
គិតត្រឹមថ្ងៃទី២០ ខែកក្កដានេះ ប្រទេសថៃបានកត់ត្រាចំនួនអ្នកស្លាប់សរុបដោយសារតែជំងឺកូវីដ-១៩រហូតដល់ទៅ ៣ ៥០២នាក់ ស្របពេលដែលចំនួនអ្នកឆ្លងសរុបមាន ៤២៦ ៤៧៥នាក់ឯណោះ ដែលបានធ្វើឲ្យមានការជជែកដេញដោលអំពីវិធានការក្នុងការទប់ស្កាត់ និងព្យាបាលយ៉ាងផុសផុលនៅលើបណ្តាញសង្គមថៃនាពេលថ្មីៗនេះ។
ទន្ទឹមគ្នានេះ មានទំព័រហ្វេសប៊ុកកម្ពុជាមួយ បានបង្ហោះរូបថតចំនួនបួនសន្លឹក និងបានអះអាងថា ទាំងនេះគឺជាសាកសពអ្នកស្លាប់ដោយសារកូវីដនៅក្នុងប្រទេសថៃ។
ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់ក្រុមការងារ Fact Crescendo Cambodia បានរកឃើញថា ការអះអាងនេះ គឺធ្វើឲ្យមានការយល់ច្រឡំ។
ការអះអាងលើបណ្តាញសង្គម
កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ថ្មីៗកន្លងទៅនេះ មានទំព័រហ្វេសប៊ុកមួយឈ្មោះថា ធ្វើប៉ាស្ព័រ និងវីសាការងារ បានបង្ហោះរូបថតចំនួន៤សន្លឹក បង្ហាញអំពីទិដ្ឋភាពក្រណាត់រុំវេចខ្ចប់ដែលមានទម្រង់ដូចជាសាកសពរបស់មនុស្សនោះ ត្រូវបានគេដាក់គរលើគ្នា។ ទំព័រហ្វេសប៊ុកដដែលនេះក៏បានអះអាង និងភ្ជាប់នៅក្នុងសំណេររបស់ខ្លួនដែលហាក់ធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមនានាគិតថា នោះគឺជាសាកសពអ្នកដែលស្លាប់ដោយសារតែជំងឺកូវីដ-១៩នៅក្នុងប្រទេសថៃ។
រូបថត និងសំណេរនេះមានការចែករំលែកតៗគ្នារាប់សិបដង និងមានការចូលរួមបញ្ចេញមតិចម្រុះបែបពីសំណាក់អ្នកប្រើហ្វេសប៊ុកនិយាយភាសាខ្មែរផងដែរ។
រូបភាពផ្ដាមចេញពីទំព័រហ្វេសប៊ុក ដែលបានរៀបរាប់ថា «នៅថៃ កាចសាហាវណាស់កូវីដ»។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានចាប់ផ្ដើមត្រួតពិនិត្យ និងផ្ទៀងផ្ទាល់លើរូបភាពទាំងឡាយនេះ តាមរយៈការដំណើរការកម្មវិធីស្វែងរករូបថតរបស់ក្រុមហ៊ុន Google ដែលនាំឱ្យយើងជួបប្រទះនូវប្រភព និងខ្លឹមសាររូបថតនៃច្បាប់ដើមមួយចំនួន។
តាមរយៈទំព័រហ្វេសប៊ុករបស់ថៃ Voice TV ដែលបង្ហោះរូបថត និងផ្សព្វផ្សាយកាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១កន្លងទៅនេះ បានបង្ហាញរូបថតជាច្រើនសន្លឹកអំពីទិដ្ឋភាពក្រុមបាតុករ កំពុងតែកាន់ក្រណាត់រុំវេចខ្ចប់ដែលមានទម្រង់ដូចជាសាកសពនៅក្បែរទីលានប្រជាធិបតេយ្យក្នុងទីក្រុងបាងកក។ នៅក្នុងសេចក្តីរាយការណ៍ដដែលនេះបានបញ្ជាក់ថា នោះគឺជាទិដ្ឋភាពក្រុមអ្នកតវ៉ាបានឈរទាមទារឲ្យលោកនាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា ចាកចេញពីតំណែងដែលក្រុមបាតុករបានលើកឡើងថាលោកបរាជ័យនៅក្នុងការទប់ស្កាត់ក្នុងបញ្ហាជំងឺកូវីដមួយនេះ។
ខាងក្រោមគឺជា រូបភាពផ្តាមចេញពីគេហទំព័រ ដែលក្រុមបាតុករឈរលើកម្រាមដៃ៣ ដោយមានក្រណាត់រុំខ្ចប់តំណាងឲ្យអ្នកស្លាប់ដោយសារតែជំងឺកូវីដ-១៩កាលពីថ្ងៃអាទិត្យកន្លងទៅនេះ។
Voice TV’s Report | Archived Link
ការតវ៉ា និងប្រឆាំងទៅនឹងរាជរដ្ឋាភិបាលដែលដឹកនាំដោយលោក ប្រាយុទ្ធ ពីសំណាក់ពលរដ្ឋថៃកាលពីថ្ងៃអាទិត្យទី១៨នោះ ក៏ត្រូវបានផ្សព្វផ្សាយ និងបង្ហោះផងដែរនៅតាមបណ្តាសារព័ត៌មានអន្តរជាតិធំៗដូចជា Aljazeera, South China Morning Post, និង International Business Times ជាដើម។
រូបភាពផ្តាមចេញពីគេហទំព័រសារព័ត៌មានរបស់ International Business Times ដែលបានផ្សព្វផ្សាយកាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ថ្មីៗនេះ បង្ហាញទិដ្ឋភាពក្រុមបាតុករជិះម៉ូតូជាមួយនឹងក្រណាត់រុំ ដែលតំណាងឲ្យអ្នកស្លាប់ដោយសារតែជំងឺកូវីដ-១៩។
International Business Times’s Report | Archived Link
ដូចគ្នាផងដែរខាងក្រោមនេះគឺជា រូបភាពផ្តាមចេញពីគេហទំព័រសារព័ត៌មាន South China Morning Post ដែលបានធ្វើសេចក្តីរាយការណ៍កាលពីថ្ងៃទី១៨ ខែកក្កដា ដោយរៀបរាប់ជាភាសាអង់គ្លេសថា «Mock body bags depicting coronavirus victims are burnt in Bangkok.» ឬប្រើជាភាសាខ្មែរថា «សាកសពក្លែងក្លាយតំណាងឲ្យអ្នកស្លាប់ដោយសារតែជំងឺកូវីដ-១៩ ត្រូវបានដុតនៅក្នុងទីក្រុងបាងកក»។
South China Morning Post’s Report | Archived Link
រូបភាពផ្តាមចេញពីគេហទំព័រសារព័ត៌មាន Aljazeera ចុះផ្សាយកាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ ក៏បានបង្ហាញអំពីទិដ្ឋភាពក្រុមបាតុករដុតរូបតំណាងអ្នកស្លាប់ដោយសារតែជំងឺកូវីដ-១៩នៅក្នុងប្រទេសថៃផងដែរ។
Aljazeera’s Report | Archived Link
សន្និដ្ឋាន
Fact Crescendo Cambodia រកឃើញថា ការបង្ហោះរូបថតជាមួយនឹងការអះអាងដូចបានរៀបរាប់ខាងលើនេះ គឺធ្វើឲ្យមានការយល់ច្រឡំ។ រូបថតសពដែលត្រូវបានរុំវេចខ្ចប់នេះ មិនមែនជាសពពលរដ្ឋថៃស្លាប់ដោយសារជំងឺកូវីដ-១៩នោះឡើយ។ រូបថតទាំងនោះ គឺជារូបតំណាងឲ្យអ្នកស្លាប់ដោយសារតែជំងឺកូវីដ-១៩ ដែលក្រុមបាតុករបានធ្វើជាសាកសពរុំខ្ចប់ក្លែងក្លាយក្នុងអំឡុងពេលបាតុកម្មនាទីក្រុងបាងកកកាលពីថ្ងៃអាទិត្យ ទី១៨កន្លងមកនេះ។

Title:តើនេះគឺជាទិដ្ឋភាពសាកសពអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩នៅក្នុងប្រទេសថៃមែនដែរឬទេ?
Fact Check By: Kakada SimResult: Misleading
