Fact-Check: តើ​រូបថត​ទាំង​នេះ​បង្ហាញ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​របស់​វៀតណាម​លើ​ពលរដ្ឋ​ខ្មែរ​នៅ​ដើម​ស.វ.​ទី​​១៩​មែន​ទេ?

Misleading Political

ការ​កាប់​សម្លាប់​ប្រជាពលរដ្ឋ​កម្ពុជា​នៅ​សតវត្សរ៍​ទី​១៩​ពី​សំណាក់​​កង​ទ័ព​វៀតណាម​នាពេល​នោះ តែង​តែ​ត្រូវ​បាន​ពលរដ្ឋ​កម្ពុជា​រម្លឹក​ឡើង​វិញ​ជានិច្ច។ ក្នុង​ចំណោម​នោះ រូបថត​មួយ​ចំនួន​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម ជាមួយ​ការ​អះ​អាង​ភ្ជាប់​ជាមួយ​នឹង​ព្រឹត្តការណ៍​ប្រវត្តិសាស្ត្រ​កាល​ពី​អតីត​កាល។ រូបថត​ជាមួយ​នឹង​ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​គ្នា​ដល់​ទៅ​រាប់​ពាន់​ដឹង។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការ​ពិត រក​ឃើញ​ថា រូបថត​ទាំង​នោះ ត្រូវ​បាន​អះ​អាង​ភ្ជាប់​ដោយ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

កាល​ពី​ថ្ងៃ​ទី​២៥ ខែ​កក្កដា ឆ្នាំ​២០២១ អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​ម្នាក់ បាន​បង្ហោះ​រូបថត​បួន​សន្លឹក​នៅ​លើ​បណ្ដាញ​សង្គម ដែល​រូបថត​ស​ខ្មៅ​ទាំង​នោះ បង្ហាញ​ការ​​ប្រហារ​ជីវិត​មនុស្ស​ដោយ​កាត់​ក្បាល​ និង​ការ​ចាប់​ខ្លួន​មនុស្ស​ដាក់​ខ្នោះ​ឃ្នាង។

អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដដែល​នេះ បាន​បង្ហោះ​រូបថត​ជាមួយ​សំណេរ​រៀបរាប់​ថា យួន​បាន​ឈ្លាន​ទឹក​ដី​កម្ពុជា និង​បាន​កាប់​សម្លាប់​ពលរដ្ឋ​ខ្មែរ​ក្រោម​នៅ​ក្នុង​សតវត្សរ៍​ទី​១៩។

រូបថត​ជាមួយ​នឹង​សំណេរ​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ដល់​ទៅ​រាប់​ពាន់​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ រួមជាមួយ​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ផង​ដែរ។

ខាង​ក្រោម​នេះ​គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ ដែល​រៀបរាប់​ថា «ប្រវត្តិសាស្ត្រ​ខ្មែរ៖ យួន​ឈ្លាន​ពាន​កាន់​កាប់​ទឹក​ដី​ខ្មែរ ធ្វើ​ទុក្ខ​បុក​ម្នេញ ជិះ​ជាន់​កាប់​សម្លាប់​ពលរដ្ឋ​ខ្មែរ​តាម​គ្រប់​រូបភាព​រាប់រយ​ឆ្នាំ​ហើយ ពិសេសស​ខ្មែរ​ក្រោម»។

Facebook Post | Archived Link

រូបថត​ពីរ​នៅ​ក្នុង​ចំណោម​រូបថត​បួន​សន្លឹក​ដូច​ដែល​បាន​រៀបរាប់​ខាង​លើ​នេះ ក៏​ត្រូវ​បាន​ទំព័រ​ហ្វេសប៊ុក LDP បង្ហោះ​ផង​ដែរ​កាល​ពី​ថ្ងៃ​ទី​០៣ ខែ​សីហា ឆ្នាំ​២០២០​កន្លង​មក។

ទំព័រ​ហ្វេសប៊ុក​នេះ ​រៀបរាប់​ថា «នៅ​ឆ្នាំ​១៨៤៤ ស្ដេច​យួន​បាន​បញ្ជា​ឱ្យ​កាត់​ក្បាល​ខ្មែរ​កម្ពុជា​ក្រោម ដែល​ងើប​បះបោរ​ប្រឆាំង​នឹង​យួន មាន​មេ​ស្រុក និង​ប្រជាជន​ខ្មែរ​ជាច្រើន ត្រូវ​យួន​កាត់​ក្បាល»។

Facebook Post | Archived Link

រូបថត​ទាំង​នេះ ត្រូវ​បាន​ចុះ​ផ្សាយ​ដោយគេហទំព័រ​សារព័ត៌មាន​អង្រុត (Angrut) កាល​ពី​ថ្ងៃ​ទី​០៥ ខែ​សីហា ឆ្នាំ​២០២០​កន្លង​មក ជាមួយ​អត្ថបទ​ចំណង​ជើង​ថា «១៧៦​ឆ្នាំ​មុន ស្ដេច​យួន​បញ្ជា​ឱ្យ​កាត់​ក្បាល​ខ្មែរ​ក្រោម​រាប់​សិប​នាក់»។

Angrut | Archived Link

ការ​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​លើ​រូបថត​ទាំង​នេះ​តាម​រយៈ​ការ​ដំណើរ​កម្មវិធី​ស្វែង​រក​រូបថត​នៅ​លើ Google ដែល​នាំ​ឱ្យ​យើង​បាន​ជួប​ប្រទះ​នឹង​រូបថត​ដូច​គ្នា​ទាំង​ស្រុង និង​ព័ត៌មាន​អំពី​រូបថត​ទាំង​នេះ​ផងដែរ។

រូបថត​ទាំង​នេះ ត្រូវ​បាន​រក​ឃើញ​នៅ​លើ​បណ្ដាញ​សង្គម Flickr និង​គេហទំព័រ Lynda Trouvé ដែល​ជា​ផ្នែក​មួយ​នៃ​​ចំនួន ៤១៣សន្លឹក​នៅ​ក្នុង​អាល់ប៊ុម​រូបថត​ LE TONKIN ថត​ឡើង​ដោយ​វេជ្ជ​បណ្ឌិត​ជន​ជាតិ​បារាំង​មួយ​រូប​ឈ្មោះ HOCQUARD Charles-Edouard នៅ​ចន្លោះ​ឆ្នាំ​១៨៨៤ ដល់​ឆ្នាំ​១៨៨៥ ពោល​គឺ​អំឡុង​បារាំង​ដាក់​អាណានិគម​នៅ​លើ​ប្រទេស​វៀតណាម។

Flickr គឺ​ជា​បណ្ដាញ​សង្គម​មួយ​ដែល​អនុញ្ញាត​ឱ្យ​អ្នក​ថត​រូប​អាជីព ឬ​ពាក់​កណ្ដាល​អាជីព ចែក​រំលែក​នូវ​រូបថត​របស់​ខ្លួន​ជាមួយ​គុណភាព​រូបថត​កម្រិត​ខ្ពស់ ហើយ​ Lynda Trouvé គឺ​ជា​គេហទំព័រ​ផ្សព្វផ្សាយ​លក់​រូបថត រូបគំនូរ និង​ស្នាដៃ​វិចិត្រ​សិល្បៈ​ដទៃ​ទៀត។

ចំណែក​ឯ​លោក Charles-Edouard HOCQUARD (១៨៥៣-១៩១១) គឺ​ជា​វេជ្ជ​បណ្ឌិត​ជន​ជាតិ​បារាំង ដែល​ត្រូវ​បាន​ចាត់​តាំង​ឱ្យ​ចូលរួម​ក្នុង​កង​ទ័ព​នៅ​ក្នុង​យុទ្ធនាការ​តុងកឹង​នៅ​ចន្លោះ​ឆ្នាំ​១៨៨៤ ដល់​ឆ្នាំ​១៨៨៦។ អំឡុង​ពេល​នេះ​ហើយ​ដែល​លោក​បាន​ផ្ដិត​យក​ទិដ្ឋភាព​នៃ​ជីវិតរស់នៅ​របស់​មនុស្ស​នៅ​តំបន់​តុងកឹង។

នៅ​ក្នុង​សៀវភៅ Une campagne au Tonkin ឬ​ប្រែ​ជាភាសា​ខ្មែរ​ថា «យុទ្ធនាការ​នៅ​តុងកឹង» បាន​រៀបរាប់​ពី​របៀប​នៃ​ការ​ប្រហារ​ជីវិត​ចោរ​ប្លន​់​ដោយ​កាត់​ក្បាល នៅ​ឯ​តំបន់​តុងកឹង​(​វៀតណាម​ខាង​ជើង​សព្វ​ថ្ងៃ​នេះ)​នៅ​ចន្លោះ​ឆ្នាំ​១៨៨៤​ដល់​ឆ្នាំ​១៨៨៦។

លោក​វេជ្ជ​បណ្ឌិត Charles-Edouard HOCQUARD បាន​សរសេរ​រៀប​រាប់​ថា ចោរ​ប្លន់​​ម្នាក់ ​ត្រូវ​គេ​​ចាប់​បាន​ ហើយ​​ដាក់​ខ្នោះ​ធ្វើ​ពី​ដើម​ឫស្សី។ លោក​សរសេរ​បន្ត​ថា រូបថត​នេះ បង្ហាញ​ការ​បណ្ដើរ​ចោរ​ប្លន់​​យក​ទៅ​ទីតាំង​ប្រហារ​ជីវិត​ដោយ​កាត់​ក្បាល។

​លោក Charles-Edouard HOCQUARD បាន​សរសេរ​បន្ត​ថា ចោរ​ប្លន់​នោះ ត្រូវ​បាន​គេ​ចង​ដៃ​ទៅ​ខាង​ក្រោយ​ជាមួយ​នឹង​ផ្ដៅ ហើយ​ដាក់​ឱ្យ​អង្គុយ​លត់​ជង្គង់ ដើម្បី​ប្រហារ​ជីវិត។

បន្ទាប់​ពី​ប្រហារ​ជីវិត​ដោយ​កាត់​ក្បាល​ហើយ​នោះ ក្រុម​ពេជ្ឈ​ឃាត​បាន​​យក​ក្បាល​ចោរ​ប្លន់​នោះ​បញ្ជូន​ទៅ​ភូមិ​ដែលចោរ​នោះ​បាន​ប្លន់ និង​ដុត​ភូមិដ្ឋាន​របស់​អ្នក​ស្រុក។ ក្បាល​ចោរ​នោះ នឹង​ត្រូវ​គេ​ព្យួរ​នៅ​លើ​ដើម​ឈើ​នៅ​ផ្លូវ​ចូល​ភូមិ ហើយ​ទុក​ធ្វើ​ជា​គំរូ។

បន្ទាប់​ពី​ក្រុម​ពេជ្ឈ​ឃាត​ចាក​ចេញ​ហើយ ក្រុម​គ្រួសារ​សព បាន​ទៅ​ប្រមូល​រាង​កាយ​របស់​សព​ដែល​គេ​ទុក​ចោល​នៅ​លើ​ដី ហើយ​យក​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ។

ចំណែក​ឯ​រូបថត​ខាង​ក្រោម​នេះ​វិញ លោក Charles-Edouard HOCQUARD សរសេរ​រៀបរាប់​ព័ត៌មាន​ដែល​ទទួល​បាន​ពី​អ្នក​បក​ប្រែ​របស់​លោក​ថា មនុស្ស ៣​នាក់ ដែល​ត្រូវ​បាន​ដាក់​ខ្នោះ​ធ្វើ​ពី​ឫស្សី​នេះ គឺ​ជា​ក្រុម​ចោរ​ប្លន់។ លោក​សរសេរ​ថា មនុស្ស​ម្នាក់​មាឌ​ធំ​ដែល​សម្លឹង​មើល​ទាំង​កែវ​ភ្នែក​ពោរ​ពេញ​ដោយ​កំហឹង​នោះ គឺ​ជា​ចោរ​ប្លន់​ដ៏​គ្រោះ​ថ្នាក់​បំផុត​ម្នាក់ ដែល​បាន​សម្លាប់​មនុស្ស​ជាង ២០​នាក់។ ចោរ​ប្លន់​ម្នាក់​នេះ ត្រូវ​បាន​គេ​ដាក់​​ខ្នោះ​ទាំង​ដៃ​ទាំង​ជើង ដោយសារ​តែ​ព្យាយាម​រត់​គេច។

Une Campagne au Tonkin | Archived Link

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា ការ​អះ​អាង​ភ្ជាប់​រូបថត​ទាំង​នេះ​ទៅ​នឹង​ព្រឹត្តិការណ៍​នៃ​ការ​បង្ក្រាប​របស់​រាជ​វង្ស​ង្វៀន​ទៅ​លើ​ពលរដ្ឋ​ខ្មែរ​នៅ​កម្ពុជា​ក្រោម​នា​ពាក់​កណ្ដាល​ទី​១​នៃ​សតវត្សរ៍​ទី​១៩​នោះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ រូបថត​ទាំង​នេះ មិន​ពាក់​ព័ន្ធ​ទៅ​នឹង​ការ​បង្ក្រាប​នៃ​រាជ​វង្ស​ង្វៀង​របស់​វៀតណាម ទៅ​លើ​ពលរដ្ឋ​ខ្មែរ​នៅ​កម្ពុជា​ក្រោម​នោះ​ឡើយ។ រូបថត​ទាំង​នេះ គឺ​ជា​ផ្នែក​មួយ​នៃ​អាល់ប៊ុម​រូបថត​របស់​លោក Charles-Edouard HOCQUARD បាន​ផ្ដិត​យក​ទិដ្ឋភាព​នៃ​ការ​ប្រហារ​ជីវិត​ចោរ​ប្លន់​នៅ​តំបន់​តុងកឹង (វៀតណាម​ខាង​ជើង​សព្វ​ថ្ងៃ)​នៅ​ចន្លោះ​ឆ្នាំ​១៨៨៤ដល់​ឆ្នាំ​១៨៨៦ នៅ​ពេល​បារាំង​ធ្វើ​សង្គ្រាម​ឆ្ពោះ​ទៅ​ដណ្ដើម​ការ​គ្រប់​គ្រង​លើ​តំបន់​តុងកឹង​ទាំង​ស្រុង។

Avatar

Title:តើ​រូបថត​ទាំង​នេះ​បង្ហាញ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​របស់​វៀតណាម​លើ​ពលរដ្ឋ​ខ្មែរ​នៅ​ដើម​ស.វ.​ទី​​១៩​មែន​ទេ?

Fact Check By: Jay Udom 

Result: Misleading

Leave a Reply

Your email address will not be published.