Fact-Check: តើ​ប្រធានាធិបតី​ស៊ីរី បាហ្សារ អាល់ អាសាដ ត្រូវ​បាន​​អាមេរិក​ទម្លាក់​ពី​អំណាច​ហើយ​មែន​ទេ?

International Partly False

ប្រទេស​ស៊ីរី​បាន​ធ្លាក់​ទៅ​ក្នុង​សង្គ្រាម​ស៊ីវិល​អស់​រយៈ​ពេល​ជាង ១០​ឆ្នាំ​ហើយ ហើយ​រូបភាព​វិនាស​កម្ម​ដោយសារ​សង្គ្រាម​នៅ​ប្រទេស​មួយ​នេះ ត្រូវ​បាន​ចែក​រំលែក​លើ​បណ្ដាញ​សង្គម ដោយ​បាន​ប្រៀប​ធៀប​ស្ថានភាព​មុន និង​ក្រោយ​សង្គ្រាម​នៅ​ក្នុង​ប្រទេស​មួយ​នេះ។

ទន្ទឹម​គ្នា​នេះ ទំព័រ​ហ្វេសប៊ុក​មួយ​បាន​អះ​អាង​ថា ប្រធានាធិបតី​ស៊ីរី លោក បាហ្សា អាល់ អាសាដ ត្រូវ​បាន​កង​ទ័ព​អាមេរិក​ទម្លាក់​ចេញ​ពី​អំណាច ដែល​នាំ​ឱ្យ​ប្រទេស​មួយ​នេះ ធ្លាក់​ទៅ​ក្នុង​សភាព​ខ្ទេច​ខ្ទាំ​បែប​នេះ។

ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ រួម​ជាមួយ​ប្រតិកម្ម និង​មតិ​ចម្រុះ​បែប​ផង​ដែរ។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត រក​ឃើញ​ថា ការ​អះ​អាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

កាល​ពី​ថ្ងៃ​ទី​១៤ ខែ​សីហា ឆ្នាំ​២០២១ ទំព័រ​ហ្វេសប៊ុក​មួយ​បាន​បង្ហោះ​រូបថត​ជាច្រើន​សន្លឹក​ដែល​បង្ហាញ​ការ​ប្រៀប​ធៀប​ស្ថានភាព​ប្រទេស​ស៊ីរី​នៅ​មុន និង​ក្រោយ​សង្គ្រាមផ្ទុះ​ឡើង។

នៅ​ក្នុង​សំណេរ​របស់​ខ្លួន ទំព័រ​ហ្វេសប៊ុក​ដដែល​នេះ បាន​អះ​អាង​ថា  ប្រធានាធិបតី​ស៊ីរី លោក បាហ្សា អាល់ អាសាដ (Bashar al-Assad) ត្រូវ​បាន​កង​ទ័ព​អាមេរិក​ទម្លាក់​ចេញ​ពី​អំំណាច ដែល​នាំ​ឱ្យ​ប្រទេស​ស៊ីរី​ធ្លាក់​ទៅ​ក្នុង​ស្ថានភាព​ខ្ទេច​ខ្ទាំង​ដោយសារ​សង្គ្រាម។

ទំព័រ​ហ្វេសប៊ុក​ដដែល​នេះ អះ​អាង​ទៀត​ថា នៅមុន​សង្គ្រាម​ផ្ទុះ​ឡើង ប្រទេស​ស៊ីរី​មាន​ទំហំ​សេដ្ឋកិច្ច​រហូត​ដល់​ទៅ​ជាង ៧៤​ពាន់​លាន​ដុល្លារ ហើយ​ប្រជាជន​ប្រទេស​មួយ​នេះ មាន​ចំណូល​ជា​មធ្យម​​ជិត ៤,០០០​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។

ទំព័រ​ហ្វេសប៊ុក​​នេះ អះ​អាង​បន្ត​ថា ក្រោយពី​​ប្រធានាធិបតី​ស៊ីរី លោក អាសាដ ត្រូវ​បាន​​ទម្លាក់​ពី​អំណាច​ដោយ​កង​ទ័ព​អាមេរិក​រួច​មក សេដ្ឋកិច្ច​ប្រទេស​ស៊ីរី​មាន​ទំហំ​ត្រឹម​តែ ២៧​ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ ហើយ​ចំណូល​ប្រចាំ​ឆ្នាំ​របស់​ប្រជា​ពលរដ្ឋ​ម្នាក់ៗ បាន​ធ្លាក់​មក​នៅ​ត្រឹម​តែ ៨៧០​ដុល្លារ ដែល​ធ្វើ​ឱ្យ​ស៊ីរី​ក្លាយ​ជា​ប្រទេស​ក្រីក្រ​ជាង​គេ​នៅ​លើ​ពិភព​លោក។

ជាង​នេះ​ទៀត ទំព័រ​ហ្វេសប៊ុក​នេះ អះអាង​បន្ថែម​ថា អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក បារ៉ាក់ អូបាម៉ា បាន​បង្ហាញ​ការ​សោក​ស្ដាយ​ចំពោះ​ដែល​បណ្ដាល​ឱ្យ​ប្រទេស​ស៊ីរី​ធ្លាក់​ក្នុង​ស្ថានភាព​បែប​នេះ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​សំណេរ​របស់​ទំព័រ​ហ្វេសប៊ុក Re-IDEA ដែល​រៀបរាប់​ថា៖ «ទិដ្ឋភាព និង​ភាព​ប្រែ​ប្រួល​នៃ​ប្រទេស​ស៊ីរី កាល​ស្ថិត​ក្រោម​ការ​ដឹក​នាំ​របស់​លោក Marshal Bashar al-Assad និង​ក្រោយ​ទម្លាក់​លោក​ចេញ​ពី​ដំណែង​ដោយ​កង​ទ័ព​សហរដ្ឋ​អាមេរិក​ពី​បទ​ដឹកនាំ​ផ្ដាច់ការ។ ចំពោះ​សេដ្ឋកិច្ច​នៃ​ប្រទេស​មួយ​នេះ ក្រោម​ការ​ដឹកនាំ​របស់​លោក គឺ​ប្រទេស​មួយ​នេះ ត្រូវ​បាន​ចាត់​ទុក​ជា​ប្រទេស​រីក​ចម្រើន​ជាង​គេ​មួយ​ក្នុង​តំបន់​មជ្ឈិម​បូព៌ា ពលរដ្ឋ​របស់​លោក​រស់នៅ​ទទួល​បាន​ការ​ឧបត្ថម្ភ​ពី​រដ្ឋ ដោយ​ប្រទេស​មួយ​នេះ​ជា​ប្រទេស​ប្រេង​កាត​ផង​ដែរ។ តែ​លោក​ត្រូវ​បាន​សហរដ្ឋ​អាមេរិក​ចោទ​ថា លោក​ជា​មេដឹកនាំ​ផ្ដាច់ការ​ដែល​កាន់​អំណាច​យូរ​ឆ្នាំ»។

«បើ​និយាយ​អំពី​ទំហំ​សេដ្ឋកិច្ច​សរុប​ក្រោម​ការ​ដឹកនាំ​របស់​លោក​ជាង ៧៤​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​នៅ​ឆ្នាំ​២០១២ និង​ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ​របស់​ពលរដ្ឋ​ម្នាក់ៗ​ជា​មធ្យម​ជិត ៤​ពាន់​ដុល្លារ​(ឆ្នាំ​២០១២) ប្រសិន​គ្មាន​សង្គ្រាម​ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ជាង ៨​ពាន់ ទៅ ១​ម៉ឺន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៩។ តែ​បន្ទាប់​ពី​កង​ទ័ព​សហរដ្ឋ​អាមេរិក​ចូល​មក​រៀបចំ​របប​ប្រជាធិបតេយ្យ និង​ទម្លាក់​លោក​ចុះ​ចេញ​ពី​ដំណែង បច្ចុប្បន្ន​សេដ្ឋកិច្ច​សរុប​នៃ​ប្រទេស​មួយ​នេះ ធ្លាក់​មក​ត្រឹម​តែ ២៧​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​តែ​ប៉ុណ្ណោះ ហើយ​ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ​របស់​ពលរដ្ឋ​ម្នាក់ៗ​ត្រឹម​តែ ៨៧០​ដុល្លារ ដែល​ធ្លាក់​ខ្លួន​ជា​ប្រទេស​ក្រី​ក្រ​ជាង​គេ​ក្នុង​ពិភព​លោក​មួយ​ផង​ដែរ ដោយ​នៅ​ឆ្នាំ​២០២២ ត្រូវ​បាន​រំពឹង​ថា​នឹង​បន្ត​ធ្លាក់​ដល់​ជាង ៧០០​ដុល្លារ»។

«អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក បារ៉ាក់ អូបាម៉ា ក៏​ធ្លាប់​បាន​ថ្លែង​អំពី​ភាព​សោក​ស្ដាយ​របស់​សហរដ្ឋ​អាមេរិក​ដែល​បាន​បណ្ដាល​ឱ្យ​ប្រទេស​ស៊ីរី​ធ្លាក់​ខ្លួន​បែប​នេះ។ លោក អូបាម៉ា ក៏​ទទួល​ស្គាល់​ថា វា​ជា​កំហុស​សហ​រដ្ឋ​អាមេរិក»។

«បច្ចុប្បន្ន ប្រទេស​ស៊ីរី​ត្រូវ​បាន​គេ​មើល​រំលង មិន​បាន​លើក​យក​បញ្ហា​ស៊ីរី​មក​ដោះ​ស្រាយ​ទៀត​ដែរ ខណៈ​ពេល​បច្ចុប្បន្ន អន្តរជាតិ​កំពុង​ផ្ដោត​លើ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង»។

Facebook Post | Archived

ការ​អះ​អាង​ខាង​លើ​​នេះ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក រួមជាមួយ​ការ​បញ្ចេញ​មតិជាច្រើន​ផង​ដែរ។

ក្នុង​ចំណោម​នោះ ទំព័រ​ហ្វេសប៊ុក​ AMS One-Minute ដែល​ជា​ផ្នែក​មួយ​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្រុមហ៊ុន Apsara Media Services (AMS) ក៏​បាន​ចែក​រំលែក​នូវ​ការ​អះ​អាង​នេះ​ផង​ដែរ ដោយ​បាន​សរសេរ​បន្ថែម​ថា «ភាព​ប្រែ​ប្រួល​នៃ​ប្រទេស​ស៊ីរី» បន្ទាប់​ពី​ការ​ទម្លាក់​លោក អាសាដ ពី​ដំណែង។

AMS One-Minute Post | Archived

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​ទៅ​លើ​ការ​អះ​អាង​ខាង​លើ​​នេះ​តាម​រយៈ​ការ​ពិនិត្យ​មើល​ព័ត៌មាន​ផ្សព្វផ្សាយ​ដោយ​សារព័ត៌មាន​អន្តរជាតិ​ធំៗ ដែល​រាយការណ៍​អំពី​ដំណើរ​វិវត្តន៍​នៃ​ស្ថានភាព​សង្គ្រាម​នៅ​ក្នុង​ប្រទេស​ស៊ីរី។

បើ​តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន​ Al Jazeera កាល​ពី​ឆ្នាំ​២០២១៨ ស៊ីរី​ ដែល​​ជា​ប្រទេស​ដ៏​ធំ​មួយ​នៅ​តំបន់​អារ៉ាប់​​នោះ បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ភ្នក់​ភ្លើង​សង្គ្រាមស៊ីវិល​កាល​ពី​ខែ​មីនា ​ឆ្នាំ​២០១១ បន្ទាប់​ពី​ជោគ​ជ័យ​នៃ​បដិវត្តន៍​ពណ៌​​នៅ​តាម​បណ្ដា​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​ដូចជា ប្រទេស​ទុយនេស៊ី និង​អេហ្ស៊ីប​ ជាដើម។

ទាំង​សារព័ត៌មាន Al Jazeera និង​សារព័ត៌មាន CNN បាន​ផ្សាយ​ថា នៅ​ក្នុង​ខែ​មីនា ឆ្នាំ​២០១១ ការ​តវ៉ា​នានា​បាន​ផ្ទុះ​ឡើង​នៅ​ក្នុង​ប្រទេស​ស៊ីរី បន្ទាប់​ពី​ក្មេង​ប្រុស​ម្នាក់​អាយុ ១៣​ឆ្នាំ បាន​ស្លាប់ ក្រោយ​ពី​រង​ទណ្ឌកម្ម​ដ៏​ឃោឃៅ។

កុមារា​អាយុ ១៣​ឆ្នាំ​នោះ គឺ​ស្ថិត​នៅ​ក្នុង​ចំណោម​​កុមារា ១៥​នាក់ ដែល​ត្រូវ​បាន​របប​លោក អាសាដ ចាប់​ខ្លួន ហើយ​ធ្វើ​ទារុណកម្ម​ទៅ​លើ​ពួកគេ ដែល​បាន​សរសេរ​​អក្សរ​នៅ​លើ​ជញ្ជាំង​ថ្ម ដែល​បង្ហាញ​ការ​គាំ​ទ្រ​បដិវត្តន៍​ពណ៌​នៅ​តំបន់​អារ៉ាប់។

សារព័ត៌មាន CNN និង Al Jazeera បាន​ចុះ​ផ្សាយ​ថា សង្គ្រាម​ស៊ីវិល​នៅ​ស៊ីរី បាន​ចាប់​ផ្ដើម​ផ្ទុះ​ចេញ​ពី​ការ​តវ៉ា​អហិស្សា​នានា​ដែល​បាន​ផ្ទុះ​ឡើង​នៅ​ក្នុង​ខែ​មីនា​ក្នុង​ឆ្នាំ​នោះ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក បាហ្សារ អាល់ ាសាដ បន្ទាប់​ពី​ការ​ស្លាប់​កុមារា​ម្នាក់​ក្នុង​ចំណោម​កុមារា​ទាំង ១៥​នាក់ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​យក​ទៅ​ធ្វើ​ទារុណកម្ម។

តើ​ប្រធានាធិបតី​ស៊ីរី លោក បាហ្សារ អាល់ អាសាដ ត្រូវ​បាន​កង​ទ័ព​អាមេរិក​ទម្លាក់​ចេញ​ពី​អំណាច​ហើយ​ឬនៅ?

គិត​មក​ដល់​ខែ​សីហា ឆ្នាំ​២០២១​នេះ សង្គ្រាម​ស៊ីវិល​ក្នុង​ប្រទេស​ស៊ីរី បាន​អូស​បន្លាយ​ពេល​ជាង ១០​ឆ្នាំ​មក​ហើយ ប៉ុន្តែ ប្រធានាធិបតី​ស៊ីរី លោក បាហ្សារ អាល់ អាសាដ នៅ​តែ​ស្ថិត​ក្នុង​អំណាច​ដដែល។

ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Al Jazeera បាន​ឱ្យ​ដឹង​ថា លោក អាសាដ អាយុ ៥៥​ឆ្នាំ ទើប​តែ​​ស្បថ​ចូល​កាន់​ដំណែង​ជា​ប្រធានាធិបតី​ស៊ីរី​សម្រាប់​អាណត្តិ​ទី​៤​កាល​ពី​ពាក់​កណ្ដាល​ខែ​កក្កដា​កន្លង​មក​ថ្មីៗ​នេះ បន្ទាប់​ពី​លោក​បាន​ឈ្នះ​ការ​បោះ​ឆ្នោត​​ដ៏​ចម្រូងចម្រាស់​មួយ​កាល​ពី​ខែ​ឧសភា​កន្លង​មក​ជាមួយ​សន្លឹក​ឆ្នោត​គាំ​ទ្រ​រហូត​ដល់ ៩៥​ភាគរយ។

Al Jazeera’s report | Archived

តើ​កង​ទ័ព​សហរដ្ឋ​អាមេរិក​​ចូល​ពាក់​ព័ន្ធ​នៅ​ក្នុង​វិបត្តិ​ស៊ីរី​កម្រិត​ណា?

បន្ទាប់​ពី​ធ្លាក់​ទៅ​ក្នុង​សង្គ្រាម​ដែល​សម្លាប់​ជន​ស៊ីវិល​ជាច្រើន​មក មហា​អំណាច​ពិភព​លោក មិន​បាន​បញ្ចេញ​សកម្មភាព​ខាង​យោធា​ចូល​អន្តរាគមន៍​វិបត្តិ​នៅ​ស៊ីរី​នោះ​ឡើយ​។

រហូត​ដល់​ខែ​មេសា ឆ្នាំ​២០១៧ ទើប​សហរដ្ឋ​អាមេរិក បាន​បើក​ប្រតិបត្តិការ​យោធា​ដោយ​ផ្ទាល់​ជាលើក​ដំបូង​ប្រឆាំង​នឹង​កង​កម្លាំង​របស់​លោក អាសាដ តាម​រយៈ​ការ​បាញ់​គ្រាប់​មីស៊ីល​ដាក់​មូលដ្ឋាន​កង​ទ័ព​អាកាស​ស៊ីរី។

មួយ​ឆ្នាំ​មក​បន្ទាប់​ទៀត សហរដ្ឋ​អាមេរិក​បាន​វាយ​ប្រហារ​រួម​គ្នា​ជាមួយ​បារាំង និង​អង់គ្លេស ទៅ​លើ​ទីតាំង​អាវុធ​គីមី​របស់​ប្រទេស​ស៊ីរី។

Al Jazeera’s report | Archived

សារព័ត៌មាន Al Jazeera​ បាន​បង្ហាញ​ថា សហរដ្ឋ​អាមេរិក បាន​វាយ​ប្រហារ​ទៅ​លើ​កង​ទ័ព​របប​លោក អាសាដ បន្ទាប់​ពី​មាន​ការ​ប្រើ​ប្រាស់​អាវុធ​គីមី​វាយ​ប្រហារ​ទៅ​លើ​ជន​ស៊ីវិល។

សារព័ត៌មាន BBC របស់​អង់គ្លេស បាន​ចុះ​ផ្សាយ​ថា របប​លោក អាសាដ បាន​ប្រើ​ប្រាស់​អាវុធ​គីមី​រហូត​ដល់​ជិត ១០០​​លើក​នៅ​ចន្លោះ​ឆ្នាំ​២០១៤ រហូត​ដល់​ឆ្នាំ២០១៨ ដើម្បី​ធានា​ជ័យ​ជម្នះ​សម្រាប់​ការ​គ្រប់​គ្រង​របស់​លោក។

BBC’s report | Archived

តើ​អតីត​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា ធ្លាប់​បង្ហាញ​ការ​សោក​ស្ដាយ​ចំពោះ​វិបត្តិ​នៅ​ស៊ីរី​ដែរ​ឬទេ?

វិបត្តិ​នៅ​ប្រទេស​ស៊ីរី បាន​កើត​ឡើង​នៅ​ពេល​លោក បារ៉ាក់ អូបាម៉ា កំពុង​ដឹក​នាំ​សហរដ្ឋ​អាមេរិក និង​អូស​បន្លាយ​រហូត​ដល់​អាណត្តិ​របស់​លោក​ត្រូវ​ផុត​នៅ​ត្រឹម​ដើម​ឆ្នាំ​២០១៧​កន្លង​មក។

បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters អតីត​ប្រធានាធិបតី​អាមេរិក លោក បារ៉ាក់ អូបាម៉ា បាន​​បង្ហាញ​ការ​សោក​ស្ដាយ​ចំពោះ​វិបត្តិ​នៅ​ប្រទេស​ស៊ីរី។

ប៉ុន្តែ លោក អូបាម៉ា បញ្ជាក់​បែប​នេះ បន្ទាប់​ពី​មាន​ការ​ចោទ​សួរ​ថា តើ​លោក​សោក​ស្ដាយ​ដែរ​ឬទេ​ដែល​មិន​បាន​ដាក់​ពង្រាយ​កង​ទ័ព​អាមេរិក​ប្រទេស​ស៊ីរី ជា​ទីដែល​សង្ក្រាម​ស៊ីវិល​រយៈ​ពេល ៣​ឆ្នាំ បាន​សម្លាប់​មនុស្ស​ជាង ១៤​ម៉ឺន​នាក់ និង​បណ្ដាល​ឱ្យ​មនុស្ស​រាប់​លាន​នាក់​រត់​ភៀស​ខ្លួន​នោះ។

ប្រធានាធិបតី​អាមេរិក​រូប​នេះ បាន​លើក​ឡើង​ថា លោក​សម្រេច​មិន​ដាក់​ពង្រាយ​កង​ទ័ព​ចូល​ទៅ​ប្រទេស​ស៊ីរី ដោយសារ​តែ​កង​ទ័ព​អាមេរិក​កំពុង​​​ចូល​រួម​ក្នុង​សង្គ្រាម​នៅ​ប្រទេស​អ៊ីរ៉ាក់ និង​អាហ្វហ្កានីស្ថាន។

Reuters’s report | Archived

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញ​ថា ការ​អះ​អាង​ដូច​បាន​រៀបរាប់​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​ទាំង​ស្រុង​នោះ​ឡើយ។ ប្រធានាធិបតី​ស៊ីរី លោក បាហ្សារ អាល់ អាសាដ មិន​ត្រូវ​បាន​កង​ទ័ព​អាមេរិក​ទម្លាក់​ចេញ​ពី​អំណាច​នោះ​ឡើយ។ លោក អាសាដ ទើប​ស្បថ​ចូលកាន់​តំណែង​​សម្រាប់​អាណត្តិ​ទី​៤​របស់​លោក​កាល​ពី​ពាក់​កណ្ដាល​ខែ​កក្កដា​កន្លង​មក​នេះ បន្ទាប់​ពី​ឈ្នះ​ការ​បោះ​ឆ្នោត​ដ៏​ចម្រង​ចម្រាស់​កាល​ពី​ខែ​ឧសភា។

Avatar

Title:តើ​ប្រធានាធិបតី​ស៊ីរី បាហ្សារ អាល់ អាសាដ ត្រូវ​បាន​​អាមេរិក​ទម្លាក់​ពី​អំណាច​ហើយ​មែន​ទេ?

Fact Check By: Jay Udom 

Result: Partly False

Leave a Reply

Your email address will not be published.