Fact-Check: សមាជិក​ព្រឹទ្ធ​សភា ឧកញ៉ា លី យ៉ុងផាត់ មិន​បាន​ទទួល​មរណភាព​ដូច​​ការ​អះ​អាងទេ

False Political

គិត​មកត្រឹម​ថ្ងៃ​ទី​២១ ខែ​មេសា​នេះ កម្ពុជា​បាន​ផ្ដល់​វ៉ាក់សាំង​ដល់​ប្រជាជនដល់​ទៅ​ជិត ១.៣​លាន​នាក់​ហើយ​គិត​ចាប់​តាំង​ពី​ពេល​ដែល​ប្រទេស​នេះ​បាន​ប្រកាស​ចាប់​ផ្ដើម​យុទ្ធការ​ចាក់​វ៉ាក់សាំង​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ​កន្លង​មក​នេះ។

ទន្ទឹម​គ្នា​នេះ បុគ្គល​សំខាន់ៗ​នៅក្នុង​ប្រទេស​កម្ពុជា ត្រូវ​បាន​អះ​អាង​ដោយ​អ្នក​ប្រើ​បណ្ដាញ​សង្គម​ថា បាន​ស្លាប់​ជា​បន្ត​បន្ទាប់​ដោយសារ​ការ​ចាក់​វ៉ាក់សាំង ក្នុង​នោះមាន​ការ​អះ​អាង​ថ្មី​បំផុត​ដែល​និយាយ​ថា សមាជិក​ព្រឹទ្ធ​សភា​មួយ​រូប​របស់​កម្ពុជា លោក​ឧកញ៉ា លី យ៉ុងផាត់ ជា​អ្នក​ជំនួញ​ដ៏​ល្បី​ល្បាញ​មួយ​រូប បាន​ស្លាប់​ទាំង​វ័យ​ក្មេង។

ទោះជាយ៉ាងណា Fact Crescendo Cambodia រក​ឃើញ​ថា ការ​អះ​អាង​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

កាល​ពី​ថ្ងៃ​ទី​២០ ខែ​មេសា ការ​អះ​អាង​នៅ​លើ​បណ្ដាញ​សង្គម​ បាន​និយាយ​ថា សមាជិក​ព្រឹទ្ធ​សភា​មណ្ឌល​ខេត្ត​កោះកុង​របស់​គណបក្ស​ប្រជាជន​កម្ពុជា លោក លី យ៉ុងផាត់ ដែល​មាន​ងារ​ជា​ឧកញ៉ា​ផង​នោះ បាន​ស្លាប់​បាត់​បង់​ជីវិត​ទាំង​វ័យ​ក្មេង។

ឧកញ៉ា លី យ៉ុងផាត់ គឺ​ជា​អ្នក​ជំនួញ​ដ៏​លេច​ធ្លោ​ម្នាក់​របស់​កម្ពុជា ដែល​រក​ស៊ី​លើ​វិស័យ​ជាច្រើន​រាប់​ចាប់​តាំង​ពី​ការ​វិនិយោគ​លើ​អចលន​ទ្រព្យ ផ្សារ​បោះ​ដុំ ថាមពល​អគ្គិសនី ការ​ផ្គត់​ផ្គង់​ទឹក​ស្អាត សណ្ឋាគារ និង​កាស៊ីណូ កសិ​ឧស្សាហកម្ម និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទូរទស្សន៍​ផង​ដែរ។ ក្រុមហ៊ុន​របស់​សមាជិក​ព្រឹទ្ធ​សភា​បក្ស​កាន់​អំណាច​រូប​នេះ ក៏​ត្រូវ​បាន​ភ្ជាប់​ទៅ​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ពាក់​ព័ន្ធ​នឹង​ការ​បណ្ដេញ​អ្នក​ភូមិ​ជា​ច្រើន​រយ​គ្រួសារ​​ ដើម្បី​បើក​ផ្លូវ​សម្រាប់​អភិវឌ្ឍ​ចម្ការ​កៅស៊ូ​នៅ​ខេត្ត​កោះកុង និង​ខេត្ត​កំពង់ស្ពឺ​ផង​ដែរ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក រៀប​រាប់​ថា​ «បង​ប្អូន​ប្រហែល​ជា​ស្គាល់​ឧកញ៉ា លី យុងផាត​ ស្លាប់​ហើយ​ទាំង​វ័យ​ក្មេង»។

Facebook Post | Archived Link

ការ​អះអាង​​បែប​នេះ ក៏​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​អ្នក​ប្រើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដទៃ​ទៀត​ផង​ដែរ ហើយ​ត្រូវ​បាន​ចែក​រំលែក​រាប់​រយ​ដង និង​មាន​ការ​បញ្ចេញ​មតិ​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។

រូបភាព​ផ្ដាម​ពី​អ្នក​ប្រើ​ហ្វេសប៊ុក​ម្នាក់​ទៀត រៀបរាប់​ថា​ «ដំណឹង​ថ្មី… ឧកញ៉ា​ប្លន់​ដី​ធ្លី​រាស្ត្រ​ស្លូត​ត្រង់​ម្នាក់​ទៀត​បាន​ស្លាប់​ហើយ!! សូម​បង​ប្អូន​ចូល​រួម​អបអរ​សាទរ​គាត់​ផង ព្រោះ​គាត់​បាន​ផុត​កម្ម​ហើយ នៅ​ឡើយ​ជំពាក់​ដី​ធ្លី​ពលរដ្ឋ​ខ្មែរ»។

Facebook Post | Archived Link

ការ​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ផ្ទៀង​ផ្ទាត់​លើ​ការ​អះ​អាង​នេះ​តាម​រយៈ​សម្ភាស​ជាមួយ​​ប្រភព​ដែល​ជិត​ដិត​នឹង​បុគ្គល​ដែល​ត្រូវ​បាន​លើក​ឡើង​ខាង​លើ។

Fact Crescendo Cambodia បាន​​ទំនាក់​ទំនង​ទៅ​លោក​ឧកញ៉ា សេង ញ៉ក់ ជា​កូន​ប្រសារ​របស់​លោក​ឧកញ៉ា លី យ៉ុងផាត់ និង​ជា​អគ្គនាយក​គ្រប់​គ្រង​សម្ព័ន្ធ LYP Group ផងដែរ ដើម្បី​ស្វែង​រក​ការ​បញ្ជាក់​ដោយ​ផ្ទាល់​ជុំ​វិញ​ការ​អះ​អាង​នេះ ប៉ុន្តែ លោក​បាន​មិន​បាន​ឆ្លើយ​តប​នោះ​ឡើយ។

ប៉ុន្តែ Fact Crescendo Cambodia បាន​ទទួល​ទូរស័ព្ទ​​ពី​លោក សោម ឆាយ៉ា ដែល​ប្រាប់​ថា លោក​គឺ​ជា​អ្នក​នាំ​ពាក្យ​របស់​លោក លី យ៉ុងផាត់។

ក្នុង​កិច្ច​សម្ភាស​​​ជាមួយ Fact Crescendo Cambodia លោក សោម ឆាយ៉ា បាន​ច្រាន​ចោល​ការ​អះ​អាង​ខាង​លើ ដោយ​ចាត់​ទុក​ជា​«ព័ត៌មាន​មិន​ពិត»។ លោក ឆាយ៉ា បាន​ឱ្យ​ដឹង​ទៀត​ថា ប្រសិន​បើ​រឿង​ហេតុ​កើត​ឡើង​ដូច្នេះ​មែន ដំណឹង​នេះ​ក៏​មិន​អាច​លាក់​បាំង​បាន​ដែរ ព្រោះ​តែ​លោក លី យ៉ុងផាត់ គឺ​ជា​សមាជិក​ព្រឹទ្ធ​សភា និង​ជា​ឧកញ៉ា​ដ៏​សំខាន់​មួយ​រូប។

លោក សោម ឆាយ៉ា បញ្ជាក់​ថា​ លោក លី យ៉ុងផាត់ កំពុង​ស្ថិត​ក្នុង​ដំណើរ​ត្រួត​ពិនិត្យ​រោងចក្រ​ផលិត​ទឹក​ស្អាត​នៅ​ក្រុង​ខេមរ​ភូមិន្ទ ស្ថិត​ក្នុង​ខេត្ត​កោះកុង នៅ​ថ្ងៃ​ទី​២១ ខែ​មេសា​នេះ។

លោក សោម ឆាយ៉ា ប្រាប់​ថា​ «គាត់​នៅ​កោះកុង​តើ​ព្រឹក​មិញ ទាក់​ទង​គ្នា​រហូត។ បាទ​ គាត់​នៅ​កោះកុង​ព្រឹក​មិញ គាត់​អញ្ចើញ​ទៅ​មើល​​អាង​ស្តុក​ទឹក​នៅ​កោះកុង​ហ្នឹង ដើម្បី​មើល​ពី​ស្ថានភាព​អាង​ស្តុក​ហ្នឹង​ ព្រោះ​អាង​ស្តុក​ទឹក​វា​​សំខាន់​ណាស់​សម្រាប់​ផ្គត់​ផ្គង់​ទឹក​ដល់​ប្រជា​ពលរដ្ឋ​នៅ​ក្រុង​ខេមរ​ភូមិន្ទ​ហ្នឹង»។

លោក សោម ឆាយ៉ា ក៏​បាន​បក​ស្រាយ​បន្ថែម​ផង​តា​ម​រយៈ​វីដេអូ​ Live នៅ​លើ​ហ្វេសប៊ុក​របស់​លោក​នៅ​រាត្រី​ថ្ងៃ​ទី​២១ ខែ​មេសា​នេះ​ផង​ដែរ ដោយ​ក៏​បន្ត​ច្រាន​ចោល​នូវ​ការ​អះ​អាង​ខាង​លើ​នេះ។

Facebook Live | Archived Link

រូបថត​២​សន្លឹក​របស់​​ឧកញ៉ា លី យ៉ុងផាត់ ដែល​អង្គុយ​នៅ​មុខ​ម៉ាត​មួយ​កន្លែង ត្រូវ​បាន​បង្ហោះ​កាល​ពី​ថ្ងៃ​ទី​២១ ខែ​មេសា ដោយ​​អ្នក​ប្រើ​ហ្វេសប៊ុក​ លោក ដួង តារា ដែល​ជា​ជំនួយ​ការ​របស់​លោក​នាយករដ្ឋ​​មន្ត្រី ហ៊ុន សែន។ ឆ្លើយ​តប​នឹង​ការ​ស្នើ​សុំ​ការ​បញ្ជី​ពី Fact Crescendo Cambodia នៅ​ថ្ងៃ​ទី​២២ ខែ​មេសា លោក ដួង តារា បាន​ប្រាប់​ថា រូបថត​ទាំង ២​សន្លឹក​របស់​ឧកញ៉ា លី យ៉ុងផាត់ ត្រូវ​បាន​​ថត និង​បញ្ជូន​ទៅ​លោក​កាល​ពី​ថ្ងៃ​ទី​២១ ខែ​មេសា។

Facebook Post | Archived Link

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញ​ថា ការ​អះ​អាង​ខាង​ថា លោក លី យ៉ុងផាត់ ស្លាប់​ទាំង​នៅ​វ័យ​ក្មេង​នោះ មិន​ត្រឹម​ត្រូវ​នោះ​ទេ។ អ្នក​នាំ​ពាក្យ​របស់​លោក លី យ៉ុងផាត់ បញ្ជាក់​ប្រាប់​ថា សមាជិក​ព្រឹទ្ធ​សភា​រូប​នេះ មាន​សុខភាព​ល្អ​ធម្មតា ហើយ​កំពុង​ស្ថិត​ក្នុង​ដំណើរ​ត្រួត​ពិនិត្យ​អាង​ស្តុក​ទឹក​នៅ​ក្នុង​ក្រុង​ខេមរ​ភូមិន្ទ នៅ​ក្នុង​ខេត្ត​កោះកុង។ លោក លី យ៉ុងផាត់ ក៏​បាន​បង្ហាញ​នៅ​លើ​កញ្ចក់​ទូរទស្សន៍ PNN ដែល​ជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្ទាល់​របស់​លោក​ផង​ដែរ​នៅ​ថ្ងៃ​ទី​២២ ខែ​មេសា​នេះ។

Avatar

Title:សមាជិក​ព្រឹទ្ធ​សភា ឧកញ៉ា លី យ៉ុងផាត់ មិន​បាន​ទទួល​មរណភាព​ដូច​​ការ​អះ​អាងទេ

Fact Check By: Jay Udom 

Result: False

Leave a Reply

Your email address will not be published.