អ្នក​នៅ​ពី​ក្រោយ​ឃាតកម្ម​លោក កែម ឡី នៅ​តែ​ស្ថិត​នៅ​ក្នុង​ទី​អាថ៌​កំបាំង​នៅ​ឡើយ

Explainer Political Social

ខណៈ​ដែលប្រជាជន​កម្ពុជា​មួយ​ចំនួន រំលឹក​ខួប ៦​ឆ្នាំ​នៃការ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី នោះ ការ​អះ​អាង​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា អ្នកស្រី ប៊ូ រចនា ភរិយា​របស់​អ្នក​វិភាគ​នយោបាយ​ដ៏​ល្បីឈ្មោះ​រូប​នេះ ស្ថិត​នៅ​ពី​ក្រោយ​នៃ​ឃាតកម្ម​។

ការ​អះ​អាង​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន​ចែក​រំលែក ហើយ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​មួយ​ចំនួន បាន​បញ្ចេញ​ប្រតិកម្ម និង​មតិ​ចម្រុះ​តប​នឹង​ការ​អះ​អាង​នេះ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពីការ​អះអាង​នៅ​លើ​បណ្ដាញ​សង្គម​កាល​ថ្ងៃ​ទី​០៥ ខែ​តុលា ឆ្នាំ​២០១៦​កន្លង​មក ដែល​រៀបរាប់​ថា «តាម​ស្ថានការ​ស្រាវ​របស់​សមត្ថកិច្ច​បាន​តម្រូវ​ឱ្យ​ដឹង​ថា អ្នក​នៅ​ក្រោយ​ខ្នង​ឃាតករ​សម្លាប់​លោក កែម ឡី គឺ​ជា​អតីត​ភិរយា​របស់​លោក»។

Facebook Post | Archived Link

Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ដំណើរ​នៃ​សំណុំ​រឿង​នេះ​ឃាតកម្ម​នេះ​ ហើយ​ផ្ដល់​ការ​ពន្យល់​មួយ​ដូច​ត​ទៅ​នេះ។

លោក​បណ្ឌិត កែម ឡី ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​ទាំង​កណ្ដាល​ថ្ងៃ​ចែស​ នៅ​ក្នុង​ម៉ាត​មួយ​កន្លែង​ស្ថិត​ក្នុង​បរិវេណ​នៃ​​ស្ថានីយ​ប្រេង​ឥន្ធនៈ​​កាល់តិច ម្ដុំ​ស្តុប​បូកគោ នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែ​កក្កដា កាល​ពី ៦​ឆ្នាំ​មុន។

តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​ក្រោយ​កើត​ឃាតកម្ម ខ្មាន់​កាំភ្លើង​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​បាន​នៅ​ចម្ងាយ​ប្រហែល ៥០០​ម៉ែត្រ​ពី​ទីតាំង​ឃាតកម្ម។ ខ្មាន់​កាំភ្លើង​រូប​នោះ បាន​ហៅ​ខ្លួន​ថា ជួប សម្លាប់ ប៉ុន្តែ ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ពិត​ថា អឿត អាង ដែល​រស់​នៅ​ក្នុង​ខេត្ត​សៀមរាប។

បើ​តាម​សេចក្ដី​រាយការណ៍​ព័ត៌មាន​​របស់​កាសែត​ភ្នំពេញ ប៉ុស្តិ៍ ខ្មាន់​កាំភ្លើង​ឈ្មោះ អឿត អាង ដែល​ហៅ​ខ្លួន​ឯង​ថា ជួប សម្លាប់ ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​មនុស្ស​ឃាត និង​ការ​កាន់​កាប់​អាវុធ​ដោយ​ខុស​ច្បាប់ ៤​ថ្ងៃ​ក្រោយ​ពី​ការស្លាប់​របស់​លោក កែម ឡី។

មាន​តែ​ខ្មាន់​កាំភ្លើង​ឈ្មោះ អឿត អាង តែ​ម្នាក់​ប៉ុណ្ណោះ ត្រូវ​បាន​តុលាការ​រាជ​ធានី​ភ្នំពេញ​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​កាល​ពី​ខែ​មីនា ឆ្នាំ​២០១៧​កន្លង​មក។ សូម​មើល​សេចក្ដី​រាយការណ៍​លម្អិត​របស់​សារព័ត៌មាន BBC

រយៈ​ពេល ២​ឆ្នាំ​ក្រោយ​មក ខ្មាន់​កាំភ្លើង​ឈ្មោះ អឿត អាង នៅ​តែ​ជា​បុគ្គល​តែ​ម្នាក់​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន និង​កាត់​ទោស​ឱ្យ​ទទួល​ខុស​ត្រូវ​ចំពោះ​ឃាតកម្ម​លើ​លោក កែម ឡី ប៉ុន្តែ អ្នក​នៅ​ក្រោយ​នៃ​ឃាតកម្ម​នេះ មិន​ត្រូវ​បាន​នាំ​យក​មក​កាត់​ទោស​នោះ​ឡើយ។

ទោះជាយ៉ាងណា តុលាការ​រាជ​ធានី​ភ្នំពេញ​និយាយ​ថា សំណុំ​រឿង​ឃាតកម្ម​លើ​អ្នក​វិភាគ​នយោបាយ​ដ៏​ល្បី​ឈ្មោះ​រូប​នេះ នៅ​តែ​បន្ត​បើក​ចំហរ​នៅ​ឡើយ​សម្រាប់​ការ​ស៊ើប​អង្កេត​បន្ថែម​ទៀត។ សូម​អាន​សេចក្ដី​រាយការណ៍​របស់​សារព័ត៌មាន​ភ្នំពេញ ប៉ុស្តិ៍។

សំណុំ​រឿង​ឃាតកម្ម​លើ​លោក កែម ឡី បាន​ឃ្លាត​មក​អស់​រយៈ​ពេល ៦​ឆ្នាំ​ហើយ​គិត​ត្រឹម​ថ្ងៃ​ទី​១០ កក្កដា ឆ្នាំ​នេះ ប៉ុន្តែ គ្មាន​បុគ្គល​ណា​ផ្សេង​ទៀត ត្រូវ​បាន​នាំ​យក​មក​ទទួល​ខុស​ត្រូវ​សម្រាប់​ឃាតកម្ម​ដ៏​កក្រើក​មួយ​នេះ​ទេ​រហូត​មក​ដល់​ពេល​នេះ។ សូម​អាន​សេចក្ដី​រាយការណ៍​របស់​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក (VOA) និង​ការ​ផ្សាយ​របស់​វិទ្យុ​អាស៊ី​សេរី (RFA)។

នៅ​ចំ​ខួប ៥​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​លោក កែម ឡី ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ (Human Rights Watch) បាន​បញ្ជាក់​ថា បុគ្គល​ស្ថិត​នៅ​ក្រោយ​នៃ​ឃាតកម្ម​នេះ នៅ​តែ​មិន​ត្រូវ​បាន​គេ​រក​ឃើញ និង​នាំ​ខ្លួន​មក​ទទួល​ខុស​ត្រូវ​នៅ​ឡើយ​ទេ ដែល​នាំ​ឱ្យ​សំណុំ​រឿង​នេះ មិន​ទទួល​បាន​យុត្តិធម៌ និង​ការពិត​ទាំង​ស្រុង​នោះ​ឡើយ។ សូម​អាន​សេចក្ដី​ថ្លែងការណ៍​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​តាម​រយៈ​តំណ​ភ្ជាប់​នៅ​ទីនេះ

នៅ​ចំ​ខួប ៦​ឆ្នាំ​នៃ​ឃាតកម្ម​លើ​អ្នក​វិភាគ​នយោបាយ​ដ៏​ល្បី​ឈ្មោះ​រូប​នេះ នាយក​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ (Human Rights Watch) លោក Phil Robertson បាន​ប្រាប់​អ្នកសារព័ត៌មាន​តាម​អ៊ីម៉ែល​ថា ការ​ពិត​នៅ​តែ​ស្ថិត​នៅ​ឆ្ងាយ​ពី​អ្វី​ដែល​មិត្ត​ភក្តិ និង​ក្រុម​គ្រួសារ​របស់​លោក កែម ឡី ចង់​ឃើញ ក៏​ព្រោះ​តែ​មេ​ខ្លោង​នៃ​ការ​បាញ់​សម្លាប់​នេះ មិន​ត្រូវ​បាន​លាត​ត្រដាង​នៅ​ឡើយ។

អ្នកស្រី ប៊ូ រចនា ភរិយា​របស់​លោក កែម ឡី ត្រូវ​បាន​​​សារព័ត៌មាន​វីអូឌី (VOD)​ដក​ស្រង់​សម្ដី​ចុះ​ផ្សាយ​កាល​ពី​ឆ្នាំ​២០១៩​កន្លង​មក ដែល​និយាយ​ថា មនុស្ស​ស្ថិត​នៅ​ពីក្រោយ​ឃាតកម្ម​លើ​ស្វាមី​របស់​អ្នកស្រី គឺ​ជា​​បុគ្គល​មាន​អំណាច​នៅ​កម្ពុជា ដែល​មាន​ឈ្មោះ​នៅ​ក្នុង​របាយការណ៍​មួយ​របស់​អង្គការ Global Witness។

ប៉ុន្មាន​ថ្ងៃ​មុន​ឃាតកម្ម​លើ​លោក កែម ឡី អង្គការ Global Witness បាន​ចេញ​របាយការណ៍​មួយ​ដែល​រក​ឃើញ​ថា សមាជិក​ក្រុម​គ្រួសារ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​កាន់​កាប់​ភាគ​ហ៊ុន​នៅ​ក្នុង​ក្រុមហ៊ុន​ជាច្រើន​​នៅ​កម្ពុជា។ សូម​អាន​ខ្លឹមសារ​លម្អិត​នៃ​របាយការណ៍​របស់​អង្គការ Global Witness តាម​រយៈ​តំណ​ភ្ជាប់​នៅ​ទីនេះ

ជាង​នេះ​ទៀត Fact Crescendo Cambodia ក៏​បាន​ស្វែង​រក​ការ​បក​ស្រាយ​បន្ថែម​ពី​អ្នកស្រី ប៊ូ រចនា ផង​ដែរ ប៉ុន្តែ ពុំ​ទទួល​បាន​ការ​ឆ្លើយ​តប​នៅ​ឡើយ​ទេ។ Fact Crescendo Cambodia នឹង​ធ្វើ​បច្ចុប្បន្នភាព​បន្ថែម​ទៀត ក្រោយ​ពី​ទទួល​បាន​ការ​បក​ស្រាយ​ពី​អ្នកស្រី ប៊ូ រចនា។

Avatar

Title:អ្នក​នៅ​ពី​ក្រោយ​ឃាតកម្ម​លោក កែម ឡី នៅ​តែ​ស្ថិត​នៅ​ក្នុង​ទី​អាថ៌​កំបាំង​នៅ​ឡើយ

By: Jay Udom 

Result: Explainer

Leave a Reply

Your email address will not be published.