បន្ទាប់​ពី​មេ​ពន្ធដារ​កម្ពុជា​អះអាង​ថា អត្រា​ពន្ធ​លើ​ចំណេញ​មូលធន​នៅ​កម្ពុជា​មាន​កម្រិត​ទាប​ជាង​បារាំង និង​អូស្ត្រាលី មតិ​មួយ​បាន​លើ​ឡើង​ថា ការ​អះអាង​របស់​មេ​ពន្ធដារ​កម្ពុជា​មិន​ត្រឹម​ត្រូវ​នោះ​ទេ។ មតិ​ទាំង​ពីរ​នេះ ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម ដែល​នាំ​ឱ្យ​យើង​ត្រួត​ពិនិត្យ​ទៅ​លើ​បញ្ហា​នេះ។ ខាង​ក្រោម​នេះ គឺ​ជា​អ្វី​ដែល​យើង​បាន​រក​ឃើញ​ពាក់​ព័ន្ធ​នឹង​អត្រា​ពន្ធ​លើ​ចំណេញ​មូលធន​រវាង​កម្ពុជា បារាំង និង​អូស្ត្រាលី។

អគ្គនាយក​​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​កម្ពុជា លោក គង់ វិបុល បាន​អះអាង​ថា អត្រា​ពន្ធ​លើ​ចំណេញ​មូលធន (Capital Gain Tax)​ដែល​កម្ពុជាគ្រោង​ចាប់​ផ្ដើម​អនុវត្ត​នៅ​ដើម​ឆ្នាំ​ក្រោយ​នេះ មាន​កម្រិត​ទាប​ជាង​អត្រា​ពន្ធ​លើ​ចំណេញ​មូលធន ដែល​អនុវត្ត​នៅ​ប្រទេស​អូស្ត្រាលី និង​បារាំង។

មេ​ពន្ធដារ​កម្ពុជា​រូប​នេះ បានអះអាង​បែប​នេះ​នៅ​ក្នុង​វីដេអូ​មួយ​ដែល​ផ្សព្វផ្សាយ​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០២៣ ដោយ​សារព័ត៌មាន Fresh News ដែល​ត្រូវ​បាន​គេ​ដឹង​ថា​ជា​សារព័ត៌មាន​គាំ​ទ្រ​រដ្ឋាភិបាល និង​បក្សកាន់​អំណាច។

ខាង​ក្រោម​នេះ គឺជា​ការរូបភាព​ផ្ដាម​ចេញ​ពី​ការ​ផ្សព្វផ្សាយ​របស់​សារព័ត៌មាន Fresh News កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ដោយ​បាន​ដក​ស្រង់​សម្ដី​លោក គង់ វិបុល ដែល​និយាយ​ថា «បើ​លោក​អ្នក​លក់​អចលន​ទ្រព្យ​ទៅ​ខាត ឬ​រួច​ខ្លួន មិន​ជាប់​ពន្ធ​ចំណេញ​មូលធន​នេះ​នោះ​ទេ។ ពន្ធ​នេះ​គេ​យក​តែ​ចំណេញ​ទេ ហើយ​ចំណេញ​ទៀត​សោត គឺ​យើង​ខ្ញុំ​ចាប់​ផ្ដើម​ដំបូង​ឡើយ ក៏​មិន​ទៅ​យក​ពន្ធ​ដូច​បារាំង ដូច​អូស្ត្រាលី​ពី ៤០% ទៅ ៥០%​ទេ។ យើង​ខ្ញុំ​យក​តែ ២០%​នៃ​ចំនួន បន្ទាប់​ពី​បាន​កាត់​កង​ដែល​រដ្ឋ​អនុញ្ញាត​ឱ្យ​កាត់​កង ៨០%​ហើយ។ អ៊ីចឹង បើ​គិត​ទៅ​វា​ស្មើ​នឹង ៤%។ ខ្ញុំ​ជឿ​ជាក់​ថា នៅ​ក្នុង​ការ​អនុវត្ត​នេះ គឺ​អត់​មាន​ប៉ះពាល់​អី​ទេ។ បើ​ចំណេញ​បង់​ទៅ បើ​ខាត អត់​បង់​ទេ»។

Fresh News | Archived Link

អត្ថបទ​នេះ​ក៏ត្រូវ​បាន​ចែក​រំលែក​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​សារព័ត៌មាន​មួយ​នេះផងដែរ ដែល​នាំ​ឱ្យ​មាន​ការ​ចែក​រំលែកប​ន្ត​ជាច្រើន​ដង និង​មាន​ការ​បញ្ចេញ​មតិ​យោបល់​ពី​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយា​ភាសា​ខ្មែរ​ផង​ដែរ។

ខាង​ក្រោមនេះ គឺ​ជា​ខ្លឹមសារ​ទាំង​ស្រុង​នៃ​អត្ថបទ​ព័ត៌មាន​របស់ Fresh News ដែល​បាន​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០២៣។

Facebook Post | Archived Link

ការអះអាង​របស់​គង់ វិបុល ក៏​ត្រូវ​បាន​សារព័ត៌មាន​ថ្មីៗ​ចុះ​ផ្សាយ​ផង​ដែរ​កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន។ ខាង​ក្រោម​នេះ គឺ​ជា​ខ្លឹមសារ​ទាំង​ស្រុង​នៃ​ការ​បកស្រាយ​របស់​មេ​ពន្ធដារ​កម្ពុជា ដែល​លើក​ឡើង​ថា អត្រា​ពន្ធ​ចំណេញ​មូលធន​នៅ​កម្ពុជា​ទាប​ជាង​អត្រា​យក​ពន្ធ​នេះ​នៅ​បារាំង និង​អូស្ត្រាលី។

ព័ត៌មាន​ដដែល​នេះ ក៏​ត្រូវ​បាន​ទំព័រហ្វេសប៊ុកឈ្មោះ Angkor Fresh ចម្លង​ពី​សារព័ត៌មាន Fresh News យក​​ទៅ​បង្ហោះបន្ត​នៅ​លើ​ទំព័រ​បណ្ដាញ​សង្គម​របស់​ខ្លួន​ផង​ដែរ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​របស់​ទំព័រ​ហ្វេសប៊ុក Angkor Fresh កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កញ្ញា ឆ្នាំ​២០២៣ ដែល​បាន​ចម្លង​ចេញ​ពី​សារព័ត៌មាន Fresh News។

Facebook Post | Archived Link

បន្ទាប់មក អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម បាន​បញ្ជាក់​ថា ការ​លើក​ឡើង​របស់​មេ​ពន្ធដារ​កម្ពុជា​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ ហើយ​ថា ប្រទេស​បារាំង​បាន​កំណត់​ការ​យក​ពន្ធ​លើ​ចំណេញ​មូលធន​ត្រឹម​តែ ១៩​ភាគរយ​ប៉ុណ្ណោះ។

ខាងក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ពី​សំណេរ​នៅ​លើ​បណ្ដាញ​សង្គម​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​កាល​ថ្ងៃ​ទី​២០ ខែ​កញ្ញា ឆ្នាំ​២០២៣ ដែល​រៀបរាប់​ថា «ការ​ដែល​មេ​ពន្ធដារ​ខ្មែរ​លើក​ឡើង​ថា ប្រទេស​បារាំង និង​អាមេរិក យក​ពន្ធ​លើ​ចំណេញ​មូលធន (Capital Gain Tax)​ចំនួន ៤០% និង ៥០% គឺ​ខុស​ទាំង​ស្រុង។ ប្រទេស​បារាំង​យក​ពន្ធ​ចំណេញ​មូលធន​តែ ១៩​ភាគរយ​ទេ ហើយ​ប្រទេស​អាមេរិកអត្រា​ពន្ធ​លើ​ចំណេញ​មូលធន​មាន ០%, ១៥%, និង ២០% ទៅ​តាម​កម្រិត​ចំណូល​មនុស្ស​ម្នាក់ៗ និង​តាម​ប្រភេទ​ចំណេញ​មូលធន​ជា​រយៈ​ពេល​វែង ឬ​ខ្លី។ រីឯ​រដ្ឋ​ខ្មែរ យក​ពន្ធ​លើ​ចំណេញ​មូលធន​ជា​អត្រា​ថេរ ២០% ប្រៀប​ធៀប​នឹង​ប្រទេស​អ្នក​មាន​ទាំង​ពីរ​នេះ គឺ​មាន​អត្រា​ពន្ធ​ច្រើន​ជាង […]»។

Facebook Post | Archived Link

ការអះអាង​របស់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​នេះ ទទួល​បាន​ការ​ចែក​រំលែក​បន្ត​ជាច្រើន និង​មាន​ការ​បញ្ចេញ​មតិ​យោបល់​ច្រើន​ផង​ដែរ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ។

Facebook Post | Archived Link

សំណេរ​នេះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដទៃ​ទៀត​ផង​ដែរ។ សូម​មើល​ខ្លឹមសារ​ទាំង​ស្រុង​តាម​រយៈ​តំណ​ភ្ជាប់​នៅ​ទីនេះ (archived) ឬ​តំណ​ភ្ជាប់​មួយ​ទៀត​នៅ​ទីនេះ

Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះអាង​នេះ​តាម​រយៈការ​ស្វែង​រក​ព័ត៌មាន​និយាយ​អំពី​អត្រា​ពន្ធ​ចំណេញ​មូលធន​អនុវត្ត​នៅ​ក្នុង​ប្រទេស​បារាំង និង​អូស្ត្រាលី ដែល​នាំ​ឱ្យ​យើងរក​ឃើញការពិត​ដូច​ខាង​ក្រោម​នេះ។

អត្រា​ពន្ធ​លើ​ចំណេញ​មូលធន​នៅ​បារាំង

ប្រព័ន្ធ​ពន្ធដារ​នៅ​ក្នុង​ប្រទេស​បារាំង មាន​ច្រើន​ប្រភេទដែល​ត្រូវ​បាន​អនុវត្ត​ទៅ​លើ​ក្រុមហ៊ុន អាជីវកម្ម សេវាកម្ម និង​បុគ្គល​ជាប់​បន្ទុក​ពន្ធ​នានា ក្នុង​នោះ​ពន្ធ​លើ​ប្រាក់​ចំណេញ​មូលធន​ផង​ដែរ។

ក្រុមហ៊ុន PricewaterhouseCooper (PWC) ដែល​ជា​ក្រុមហ៊ុន​លំដាប់​ពិភព​លោក​ដែល​ផ្ដល់​ប្រឹក្សា​អំពី​សវនកម្ម សេវាកម្ម ច្បាប់ និង​ពន្ធដារ បាន​រៀបរាប់​នៅ​លើ​វេបសាយ​របស់​ខ្លួន​ថា បារាំង​បាន​កំណត់​យក​ពន្ធ​ចំណេញ​មូលធន​ទៅ​លើ​វិស័យ​ផ្សារ​មូលបត្រ ឬ​ផ្សារ​ភាគ​ហ៊ុន និង​វិស័យ​អចលន​ទ្រព្យ។

បើ​តាម​ខ្លឹមសារ​សង្ខេប​ដោយ​ក្រុមហ៊ុន PWC បារាំង​កំណត់​ពន្ធ​ចំនួន ៣០​ភាគរយ​ទៅ​លើ​ប្រាក់​ចំណេញ​ដែល​បាន​មក​ពី​ការ​លក់​ភាគហ៊ុន ដែល​អត្រា​នេះ​បាន​បូក​បញ្ចូល​រួច​ហើយ​នូវ​ពន្ធ​លើ​ប្រាក់​ចំណូល ១២.៨​ភាគរយ និង​មូលនិធិ​សន្តិសុខ​សង្គម ១៧.២​ភាគរយ។

ចំណែក​ឯ​វិស័យ​អចលន​ទ្រព្យ​វិញ បារាំង​បាន​កំណត់​យក​ពន្ធ​លើ​ចំណេញ​មូលធនក្នុង​អត្រា ១៩​ភាគរយ ប៉ុន្តែ ចំណេញ​មូលធន​នេះ ក៏​ត្រូវ​ជាប់​បន្ទុក​បង់​​មូលនិធិ​សង្គម​អត្រា ១៧.២​ភាគរយ​ទៀត នាំ​ឱ្យ​ប្រាក់​ចំណេញ​សុទ្ធ​ដែល​បាន​មក​ពី​ការ​លក់​អចលន​ទ្រព្យ ត្រូវ​ជាប់​បន្ទុក​ពន្ធ​អាករ​រហូត​ដល់ ៣៦.២​ភាគរយ។ សូម​មើល​ខ្លឹមសារ​ទាំងស្រុង​នៅ​ទីនេះ (archived)។

ក្រៅ​ពី​ក្រុមហ៊ុន PWC ក្រុមហ៊ុន​សហការី​បារាំងឈ្មោះថា Notaires ក៏​បាន​រៀបរាប់​នៅ​លើ​វេបសាយ​របស់​ខ្លួន​ថា អត្រា​ពន្ធ​លើ​​ចំណេញ​មូលធន​នេះ ស្ថិតនៅ​ក្រោម​ផ្នែក​ពន្ធ​លើ​ប្រាក់​ចំណូលស្ថិត​ក្នុង​អត្រា ១៩​ភាគរយ និង​ស្ថិត​នៅ​ក្នុង​ផ្នែក​វិភាគ​ទាន​សន្តិសុខ​សង្គម ១៧.២​ភាគរយ។ សូម​មើល​ខ្លឹមសារ​ទាំង​ស្រុង​នៅ​ទីនេះ (archived)។

ទោះជាយ៉ាងណា ទាំង​ក្រុមហ៊ុន PWC និង​ក្រុមហ៊ុន Notaires សុទ្ធ​តែ​បញ្ជាក់​ថា ការ​ដក​ពន្ធ​លើ​ចំណេញ​មូលធន ត្រូវ​បាន​កាត់​បន្ថយ ឬ​លើក​លែង​ទៅ​តាម​លក្ខខណ្ឌ​ផ្សេងៗ។

ខាង​ក្រោម​នេះ គឺ​ជា​លក្ខខណ្ឌ​មួយ​ចំនួន​នៃ​ការ​កាត់​បន្ថយ ឬ​លើក​លែង​ការ​យក​ពន្ធ​លើ​ចំណេញ​មូលធន​បាន​មក​ពី​ការ​លក់​អចលន​ទ្រព្យ​នៅ​ក្នុង​ស្រុក​បារាំង ហើយ Fact Crescendo សូម​ប្រែ​សម្រួល​ពី​អត្ថបទ​របស់​ក្រុមហ៊ុន PWC ដូច​ខាង​ក្រោម​នេះ៖

  1. ផល​ចំណេញ​​ដែល​ទទួល​បាន​ពី​ការ​លក់​លំនៅឋាន​រស់នៅជា​ប្រចាំ មិន​ជាប់​បន្ទុក​ពន្ធ​លើ​ចំណេញ​មូលធន​ទេ
  2. ការ​លើក​លែង​ពន្ធ​ស្រដៀង​គ្នា​នេះ ក៏​ធ្វើ​ឡើង​ផង​ដែរ​ចំពោះ​បុគ្គល​​ដែល​បាន​ផ្ទេរ​លំនៅឋាន​ជាប់​ពន្ធ​របស់​ពួកគេ​ទៅ​ក្រៅ​ប្រទេស​បារាំង ស្ថិត​នៅ​ក្នុង​ប្រទេស​ជា​សមាជិក​របស់​សហភាព​អឺរ៉ុប ឬ​ប្រទេស ឬ​ដែន​ដី​មួយ​ដែល​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ជាមួយ​បារាំង​ស្ដី​ពី​ជំនួយ​រដ្ឋបាល​សម្រាប់​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​គេច​វេស​ពន្ធ និង​ការ​កុហក​ឆបោក​ពន្ធ។ បុគ្គល​ជាប់​កាតព្វកិច្ច​ពន្ធ​បែប​នេះ ទទួល​បាន​អត្ថ​ប្រយោជន៍​ពី​ការ​លើកលែង​ពន្ធ​ចំណេញ​មូល​ធន​ដែល​បាន​មក​ពី​ការ​លក់​អតីត​លំនៅឋាន​របស់​ពួកគេ ប្រសិន​បើ​៖
  • អតីត​លំនៅឋាន​រស់នៅ​ជាប្រចាំ​របស់​ពួកគេ លក់​ចេញ​នៅ​មុន​ថ្ងៃ​ទី​៣១ ខែ​ធ្នូ​នៃ​ឆ្នាំ​នីមួយៗ ក្រោយ​ពី​ការ​ឆ្នាំ​ដែល​បាន​ផ្ទេរ និង
  • អតីត​លំនៅឋាន​រស់​នៅ​ជា​ប្រចាំ​នោះ មិន​ត្រូវ​បាន​ជួល ឬ​កាន់​កាប់​ដោយ​បុគ្គល​ទី​បី​នៅ​ចន្លោះ​កាលបរិច្ឆេទ​នៃ​ការ​ផ្ទេរ​ចេញ​ពី​បារាំង និង​កាល​បរិច្ឆេទ​នៃ​ការ​លក់​ចេញ។
  1. ផល​ចំណេញ​​ដែល​ទទួល​បាន​ពី​ការ​លក់​ដែល​កើត​ឡើង​ចាប់​ពី​ថ្ងៃ​ទី​០១ ខែ​មករា ឆ្នាំ​២០១៩។
  2. ផល​ចំណេញ​ដែល​បាន​ពី​ការ​លក់​អចលន​ទ្រព្យ​មួយ​ទៀត (ជា​ឧទាហរណ៍ លំនៅឋាន​រស់នៅ​ជា​ប្រចាំ​ទី​ពីរ) មិន​ជាប់​បន្ទុក​បង់​ពន្ធ​ចំណេញ​មូលធន​ទេ ប្រសិន​បើ​តម្លៃ​លក់​មាន​ទំហំ​ក្រោម ១៥,០០០​អឺរ៉ូ។
  3. ផល​ចំណេញ​បាន​មក​ពី​ការល​ក់​លើក​ដំបូង​នៃ​លំនៅឋាន​ទីពីរ ទទួល​បាន​ការ​លើក​លែង​ពន្ធ​ចំណេញ​មូលធន ប្រសិន​បើ​អ្នក​លក់​មិន​កាន់​កាប់​លំនៅឋាន​ចម្បង​អំឡុង​ពេល ៤​ឆ្នាំ​មុន​ការ​លក់ និង​ប្រសិន​បើ​តម្លៃ​លក់ ត្រូវ​បាន​យក​ទៅ​ទិញ​លំនៅឋាន​ចម្បង​មួយ​ទៀត។
  4. ផល​ចំណេញ​បាន​មក​ពី​ការ​លក់​អចលន​ទ្រព្យ​នៅ​ក្នុង​ប្រទេស​បារាំង​របស់​អ្នក​រស់នៅ​មិន​មែន​ជា​ជន​ជាតិ​បារាំង អាច​ទទួល​បាន​ការ​លើក​លែងកាតព្វកិច្ច​បង់​ពន្ធ​ចំណេញ​មូលធន​នេះ ប្រសិន​បើ៖
  • ការ​លក់​នោះ​ធ្វើឡើង​មុន​ថ្ងៃ​ទី​៣១ ខែ​ធ្នូ​នៃ​ឆ្នាំ​ទី​១០ បន្ទាប់​ពី​ការ​ចាក​ចេញ​ពី​ប្រទេស​បារាំង ឬ
  • គ្មាន​លក្ខខណ្ឌ​ពេល​វេលា​ទេ ប្រសិន​បើ​លំនៅឋាន​នោះ​មិន​ត្រូវ​បាន​ជួលទៅ​ឱ្យ ឬ​កាន់​កាប់​ដោយ​បុគ្គល​ទី​បី​ចាប់​ពី​ថ្ងៃ​ទី​០១ ខែ​មករា នៃ​ឆ្នាំ​មុន​ការ​លក់​លំនៅឋាន​នោះ។
  1. ការ​លើកលែង​កាតព្វកិច្ច​បង់​ពន្ធ​ចំណេញ​មូលធន ក៏​ត្រូវ​​គ្រប​ដណ្ដប់​ទៅ​លើ​ពលរដ្ឋ​នៃ​ប្រទេស​មិន​មែន​ជា​សមាជិក​សហភាព​អឺរ៉ុប​ផង​ដែរ ដែល​ប្រទេស​ទាំង​នោះ​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ពន្ធដារ​ជាមួយ​ប្រទេស​បារាំង។
  2. អត្រា​ពន្ធ​លើ​ចំណេញ​មូលធន​បាន​មក​ពី​ការ​លក់​អចលន​ទ្រព្យ ត្រូវ​បាន​កាត់​បន្ថយ​ ៦​ភាគរយ​នៅ​រៀង​រាល់​ឆ្នាំ ប្រសិន​បើ​ម្ចាស់​អចលន​ទ្រព្យ​បាន​កាន់​កាប់​អចលន​ទ្រព្យ​នោះ​ចាប់​ពី​ ៦ឆ្នាំ​ឡើង។
  3. អត្រា​ពន្ធ​លើ​ចំណេញ​មូលធន​បាន​មក​ពី​ការ​លក់​អចលន​ទ្រព្យ ត្រូវ​បាន​កាត់​បន្ថយ ៤​ភាគរយ​បន្ថែម​ទៀត​សម្រាប់​ម្ចាស់​ដែល​កាន់​កាប់​អចលន​ទ្រព្យ​នោះ​ចាប់​ពី ២២ឆ្នាំ​ឡើង។ ចំណុច​នេះ នាំ​ឱ្យ​មាន​ការ​លើក​លែង​កាតព្វកិច្ច​បង់​ពន្ធ​ចំណេញ​មូលធន បន្ទាប់​ពី​បុគ្គល​ម្នាក់​បាន​កាន់​កាប់​អចលន​ទ្រព្យ​លើស​ពី ២២​ឆ្នាំ​ឡើង។

ពន្ធ​បន្ថែម នឹង​ត្រូវ​អនុវត្ត​ទៅ​លើ​ផល​ចំណេញ​បាន​មក​ពី​ការ​លក់​អចលន​ទ្រព្យ​មាន​តម្លៃ​លើស​ពី ៥០,០០០​អឺរ៉ូ ហើយ​អាស្រ័យ​ទៅ​លើ​អចលន​ទ្រព្យ​ជាជាង​ទំហំ​អគារ។ ក្នុង​ន័យ​នេះ អត្រា​ពន្ធ​លើ​ចំណេញ​មូលធន ត្រូវ​កើន​ពី ២​ភាគរយ ទៅ ៦​ភាគរយ ហើយ​ក៏​អនុវត្ត​បន្ថែម​ទៅ​លើ​ពន្ធ​ចំណូល និង​វិភាគ​ទាន​សង្គម​ផង​ដែរ។

អត្រា​ពន្ធ​លើ​ចំណេញ​មូលធន​នៅ​អូស្ត្រាលី

វេបសាយ​ការិយាល័យ​ពន្ធដារ​អូស្ត្រាលី បាន​ឱ្យ​ដឹង​ថា ពន្ធ​លើ​ចំណេញ​មូលធន គឺ​ជា​ពន្ធ​លើ​ប្រាក់​ចំណូល​ដែល​បាន​មក​ពី​ការ​លក់​ទ្រព្យ​សកម្ម​រួម​បញ្ចូល​ទាំង​ការ​វិនិយោគ ដូច​ជា អចលន​ទ្រព្យ ភាគហ៊ុន និង​ទ្រព្យ​សកម្មភាព​គ្រីបតូ(crypto)។

បើ​តាម​វេបសាយ​ក្រុមហ៊ុន PWC នៅ​ក្នុង​ប្រទេស​អូស្ត្រាលី ពន្ធ​លើ​ប្រាក់​ចំណូល​ត្រូវ​បាន​រដ្ឋាភិបាល​សហព័ន្ធ​អូស្ត្រាលី​កំណត់​យក​នៅ​អត្រា ៣៧​ភាគរយ។ សូម​អាន​លម្អិត​នៅ​ទីនេះ (archived)។

វេបសាយ www.money.com.au បាន​រៀបរាប់​ថា បុគ្គល​ម្នាក់ដែល​កាន់​កាប់​អចលន​ទ្រព្យ​ក្រោម ១២​ខែ នឹង​ត្រូវ​បង់​ពន្ធ​ចំណេញ​មូលធន ១០០​ភាគរយ​នៃ​ផល​ចំណេញ។ សម្រាប់​បុគ្គល​ដែល​កាន់​កាប់​អចលន​ទ្រព្យ​លើស​ពី ១២​ខែ ពួកគេ​នឹង​ត្រូវ​បង់​ពន្ធ​ចំណេញ​មូល​ធន​បាន​មក​ពី​ការ​លក់​អចលន​ទ្រព្យ​នោះ ត្រឹម​តែ ៥០​ភាគរយ​ប៉ុណ្ណោះ​នៃផល​ចំណេញ​នោះ។

វេបសាយ​ដដែល​នេះ បាន​ឱ្យ​ដឹង​ទៀត​ថា ប្រសិន​បើ​បុគ្គល​ម្នាក់​រក​ប្រាក់​ចំណូល​បាន ៤០,០០០​ដុល្លារ​អូស្ត្រាលី​ក្នុង​មួយ​ឆ្នាំ បុគ្គល​នោះ​ជាប់​បន្ទុក​ពន្ធ​ត្រឹម ៣២.៥​ភាគរយ​ប៉ុណ្ណោះ ខណៈដែល​បុគ្គល​រក​ចំណូល​បាន​ ៦០,០០០​ម៉ឺន​ដុល្លារ​អូស្ត្រាលី​ឡើង​ទៅ នឹង​ជាប់​បន្ទុក​ពន្ធ ៣៧ភាគរយ។ សូម​អាន​លម្អិត​នៅ​ទីនេះ (archived)។

Fact Crescendo បាន​ព្យាយាម​ស្នើ​សុំ​ការ​បក​ស្រាយ និង​ពន្យល់​បន្ថែម​ពី​អគ្គនាយកដ្ឋាន​ពន្ធដារ​ផង​ដែរ ប៉ុន្តែ ពុំ​មាន​ការ​ឆ្លើយ​តប​នោះ​ឡើយ​រហូត​មក​ដល់​ពេល​អត្ថបទ​នេះ​ចេញ​ផ្សាយ។ យើង​នឹង​ធ្វើ​បច្ចុប្បន្នភាព​បន្ថែម​ទៀត ប្រសិន​បើ​ទទួល​បាន​ការ​ពន្យល់​ពី​អគ្គនាយកដ្ឋាន​ពន្ធដារ​កម្ពុជា។

នៅ​ដើម​ខែ​កញ្ញា​នេះ លោក គង់ វិបុល អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធ​ដារ​កម្ពុជា បាន​​បញ្ជាក់​ថា ពន្ធ​លើ​ចំណេញ​មូលធន នឹង​ចាប់​ផ្ដើ​មអនុវត្ត​នៅ​ដើម​ឆ្នាំ​២០២៤ ប្រសិន​បើ​គ្មាន​អ្វី​ប្រែ​ប្រួល​ទេ​នោះ។

បន្ទាប់​ពី​ផ្ទុះ​ការ​រិះគន់​ច្រើន​ពី​មហាជន​ជុំ​វិញ​ការ​ចាប់​ផ្ដើម​អនុវត្ត​ពន្ធ​លើ​ចំណេញ​មូលធន​ចាប់ពី​ដើម​ឆ្នាំ​ក្រោយ​នេះ លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន ម៉ាណែត កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កញ្ញា​នេះ បាន​បញ្ជាក់​ថា រដ្ឋាភិបាល​របស់​លោក​មិន​ទាន់​សម្រេច​ជាផ្លូវការ​ទៅ​លើ​ការ​អនុវត្ត​ពន្ធ​ប្រភេទ​នៅ​ឡើយ​ទេ។

Avatar

Title:តើ​អត្រា​ពន្ធ​លើ​ចំណេញ​មូលធន​នៅ​កម្ពុជា​ បារាំង និង​អូស្ត្រាលី តើ​ខុស​គ្នា​ដូចម្ដេច?

Written By: Jay Udom

Result: Insight