Fact-Check: តើ​ក្រុម​តាលីបង់​ព្យួរ​ក​បុរស​ម្នាក់​នឹង​ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង​មែន​ឬទេ?

False International

ក្រុម​សកម្ម​ប្រយុទ្ធ​តាលីបង់ បាន​ចូល​កាន់​អំណាច​ទាំងស្រុង​លើ​ប្រទេស​អាហ្វហ្កានីស្ថាន​នា​កាល​ពី​ពាក់​កណ្ដាល​ខែ​សីហា​កន្លង​មក​នេះ បន្ទាប់​ពី​កង​ទ័ព​អាមេរិក​សម្រេច​ដក​ចេញ​ពី​ប្រទេស​នេះ ក្រោយ​​ធ្វើ​សង្គ្រាម​ប្រឆាំង​ភេរវកម្ម​អស់​រយៈ​ពេល ២០​ឆ្នាំ​មក​នោះ។ ក្រោយ​ពី​ពួកគេ​ឡើង​គ្រប់​គ្រង​ប្រទេស​អាហ្វហ្កានីស្ថាន​មក រូបថត វីដេអូ និង​ព័ត៌មាន​ជាច្រើន បាន​លើក​ឡើង​អំពី​អំពើ​ហិង្សា​ដែល​ក្រុម​នេះ​ចាប់​ផ្ដើម​អនុវត្ត​ទៅ​លើ​ប្រជាជន​មួយ​ចំនួន ដែល​ជា​អ្នក​ធ្លាប់​បម្រើ​ការ​ជាមួយ​កង​ទ័ព​អាមេរិក។

ក្នុង​ចំណោម​នោះ រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​បុរស​ម្នាក់​ត្រូវ​បាន​ព្យួរ​នឹង​ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង​នោះ ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជាមួយ​ការ​អះ​អាង​ថា បុរស​ម្នាក់​នោះ ត្រូវ​បាន​ពួក​តាលីបង់​ព្យួរ​ក​នឹង​ឧទ្ធម្ភាគចក្រ​នោះ។ រូបថត​ជាមួយ​នឹង​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស​បណ្ដាញ​សង្គម​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ រួម​ជាមួយ​ការ​បញ្ចេញ​មតិ​ថ្កោល​ទោស​ទៅ​លើ​ទង្វើ​របស់​ពួក​តាលីបង់​ផង​ដែរ។

ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ក្រុម​ការងារ Fact Crescendo បាន​រក​ឃើញ​ថា ការអះ​អាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ ហើយ​ធ្វើ​ឱ្យ​យល់​ច្រឡំ​ផង​ដែរ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

កាល​ពី​ថ្ងៃ​ទី​០៣ ខែ​កញ្ញា​កន្លង​មក​ថ្មីៗ​នេះ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់ បាន​បង្ហោះ​រូបថត​ពីរ​សន្លឹក​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដែល​រូបថត​មួយ​សន្លឹក​ក្នុង​ចំណោម​នោះ បង្ហាញ​ឧទ្ធម្ភាគចក្រ​យោធា​មួយ​គ្រឿង​ ហោះ​ហើរ​ដោយ​មាន​អ្វី​មួយ​មាន​រូបរាង​ដូច​មនុស្ស​យោង​នៅ​ខាង​ក្រោម។

អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ដដែល​នេះ អះ​អាង​ថា ពួក​តាលីបង់​(Taliban)​ដែល​ទើប​តែ​ដណ្ដើម​កាន់​កាប់​ប្រទេស​អាហ្វហ្កនីស្ថាន​កាល​ពី​ពាក់​កណ្ដាល​ខែ​សីហា​កន្លង​មក​នេះ បាន​ចង​ក​បុរស​ម្នាក់​ទៅ​នឹង​ឧទ្ធម្ភាគចក្រ​នោះ ដើម្បី​បង្អួត​មហាជន។

រូបថត​ជាមួយ​នឹង​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ ហើយ​ក្នុង​នោះ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​មួយ​ចំនួន បាន​បញ្ចេញ​មតិ​ដោយ​ជឿ​ជាក់​ថា ពួក​តាលីបង់​បាន​សម្លាប់​មនុស្ស​បែប​នេះ​មែន។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​នោះ ដែល​រៀបរាប់​ថា «ពលរដ្ឋ​អាហ្វហ្កានីស្ថាន​កំពុង​ប្រឈម​ការ​ភ័យ​ខ្លាច។ សហរដ្ឋ​អាមេរិក​ដក​ទ័ព​មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង ស្រាប់​តែ​មាន​យន្ត​ហោះ​ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង ដែល​ជា​យន្ត​ហោះ​របស់​សហរដ្ឋ​អាមេរិក​បន្សល់​ទុក ហោះ​ចង​ព្យួរ​បុរស​ម្នាក់​បង្អួត​សាធារណជន។ Aljazeera និយាយ​ថា ជា​ការ​សម្លាប់​មនុស្ស​ដែល​គាំ​ទ្រ​របប​អាហ្វហ្កានីស្ថាន និង​សហរដ្ឋ​អាមេរិក រួមនឹង​ការ​តាម​សម្លាប់​មនុស្ស​ដល់​គេហដ្ឋាន​គ្រប់​ខេត្ត​ក្រុង​ដទៃ​ទៀត​ចំពោះ​អ្នក​មាន​ឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​របស់​គេ(Taliban)»។

Facebook Post | Archived Link

អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដដែល​នេះ ក៏​បាន​ចែក​រំលែក​ផង​ដែរ​នូវ​ប៉ុស្តិ៍​របស់​ខ្លួន​នៅ​ក្នុង​ក្រុម​បណ្ដាញ​សង្គម​​«ជំរំ​ព្រះ​អាទិត្យ»​ ដែល​មាន​​គណនី​បណ្ដាញ​សង្គម​ដល់​ទៅ​ជាង ១៣​ម៉ឺន​ជា​សមាជិក។

Facebook Post | Archived Link

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ទទួល​អត្ថបទ​ពី​ក្រុម​ការងារ Fact Crescendo ប្រចាំ​នៅ​ប្រទេស​ឥណ្ឌា ដែល​បាន​ផ្ទៀង​ផ្ទាត់​ទៅ​លើ​រូបថត និង​វីដេអូ​នេះ​រួច​មក​ហើយ​កាល​ពី​ចុង​ខែ​សីហា​កន្លង​មក​ថ្មីៗ​នេះ។

នៅ​ក្នុង​អត្ថបទ​របស់​ខ្លួន ក្រុម​ការងារ​ត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo បានរក​ឃើញ​ថា រូបថត​នេះ​ គឺ​ជា​ផ្នែក​មួយ​នៃ​វីដេអូ​ដែល​​ត្រូវ​បាន​សារព័ត៌មាន Vice រាយការណ៍​កាល​ពី​ថ្ងៃ​ទី​៣១ ខែ​សីហា​កន្លង​មក​នេះ។

បើ​តាម​សេចក្ដី​រាយការណ៍​របស់ Vice វីដេអូ​មួយ​នេះ ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម Twitter ដោយ​គណនី​ Twitter មួយ​ឈ្មោះ​ថា Talib Times កាល​ពី​ថ្ងៃ​ទី​៣០ ខែ​សីហា​កន្លងម​ក​នេះ។ គណនី​ Twitter មួយ​នេះ​បាន​សរសេរ​រៀបរាប់​ជា​ភាសា​អង់គ្លេស​ដូច​ខាង​ក្រោម៖

«កង​ទ័ព​របស់​យើង! នៅ​ពេល​នេះ ឧទ្ធម្ភាគចក្រ​របស់​កង​ទ័ព​អាកាស​អ៊ីស្លាម​អេម៉ៃរ៉េត កំពុង​ហោះ​ហើរ​លើ​ទីក្រុង​ Kandahar និង​កំពុង​ល្បាត​លើ​ទីក្រុង​នេះ»។

ខាង​ក្រោម​នេះ គឺ​ជារូបភាព​ផ្ដាម​ចេញ​ពី​សំណេរ​ទាំង​ស្រុង​របស់​គណនី Twitter ឈ្មោះ Talib Times ហើយ​ភ្ជាប់​មក​ជាមួយ​តំណ​ភ្ជាប់​ផង​ដែរ។

Archived Link

ក្រុម​ការងារ Fact Crescendo នៅ​ក្នុង​ប្រទេស​ឥណ្ឌា បាន​រក​ឃើញ​ថា នៅ​ក្នុង​វីដេអូ​នេះ គេ​អាច​មើល​ឃើញ​ឈ្មោះ​សរសេរ​ជា​​អក្សរ​អ៊ីរ៉ង់ ដែល​បក​ប្រែ​បាន​ថា វិទ្យុ Tabassum។

នៅ​ពេល​ក្រុម​ការងារ Fact Crescendo ស្វែង​រក​​ពាក្យ «វិទ្យុ​ Tabassum» គេ​ក៏​បាន​រក​ឃើញ​ថា វា​គឺ​ជា​ស្ថានីយ៍​វិទ្យុ​ប្រចាំ​តំបន់​មួយ​ស្ថិត​នៅ​ខេត្ត​ Kandahar។

ក្រុម​ការងារ Fact Crescendo នៅ​ប្រទេស​ឥណ្ឌា ក៏​បាន​ទំនាក់​ទំនង​ទៅ​លោក Sadiqullah Afghan ដែល​ជា​ប្រធាន​ស្ថានីយ៍​វិទ្យុ​​នោះ។

លោក Afghan បាន​ប្រាប់ Fact Crescendo ថា៖ «ខ្ញុំ​បាន​ថត​វីដេអូ​នោះ​តាម​ទូរស័ព្ទ​ដៃ​របស់​ខ្ញុំ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ​នៅ​ជិត​អគារ​រដ្ឋាភិបាល​ខេត្ត​ Kandahar។ យើង​ឃើញ​បុរស​ម្នាក់​​ចង​ភ្ជាប់​ខ្លួន​នឹង​ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង ហើយ​យើង​ភ្ញាក់​ផ្អើល​ណាស់។ ក្រោយ​មក យើង​បាន​ដឹង​ថា វា​គឺ​ជា​កង​ទ័ព​តាលីបង់​ដែល​ព្យាយាម​​បង្ហាញ​ទង់​តាលីបង់​​នៅ​លើ​ទង​ដ៏​ខ្ពស់​​មួយ​ស្ថិត​នៅ​ក្នុង​បរិវេណ​នៃ​អគារ​នោះ។ នោះ​មិន​មែន​ជា​ជន​ស្លូត​ត្រង់​ដែល​ត្រូវ​បាន​ពួក​តាលីបង់​ព្យួរ​ក​សម្លាប់​នោះ​ទេ​។ អ្វី​ដែល​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម​នោះ មិន​មែន​ជា​ការ​ពិត​ទេ»។

លោក Afghan ក៏​បាន​ចែក​រំលែក​តំណ​ភ្ជាប់​នៃ​វីដេអូ​ដែល​លោក​បាន​ផុស​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​សីហា​ផង​ដែរ ហើយ​ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​សំណេរ​របស់​លោក។

Afghan’s Tweet | Archived Link

ក្រុម​ការងារ​ត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo បាន​រក​ឃើញ​​វីដេអូ​ផ្សេង​ទៀត​​បង្ហាញ​ហេតុការណ៍​តែ​មួយ ដែល​ត្រូវ​បាន​បង្ហោះ​ដោយ​ក្រុម​អ្នក​សារព័ត៌មាន និង​ពលរដ្ឋ​នៅ​ខេត្ត Kandahar ដែល​វីដេអូ​ទាំង​នោះ បង្ហាញ​ជ្រុង​ផ្សេងៗ​គ្នា​នៃ​ហេតុការណ៍​នោះ។

វីដេអូ​ខាង​ក្រោម​នេះ ត្រូវ​បាន​បង្ហោះ​ដោយ​អ្នកសារព័ត៌មាន​អាហ្វហ្កានីស្ថាន​ម្នាក់ លោក Arghand Abdulmanan ដែល​បង្ហាញ​បុរស​ម្នាក់​​តោង​ខ្សែ​ភ្ជាប់​នឹង​ឧទ្ធម្ភាគចក្រ​នោះ។ លោក Arghand បាន​រៀបរាប់​ថា «បុរសម្នាក់​ជា​ទាហាន​ព្យាយាម​​បង្ហោះ​ទង់​​នៅ​កំពូល​ដង​ទង​ដ៏​ខ្ពស់​​នោះ ប៉ុន្តែ ធ្វើ​មិន​បាន​សម្រេច​ទេ»។

Video link

វីដេអូ​មួយ​ទៀត បង្ហាញ​បុរស​ម្នាក់​​ចង​ខ្លួន​នឹង​ឧទ្ធម្ភាគចក្រ​ដែល​ហោះ​ហើរ​លើ​ដង​ទង​ដ៏​វែង​នោះ ប៉ុន្តែ មិន​អាច​តោង​ចាប់​កំពូល​ដង​ទង​បាន។ វីដេអូ​នេះ ត្រូវ​បាន​បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ឈ្មោះ​ថា Khan Mohammad Ayan ហើយ​ខាង​ក្រោម​នេះ គឺ​ជា​តំណ​ភ្ជាប់​នៃ​វីដេអូ​នោះ។

Video link

នៅ​ថ្ងៃ​ទី​៣១ ខែ​សីហា លោក Bilal Sarwary អ្នកសារព័ត៌មាន​មក​ពី​អាហ្វហ្កានីស្ថាន បាន​បង្ហោះ​នៅ​លើ​គណនី Twitter របស់​លោក ដែល​បញ្ជាក់​ថា លោក​បាន​​និយាយ​ជាមួយ​អ្នក​បើក​បរ​ឧទ្ធម្ភាគចក្រ​នោះ ហើយ​គាត់​បាន​បញ្ជាក់​ថា បុរស​ម្នាក់​ដែល​គេ​មើល​ឃើញ​នៅ​ក្នុង​វីដេអូ​នោះ ការពិត​គឺ​ជា​ទាហាន​តាលីបង់​ម្នាក់​ដែល​ព្យាយាម​បំពាក់​ទង​ជាតិ​នៅ​លើ​បង្គោល​ដ៏​វែង​មួយ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​​ប៉ុស្តិ៍​របស់​លោក Bilal Sarwary នៅ​លើ​គណនី​ Twitter របស់​លោក​កាល​ពី​ថ្ងៃ​ទី​៣១ ខែ​សីហា។

Bilal Sarwary’s Tweet | Archived Link

សន្និដ្ឋាន

Fact Crescendo Cambodia​ រក​ឃើញ​ថា ការ​អះ​អាង​​ដូច​ដែល​បាន​រៀប​រាប់​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ បុរស​នៅ​ក្នុង​រូបថត​មួយ​សន្លឹក​នេះ មិន​មែន​ជា​ការ​ព្យួរ​ក​បុរស​ម្នាក់​ពី​សំណាក់​កង​កម្លាំង​តាលីបង់​នោះ​ឡើយ។ បុរស​នៅ​ក្នុង​រូបថត​នេះ គឺ​ជា​សមាជិក​សកម្ម​ប្រយុទ្ធ​របស់​ក្រុម​តាលីបង់ ដែល​បាន​ចង​ភ្ជាប់​ខ្លួន​នឹង​ខ្សែ​មួយ​ជាមួយ​នឹង​ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង ដើម្បី​យក​ទង់​ក្រុម​តាលីបង់​ទៅ​បំពាក់​នៅ​លើ​ចុង​ដង​ទង់​ជាតិ។

Avatar

Title:តើ​ក្រុម​តាលីបង់​ព្យួរ​ក​បុរស​ម្នាក់​នឹង​ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង​មែន​ឬទេ?

Fact Check By: Jay Udom 

Result: False

Leave a Reply

Your email address will not be published.