
បន្ទាប់ពីយុវជនម្នាក់បានបើកបររថយន្តបុកអ្នកដំណើរតាមម៉ូតូមួយគ្រឿងដែលបណ្ដាលឱ្យមនុស្ស ៣នាក់រងរបួសនៅលើស្ពានជ្រោយចង្វារួចមក រូបថតមួយសន្លឹកដែលបង្ហាញយុវជនបង្កគ្រោះថ្នាក់ចរាចរណ៍ឈរសើចញញឹមនោះ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក។ រូបថតមួយសន្លឹកនេះ ទទួលបានការចែកចាយ និងការបញ្ចេញមតិប្រតិកម្មយ៉ាងផុសផុលពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមកម្ពុជា។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់ Fact Crescendo Cambodia បានរកឃើញថា រូបថតបង្ហោះដោយអ្នកប្រើប្រាស់ហ្វេសប៊ុកខាងលើ គឺមិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្តាញសង្គម
កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣ថ្មីៗនេះ អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ បានបង្ហោះរូបថតមួយសន្លឹក បង្ហាញទិដ្ឋភាពយុវជនម្នាក់ ដែលបានបើកបរ បង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ ស្លាប់ទារកម្នាក់ និងរបួសមនុស្ស ២នាក់ កាលពីចុងឆ្នាំ២០២២កន្លងទៅ ដោយរូបថតនោះ ក៏បានបង្ហាញទិដ្ឋភាពយុវជនជាមួយការសើចញញឹមផងដែរ។
រូបថតបង្ហោះខាងលើមួយនេះ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមចែករំលែកជាច្រើនដង រួមជាមួយការបញ្ចេញមតិ និងប្រតិកម្មចម្រុះបែប។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់អ្នកប្រើប្រាស់ខាងលើ ដែលបានសរសេររៀបរាប់ថា «ផ្ញើរឿងឆ្នាំចាស់២០២២ មួយនេះ ក្រែងភ្លេច»។

ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia ចាប់ផ្ដើមត្រួតពិនិត្យទៅលើរូបភាពផ្ដាម និងការអះអាងខាងលើនេះ តាមរយៈ Google Reverse Image Search ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
តាមរយៈទំព័រហ្វេសប៊ុក Sovann Rithy – សុវណ្ណ រិទ្ធី ផ្សព្វផ្សាយកាលពីយប់ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២កន្លងទៅនេះ បានបង្ហាញទិដ្ឋភាពគ្រោះថ្នាក់ចរាចរណ៍មួយកន្លែង ដែលបានកើតឡើងនៅលើស្ពានជ្រោយចង្វារ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលបានបណ្ដាលឱ្យទារកម្នាក់ស្លាប់ និងមនុស្ស ២នាក់ទៀតបានរងរបួស។ នៅក្នុងវីដេអូព័ត៌មានផ្សាយផ្ទាល់ខាងលើនោះ ពុំបានបង្ហាញទិដ្ឋភាពជនបង្កហេតុបានសើចញញឹម ដូចអ្នកប្រើប្រាស់ខាងលើបានបង្ហោះនោះឡើយ។
ខាងក្រោមនេះ គឺជាវីដេអូឃ្លីបទាំងស្រុង ដែលរាយការណ៍ និងយកព័ត៌មានដោយលោក សុវណ្ណ រិទ្ធី។
ដូចគ្នានេះ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ ក៏ត្រូវបានចុះផ្សព្វផ្សាយនៅលើគេហទំព័រសារព័ត៌មានភ្នំពេញប៉ុស្ដិ៍ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣កន្លងទៅផងដែរ ដែលជនបង្កគ្រោះចរាចរណ៍ម្នាក់នេះ ត្រូវបានចោទប្រកាន់ ក្រោយបានបណ្ដាលឱ្យទារកម្នាក់ស្លាប់ និងមនុស្ស ២នាក់ទៀតបានរងរបួស។
Phnom Penh Post Link | Archived Link
ខាងក្រោមនេះ គឺជាការប្រៀបធៀបគ្នារវាងរូបថតដែលត្រូវបានកាត់ត និងរូបថតច្បាប់ដើមដែលត្រូវបានរកឃើញផ្សព្វផ្សាយនៅលើបណ្តាញសង្គម។

ដើម្បីស្វែងរកព័ត៌មានពិត សូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម៖
Facebook Twitter Telegram Google News TikTok
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថារូបថតបង្ហោះខាងលើ គឺមិនត្រឹមត្រូវនោះឡើយ។ រូបថតមួយសន្លឹកនេះ ត្រូវបានកាត់តឱ្យឃើញជនបង្កគ្រោះថ្នាក់ចរាចរណ៍ មានទឹកមុខសើចញញឹម ដែលការពិតយុវជនបង្កម្នាក់នោះ មានទឹកមុខរាបស្មើ និងមិនញញឹមឡើយ។

Title:ជនបង្កគ្រោះថ្នាក់ចរាចរណ៍ម្នាក់ ត្រូវបានកាត់តអោយមានទឹកមុខសើចសប្បាយ
Fact Check By: Kakada SimResult: Altered
