ​ថា បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​១៩​នៅ​ក្នុងរយៈ​ពេល ២៧​ថ្ងៃ​កន្លង​មក​នេះ​ចាប់​តាំង​ពី​ករណី​ស្លាប់​ដោយសារ​កូវីដ​១៩​ជា​លើក​ដំបូង ត្រូវ​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក​នេះ។

ទន្ទឹម​នឹង​ករណី​ស្លាប់​ដោយសារ​មេរោគ​កូវីដ​១៩​ត្រូវ​បាន​ប្រកាស​ជា​បន្ត​បន្ទាប់​មក​នេះ ការ​អះ​អាង​មួយ​នៅ​ក្នុង​ប្រព័ន្ធ​បញ្ជូន​សារ Messenger បាន​អះអាង​ថា រដ្ឋ​លេខាធិការ​ម្នាក់​នៃ​ក្រសួង​ព័ត៌មាន ដែល​ជា​មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​របស់​រដ្ឋាភិបាល​កម្ពុជា ​បាន​ស្លាប់​ដោយសារ​មេរោគ​ផ្លូវ​ដង្ហើម​មួយ​នេះ បន្ទាប់​ពី​ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ទើប​តែ​បាន ៣​ថ្ងៃ​ប៉ុណ្ណោះ។

ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​ការ​ពិត​ បាន​រក​ឃើញ​ថា ការ​អះអាង​ក្នុង​ប្រព័ន្ធ​បញ្ចូន​សារ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

កាល​ពី​ថ្ងៃ​ទី​០៨ ខែ​មេសា​នេះ សារ​មួយ​ដែល​ត្រូវ​បាន​គេ​ផ្ញើ​តៗ​គ្នា​តាម​ប្រព័ន្ធ​បញ្ចូន​សារ Messenger នោះ បាន​អះ​អាង​ថា រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន លោក ម៉ៅ អាយុទ្ធ បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​១៩​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។ សារ​នេះ​ក៏​ត្រូវ​បាន​គេចែក​ចាយ​តៗ​គ្នា​តាម​ប្រព័ន្ធ​បញ្ជូន​សារ Messenger និង​​តេឡេក្រាម​(Telegram)​ផង​ដែរ។

ការ​អះ​អាង​បែប​នេះ បាន​កើត​ឡើង​តែ ២​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ពី​លោក ម៉ៅ អាយុទ្ធ ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​ឯ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត បន្ទាប់​ពី​លោក​ត្រូវ​បាន​រក​ឃើញ​ឆ្លង​វីរុស​កូរ៉ូណា។

រូបភាព​ផ្ដាម​ចេញ​​ពី​ប្រព័ន្ធ​បញ្ជូន​សារ Messenger សរសេរ​ថា «រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន ម៉ៅ អាយុទ្ធ បាន​ស្លាប់​ដោយសារ​កូវីដ៨០៤​២០២១»។

Archived Link

ការ​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ផ្ទៀង​ផ្ទាត់​លើ​ការ​អះ​អាង​នេះ​តាម​រយៈ​ការ​សម្ភាស​ទៅ​ក្រសួង​ព័ត៌មាន និង​មន្ត្រី​សុខាភិបាល​នៃ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត ជា​ទីដែល​លោក ម៉ៅ អាយុទ្ធ ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល។

អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន លោក មាស សុភ័ណ្ឌ បាន​ច្រាន​ចោល​នូវ​ការ​អះអាង​តាម​ប្រព័ន្ធ​បញ្ជូន​សារ Messenger នោះ ដោយ​និយាយ​ថា ស្ថានភាព​សុខភាព​របស់​លោក ម៉ៅ អាយុទ្ធ មាន​លក្ខណៈ​ធម្មតា និង​អាច​ទទួល​ទាន​អាហារ​បាន​ទៅ​តាម​ការ​ណែនាំ​របស់​ក្រុមគ្រូ​ពេទ្យនៅ​ថ្ងៃ​នេះ។

លោក មាស សុភ័ណ្ឌ បាន​ឱ្យ​ដឹង​បែប​នេះ​នៅ​ក្នុង​សារ​ជា​សំឡេង​ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​​ក្រុម​អ្នកសារព័ត៌មាន​តាម​ប្រព័ន្ធ​តេឡេក្រាម​នៅ​ថ្ងៃ​នេះ ដោយ​បាន​បញ្ជាក់​ថា លោក​បាន​ទទួល​ដំណឹង​នេះ​ពី​សមាជិក​ក្រុម​គ្រួសារ​របស់​លោក ម៉ៅ អាយុទ្ធ។

AKP’s Report | Archived Link

នៅ​ក្នុង​កិច្ច​សម្ភាស​ជាមួយ Fact Crescendo Cambodia លោក ផង់ ពេជ្រេ អាយុ ៤៩​ឆ្នាំ ដែល​ជា​កូន​ប្រសារ​របស់​លោក ម៉ៅ អាយុទ្ធ បាន​ប្រាប់​​ដឹង​ថា សុខភាព​ឪពុក​ក្មេក​របស់​លោក បាន​វិវត្ត​កាន់​តែ​ប្រសើរ​បន្តិច​ម្ដងៗ​ហើយ​នៅ​ថ្ងៃ​នេះ ដោយ​បាន​ដឹង​ខ្លួន និង​អាច​ទទួល​ទាន​អាហារ​ដែល​ផ្ដល់​ឱ្យ​ដោយ​ក្រុម​គ្រូ​ពេទ្យ​មើល​ថែទាំ​គាត់។

លោក ផង់ ពេជ្រ ប្រាប់​ថា ក្រុម​គ្រូ​ពេទ្យ​​នៅ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត បាន​ផ្ដល់​ដំណឹង​ពី​ស្ថានភាព​សុខភាព​របស់​ឪពុក​ក្មេក​លោក​ជា​ប្រចាំ ខណៈ​រូប​លោក និង​សមាជិក​ដទៃ​ទៀត​នៃ​ក្រុម​គ្រួសារ មិន​ត្រូវ​បាន​អនុញ្ញាតឱ្យ​​ចូល​ទៅ​មើល និង​សួរ​សុខ​ទុក្ខ​បាន​នោះ​ឡើយ​អំឡុង​ពេល​បង្ការ​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ​១៩។

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា ការ​អះ​អាង​តាម​ប្រព័ន្ធ​បញ្ជូន​សារ Messenger ដូច​ដែល​បាន​រៀប​រាប់​ខាង​លើ​នេះ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​ពិត ស្ថានភាព​សុខភាព​របស់​លោក ម៉ៅ អាយុទ្ធ បាន​វិវត្ត​មក​កាន់​តែ​ប្រសើរ​បន្តិច​ម្ដងៗ​ហើយ​នៅ​ថ្ងៃ​នេះ​ទី​០៨ ខែ​មេសា​នេះ ដោយ​លោក​បាន​ដឹង​ខ្លួន​ហើយ និង​អាច​ទទួល​ទាន​អាហារ​ផ្ដល់​ឱ្យ​ដោយ​គ្រូ​ពេទ្យ​ផង​ដែរ។

Avatar

Title:Fact-Check: លោក ម៉ៅ អាយុទ្ធ​ បាន​ដឹង​ខ្លួន​ឡើង​វិញ និង​មាន​សុខភាព​ប្រសើរ​ឡើង​វិញ​បន្តិច​ម្ដងៗនៅ​ថ្ងៃ​នេះ

Fact Check By: Jay Udom

Result: False