ការ​អះ​អាង​មិន​ត្រឹម​ត្រូវ​មួយ​ថា FIFA នឹង​រក្សា​ទុក​ជើង​ទាំង​គូ​របស់ Pelé នៅ​សារមន្ទីរ

False International

បន្ទាប់​ពី​អតីត​កីឡាករ​ឆ្នើម​របស់​ប្រេស៊ីល លោក Pelé បាន​ទទួល​មរណភាព​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​ធ្នូ​កន្លង​មក​នេះ ការ​អះ​អាង​ដ៏​ផុស​ផុល​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា ជើងទាំង​គូ​របស់​វីរៈ​បុរសបាល់ទាត់​​ប្រេស៊ីល​រូប​នេះ នឹង​ត្រូវ​បាន​ស្ថាប័ន FIFA រក្សា​ទុក​នៅ​សារមន្ទីរ ហើយ​ការ​សម្រេច​បែប​នេះ​ក៏​ទទួល​បាន​ការ​អនុញ្ញាត​ពី​គ្រួសារ​លោក Pelé ផង​ដែរ។ បន្ទាប់​ពី​ការ​ស្រាវ​ជ្រាវ និង​ត្រួត​ពិនិត្យ​ យើង​រក​ឃើញ​ថា ការ​អះ​អាង​ននេះ មិន​ត្រឹម​ត្រូវនោះ​ឡើយ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

ការ​អះ​អាង​ដ៏​ផុស​ផុល​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា សហព័ន្ធ​បាល់ទាត់​ពិភព​លោក (FIFA) នឹង​រក្សា​ទុក​ជើង​ទាំង​គូ​របស់​វីរៈ​កីឡាករ​បាល់ទាត់​ប្រេស៊ីល លោក Pelé នៅ​ឯ​សារមន្ទីរ ហើយ​គ្រួសារ​របស់​អតីត​កីឡាករ​ឆ្នើម​រូប​នេះ ក៏​បាន​អនុញ្ញាត​ឱ្យ FIFA ធ្វើ​ដូច្នេះ​ដែរ។

ការ​អះ​អាង​នេះ ត្រូវ​បាន​គេ​ចែក​រំលែក​បន្ត​យ៉ាង​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម ហើយ​ក៏​មាន​ការ​បញ្ចេញ​មតិ​ជាច្រើន​ និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ បន្ទាប់​ពី​ការ​អះ​អាង​នេះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះអាង​ជា​ភាសា​អង់គ្លេស «BREAKING: FIFA WILL KEEP PELÉ’S FEET IN THE MUSEUM. PELÉ’S FAMILY HAS GIVEN THE PERMISSION» ឬ​អាច​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ថា «សហព័ន្ធ​បាល់ទាត់​ពិភព​លោក FIFA នឹង​រក្សា​ទុក​ជើង​ទាំង​គូ​របស់​លោក Pelé នៅ​សារមន្ទីរ។ គ្រួសារ​លោក Pelé បាន​ផ្ដល់​ការ​អនុញ្ញាត​រួច​ហើយ»។

Facebook Post | Archived Link

ការ​អះអាង​ដដែល​នេះ ក៏​ត្រូវ​បាន​បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ដទៃ​ទៀត ដែល​គេ​អាច​រក​មើល​បាន​តាម​រយៈ​តំណ​ភ្ជាប់​មាន​នៅទីនេះ ឬ​​តំណ​ភ្ជាប់​មួយ​ទៀត​មាន​នៅ​ទីនេះ ឬ​តំណ​ភ្ជាប់​មួយ​ទៀត​មាន​នៅ​ទីនេះ​ផង​ដែរ។

ការ​អះ​អាង​ដូច​គ្នា​នេះ ត្រូវ​បាន​គេ​រក​ឃើញ​បង្ហោះ​យ៉ាង​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេបស៊ុក​​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ចាប់​តាំង​ពី​វីរ​កីឡាករ​បាល់ទាត់​ប្រេស៊ីល លោក Pelé បាន​ទទួល​មរណភាព​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​ធ្នូ​ឆ្នាំ​កន្លង​មក​នេះ។

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះ​អាង​នេះ​តាម​រយៈ​ពាក្យ​គន្លឹះ ​ព័ត៌មាន​ចេញ​ផ្សាយ​ដោយ​សារព័ត៌មាន​អន្តរជាតិ​ដែល​គួរឱ្យ​ជឿ​ជាក់ និង​សេចក្ដី​ប្រកាស​ព័ត៌មាន​ផ្លូវការ​ចេញ​ដោយ​សហព័ន្ធ​បាល់​ទាត់​ពិភព​លោក (FIFA) ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។

ជា​ដំបូង យើង​ស្វែង​រក​សេចក្ដី​ប្រកាស​ព័ត៌មាន​ផ្លូវការ​របស់ FIFA នៅ​លើ​គេហទំព័រ​ផ្លូវការ​របស់​ស្ថាប័នគ្រប់​គ្រង​បាល់ទាត់​ពិភព​លោក​មួយ​នេះ ហើយ​យើង​បាន​ឃើញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ចំនួន ៣ ដែល​និយាយ​អំពី​មរណភាព​របស់​វីរៈ​កីឡាករ​ប្រេស៊ីល​រូប​នេះ។

ប៉ុន្តែ ខ្លឹមសារ​នៃ​សេចក្ដី​ប្រកាស​ព័ត៌មាន​ទាំង​៣​របស់ FIFA គ្មាន​និយាយ​អ្វី​សោះ​ឡើយ​អំពី​ការ​រក្សា​ទុក​ជើង​ទាំង​គូ​របស់​លោក Pelé នៅ​ឯ​សារមន្ទីរ បន្ទាប់​ពី​លោក​ទទួល​មរណភាព។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​របស់​ខ្លួន​ចេញ​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ស្ថាប័ន FIFA បាន​ប្រកាស​ពី​ការ​បាត់​បង់​អតីត​កីឡាករ​ឆ្នើម​រូប​នេះ ហើយ​ក៏​បាន​រំលឹក​ឡើង​វិញ​ពី​ទេពកោសល្យ និង​ស្នាដៃ​ដ៏​អស្ចារ្យ​របស់​លោក​នៅ​ក្នុង​វិស័យ​បាល់ទាត់​ប្រេស៊ីល ក៏ដូច​វិស័យ​បាល់ទាត់​ជា​ទូទៅ​ផង​ដែរ។

នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ទៀត​ចេញ​នៅ​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ស្ថាប័ន FIFA លើក​យក​ទស្សនៈ​របស់​​ប្រធាន​ស្ថាប័ន FIFA លោក Gianni Infantino ដែល​រៀបរាប់​អំពី​ទេព​កោសល្យ​ជា​អមតៈ​របស់​លោក Pelé ។

ចំណែក​ឯ​សេចក្ដី​ប្រកាស​ព័ត៌មាន​ចុង​ក្រោយ​បំផុត​ចេញថ្ងៃ​ទី​០២ ខែ​មករា ឆ្នាំ​២០២៣ ស្ថាប័ន FIFA បាន​ផ្សព្វផ្សាយ​ពី​ដំណើរ​​របស់​ប្រធាន FIFA លោក Gianni Infantino ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​របស់​លោក ដែល​រៀបចំ​ធ្វើ​ឡើង​នៅ​ឯ​កីឡដ្ឋានរបស់​ក្លឹប​បាល់ទាត់ Santos នៅ​ក្នុង​ប្រទេស​ប្រេស៊ីល។

បន្ទាប់​មក​ទៀត យើង​បាន​ស្វែង​រក​ព័ត៌មាន​អំពី​ការ​រក្សា​ទុក​ជើង​ទាំង​គូ​របស់​និមិត្ត​រូប​បាល់​ទាត់​ពិភព​លោក​រូប​នេះ​តាម​រយៈ​ពាក្យ​គន្លឹះ ហើយ​យើង​រក​មិន​ឃើញ​ព័ត៌មាន​គួរ​ឱ្យ​ជឿ​ជាក់​ណា​មួយ ដែល​និយាយ​អំពី​រឿង​នេះ​នោះ​ឡើយ។

ផ្ទុយ​ទៅ​វិញ យើង​ក៏​បាន​ឃើញ​ស្ថាប័ន​ត្រួត​ពិនិត្យ​ការពិត​មួយ​ឈ្មោះ PRNigeria ដែល​បាន​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការអះ​អាង​ខាង​លើ​ផង​ដែរ។ ជា​លទ្ធផល ស្ថាប័ន​ត្រួត​ពិនិត្យ​ការ​ពិត PRNigeria ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋ​ធានី Abuja ប្រទេស​នីហ្សេរីយ៉ា បាន​បញ្ជាក់​ថា គ្មាន​ការ​បញ្ជាក់​ជា​ផ្លូវការ​ណា​មួយ​ពី​ស្ថាប័ន FIFA អំពី​រឿង​នេះ​ឡើយ។ សូម​អាន​អត្ថបទ​ទាំង​ស្រុង​នៅ​ទីនេះ

លោក Pelé បាន​ទទួល​មរណភាព​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​ធ្នូ​កន្លង​មក​នេះ​ក្នុង​អាយុ ៨២​ឆ្នាំ បន្ទាប់​ពី​លោក​ប្រយុទ្ធ​នឹង​ជំងឺ​មហារីក។ ដោយសារ​តែ​លោក​មាន​ស្នាដៃ​ធំ​ធេង​សម្រាប់​វិស័យ​បាល់ទាត់​ប្រេស៊ីល ស្នាម​ជើង​របស់​លោក​ត្រូវ​បាន​គេ​ផ្ដាម​ទុក​នៅ​ឯសាល​កិត្តិយស​នៅ​ក្នុង​កីឡដ្ឋាន Maracana ស្ថិត​ក្នុង​ទីក្រុង RIO DE JANEIRO ប្រទេស​ប្រេស៊ីល។

ខាង​ក្រោម​នេះ គឺ​ជា​រូបថត​ស្នាម​បាត​ជើង​លោក Pelé ដែល​ត្រូវ​បាន​គេ​ផ្ដាម​ទុក​នៅ​សាល​កិត្តិយស​នៅ​កីឡដ្ឋាន Maracana ក្នុង​ប្រទេស​ប្រេស៊ីល។ សូម​មើល​រូប​នេះ​នៅ​ក្នុង​គេហទំព័រ​រូបថត Alamy

សាលកិត្តិយស Maracana គឺ​ជា​ទីកន្លែង​រក្សា​ទុក​ស្នាម​បាត​ជើង​របស់​កីឡាករ​ល្បីៗ​របស់​ប្រេស៊ីល ក្នុង​នោះ​មាន​ទាំង​ស្នាម​បាត​ជើង​របស់​អតីត​កីឡាករ​ឆ្នើម Ronaldo Nazario អតីត​កីឡាករ Kaka អតីត​កីឡាករ Ronaldinho និង​អតីត​កីឡាករ​បាល់​ទាត់​ល្បីៗ​ដទៃ​ទៀត​របស់​ប្រេស៊ីល។

សេចក្ដី​រាយការណ៍​របស់់​សារព័ត៌មាន BBC ​អង់គ្លេស បាន​ឱ្យ​ដឹង​ថា សព​អតីត​កីឡាករ​បាល់​ទាត់​ដ៏​ឆ្នើម​របស់​ពិភព​លោក លោក Pelé ត្រូវ​បាន​បញ្ចុះ​នៅ​កីឡដ្ឋាន​របស់​ក្លឹប Santos ដែល​ជា​ក្លឹប​លោក​ធ្លាប់​លេង​អស់​រយៈ​ពេល ១៩​ឆ្នាំ។

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា ការ​អះ​អាង​ដូច​ដែល​ត្រូវ​បាន​រៀបរាប់​ខាង​លើ​នេះ មិន​មែន​ជា​ការ​ពិត​នោះ​ឡើយ។ ការ​អះ​អាង​នេះ គ្រាន់​តែ​ជា​ពាក្យ​ចចាម​អារ៉ាម​នៅ​លើ​បណ្ដាញ​សង្គម​តែ​ប៉ុណ្ណោះ។ គ្មាន​សេចក្ដី​ប្រកាស​ព័ត៌មាន​ផ្លូវការ​ពី​ស្ថាប័ន FIFA និង​សេចក្ដី​រាយការណ៍​ដ៏​គួរ​ឱ្យ​ជឿ​ជាក់​ណា បញ្ជាក់​អំពី​ការ​រក្សា​ទុក​ជើង​ទាំង​គូ​របស់​វីរៈ​បុរស​បាល់​ទាត់ប្រេស៊ីល លោក Pelé នោះ​ឡើយ។

Avatar

Title:ការ​អះ​អាង​មិន​ត្រឹម​ត្រូវ​មួយ​ថា FIFA នឹង​រក្សា​ទុក​ជើង​ទាំង​គូ​របស់ Pelé នៅ​សារមន្ទី

Fact Check By: Jay Udom 

Result: False

Leave a Reply

Your email address will not be published. Required fields are marked *