ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩​នៅ​ក្នុង​ប្រទេស​ថៃ ត្រូវ​បាន​ចែក​រំលែក​ជារឿយ​ៗ​នៅ​លើ​បណ្ដាញ​សង្គម​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ។ ក្នុង​នោះ រូបថត​មួយ​សន្លឹក ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះ​អាង​ថា រូបថត​នោះ គឺ​ជា​ទិដ្ឋភាពនៃ​សោកនាដកម្ម​បណ្ដាល​មក​ពី​កូវីដ-១៩​នៅ​ប្រទេស​ថៃ។ រូបថត​ជាមួយ​នឹង​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​គ្នា​ជាច្រើន​ដង។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការ​ពិត​រក​ឃើញ​ថា ការ​អះ​អាង​លើ​រូបថត​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

កាល​ពី​ថ្ងៃ​ទី​០១ ខែ​សីហា ឆ្នាំ​២០២១ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់ បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​នៅ​ក្នុង​ក្រុម​បណ្ដាញ​សង្គម​មួយ​ ​ដែល​បង្ហាញ​ក្រុម​និស្សិត​គោរព​សព​ ដែល​ត្រូវ​បាន​វេប​ខ្ចប់​នៅ​ក្នុង​ថង់​កៅស៊ូ។ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ដដែល​នេះ អះអាង​ថា រូបថត​នេះ បង្ហាញ​ពី​សោកនាដកម្ម​នៃ​ស្ថានភាព​កូវីដ-១៩​នៅ​ក្នុង​ប្រទេស​ថៃ។

អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដដែល​នេះ ថែម​ទាំង​អះអាង​ផង​ដែរ​ថា ប្រទេស​ថៃ​រក​ឃើញ​ករណី​ឆ្លង​ថ្មី​ជិត ២​ម៉ឺន​នាក់ និង​ស្លាប់ ២០០​នាក់​ក្នុង​មួយ​ថ្ងៃ។

រូបថត​ព្រម​ជាមួយ​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្តជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក រួម​ជាមួយ​ការ​បញ្ចេញ​ប្រតិកម្ម​កើត​ទុក្ខ​ផង​ដែរ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដែល​រៀបរាប់​ថា «ស្ថានភាព​នៅ​ថៃ មិន​ទាន់​ហួស​ពេល​ទេ​ខ្មែរ​យើង​ទ្រាំ​នៅ​ផ្ទះ​សិន​ទៅ បើ​គ្មាន​ការ​ចាំ​បាច់ មើល​ថៃ​ជា​គំរូ​ទៅ ឆ្លង ១​ថ្ងៃ​ជិត ២០០០០​នាក់ ស្លាប់​មួយ​ថ្ងៃ ២០០​នាក់ សោក​នាដកម្ម ការពារ​ខ្លួន​អ្នក​ស្មើ​នឹង​ការពារ​ក្រុម​គ្រួសារ​អ្នក សូម​កុំ​ជួប​ជុំ​គ្នា​ផឹក​ស៊ី​អី ប្រយ័ត្ន​ស្ដាយ​ក្រោយ ស៊ែរ​តៗ​គ្នា​ផង រូបភាព​ថ្មី​ពី​ថៃ»។

Facebook Post | Archived Link

ការ​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​ទៅលើ​រូបថត និង​ការ​អះអាង​នេះ​តាមរយៈ​​ការ​ដំណើរការ​កម្មវិធី​ស្វែង​រក​រូប​ថត​របស់ Google និង​របាយការណ៍​ស្ថានភាព​ជំងឺ​កូវីដ-១៩​នៅ​ក្នុង​ប្រទេស​ថៃ ដែល​ត្រូវ​បាន​កត់ត្រា​ដោយ​ស្ថាប័ន​ផ្លូវការ​របស់​ប្រទេស​ថៃ និង​អង្គការ​សុខភាព​ពិភព​លោក។

រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​រក​ឃើញ​ចុះ​ផ្សាយ​នៅ​លើ​អត្ថបទ​ព័ត៌មាន​នានា ដែល​និយាយ​អំពី​ពិធី​បូជា​រាង​កាយ​បុគ្គល​ដែល​បាន​បរិច្ចាគ​រាង​កាយ​របស់​ពួកគេ​សម្រាប់​ជា​ប្រយោជន៍​ដល់​ការ​សិក្សា​របស់​និស្សិត​ពេទ្យ។

នៅ​ក្នុង​អត្ថបទ​មួយ​របស់​ខ្លួន គេហទំព័រ​ភាសា​ថៃ NewsClear បាន​ឱ្យ​ដឹង​ថា ពិធី​បូជា​រាង​កាយ​«អាចានយ៉ៃ» ឬ​«គ្រូ​ធំ» ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើង​ដោយ​ក្រុម​និស្សិត​ពេទ្យ​នៃ​សាកល​វិទ្យាល័យ​ជូឡាឡុងកន កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០១៧។

គេហទំព័រ​មួយ​នេះ បាន​ឱ្យ​ដឹង​ផង​ដែរ​ថា ពិធី​គោរព​ដល់​«គ្រូ​ធំ»​នេះ ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើង​អស់​រយៈ​ពេល ១៤​ឆ្នាំ​រួច​មក​ហើយ ដោយ​ពិធី​មួយ​នេះ ត្រូវ​បាន​ក្រុម​និស្សិត​ពេទ្យ​នៅ​សាកល​វិទ្យាល័យ​ជូឡាឡុងកន បាន​រៀបចំ​ឡើង​ជា​រៀង​រាល់​ឆ្នាំ ក្រោយ​ពេល​ពួកគេ​បញ្ចប់​ការ​សិក្សា​ផ្នែក​វេជ្ជសាស្ត្រ​ឆ្នាំ​ទី២។

នៅ​ឯ​សាកល​វិទ្យាល័យ​ជូឡាឡុងកន ​និស្សិត​ទាំង​ឡាយ ត្រូវ​រៀន​សិក្សា​ស្វែង​យល់​ពី​រាង​កាយ​របស់​មនុស្ស​ដោយ​ផ្ទាល់ ដែល​បាន​មក​ពី​ការ​បរិច្ចាគ​នៃ​ក្រុម​មនុស្ស​មួយ​ចំនួន។ បន្ទាប់​ពី​រៀនចប់​ឆ្នាំ​ទី​២​ហើយ ក្រុម​និស្សិត​ពេទ្យ​ទាំង​នោះ រៀបចំ​ពិធី​គោរព​រាង​កាយ​ទាំង​នោះ​ជាការ​ដឹង​គុណ​ចំពោះ​ពួកគេ​ដែល​បាន​បរិច្ចាគ​រាង​កាយ មុន​នឹង​យក​ទៅ​បូជា។

NewsClear | Archived Link

ចំណែក​ឯ​ទំព័រ​ហ្វេសប៊ុក ក៏​បាន​ផ្ដល់​ព័ត៌មាន​លម្អិត​បន្ថែម​ទៀត​ទៅ​លើ​រូបថត​មួយ​សន្លឹក​នេះ ដែល​បង្ហាញ​ឱ្យ​ដឹង​ថា ពិធី​នេះ ត្រូវ​បាន​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០១៧ នៅ​ឯ​មហាវិទ្យាល័យ​ពេទ្យសាស្ត្រ នៃ​សាកល​វិទ្យាល័យ​ជូឡាឡុងកន។

Facebook Post | Archived Link

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា ការ​អះអាង​ថា រូបថត​មួយ​សន្លឹក​នេះ គឺ​ជា​សោកនាដកម្ម​នៃ​ជំងឺ​កូវីដ-១៩​នៅ​ក្នុង​ប្រទេស​ថៃ​នោះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ រូបថត​នេះ មិន​មែន​ជា​សព​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ ដែល​ត្រូវ​បាន​គេ​វេច​ខ្ចប់​នោះ​ទេ។ រូបថត​នេះ បង្ហាញ​ក្រុម​និស្សិត​ពេទ្យ​នៃ​សាកល​វិទ្យាល័យ​ជូឡាឡុងកន ប្រទេស​ថៃ គោរព​ចំពោះ​«គ្រូ​ធំ» ឬ​អ្នក​ដែល​បាន​​បរិច្ចាគ​រាង​កាយ​សម្រាប់​ការ​សិក្សា​ផ្នែក​វេជ្ជ​សាស្ត្រ មុន​នឹង​យក​ទៅ​បូជាកាល​ពី​ខែ​មេសា ឆ្នាំ​២០១៧។

Avatar

Title:តើ​រូបថត​នេះ​គឺ​ជា​សោកនាកម្ម​ដោយសារ​កូវីដ-១៩​នៅ​ប្រទស​ថៃ​មែន​ឬទេ?

Fact Check By: Jay Udom

Result: Misleading