Fact-Check: តើ​រូបថត​នេះ​គឺ​ជា​រូប​សំណាក​មេដឹកនាំ​វៀតណាម លោក ហូ ជីមិញ មែន​ឬទេ?

Altered Political

​ក្រុម​អ្នក​នយោបាយ​មួយ​ចំនួន​របស់​កម្ពុជា តែង​តែ​បង្ហោះជា​រឿយៗ​​នូវ​​រូបថត វីដេអូ ឬ​សារ​មួយ​ចំនួន​នៅ​លើ​បណ្ដាញ​សង្គម​ប្រឆាំង​នឹង​ប្រទេស​វៀតណាម ដែល​ត្រូវ​បាន​ចោទ​ថា ប៉ុន​ប៉ង​លេប​យក​ទឹក​ដី​កម្ពុជា។ ក្នុង​នោះ រូបថត​រូប​សំណាក​លោក ហូ ជីមិញ ស្ថាបនិក​នៃ​ប្រទេស​វៀតណាម​​សង្គម​និយម ដែល​កាន់​ដាវ​ក្នុង​ដៃ និង​អង្គុយ​លើ​ទម្រ​មួយ​នោះ ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម។ រូបថត​នៃ​រូប​សំណាក​នេះ ត្រូវ​បាន​បង្ហាញ​ក្នុង​ន័យ​ថា រូប​សំណាក​នេះ ត្រូវ​បាន​សាង​សង់​ឡើងនៅ​ក្នុង​ប្រទេស​ឡាវ។

រូបថត​រូប​សំណាក​​លោក ហូ ជីមិញ មួយ​សន្លឹក​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុន​និយាយ​ភាសា​ខ្មែរ រួម​ជាមួយ​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ផង​ដែរ។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​របស់ Fact Crescendo Cambodia រក​ឃើញ​ថា​ រូបថត​រូប​សំណាក​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០២០​កន្លង​មក អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​ចម្លាក់​លោក ហូ ជីមិញ ស្ថាបនិក​នៃ​ប្រទេស​វៀតណាម​សង្គម​និយម ស្ថិត​ក្នុង​លក្ខណៈ​អង្គុយ​កាន់​ដាវ និង​បំពាក់​ដោយ​ទង់​ជាតិ​វៀតណាម​នៅ​ចំហៀង​ខ្លួន​នៃ​រូប​ចម្លាក់​នោះ។

រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​ចែក​រំលែក​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​រហូត​ដល់​ជាង ១​ពាន់​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ​ចម្រុះ​ជាច្រើន​ផង​ដែរ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក ដែល​បាន​បង្ហោះ​កាល​​ពី​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០២០ ហើយ​បាន​លោត​មក​​បង្ហាញ​ជា​ថ្មី​នៅ​ចំ​ថ្ងៃ​ទី​១៤ ខែ​កញ្ញា​នេះ។

Facebook Post | Archived Link

រូបថត​នៃ​រូប​សំណាក់​នេះ ក៏​ត្រូវ​បាន​ទំព័រ​ហ្វេសប៊ុក​មួយ​ឈ្មោះ​ថា ប្រវត្តិសាស្ត្រ​ខ្មែរ បង្ហោះ​ផង​ដែរ​កាល​ពី​ថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ​២០២០​កន្លង​មក ពោល​គឺ ២​ថ្ងៃ​មុន​ការ​បង្ហោះ​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ខាង​លើ​នេះ។

Facebook Post | Archived Link

រូបថត​ដដែល​នេះ ក៏​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម Twitter ផង​ដែរ​កាល​ពី​ថ្ងៃ​​ទី៣១ ខែ​តុលា ឆ្នាំ​២០២០​កន្លង​មក។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​រូបថត​នេះ​នៅ​លើ​បណ្ដាញ​សង្គម Twitter។

Twitter Tweet | Archived Link

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​ទៅ​លើ​រូបថត​នេះ​តាម​រយៈ​ការ​ដំណើរការ​កម្មវិធី​ស្វែង​រក​រូបថត​របស់ Google ដែល​នាំ​ឱ្យ​យើង​ជួប​ប្រទះ​នឹង​រូបថត​ច្បាប់​ដើម និង​ព័ត៌មាន​អំពី​រូប​សំណាក់​នេះ។ រូបថត​ច្បាប់​ដើម​នៃ​រូប​សំណាក់​នេះ ត្រូវ​បាន​ផ្សព្វផ្សាយ​យ៉ាង​ច្រើ​ននៅ​លើ​បណ្ដាញ​អ៊ិនធឹណិត និង​បណ្ដាញ​សង្គម​ផង​ដែរ។

រូបថត​ច្បាប់​ដើម ត្រូវ​បាន​រក​ឃើញ​នៅ​លើ​គេហទំព័រ​​ Getty Images ដែលផ្ដល់​ព័ត៌មាន​ថា រូប​សំណាក់​នេះ គឺ​ជា​រូប​សំណាក់​ព្រះ​រាជា​សេដ្ឋាធិរាជ ដែល​ជា​ព្រះ​មហាក្សត្រ​នៃ​ប្រទេស​ឡាវ សោយ​រាជ​សម្បត្តិ​ចាប់​ពី​ឆ្នាំ១៥៣៤ រហូត​ដល់​ឆ្នាំ​១៥៧១។ បើ​តាម Getty Images រូប​សំណាក់​ព្រះ​រាជា​សេដ្ឋាធិរាជ ត្រូវ​បាន​ដាក់​តម្កល់​​នៅ​ឯ​វត្ត​ព្រះ​ធាតុ​ហ្លួង ស្ថិត​ក្នុង​រដ្ឋធានី​វៀងចន្ទន៍។

Getty Images | Archived Link

ព្រះ​មហាក្សត្រ សេដ្ឋាធិរាជ ឬ ជ័យ​ជេស្ឋា​ (តាម​ភាសា​ឡាវ​ហៅ​ថា សៃសេដ្ឋាធិរ៉ាត) ត្រូវ​បាន​គេ​ចាត់​ទុក​ជា​មេដឹកនាំ​ដ៏​ខ្លាំង​ពូកែ​មួយ​រូប​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ឡាវ ដោយ​បាន​ការពារ​​ នគរ​ឡាន​សាង (ឡាន​ឆាង ឬ​ដំរី​រាប់​លាន)​បាន​ដោយ​ជោគ​ជ័យ​​ពី​ការ​ឈ្លាន​ពាន​នៃ​កង​ទ័ព​ភូមា ដែល​បាន​វាយ​ប្រហារ​ចូល​រាជ​ធានី​អាយុធ្យា​​របស់​សៀម​នៅ​ឆ្នាំ​១៥៦៤។

នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ឡាវ ព្រះ​មហាក្សត្រ​អង្គ​នេះ ត្រូវ​បាន​គេ​ផ្ដល់​​នាម​ថា ស្ដេច​ពីរ​នគរ ដោយសារ​​ទ្រង់​បាន​សោយ​រាជ្យ​នៅ​នគរ​ឡានណា​ផង និង​នគរបាល​ឡាន​សាង​ផង។

ព្រះ​រាជា​សេដ្ឋាធិរាជ បាន​សោយ​រាជ្យ​នៅ​នគរបាល​ឡានណា បន្ទាប់​ពី​ស្ដេច​នគរ​ឡានណា​ព្រះ​នាម​កេតុក្លៅ បាន​សោយ​ទីវង្គត​ដោយ​មិន​មាន​បុត្រា​ជា​រជ្ជ​ទាយាទ​ស្នង​រាជ​សម្បត្តិ​ឡើយ។

ព្រះ​រាជា​កេតុក្លៅ​នេះ គឺ​ជា​ជីតា​របស់​ព្រះ​រាជា​សេដ្ឋាធិរាជ ហើយ​បន្ទាប់​ពី​ទ្រង់​សុគត​ទៅ ក្រុម​មន្ត្រី​ជាន់ខ្ពស់​នៃ​រាជ​វាំង​នគរ​ឡានណា បាន​ឯកភាព​គ្នា​ជា​ឯកច្ឆ័ន​ប្រគល់​រាជ​សម្បត្តិ​ទៅ​ឱ្យ​ព្រះ​មហាក្សត្រ​សេដ្ឋាធិរាជ។ ព្រះ​នាម​របស់​ព្រះ​រាជា​សេដ្ឋាធិរាជ ត្រូវ​បាន​​ហៅ​ថា ចៅ​ជ័យសេដ្ឋាធិរាជ ហើយ​បាន​តាំង​រាជ​ធានី​នៅ​ឈៀងសែន ដែល​ជា​ខេត្ត​ឈៀងសែន ស្ថិត​នៅ​ភាគ​ខាង​ជើង​របស់​ប្រទេស​ថៃ​សព្វ​ថ្ងៃ​នេះ។

ព្រះ​រាជា​អង្គ​នេះ ក៏​ជា​ព្រះ​មហាក្សត្រ​នគរ​ឡានសាង (ឡាន​ឆាង)​ផង​ដែរ បន្ទាប់​ពី​ព្រះ​បិតា​របស់​ទ្រង់​ព្រះ​នាម ពោធិសារារ័ត្ន បាន​សោយ​ទីវង្គត់។ ទ្រង់​បាន​ឡើង​សោយ​រាជ្យ​សម្បត្តិ​ បន្ទាប់​ពី​បាន​បង្ក្រាប​ការ​ដណ្ដើម​រាជ្យ​គ្នា​ ដែលធ្វើ​ឡើង​ដោយ​ក្រុម​មន្ត្រី​គាំ​ទ្រ​ព្រះ​អង្គ​ម្ចាស់​ឡានឆាង និង​ក្រុម​មន្ត្រី​មួយ​ក្រុម​ទៀត​ដែល​គាំ​ទ្រ​ព្រះ​អង្គ​ម្ចាស់​ ថាហឿ។

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​នៃ​រូប​សំណាក់​ដូច​ដែល​បាន​រៀប​រាប់​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ រូបថត​ច្បាប់​ដើម​នៃ​រូប​សំណាក់​នេះ មិន​មែន​ជា​រូប​សំណាក់​លោក ហូ ជីមិញ ស្ថាបនិក​នៃ​ប្រទេស​វៀតណាម​សង្គម​និយម​នោះ​ឡើយ។ រូបថត​ច្បាប់​ដើម គឺ​ជា​រូប​សំណាក់​ព្រះ​ចៅ​សេដ្ឋាធិរាជ ដែល​ជា​ព្រះ​មហាក្សត្រ​ដ៏​ខ្លាំង​ពូកែ​មួយ​អង្គ​របស់​ប្រទេស​ឡាវ​នៅ​សតវត្សរ៍​ទី​១៦ ហើយ​រូប​សំណាក់​នេះ ត្រូវបាន​ដាក់​តម្កល់​នៅ​វត្ត​​ព្រះ​ធាតុ​ហ្លួង ស្ថិត​នៅ​រដ្ឋ​ធានី​វៀងចន្ទន៍។

Avatar

Title:តើ​រូបថត​នេះ​គឺ​ជា​រូប​សំណាក​មេដឹកនាំ​វៀតណាម លោក ហូ ជីមិញ មែន​ឬទេ?

Fact Check By: Jay Udom 

Result: Altered

Leave a Reply

Your email address will not be published.