វីដេអូ​ឃ្លីប​ហ្គេម​មួយ​ ត្រូវ​បាន​ភ្ជាប់​មិន​ត្រឹម​ត្រូវ​ទៅ​នឹង​វិបត្តិ​អ៊ុយក្រែន-រុស្ស៊ី

False International

បន្ទាប់​ពី​រុស្ស៊ី​បើក​ការ​ឈ្លាន​ពាន​តាម​មធ្យោបាយ​យោធា​ទ្រង់​ទ្រាយ​ធំ​ទៅ​លើ​ប្រទេស​អ៊ុយក្រែន ក្រោម​ហេតុ​ផល​ប្រតិបត្តិ​ការណ៍​យោធា​ពិសេស​នោះ​ ការ​ចែក​ចាយ​រូប​ថត​ វីដេអូ​ឃ្លីប​ និង​ព័ត៌​មាន​នា​នា​ជា​ច្រើន​ទាក់​ទង​នឹង​ព្រឹត្តិការណ៍​មួយ​នេះ​ បាន​កើត​មាន​នៅ​តាម​បណ្តាញ​សង្គម​យ៉ាង​ផុស​ផុល​ ដោយ​ក្នុង​នោះ​រួម​មាន​ទាំង​ព័ត៌មាន​ រូប​ថត​ និង​វីដេអូឃ្លីប​ ដែល​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ​ និង​មិន​ត្រឹម​ត្រូវ​ផង​ដែរ​។​

ក្នុង​ចំណោម​នោះ​ វីដេអូ​ឃ្លីប​មួយ​ បង្ហាញ​អំពី​ទិដ្ឋ​ភាព​នៃ​ការ​វាយ​ប្រហារ​ដោយ​យន្ត​ហោះ​ចម្បាំង​ និង​ការ​បាញ់​តប​ទៅ​វិញ​ដោយ​កាំ​ជ្រួច​ធំ​ៗ​ ត្រូវ​បាន​បង្ហោះ​ដោយ​ទំព័រ​ហ្វេស​ប៊ុក​មួយ​​។​ វីដេអូ​នេះ​ ត្រូវ​បាន​អះ​អាង​ និង​ភ្ជាប់​ថា​ជា​ទិដ្ឋ​ភាព​ការ​បើក​ឆាក​ប្រយុទ្ធ​របស់​រុស្ស៊ី​ទៅ​លើ​ប្រទេស​អ៊ុយ​ក្រែន​។​

ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ វីដេអូ​ឃ្លីប​ និង​ការ​អះ​អាង​ដោយ​ទំព័រ​ហ្វេស​ប៊ុក​​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នោះ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​

ការ​អះ​អាង​លើ​បណ្តាញសង្គម

កាល​ពី​ថ្ងៃ​ទី​២៥​ ខែ​កុម្ភៈ​ ឆ្នាំ​២០២២​កន្លង​ទៅ​ថ្មី​ៗ​នេះ​ ទំព័រ​ហ្វេស​ប៊ុក​មួយ​ បាន​​បង្ហោះ​វីដេអូ​ឃ្លីប​មួយ​ ដែល​មាន​រយៈ​ពេល​ប្រមាណ​ជាង​ ៥​នាទី​កន្លះ​ ដោយ​បាន​បង្ហាញ​នូវ​ទិដ្ឋ​ភាព​នៃ​ការ​វាយ​ប្រហារ​ និង​ការ​បាញ់​តប​ត​ទៅ​លើ​យន្ត​ហោះ​ចម្បាំង​នោះ​វិញ​។​ ទំព័រ​ហ្វេសប៊ុក​ដដែល​នេះ បាន​អះ​អាង​ថា​ វា​គឺ​ជា​ទិដ្ឋភាពយន្តហោះ​ចម្បាំង​របស់​ប្រទេស​រុស្ស៊ី​ បើក​ការ​វាយ​ប្រហារ​​​ទៅ​លើ​ប្រទេស​អ៊ុយ​ក្រែន​។​ 

ការ​អះ​អាង​មួយ​នេះ​ ត្រូវ​បាន​ចែក​ចាយ​ និង​ប្រតិកម្ម​ចម្រុះ​តៗ​គ្នា​ជា​ច្រើន​ពាន់​ដង​​ពី​សំណាក់​​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​។​

ខាង​ក្រោម​នេះ​ គឺ​ជា​វីដេអូ​ឃ្លីប​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ខាង​លើ​ ​បាន​សរសេរ​រៀប​រាប់​ថា​ «​​រុស្ស៊ី​បើក​ការ​ប្រយុទ្ធ​ជាមួយ​នឹង​អ៊ុយ​ក្រែន​»។​

Facebook Post | Archived Link

ការត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia ចាប់​ផ្ដើម​ធ្វើ​ការ​ត្រួត​ពិនិត្យ​​ និង​ផ្ទៀង​ផ្ទាត់​​លើ​វីដេអូ​នេះ​តាម​រយៈ​​ការ​ដំណើរការ​កម្មវិធី​ស្វែង​រក​រូបថត​បស់ក្រុមហ៊ុន​ Google នាំ​ឱ្យ​យើង​​ប្រទះ​នូវ​ប្រភព​មួយ​ចំនួន​។​

វីដេអូ​ឃ្លីប​មួយ​ ដែល​មាន​ទម្រង់​ និង​សណ្ឋាន​ដូច​គ្នា​ទាំង​ស្រុង​នេះ​ គឺ​ត្រូវ​បាន​រក​ឃើញ​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​មួយ​ឈ្មោះ​ថា​ Kakarot Gaming ដោយ​បាន​ផ្សាយ​ផ្ទាល់​កាល​ពី​ថ្ងៃ​ទី​២០​ ខែ​កុម្ភៈ​ ឆ្នាំ​២០២២​កន្លង​ទៅ​នេះ​។​

ទំព័រ​ហ្វេស​ប៊ុក​ដដែល​នេះ​ បាន​បញ្ជាក់​ព័ត៌​មាន​ទៅ​លើ​វីដេអូ​មួយ​នេះ​បន្ថែម​ជា​ភាសា​អង់​គ្លេស​ថា​ «Arma 3 CRAM defense vs Jets»​ ឬ​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​មាន​ន័យ​ថា​ «Arma 3 (ឈ្មោះ​ប្រភេទ​វីដេអូ​ហ្គេម​មួយ​): កាំជ្រួច​ការ​ពារ​អាកាស​ ជាមួយ​នឹង​យន្តហោះ​ចម្បាំង​»។​

Arma 3 គឺ​ជា​ប្រភេទ​វីដេអូ​ហ្គេម​មួយ ​ដែល​បាញ់​ប្រហារ​បែប​យុទ្ធ​សាស្ត្រ​យោធា​ និង​បង្កើត​ដោយ​ Bohemia Interactive។​ ប្រភេទ​វីដេអូ​ហ្គេម​នេះ​ គឺ​ធ្វើ​ឡើង​នៅ​លើ​កោះ​ច្នៃ​ប្រឌិត​ដែល​មាន​​លក្ខណៈ​ពិសេស​ ដោយ​ក្រាហ្វិក​សណ្ឋាន​ដី​ និង​បរិស្ថាន​ទឹក​ដូច​ទៅ​នឹង​ទម្រង់​ពិត​ប្រាកដ​។

ខាង​ក្រោម​នេះ​ គឺ​ជា​វីដេអូ​ឃ្លីប​ពី​ទំព័រ​ហ្វេស​ប៊ុក​ខាង​លើ​ ផ្សាយ​ផ្ទាល់​ពី​ទិដ្ឋ​ភាព​ការ​លេង​វីដេអូ​ហ្គេម​ Arma 3។​

Facebook Post | Archived Link

ដូច​គ្នា​នេះ​ តាម​រយៈ​គណនី​ Twitter ផ្លូវ​ការ​របស់វីដេអូ​ហ្គេម​​ Arma 3 ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២៥​ ខែ​កុម្ភៈ​​ ឆ្នាំ​២០២២​កន្លង​ទៅ​ថ្មី​ៗនេះ​ ក៏​បាន​អំពាវ​នាវ​ និង​បញ្ជាក់​ជា​ភាសា​អង់​គ្លេស​ផងដែរ​​ថា​ «Dear Arma Community! Beware that lately quite a few videos from heavily modded Arma games surfaced tagged as videos depicting the current Ukrainian conflict. We are in touch with the media helping to fact-check such videos» ឬ​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ថា​ «ជូន​ដល់​អ្នក​គាំទ្រ​ Arma ជា​ទី​គោរព​! សូម​ប្រុង​ប្រយ័ត្ន​ ដោយ​ថ្មី​ៗ​នេះ​ វីដេអូ​ឃ្លីប​មួយ​ចំនួនថត​ចេញ​ពី​ហ្គេម​ Arma ត្រូវ​បាន​យក​ទៅ​បន្លំ​ជា​ច្រើន​ និង​ត្រូវ​បាន​អះ​អាង​ថា​ជា​វីដេអូ​ អំពី​ជម្លោះ​អ៊ុយក្រែន​នា​ពេល​បច្ចុប្បន្ន​នេះ​។ យើង​បាន​កំពុង​តែ​ទាក់​ទង​ជាមួយ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នា​នា​ ដើម្បី​ជួយ​ពិនិត្យ​ការ​ពិត​នូវ​វីដេអូ​បែប​នេះ​»​។​

Twitter Link | Archived Link

ដើម្បី​ស្វែង​រក​ព័ត៌​មាន​ពិត​ សូម​តាម​ដាន​ការ​ផ្សាយ​របស់​យើង​តាម​រយៈ​ប្រព័ន្ធ​ដូច​ខាង​ក្រោម​៖

Facebook Twitter  Telegram Google News

សន្និដ្ឋាន

Fact Crescendo Cambodia បាន​​រក​​ឃើញ​​ថា វីដេអូ​ឃ្លីប​ភ្ជាប់​ជាមួយ​នឹង​​ការ​អះអាង​​ដោយ​ ទំព័រ​ហ្វេស​ប៊ុក​​ខាង​លើ​នោះ​ គឺ​មិន​ត្រឹម​ត្រូវ​ទេ​។​ ការ​ពិត​ វីដេអូ​ឃ្លីប​នេះ​ មិន​មែន​ជា​ការ​វាយ​ប្រហារ​ពី​សំណាក់​ប្រទេស​រុស្ស៊ី​ ទៅ​លើ​ប្រទេស​អ៊ុយ​ក្រែន​កាល​ពី​ថ្មី​ៗ​នោះ​ឡើយ​។​ ​វីដេ​អូ​ឃ្លីប​បង្ហាញ​នូវ​ទិដ្ឋ​ភាពនៃ​ការ​វាយ​ប្រហារ​ និង​បាញ់​តប​ត​ទៅ​យន្ត​ហោះ​ចម្បាំង​នេះ​ គឺ​ជា​វីដេអូ​ឃ្លីប​ថត​ចេញ​ពី​ផ្នែក​មួយ​នៃ​វីដេអូ​ហ្គេម​ Arma 3 ដែល​បាន​បង្ហោះ​ដោយ​ទំព័រ​ហ្វេស​ប៊ុក​មួយ​កាល​ពី​ថ្ងៃ​ទី​២០​ ខែ​កុម្ភៈ​ ឆ្នាំ​២០២២​កន្លង​ទៅ​។​

Avatar

Title:វីដេអូ​ឃ្លីប​ហ្គេម​មួយ​ ត្រូវ​បាន​ភ្ជាប់​មិន​ត្រឹម​ត្រូវ​ទៅ​នឹង​វិបត្តិ​អ៊ុយក្រែន-រុស្ស៊ី

Fact Check By: Kakada Sim 

Result: False

Leave a Reply

Your email address will not be published.