ក្រុមហ៊ុន​ TESLA មិន​ទាន់​មាន​វត្តមាន​ផ្លូវការ​នៅ​កម្ពុជា​ទេ

International Misleading

ការ​ឆ្លង​រីក​រាល​ប្រចាំ​ថ្ងៃ​នេះ​នៃ​មេរោគ​កូវីដ​១៩​នៅ​កម្ពុជា គឺ​ជា​អ្វី​ដែល​ត្រូវ​បាន​គេ​ជជែក​ច្រើន​នៅ​ក្នុង​ចំណោម​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ ខណៈ​ដែល​ប្រទេស​កម្ពុជា​កំពុង​ប្រយុទ្ធ​នឹង​ជំងឺ​ផ្លូវ​ដង្ហើម​មួយ​ប្រភេទ​នេះ។

ទន្ទឹម​គ្នា​នេះ រូបថត​ទីតាំង​មួយ​ដែល​កំពុង​ស្ថិត​ក្រោមដំណើរការ​តុប​តែង​មក​ជាមួយ​នូវ​ពាក្យ TESLA (តេស្លា)​នៅ​រាជ​ធានី​ភ្នំពេញ​ ក៏​ក្លាយ​ជា​ប្រធាន​បទ​ដែល​មាន​ការ​ជជែក​យ៉ាង​ច្រើន​ផង​ដែរ​នៅ​ក្នុង​សប្ដាហ៍​នេះ។ ទីតាំង​កំពុង​ស្ថិត​ក្រោម​ការ​តុប​តែង​នោះ ត្រូវ​បាន​គេ​ជឿ​ជាក់​ថា ជា​អគារ​តាំង​បង្ហាញ​រថយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី​របស់​ក្រុមហ៊ុន Tesla របស់​សហរដ្ឋ​អាមេរិក។ រូបថត​នៃ​ទីតាំង​នេះ ក៏​ត្រូវ​បាន​​​ជជែក​យ៉ាង​ផុស​ផុល​នៅ​ក្នុង​ចំណោម​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​​មិន​មែន​និយាយ​ភាសា​ខ្មែរ​ផងដែរ។

ទោះជាយ៉ាងណា Fact Crescendo Cambodia រក​ឃើញ​ថា ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី Tesla របស់​សហរដ្ឋ​អាមេរិក នៅ​មិន​ទាន់​ឈាន​ជើង​ចូល​ទីផ្សារ​ប្រទេស​កម្ពុជា​ជាផ្លូវការ​នៅ​ឡើយ​ទេ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

កាល​ពី​ថ្ងៃ​អាទិត្យ​ចុង​សប្ដាហ៍​កន្លង​មក​នេះ ទំព័រ​ហ្វេសប៊ុក Tesla Cambodia បាន​បង្ហោះ​រូបថត​នៃ​អគារ​មួយ​ដែល​កំពុង​ស្ថិត​ក្រោម​ការ​តុប​តែង​ជាមួយ​អក្សរ​ «TESLA»​ជាមួយសំណេរ​ឱ្យ​រង់ចាំ​មើល​ដំណឹង​ល្អ​នេះ។ ប៉ុស្តិ៍​នៃ​ទំព័រ​ហ្វេសប៊ុក​មួយ​នេះ ក៏​បាន​បង្ហាញ​ទីតាំង​នៃ​​អគារ​នោះ​ដែរ ដែល​ស្ថិត​នៅ​តំបន់​មាន​អគារតាំង​បង្ហាញ​រថយន្ត​នៃ​ក្រុមហ៊ុន​ផលិត​រថយន្ត​នានា ​នៅ​តាម​បណ្ដោយ​មហាវិថី​សហព័ន្ធ​រុស្ស៊ី​ជា​ផ្លូវ​ឆ្ពោះ​​ទៅ​កាន់​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​លើ​ទំព័រ​ហ្វេសប៊ុក​នោះ សរសេរ​ថា​ «សូម​រង់ចាំ​មើល​ទាំង​អស់​គ្នា។ យ៉ាងណា នោះ​ជា​ដំណឹង​ល្អ»។

Facebook Post | Archived Link

អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់ បាន​ថត​រូប​ស៊ែលហ្វី​នៅ​ឯ​ទីតាំង​នៃ​អគារ​ដែល​ស្ថិត​ក្នុង​ដំណាក់​កាល​តុបតែង​ជាមួយ​អក្សរ​សរសេរ​ថា «TESLA» ហើយ​សរសេរ​រៀបរាប់​ជា​ភាសា​អង់គ្លេស​ដែល​មាន​ខ្លឹមសារ​ថា «អរុណ​សួស្ដី​ពី​ទីតាំង​បង្ហាញ​រថយន្ត​ Tesla កម្ពុជា»។

Facebook Post | Archived Link

អគារ​​តាំង​បង្ហាញ​រថយន្ត​ Tesla នៅ​កម្ពុជា​នេះ ល្បី​ល្បាញ​ផង​ដែរ​ក្នុង​ចំណោម​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ថៃ រហូត​ដល់​សារព័ត៌មាន​មតិជន​របស់​ប្រទេស​ថៃ​ចុះ​ផ្សាយ​ថា «រូបភាព​អគារ​តាំង​បង្ហាញ​រថយន្ត​ Tesla ត្រៀម​បើក​សម្ពោធ​នៅ​កម្ពុជា»។

Matichon Report | Archived Link

រូបថត​នៃ​អគារ​តាំង​បង្ហាញ​រថយន្ត​ Tesla ដែល​ស្ថិត​ក្នុង​ដំណាក់​កាល​តុបតែង​នេះ ក៏​ល្បី​ល្បាញ​ និង​ជជែក​វែក​ញែក​នៅ​ក្នុង​ចំណោម​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ឥណ្ឌា​ផង​ដែរ។

រូបភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ទ្វីតធ័រ Tesla Club India បាន​សរសេរ​រៀបរាប់​ជាភាសា​អង់គ្លេស​ដែល​មាន​ន័យ​ថា «Tesla ទៅ​កម្ពុជា​មុន​ចូល​ទៅ​ឥណ្ឌា!»។

Tweet Post | Archived Link

ការ​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ផ្ទៀង​ផ្ទាត់​ការ​អះ​អាង​នេះ​តាម​រយៈ​ការ​ត្រួត​ពិនិត្យ​មើល​ព័ត៌មាន​​អំពី​ក្រុមហ៊ុន​ Tesla របស់​សហរដ្ឋ​អាមេរិក និង​សាខា​របស់​ក្រុមហ៊ុន​នេះ​នៅ​ទូទាំង​ពិភព​លោក​ និង​ជជែក​ជាមួយ​មន្ត្រី​ពាណិជ្ជកម្ម​របស់​ប្រទេស​កម្ពុជា និង​បុគ្គល​មួយ​ចំនួន​ដែល​អាច​ដឹង​អំពី​រឿង​នេះ។

ការ​ផ្ទៀង​ផ្ទាត់​ជាមួយ​ព័ត៌មាន​នៅ​លើ​គេហទំព័រ​របស់​ក្រុមហ៊ុន Tesla បង្ហាញ​ថា ក្រុមហ៊ុន​នេះ​បាន​ពង្រីក​ទីផ្សារ​លក់​រថយន្ត​អគ្គិសនី​របស់​ខ្លួន​ទៅ​កាន់​តំបន់​ ៤​នៃ​ពិភព​លោក រួម​មាន​តំបន់​អាមេរិក​ខាង​ជើង តំបន់​អឺរ៉ុប តំបន់​អារ៉ាប់ និង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។

សម្រាប់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ក្រុមហ៊ុន​ Tesla នេះ​បាន​ឈាន​ជើង​ចូល​ដល់​ទីផ្សារ​នៃ​ប្រទេស​ និង​ដែន​ដី​ចំនួន ៩​ហើយ​រួម​មាន​ជប៉ុន កូរ៉េ​ខាង​ត្បូង ចិន​ដី​គោក ដែន​ដី​​កោះ​តៃវ៉ាន់ ទីក្រុង​ហុងកុង ទីក្រុង​ម៉ាកាវ អូស្ត្រាលី ណូវែលហ្សេឡង់ និង​សិង្ហបុរី​ ​ជា​ប្រទេស​តែ​មួយ​គត់​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ដែល​ក្រុម​ហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​របស់​អាមេរិក​មួយ​នេះ បាន​ឈាន​ជើង​ចូល​ទៅ។

ចំណែក​ប្រទេស​កម្ពុជា​វិញ មិន​មាន​នៅ​ក្នុង​បញ្ជី​ឈ្មោះ​ប្រទេស​ដែល​ក្រុមហ៊ុន Tesla បញ្ជាក់​ថា បាន​ឈាន​ចូលទៅ ឬ​ក៏​បើក​ទីតាំង​បង្ហាញ​រថយន្ត​របស់​ខ្លួន​ជា​ផ្លូវការ​នោះ​ឡើយ។

Fact Crescendo Cambodia បាន​សរសេរ​អ៊ីម៉ែល​សាក​សួរ​ទៅ​កាន់​ក្រុមហ៊ុន​ Tesla ប្រចាំ​​តំបន់​អាស៊ី​​ប៉ាស៊ីហ្វិក និង​នៅ​តំបន់​អាមេរិក​ខាង​ជើង​ផង​ដែរ ប៉ុន្តែ គ្មាន​ការ​ឆ្លើយ​តប​នោះ​ឡើយ​រហូត​ដល់​ថ្ងៃ​ទី​៣ ខែ​មេសា​នេះ។

ជាង​នេះ​ទៀត Fact Crescendo Cambodia បាន​ផ្ទៀង​ផ្ទាត់​ជាមួយ​ម្ចាស់​គណនី​ហ្វេសប៊ុក Ng Kawai ដែល​បាន​បង្ហោះ​រូបថត និង​ការ​អះ​អាង​ខាង​លើ​នេះ។ ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​រូប​នេះ បាន​បង្ហាញ​ព័ត៌មាន​​ផ្ទាល់​ខ្លួន​ថា មាន​តួនាទី​ជា​អ្នក​គ្រប់​គ្រង​ទីតាំង​បង្ហាញ​រថយន្ត Tesla នៅ​កម្ពុជា។

នៅ​ពេល​សាក​សួរ​តាម​រយៈ​ប្រព័ន្ធ​បញ្ជូន​សារ​អេឡិចត្រូនិច អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​រូប​នេះ បដិសេធ​ផ្ដល់​ព័ត៌មាន​លម្អិត​អំពី​ការ​តុប​តែង​ទីតាំង​អគារ​មួយ​នេះ ដោយ​ប្រាប់​ថា​ឱ្យ​រង់ចាំ​ដល់​ថ្ងៃ​សម្ពោធ​ជា​ផ្លូវការ។

អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា លោក ស៊ាង ថៃ បាន​ប្រាប់​ Fact Crescendo Cambodia កាល​ពី​ថ្ងៃ​សៅរ៍​​ថា មិន​មាន​ក្រុមហ៊ុន Tesla របស់​មហា​សេដ្ឋី Elon Musk ចុះ​បញ្ជី​នៅ​កម្ពុជា​នោះ​ទេ។

​សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា មន្ទិល​សង្ស័យ​ថា ក្រុមហ៊ុន Tesla របស់​អាមេរិក​ នឹង​បង្ហាញ​វត្តមាន​នៅ​កម្ពុជា​ឆាប់ៗ​នេះ គឺ​ជា​ការ​ភ័ន្ត​ច្រឡំ។ ក្រុមហ៊ុន Tesla របស់​សហរដ្ឋ​អាមេរិក​មួយ​នេះ នៅ​មិន​ទាន់​មាន​វត្តមាន​ជាផ្លូវការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ឡើយ ហើយ​ឈ្មោះ​ប្រទេស​កម្ពុជា​ក៏​មិន​ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​បណ្ដា​ទីផ្សារ​ដែល​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​លំដាប់​ពិភព​លោក​មួយ​នេះបាន​ឈាន​ជើង​ទៅ​ដល់​នោះ​ដែរ។

Avatar

Title:Fact-Check: ក្រុមហ៊ុន​ TESLA មិន​ទាន់​មាន​វត្តមាន​ផ្លូវការ​នៅ​កម្ពុជា​ទេ

Fact Check By: Jay Udom 

Result: Misleading

Leave a Reply

Your email address will not be published.