
សារព័ត៌មានក្នុងស្រុកមួយ បានចុះផ្សាយថា រោងចក្រស្បូនសិប្បនិម្មិតមួយ ត្រូវបានគេបង្កើតបានហើយ ដើម្បីជួយដល់ឪពុកម្ដាយមិនអាចពពោះកូនក្នុងផ្ទៃបាន។ ការចុះផ្សាយនេះ ទទួលបានការចែករំលែក និងបញ្ចេញមតិព្រោងព្រាតពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គម បន្ទាប់ពីវាត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម។ ទោះយ៉ាងណា ការផ្ទៀងផ្ទាត់របស់យើងរកឃើញថា សារព័ត៌មានបានចុះផ្សាយដោយមិនត្រឹមត្រូវអំពីវីដេអូមួយនេះ។
ការអះអាងលើបណ្ដាញសង្គម
សារព័ត៌មាន Swift News បានចុះផ្សាយកាលពីសប្ដាហ៍មុនថា រោងចក្រស្បូនសិប្បនិម្មិតសម្រាប់បង្កើតកូន ត្រូវបានគេបង្កើតឡើងហើយ ដែលអាចបង្កើតទារកបានដល់ទៅ ៣ម៉ឺននាក់ក្នុងមួយឆ្នាំ។
សារព័ត៌មានកម្ពុជាមួយនេះ បានផ្សាយនូវវីដេអូដែលបង្ហាញរោងចក្រស្បូនសិប្បនិម្មិត ហើយក៏បានចែករំលែកព័ត៌មានរបស់ខ្លួននៅលើបណ្ដាញសង្គមផងដែរ។
ព័ត៌មានដែលចុះផ្សាយដោយ Swift News ទទួលបានការចែករំលែកបន្តយ៉ាងផុសផុល និងការបញ្ចេញមតិចម្រុះបែបពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមនិយាយភាសាខ្មែរ។
ខាងក្រោមនេះ គឺជាវីដេអូនៃការចុះផ្សាយព័ត៌មាននេះដោយសារព័ត៌មាន Swift News កាលពីថ្ងៃទី២០ ខែធ្នូ ដែលរៀបរាប់ថា «កន្លែងបង្កើតស្បូនសិប្បនិម្មិតដំបូងគេលើលោក អាចបង្កើតទារកដល់ ៣ម៉ឺននាក់ក្នុងមួយឆ្នាំ!»។
ក្រៅពីសារព័ត៌មានខាងលើ ទំព័របណ្ដាញសង្គមមួយក៏បានបង្ហោះរូបថតនៃរោងចក្រស្បូនសិប្បនិម្មិតនេះផងដែរជាមួយការរៀបរាប់ថា «មិនបាច់យកប្រពន្ធក៏មានកូនបានដែរឥឡូវ ស្បួនសិប្បនិមិត្ត ម៉េចដែរស្រីៗ គ្មាននរណាយកទេស្រីៗ»។

ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើព័ត៌មាននេះតាមរយៈការដំណើរការ Google Reverse Image Search និងពិនិត្យមើលទៅលើឈ្មោះក្រុមហ៊ុន ECTO LIFE ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
វីដេអូនៃការបង្កើតរោងចក្រស្បូនសិប្បនិម្មិតនេះ ត្រូវបានចុះផ្សាយដោយសារព័ត៌មានមួយចំនួននៅលើពិភពលោក។ សារព័ត៌មាន The Nation របស់ថៃ បានចុះផ្សាយអំពីវីដេអូនេះកាលពីថ្ងៃទី១៦ ខែធ្នូ ដោយបានរៀបរាប់ថា វាគ្រាន់តែជាវីដេអូ«បញ្ចេញគំនិត» ឬភាសាអង់គ្លេសហៅថា Concept ដែលនឹកគិតទៅដល់ការបង្កើតរោងចក្រស្បូនសិប្បនិម្មិតសម្រាប់ផ្ដល់ការបង្កកំណើតរបស់ទារក ជំនួសឱ្យការបង្កកំណើតនៅក្នុងផ្ទៃរបស់ម្ដាយ។
បើតាមសារព័ត៌មានថៃមួយនេះ គំនិត ឬ Concept បង្កើតកូនដោយប្រើស្បូនសិប្បនិម្មិតនេះ ត្រូវបានលើកឡើងដោយបុរសម្នាក់ឈ្មោះ Hashem Al-Ghaili នៅទីក្រុងប៊ែរឡាំង ដែលបានប្រកាសខ្លួនឯងជាផលិតករភាពយន្ត និងជាអ្នកបច្ចេកទេសជីវសាស្ត្រផងដែរ។

The Nation Thailand | Archived Link
សារព័ត៌មាន The Nation ក៏បានផ្សាយភ្ជាប់មកជាមួយនូវវីដេអូនោះផងដែរ ដែលត្រូវបានផ្សព្វផ្សាយនៅលើឆាណែល YouTube មួយដាក់ឈ្មោះថា Hashem Al-Ghaili កាលពីថ្ងៃទី០៩ ខែធ្នូ។
បន្ទាប់ពីការផ្សព្វផ្សាយវីដេអូនេះនៅលើបណ្ដាញសង្គម វាបានធ្វើឱ្យមនុស្សជាច្រើនយល់ច្រឡំ ដែលនាំឱ្យសារព័ត៌មាននៅតាមបណ្ដាប្រទេសមួយចំនួនផ្ទៀងផ្ទាត់ទៅលើវីដេអូមួយនេះ។
នៅក្នុងអត្ថបទផ្ទៀងផ្ទាត់របស់ខ្លួន ទីភ្នាក់ងារព័ត៌មាន Reuters របស់អង់គ្លេស បានដកស្រង់សម្ដីរបស់លោក Hashem Al-Ghaili ដែលបានបញ្ជាក់ថា រោងចក្រស្បូនសិប្បនិម្មិតនោះ «មិនទាន់កើតមានឡើងនៅឡើយទេ» ដោយថា វីដេអូនេះគ្រាន់តែជាការបញ្ចេញគំនិត(concept)របស់លោកតែប៉ុណ្ណោះ។ សូមអានអត្ថបទទាំងស្រុងរបស់ Reuters នៅទីនេះ។
សន្និដ្ឋាន
Fact Crescendo Cambodia រកឃើញថា ការចុះផ្សាយរបស់សារព័ត៌មាន Swift News ដូចដែលរៀបរាប់ខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ វីដេអូដែលបង្ហាញនូវការបង្កើតទារកនៅក្នុងស្បូនសិប្បនិម្មិតនេះ គ្រាន់តែជាវីដេអូ«បញ្ចេញគំនិត» ឬ Concept ដែលផលិតឡើងដោយលោក Hashem Al-Ghaili តែប៉ុណ្ណោះ។ រហូតមកដល់ពេលនេះ គ្មានទេរោងចក្រស្បូនសិប្បនិម្មិតរបស់ ECTO LIFE។

Title:សារព័ត៌មានក្នុងស្រុកមួយផ្សាយមិនត្រឹមត្រូវអំពីវីដេអូរោងចក្រស្បូនសិប្បនិម្មិត
Fact Check By: Jay UdomResult: Missing Context
