Fact-Check: រូបថត​ឯកត្តជន​ឡើង​កំពូល​ភ្នំ​អេវឺរ៉េស​ត្រូវ​បាន​ភ្ជាប់​នឹង​សម្រង់​សម្ដី​គ្មាន​ប្រភព​ច្បាស់​លាស់

International Misleading

ខណៈ​ដែល​ពលរដ្ឋ​កម្ពុជា​មួយ​ចំនួន​នៅ​តំបន់​បិទ​ខ្ទប់​កំពុង​ប្រឈម​មុខ​នឹង​បញ្ហា​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​នោះ ជំនួយ​ពី​សប្បុរសជន​នានា និង​រដ្ឋាភិបាល ត្រូវ​បាន​បញ្ជូន​ទៅ​ដល់​ពួកគេ។ ទន្ទឹម​គ្នា​នេះ រូបថត​បុរស​សក់​ស​ម្នាក់ ត្រូវ​បាន​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម ហើយ​ភ្ជាប់​ជាមួយ​នឹង​សម្រង់​សម្ដី​ដែល​និយាយ​អំពី​ការ​ផ្ដល់​ជំនួយ​របស់​ជប៉ុន​មក​ដល់​ប្រទេស​កម្ពុជា។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​លើ​រូបថត រក​ឃើញ​ថា រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​បង្ហោះ​ភ្ជាប់​ជាមួយ​សម្រង់​សម្ដី​​ដែល​នាំ​ឱ្យ​មាន​ការ​ភាន់​ច្រឡំ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

កាល​ពី​ថ្ងៃ​ទី​០៦ ខែ​ឧសភា ឆ្នាំ​២០២១​នេះ គណនី​ហ្វេសប៊ុក​មួយ​បាន​ចែក​រំលែក​ប៉ុស្តិ៍​របស់​ខ្លួន​នៅ​ក្នុង​​គ្រុប​​មួយ​ដែល​មាន​សមាជិក​អ្នក​ប្រើ​ហ្វេសប៊ុក​ដល់​ទៅ ២២២ ០០០​នាក់។ ប៉ុស្តិ៍​នោះ​ត្រូវ​បាន​បង្ហោះ​តាំង​ពី​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០២០ ប៉ុន្តែ ត្រូវ​បាន​ចែក​រំលែក​ឡើង​វិញ។

គណនី​ហ្វេសប៊ុក​ដដែល​នោះ បាន​លើក​ឡើង​ពី​សម្ដី​របស់​ជន​ជាតិ​ជប៉ុន​ម្នាក់ ដែល​គណនី​ហ្វេសប៊ុក​នេះ​​បាន​អះ​អាង​ថា បាន​ផ្ដល់​ជំនួយ​មក​កម្ពុជា។

​គណនី​ហ្វេសប៊ុក​នេះ​ មិន​បាន​បញ្ជាក់​ទេ​ថា សម្រង់​សម្ដី​នេះ​ត្រូវ​បាន​ដក​ស្រង់​ចេញ​ពី​បុរស​ជប៉ុន​រូប​ណា​ឱ្យ​ប្រាកដ​នោះ​ទេ ប៉ុន្តែ គណនី​ហ្វេសប៊ុក​នេះ បាន​បង្ហោះ​រូបថត​បុរស​សក់​ស​ម្នាក់​ ដែល​មាន​ពាក់​កម្រង​ផ្កា​ និង​ស្ថិត​ក្នុង​ទឹក​មុខ​ញញឹម។

ការ​បង្ហោះ​រូបថត​បុរស​ម្នាក់​នេះ អាច​នាំ​ឱ្យ​មាន​ការ​សន្និដ្ឋាន​ថា សម្រង់​សម្ដី​ដែល​បង្ហោះ​ដោយ​គណនី​ហ្វេសប៊ុក​នេះ គឺ​ជា​ប្រសាសន៍​របស់​បុរស​ក្នុង​រូបថត​ដែល​ភ្ជាប់​មក​ជាមួយ។

សំណេរ​ជាមួយ​រូបថត​បុរស​រូប​នោះ ត្រូវ​បាន​ចែក​រំលែក​រាប់​រយ​ដង និង​មាន​ការ​បញ្ចេញ​មតិ​យោបល់ និង​ប្រតិកម្ម​យ៉ាងច្រើន​ពី​សំណាក់​អ្នក​ប្រើ​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។

រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​គណនី​ហ្វេសប៊ុក​នោះ រៀបរាប់​បែប​នេះថា «សម្ដី​របស់​ជន​ជាតិ​ជប៉ុន​ម្នាក់​ដែល​បាន​ផ្ដល់​ជំនួយ​មក​កម្ពុជា»។

គណនី​ហ្វេសប៊ុក​រៀបរាប់​បន្ត​ថា​ «ពួក​យើង​ផ្ដល់​ជំនួយ​ដល់​ប្រទេស​របស់​អ្នក គឺ​មិន​ដែល​សម្លឹង​ប្រយោជន៍​ណា​មួយ​ពី​ប្រទេស​របស់​អ្នក​ទេ ព្រោះ​ពួក​យើង​ស្គាល់​រស់​ជាតិ​នៃ​ការ​លំបាក​វេទនា ដោយសារ​ប្រទេស​របស់​ពួក​យើង​ធ្លាប់​ឆ្លង​កាត់​សង្គ្រាម​នុយក្លេអ៊ែរ​ស្លាប់​រាប់​ម៉ឺន របួស​រាប់​ម៉ឺន ហើយ​ស្ថានភាព​ភូមិសាស្ត្រ​មិន​អំណោយ​ផល​ដូច​ប្រទេស​អ្នក​ទេ»។

«ប្រទេស​ជប៉ុន​ជួប​តែ​គ្រោះ​ធម្មជាតិ ស្លាប់​ស្ទើរ​តែ​ច្រើន​ជាង​សង្គ្រាម ការ​លំបាក​ហួស​នឹង​ថ្លែង តែ​កត្តា​ទាំង​នេះ​វា​មិន​បាន​ធ្វើ​ឱ្យ​ពួក​យើង​ចុះ​ចាញ់​ឡើយ តែ​ជា​ហេតុ​បង្រៀន​ឱ្យ​ពួក​យើង​កាន់​តែ​រឹង​មាំ​រហូត»។

«ប្រទេស​ជប៉ុន​អាច​ក្លាយ​ជា​ទីពឹង​សម្រាប់​បណ្ដា​ប្រទេស​ក្រីក្រ​ដទៃ​បាន ព្រោះ​ហេតុ​នេះ​ហើយ​បាន​ជា​ពួក​យើង​ស្គាល់​អារម្មណ៍​នៃ​ការ​លំបាក​វេទនា ការ​អត់​ឃ្លាន ខ្វះ​ខាត ទើប​កើត​ចិត្ត​ចេះ​តែ​ចង់​ជួយ​ប្រទេស​ដែល​កំពុង​ជួប​ការ​ខ្វះ​ខាត ដោយ​គ្មាន​ចង់​បាន​អ្វី​ពី​ប្រទេស​ទាំង​នោះ​ឡើយ»។

«តែ​អ្នក​កុំ​ចេះ​តែ​ត្រេកអរ​នឹង​ការ​ជួយ​របស់​អ្នក​ដទៃ​ពេក ព្រោះ​វា​ធ្វើ​ឱ្យ​អ្នក​មិន​អាច​ជួយ​ខ្លួន​ឯង​បាន»។

Facebook Post | Archived Link

ការ​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ផ្ទៀង​ផ្ទាត់​ទៅ​លើ​រូបថត​ដែល​ភ្ជាប់​ជាមួយ​សំណេរ​នៃ​ប៉ុស្តិ៍​នោះ​តាម​រយៈ​កម្មវិធី​ស្រាវ​ជ្រាវ​រូប​ថត Google Reverse Image ដែល​នាំ​ជួប​ប្រទះ​រូបថត​មួយ​សន្លឹកនេះ​ជាមួយ​ព័ត៌មាន​​លម្អិត​អំពី​បុរស​ក្នុង​រូបថត​នេះ។

បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទូរទស្សន៍​កាណាដា CTV News បាន​បង្ហាញ​រូបថត​បុរស​ម្នាក់​សក់​ស​ ដែល​ដូច​ទៅ​នឹង​រូបថត​ត្រូវ​បាន​បង្ហោះ​ភ្ជាប់​នឹង​សំណេរ​ដូច​ដែល​បាន​រៀប​រាប់​ខាង​លើ។ រូបថត​បុរស​សក់​ស​ម្នាក់​នោះ ត្រូវ​បាន​ថត​ដោយ​លោក Bikash Dware ដែល​ជា​​អ្នក​ថត​រូប​នៃ​ទីភ្នាក់ងារ​ព័ត៌មាន AP។

ខ្លឹមសារ​នៃ​រូបថត​មួយ​សន្លឹក​នេះ រៀបរាប់​ថា បុរស​ជន​ជាតិ​ជប៉ុន​អាយុ ៨០​ឆ្នាំ លោក Yuichiro Miura ត្រូវបាន​ទទួល​ស្វាគមន៍​​ជាមួយ​កម្រង​ផ្កា នៅ​ពេល​លោក​វិល​ត្រឡប់​ពី​ជំរុំ​លេខ​២​តាម​ឧទ្ធម្ភាគចក្រ​នៅ​រដ្ឋ​ធានី​ Katmandu របស់​ប្រទេស​នេប៉ាល់។ បុរស​ជន​ជាតិ​ជប៉ុន​រូប​នេះ បាន​ក្លាយ​ទៅ​ជា​អ្នក​ឡើង​ភ្នំ​វ័យ​ចំណាស់​ជាងគេ​បំផុត​នៅ​លើ​ពិភព​លោក ដែល​បាន​ឡើង​លើ​កំពូល​ភ្នំ​អេវឺរ៉េស (Everest)កាល​ពី​ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០១៣។

ចំណង​ជើង​នៃ​អត្ថបទ​ព័ត៌មាន​របស់​ទូរទស្សន៍​កាណាដា CTV News សរសេរ​​ជា​ភាសា​អង់គ្លេស​ថា «Why the oldest person to summit Mount Everest says he won’t do that again» ឬ​ដែល​អាច​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរថា «ហេតុ​អ្វី​បាន​ជា​បុរស​ជ័យ​ចំណាស់​បំផុត​ដែល​បាន​ឡើង​លើ​កំពូល​ភ្នំ​អេវឺរ៉េស​នោះ និយាយ​ថា លោក​នឹង​ធ្វើ​អ៊ីចឹងម្ដង​ទៀត​ទេ»។

CTV News Report | Archived Link

បើ​តាម​សេចក្ដី​រាយការណ៍របស់​សារព័ត៌មាន​ជប៉ុន The Japan Times លោក Yuichiro Miura ដែល​មាន​អាយុ ៨៨​ឆ្នាំ​ហើយ​នោះ បាន​ឡើង​លើ​កំពូល​ភ្នំ​អេវឺរ៉េស​​ចំនួន ៣​ដង​ចាប់​តាំង​ពី​ឆ្នាំ​២០០៣ នៅ​ពេល​លោក​មាន​អាយុ ៧០​ឆ្នាំ ដែល​ធ្វើ​ឱ្យ​លោក​ក្លាយ​ទៅ​ជា​បុរស​វ័យ​ចំណាស់​គេ​បំផុត​នៅ​លើ​ពិភព​លោក​ដែល​បាន​ឡើង​ដល់​កំពូល​ភ្នំ​ខ្ពស់​បំផុតលើ​លោក​មួយ​នេះ។ នៅ​ឆ្នាំ​២០១៣ ស្ថិត​ក្នុង​វ័យ ៨០​ឆ្នាំ​ទៅ​ហើយ លោក Yuichiro Miura បាន​ឡើង​ទៅ​ដល់​កំពូល​ភ្នំ​អេវឺរ៉េស​ជា​ថ្មី​ម្ដង​ទៀត។

រឿង​រ៉ាវ​នៃ​ការ​ឡើង​កំពូល​ភ្នំ​របស់​លោក ត្រូវ​បាន​កត់​ត្រា​ទុក​នៅ​ក្នុង​​សៀវភៅ​កំណត់ត្រា​ពិភព​លោក Guinness World Record ក្នុង​នាម​លោក​ជា​បុរស​វ័យ​ចំណាស់​បំផុត​ដែល​បាន​ឡើង​ទៅ​ដល់​កំពូល​ភ្នំ​អេវឺរ៉េស។

Guinness World Record | Archived Link

កាល​ពី​ឆ្នាំ​១៩៧០ លោក Yuichiro Miura បាន​ឡើង​ទៅ​ដល់​កំពូល​ភ្នំ​ខ្ពស់​បំផុត​នេះ​ជា​លើក​ដំបូង ហើយ​បាន​ក្លាយ​ជា​មនុស្ស​ដំបូង​គេ​ដែល​បាន​ជិះ​ស្គី​ចុះ​ពី​កំពូល​ភ្នំ​ខ្ពស់​បំផុត​មួយ​នេះ។ រឿង​រ៉ាវ​នៃ​ការ​ជិះ​ស្គី​ចុះ​ពី​កំពូល​ភ្នំ​អេវឺរ៉េស​នេះ ត្រូវ​បាន​ចង​ក្រង​ជា​ខ្សែ​ភាព​យន្ត​ឯកសារ​មាន​ចំណង​ជើង​ជា​ភាសា​អង់គ្លេស​ថា « Yuichiro Miura The Man Who Skies Down the Mount Everest» ​ឬ​អាច​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ថា «មីអ៊ិឈិរ៉ូ មិយូរ៉ា បុរស​ដែល​ជិះ​ស្គី​ចុះ​ពី​កំពូល​ភ្នំ​អេវឺរ៉េស»។

Crawley Films | Archived Link

Fact Crescendo Cambodia បាន​ស្វែង​រក​ការ​បញ្ជាក់​បន្ថែម​ពី​អ្នក​ប្រើ​ហ្វេសប៊ុក​ដែល​បាន​បង្ហោះ​សម្រង់​សម្ដី​នេះ​ផង​ដែរ ប៉ុន្តែ ពួកគេ​ប្រាប់​ថា ពួកគេ​បាន​ចែក​ចាយ​បន្តៗ​គ្នា​ដោយ​មិន​បាន​ដឹង​ប្រភព​ជាក់​លាក់​នោះ​ឡើយ។

បើ​តាម​វេបសាយ​សម្រង់​សម្ដី​ Brainy Quote  ​លោក Yuichiro Miura មិន​ដែល​ថ្លែង​ទាក់​ទង​នឹង​ការ​ផ្ដល់​ជំនួយ​របស់​ប្រទេស​ជប៉ុន​មក​ដល់​ប្រទេស​កម្ពុជា​ឡើយ។ សម្រង់​សម្ដី​របស់ Yuichiro Miura សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​សកម្ម​ភាព​ផ្សេង​ព្រេង​របស់​លោក​ ដូចជា ឡើង​ភ្នំ​ខ្ពស់ៗ និង​ការ​ជិះ​ស្គី​ចុះ​ពី​កំពូល​ភ្នំ។

Brainy Quote | Archive Link

Fact Crescendo Cambodia រក​មិន​ឃើញ​​រូបថត​ណា​មួយ​របស់​លោក Yuichiro Miura បង្ហាញ​ថា លោក​ធ្លាប់​ធ្វើ​ដំណើរ​មក​កាន់​កម្ពុជា និង​ធ្លាប់​ចូល​រួម​ក្នុង​សកម្មភាព​ផ្ដល់​ជំនួយ​មនុស្ស​ធម៌​ណា​មួយ​ដល់​ប្រទេស​កម្ពុជា ឬ​ប្រជាជន​កម្ពុជា​នោះ​ឡើយ។

Fact Crescendo Cambodia បាន​​សាក​សួរ​ព័ត៌មាន​បន្ថែម​​អំពី​លោក Yuichiro Miura​ ទៅ​ខាង​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ជប៉ុន និង​ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​ផង​ដែរ ប៉ុន្តែ ពុំ​ទាន់​ទទួល​បាន​ការ​ឆ្លើយ​តប​នៅ​ឡើយ​ទេ។

Fact Crescendo Cambodia នឹង​ធ្វើ​បច្ចុប្បន្នភាព​បន្ថែម​ទៀត​នា​ពេល​ក្រោយ ប្រសិន​បើ​មាន​ការ​បញ្ជាក់​បន្ថែម​ពី​ស្ថាប័ន​ទាំង​ពីរ​នេះ ឬ​ស្ថាប័ន​ពាក់​ព័ន្ធ​ដទៃ​ទៀត។

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញ​ថា ការ​បង្ហោះ​សម្រង់​​សម្ដី​បុរស​ជន​ជាតិ​ជប៉ុន​មិន​ស្គាល់​អត្ត​សញ្ញា​ណ​ច្បាស់​លាស់​ម្នាក់ ហើយ​ភ្ជាប់​ជាមួយ​រូបថត​បុរស​ជន​ជាតិ​ជប៉ុន​​ម្នាក់​នេះ​វិញ គឺ​ជា​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ ដែល​នាំ​ឱ្យ​មហាជន​យល់​ច្រឡំ។ ការ​ពិត ​បុរស​​ក្នុង​រូបថត​នេះ គឺ​ជា​ជន​ជាតិ​ជប៉ុន លោក Yuichiro Miura ដែល​សព្វថ្ងៃ​នេះ​លោក​មាន​វ័យ ៨៨​ឆ្នាំ​ហើយ។ លោក Yuichiro Miura ​បាន​ជាប់​ឈ្មោះ​ជា​បុរស​វ័យ​ចំណាស់​បំផុត​នៅ​លើ​ពិភព​លោក ដែល​បាន​ឡើង​ដល់​កំពូល​ភ្នំ​អេវឺរ៉េស​កាល​ពី​ឆ្នាំ​២០១៣។

Avatar

Title:រូបថត​ឯកត្តជន​ឡើង​កំពូល​ភ្នំ​អេវឺរ៉េស​ត្រូវ​បាន​ភ្ជាប់​នឹង​សម្រង់​សម្ដី​គ្មាន​ប្រភព​ច្បាស់​លាស់

Fact Check By: Jay Udom 

Result: Misleading

Leave a Reply

Your email address will not be published. Required fields are marked *