
ចាប់តាំងពីកម្ពុជាបានសម្រេចប្រគល់ដីទំហំ ៤០ហិកតាឱ្យជនជាតិវៀតណាមដើម្បីផ្លាស់ចេញពីការរស់នៅលើផ្ទៃទឹកបឹងទន្លេសាបនៅខេត្តកំពង់ឆ្នាំងមក រូបថតជាច្រើន ត្រូវបានគេអះអាងថាជាសំណង់ផ្ទះទើបសាងសង់ឱ្យពួកគេ។ ក្នុងនោះ រូបថតពីរសន្លឹកដែលបង្ហាញសំណង់ផ្ទះដូចៗគ្នា ក៏ត្រូវបានគេអះអាងថាជាផ្ទះសម្រាប់ជនជាតិវៀតណាមផងដែរ។ រូបថតនេះ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមនិយាយភាសាខ្មែរ ចែករំលែកបន្តរហូតដល់រាប់ពាន់ដង ព្រមទាំងមានការបញ្ចេញមតិចម្រុះផងដែរ។ ទោះជាយ៉ាងណា ការត្រួតពិនិត្យរបស់យើង រកឃើញថា ការអះអាងនេះ មិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
រូបថត ២សន្លឹកដែលបង្ហាញពីសំណង់ផ្ទះមានរចនាបថដូចៗគ្នា ត្រូវបានគេបង្ហោះនៅលើបណ្ដាញសង្គមជាមួយការអះអាងថា ជាផ្ទះរបស់ជនជាតិវៀតណាមដែលទើបត្រូវបានសាងសង់ឡើងថ្មីៗ។
រូបថតជាមួយការអះអាងបែបនេះ ទទួលបានការចែករំលែកបន្តយ៉ាងច្រើនរហូតដល់ជិត ២ពាន់ដង ព្រមទាំងមានការបញ្ចេញមតិ និងប្រតិកម្មយ៉ាងចម្រុះបែបផងដែរ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការអះអាងលើបណ្ដាញសង្គមកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ ដែលរៀបរាប់ថា «ខប់ៗសង់ផ្ទះថ្មីឱ្យយួនស្អាតៗ»។

ការអះអាងទៅលើរូបថតទាំងពីរសន្លឹកនេះ ត្រូវបានចែករំលែកបន្តចូលទៅក្រុមបណ្ដាញសង្គមដែលមានគណនីហ្វេសប៊ុកជាច្រើនជាសមាជិក ហើយក៏ទទួលបានការបញ្ចេញមតិជាច្រើនផងដែរ។

ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើការអះអាងខាងលើនេះតាមរយៈការដំណើរការ Google Reverse Image Search ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
រូបថតមួយសន្លឹកដែលបង្ហាញសំណង់ផ្ទះមានរូបរាងដូចៗគ្នានេះនៅជាប់នឹងផ្ទៃទឹកដ៏ធំមួយកន្លែង ត្រូវបានរកឃើញនៅក្នុងគេហទំព័រមួយ ដែលរៀបរាប់អំពីភូមិអភិវឌ្ឍន៍អន្លង់ជ្រៃ ស្ថិតក្នុងទឹកដីខេត្តត្បូងឃ្មុំ។
បើតាមគេហទំព័រមួយនេះ ភូមិអភិវឌ្ឍន៍អន្លង់ជ្រៃ គឺជាស្រុកកំណើតលោក ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជានាពេលបច្ចុប្បន្ននេះ ដែលស្ថិតនៅក្នុងឃុំកក់ ស្រុកពញាក្រែក។

Tourism Srok Khmer | Archived Link
ចំណែកឯរូបថតសំណង់ផ្ទះមួយសន្លឹកទៀត ត្រូវបានរកឃើញបង្ហោះលើបណ្ដាញសង្គមដោយទំព័រហ្វេសប៊ុក «ត្បូងឃ្មុំ ខេត្តខ្ញុំ» កាលពី ៣ឆ្នាំមុន ជាមួយការរៀបរាប់ថា សំណង់ផ្ទះនេះក៏ស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍អន្លង់ជ្រៃផងដែរ។

ក្រុមការងារ Fact Crescendo Cambodia ក៏បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើរូបថតសំណង់ផ្ទះដូចៗគ្នានេះផងដែរនាពេលកន្លងមកនេះ។ សូមអានអត្ថបទទាំងនោះតាមរយៈតំណភ្ជាប់នៅទីនេះ ឬតំណភ្ជាប់នៅទីនេះមួយទៀត។
សន្និដ្ឋានFact Crescendo Cambodia បានរកឃើញថា ការអះអាងដូចដែលត្រូវបានរៀបរាប់ខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ សំណង់ផ្ទះនៅក្នុងរូបថតនេះ មិនមែនជាផ្ទះដែលត្រូវបានសាងសង់ផ្ដល់ឱ្យជនអន្តោប្រវេសន៍វៀតណាមនោះឡើយ។ សំណង់ផ្ទះដូចៗគ្នានេះ ត្រូវបាសាងសង់ផ្ដល់ជូនប្រជាជនរស់នៅក្នុងភូមិកំណើតរបស់ប្រធានរដ្ឋសភា លោក ហេង សំរិន ស្ថិតនៅតំបន់អភិវឌ្ឍន៍អន្លង់ជ្រៃ ក្នុងខេត្តត្បូងឃ្មុំ។

Title:សំណង់ផ្ទះនៅភូមិកំណើតលោក ហេង សំរិន មិនមែនផ្ដល់ឱ្យជនជាតិវៀតណាមទេ
Fact Check By: Jay UdomResult: False
