Fact Check: តើកង​ទ័ព​វៀត​ណាម​ពិត​ជា​បាន​បង្ក្រាបពលរដ្ឋខ្មែរក្រោមដែលប្រឆាំងនឹង​វៀត​ណាម​មែន​ឬ​ទេ​​​​?

False Social

ក្រោយ​ពី​សាលា​រាជ​ធានី​ភ្នំពេញ​ ​បាន​សម្រេច​ឱ្យ​​រុះ​​រើ​​សំណង់​​បណ្ដែត​​ទឹក​​នា​នា​ ដោយ​​ភាគ​ច្រើន​អ្នក​ដែល​រស់​នៅ​តាម​សំណង់​ទាំង​ឡាយ​នោះ​ជា​ជន​ជាតិ​វៀត​ណាម​ ចេញ​ពី​ភូមិ​សាស្ត្រ​របស់​ខ្លួន វា​បាន​ក្លាយទៅ​​ជា​ប្រធាន​បទ​ថ្មី​មួយ​​ ដែល​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​បាន​យក​មក​ជជែក​ ដេញ​ដោល​ និង​ចោទ​ជា​សំណួរ​បន្ត​បន្ទាប់​​។​ ជាក់​ស្តែង​​ថ្មី​ៗ​នេះ​ មាន​រូបថត​​ជាច្រើន​សន្លឹក ដែល​បាន​បង្ហាញ​អំពី​ទិដ្ឋ​ភាពចាប់​ចង​ និង​ធ្វើ​ការ​​​វាយ​ដំ​​ពី​សំណាក់​ក្រុម​មនុស្សពាក់​ឯក​សណ្ឋាន​​មួយ​ក្រុម​​ ​​ត្រូវ​​​​បាន​​បង្ហោះ​​នៅ​លើ​​បណ្ដាញ​​សង្គម​​ជាមួយ​​នឹង​​ការអះ​អាង​​​ថា កង​ទ័ព​យួន​ចាប់​ផ្ដើម​បើក​ការ​បង្ក្រាប​ពល​រដ្ឋ​ខ្មែរ​ក្រោម​ដែល​ប្រឆាំង​យួន​ហើយ​។ ទោះ​​យ៉ាង​​ណា​​ ការ​​​ផ្ទៀង​​​ផ្ទាត់​​របស់​ Fact Crescendo Cambodia បាន​​បង្ហាញ​​ថា ​ការ​អះអាង​​​នេះ​ គឺ​​មិន​​ត្រឹម​​ត្រូវ​​​នោះ​​ឡើយ​។

ការ​អះ​អាង​លើ​បណ្តាញសង្គម

កាល​​ពី​​ថ្ងៃ​​ទី​​១៥​​​​​​​​​​ ខែ​​មិថុនា​​​ ឆ្នាំ​​២០២១​​កន្លង​​ទៅ​​​ថ្មី​ៗ​នេះ​​ ​​​​អ្នក​ប្រើ​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​​រូប​​ថត​​ជា​ច្រើន​​​សន្លឹក​​​​​​ ដែល​បង្ហាញ​​អំពី​​ទិដ្ឋ​​ភាពចាប់​ចង​ និង​វាយ​ដំ​ពី​សំណាក់​ក្រុម​មនុស្ស​មួយ​ក្រុម​។ ​​អ្នក​ប្រើ​​ហ្វេស​ប៊ុក​​​ដដែល​នេះ​ ក៏​បាន​បញ្ជាក់​អះ​អាង​ ​នៅ​ក្នុង​សារបង្ហោះ​របស់​ខ្លួន​ផង​ដែរ​ថា រូប​ថត​ទាំង​នេះគឺ​ជា​ទិដ្ឋ​ភាព​កង​ទ័ព​យួន​ (វៀតណាម)​ បាន​នឹង​កំពុង​បង្រ្កាប​ពលរដ្ឋ​ខ្មែរ​ក្រោម​ណា​ដែល​នៅ​តែ​បន្ត​រៀន​ និង​ប្រកាន់​ភ្ជាប់​នូវ​ទំនៀម​ទម្លាប់​ ប្រពៃ​ណី​របស់​ខ្មែរ​​​​។​

រូប​ថត​​ជាមួយ​​សំណេរ​​នេះ​ត្រូវ​​បាន​​ចែក​​រំលែក​បន្ត​​ៗ​​គ្នា​​ជា​​ច្រើនពាន់​ដង​​​ រួម​​ជាមួយ​នឹង​​ការបញ្ចេញ​មតិ​ចម្រុះ​​ពី​សំណាក់​អ្នក​ប្រើ​​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​​ផង​​ដែរ​។

រូប​​ភាព​​ផ្ដាម​​ចេញ​​ពី​​សារ​បង្ហោះ​របស់​អ្នក​ប្រើ​ហ្វេស​ប៊ុក​ខាង​លើ​ដែល​​បាន​​រៀប​រាប់​ជា​​ភាសា​​ខ្មែរ​​​ ដោយ​អម​ជាមួយ​នឹង​រូប​ថត​ថា​​ «កង​ទ័ព​យួន​ចាប់​ផ្ដើម​បើក​ការ​បង្ក្រាប​ពល​រដ្ឋ​ខ្មែរ​ក្រោម​ដែល​ប្រឆាំង​យួន​ កង​ទ័ព​យួន​ជា​ច្រើន​នាក់​បាន​ធ្វើ​ការ​បង្ក្រាប​ទៅ​លើ​ពល​រដ្ឋ​ខ្មែរ​ក្រោម​ដែល​នៅ​តែ​បន្ត​រៀន​អក្សរ​ខ្មែរ​ នឹង​កាន់​ប្រពៃណី​ទំនៀម​ទម្លាប់​ ដោយ​មិន​ខ្ចី​រៀន​អក្សរ​យួន​ នឹង​កាន់​ប្រពៃណី​យួន​តាម​យួន​បញ្ជា​ ទើប​យួន​ធ្វើ​កា​របង្ក្រាប​យ៉ាង​សាហាវ​ឃោរ​ឃៅ​បែប​នេះ​។ ទង្វើរ​បស់​យួន​គឺ​អ​មនុស្ស​ធម៌​ជា​ទី​បំផុត​ ដែល​រឹត​ត្បិត​សេរី​ភាព​ពល​រដ្ឋ​ខ្មែរ​ក្រោម​។ សត្រូវ​មិន​មែន​មិត្ត​(ចាំ​ទុក​)!!»។

Facebook Post | Archived Link

ការត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​​ចាប់​ផ្តើម​​​​ត្រួត​​ពិនិត្យ​ និង​​​ផ្ទៀង​​ផ្ទាត់​​រូប​ថត​​​តាមរយៈ​​កម្មវិធី​ Google Reverse Image​ ​ដែល​នាំ​ឲ្យ​ទៅ​រក​ឃើញ​​ប្រភព​ដើម​នៃ​ទិដ្ឋ​​ភាពរូប​ថតទាំង​ឡាយ​​នេះ​ដែល​​​​មាន​​​ទម្រង់​​​ដូច​គ្នា​​ទាំង​ស្រុង​។

រូប​ថត​ដែល​មាន​ទម្រង់​ និង​សណ្ឋាន​ដូច​គ្នា​នេះ​​ ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​គេហទំព័រសារព័ត៌​មាន ​​Rohingya News Agency ដែល​​​បាន​ចុះ​​ផ្សាយ​តាំង​ពី​ថ្ងៃ​ទី១១​​​ ខែ​មិថុនា​​​ ឆ្នាំ​២០១៦​កន្លង​​មក​ម្ល៉េះ​។​ នៅ​ក្នុង​សេច​ក្តី​រាយ​ការណ៍មួយ​​​​នេះ​​ ក៏​បាន​បញ្ជាក់​ផង​ដែរ​​ទាក់​ទង​ទៅ​នឹង​ការ​​ធ្វើ​ទារុណ​កម្ម​ពី​សំណាក់​ក្រុម​យោធា​ភូមា​ និង​ជា​ពិសេស​ទៅ​លើ​ក្រុម​ជន​ជាតិ​រ៉ូ​ហ៊ិន​យ៉ា​​​។ ​គេហទំព័រសារព័ត៌​មាន បាន​ផ្សព្វ​ផ្សាយ​ទៀត​ថា​ នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ​ ជន​ជាតិ​រ៉ូហ៊ីន​យ៉ា​បាន​ប្រឈម​មុខ​នឹង​ការ​សម្លាប់​​ធ្វើ​ទារុណ​កម្ម​ និង​ការ​ដុត​រហូត​ដល់​មាន​មនុស្ស​រាប់​ពាន់​នាក់​បាន​ឡើង​ជិះ​ទូក​ដោយ​មិន​ដឹង​ថា​ តើ​ពួក​គេ​នឹង​នាំ​​ទៅ​សម្លាប់​នៅ​ពន្ធ​នា​គារ​ ឬ​ទៅ​ជំរុំ​​។

រូប​ភាព​ផ្ដាម​ចេញ​ពី​គេហទំព័រសារព័ត៌​មាន ​​Rohingya News Agency បាន​សរសេរ​រៀប​រាប់​​​​ចំណង​ជើង​ជា​ភាសាអារ៉ាប់​ថា​ «مسلمو «الروهينجا» في رمضان .. بين السجن والتعذيب والاستئصال الممنهج» ឬ​ប្រែ​ជា​ភាសា​ខ្មែរ​តាម​រយៈ​កម្មវិធី​ Google Translate មាន​ន័យ​ថា​ «មូស្លីម​រ៉ូហ៊ីន​យ៉ា​នៅ​រ៉ា​ម៉ា​ដាន​ – រវាង​ការ​ជាប់​ពន្ធនាគារ​ ការ​ធ្វើ​ទារុណកម្ម​ និង​ការ​លុប​បំបាត់​មនុស្ស​ធម៌​»​​។

Rohingya News Agency Report | Archived Link

រូប​ថត​មួយ​សន្លឹក​នេះ ​ក៏​ត្រូវ​បាន​ចុះ​ផ្សព្វផ្សាយ​ផង​ដែរជា​ភាសា​ឥណ្ឌូ​នេស៊ី​​​​នៅ​​គេហទំព័រសារព័ត៌​មាន​ Eramuslim​ កាល​ពី​ថ្ងៃ​ទី​០២​​ ខែ​កញ្ញា​​ ឆ្នាំ​២០១៧​​កន្លង​ទៅ​នេះ​។​ តាម​សេច​ក្តី​រាយ​ការណ៍​​​ដែល​បាន​ផ្សាយ​ខាង​លើ​ បាន​ឲ្យ​ដឹង​ថា​ អ្នក​ដែល​នៅ​រស់​រាន​មាន​ជីវិត​ពី​ការ​សម្លាប់​រង្គាល​ពី​សំ​ណាក់​កុ្រម​របប​យោធា​ភូមា​ បាន​និយាយ​ថា ​ការ​សម្លាប់​រង្គាល​ រួម​ទាំង​ការ​កាត់​ក្បាល​កុមារ​ និង​ការ​ដុត​បំផ្លាញ​ទៅ​លើ​ទី​ជម្រក​របស់​ជន​មូស្លីម​រ៉ូហ៊ីនយ៉ា ​កំពុង​នៅ​តែ​បន្ត​មាន​។

រូប​ភាព​ផ្ដាម​ចេញ​ពី​គេហទំព័រសារព័ត៌​មាន​​ Eramuslim​ បាន​សរសេរ​រៀប​រាប់​​​​ចំណង​ជើង​ជា​ភាសា​ឥណ្ឌូ​នេស៊ីថា​ «Tentara Myanmar Potong Leher Bocah Muslim Rohingya» ឬ​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​​តាម​រយៈ​កម្មវិធី​ Google Translate ​ថា​ «ទាហានភូមា​បាន​កាត់​ក​របស់​ក្មេង​ប្រុស​មូស្លីម​រ៉ូ​ហ៊ីន​យ៉ា​»​​។

Eramuslim Media Report | Archived Link

​វីដេអូ​មួយ​ទៀត​ដែល​​ត្រូវ​បាន​គេ​បង្ហោះ​កាល​ពី​ថ្ងៃ​ទី​០៣​ ខែ​ឧសភា​ ឆ្នាំ​២០២០​ នៅ​ក្នុង​​​គេហ​ទំព័រ​ Youtube​ បាន​បង្ហាញ​នូ​វ​ទិដ្ឋ​ភាព និង​ទី​កន្លែង​ដូច​គ្នា​​ទាំង​ស្រុងទៅ​នឹង​រូប​ថត​ដែល​គេ​បាន​អះ​អាង​ខាង​លើ​ផង​ដែរ​។​

ដោយ​មាន​ជំនួយ​ពី​ក្រុម​ការ​ងារ​ ​Fact Crescendo Myanmar ក្នុង​ការ​ជួយ​ស​ម្រូល​បក​ប្រែ​ និង​ធ្វើ​ការ​​បំភ្លឺ​បន្ថែម​ទៅ​លើ​ករណីនេះ​​ Fact Crescendo Myanmar បាន​ឱ្យ​ដឹង​យ៉ាង​ដូច្នេះ​ថា​ ​ក្នុង​វីដេអូ​ប្រមាណ​ជា​ ៩នាទី​ជាង​ វា​បាន​បង្ហាញ​នូវ​​ក្រុម​យោធា​មួយ​ក្រុម​ដែល​និយាយ​គ្នា​ជា​ភាសា​ភូមា​​​​​ ដែល​បាន​​ចាប់​ចង​ និង​លាយ​ឡំ​ទៅ​ដោយ​ការ​​វាយ​ដំ​ សួរ​ចម្លើយ​ទៅ​កាន់​មនុស្ស​​មួយ​ក្រុម​។​​

តាម​រយៈ​វី​ដេអូ​ខាង​លើ​ Fact Crescendo Myanmar បាន​បន្ត​ទៀត​ថា​ ពួក​ក្រុម​ដែល​មាន​សម្លៀក​បំពាក់​ឯក​សណ្ឋាន​ជា​យោធា​នោះ​ បាន​ធ្វើ​ការ​សាក​សួរ​ព័ត៌​មាន​ទៅ​លើ​បុរស​ម្នាក់ដែល​កំពុង​អង្គុយ​លត់​ជង្គង់​នោះ​​ថា​ «តើ​អ្នក​ដទៃ​ផ្សេង​ទៀត​​នៅ​ឯ​ណា​?​»​។

ទន្ទឹម​គ្នា​នេះ​ដែរ​ បុរស​ដែល​ត្រូវ​បាន​គេ​សួរ​នាំ​នោះ​បាន​ឆ្លើយ​តប​ទៅ​វិញ​ «គេ​អត់​ដឹង​ទេ​»។ ក្នុង​វីដេអូ​ដដែល​នេះ​ដែរ​ ក្រោយ​បន្តិច​​ម្នាក់​យោធា​នោះ​ ក៏​បាន​បន្ត​សួរ​​ទៅ​កាន់​បុរស​នោះ​ទៀត​ថា​​ «តើ​ឯង​ចង់ស្លាប់​ឬ​?​»​។​

YouTube Link | Archived Link

សន្និដ្ឋាន

Fact Crescendo Cambodia បាន​​រក​​ឃើញ​​ថាការ​អះ​អាងរបស់​អ្នក​ប្រើ​​ហ្វេស​ប៊ុក​​ដូច​បានរៀបរាប់ខាងលេីនេះ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡេីយ​។ រូប​ថត​ប៉ុន្មាន​​​​​​សន្លឹក​​នោះ​ មិន​​​មែនជា​ទិដ្ឋភាព​​​កង​ទ័ព​វៀត​ណាម​ដែល​បាន​បង្ក្រាបពលរដ្ឋខ្មែរក្រោម​ប្រឆាំងនឹង​វៀត​ណាម​​នោះ​ទេ​​។ ការ​​ពិត​​រូប​ថតទាំង​ឡាយ​នេះ​​​​ គឺ​​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​សារ​ព័ត៌​មាន​អន្តរ​ជាតិ​ និង​មាន​វី​ដេ​អូ​ដែល​បាន​បង្ហាញ​អំពី​កង​កម្លាំងយោធា​​របស់​ភូមា​ បាន​នឹង​កំពុង​ចាប់​ចង​ និង​វាយ​ដំ​ទៅ​លើ​ក្រុម​មនុស្ស​មួយ​ក្រុម​។​

Avatar

Title:តើកង​ទ័ព​វៀត​ណាម​ពិត​ជា​បាន​បង្ក្រាបពលរដ្ឋខ្មែរក្រោមដែលប្រឆាំងនឹង​វៀត​ណាម​មែន​ឬ​ទេ​​​​?

Fact Check By: Kakada Sim 

Result: False

Leave a Reply

Your email address will not be published.