ទង់ជាតិវៀតណាមនៅកណ្ដាលប្រទេសកម្ពុជា តើការពិតបែបណាវិញ?
ខណៈដែលវត្តមានវៀតណាមនៅក្នុងទឹកដីកម្ពុជា គឺជាបញ្ហារសើបជាយូរមកហើយនោះ ព័ត៌មានដ៏ផុសផុលមួយនៅថ្ងៃម្សិលមិញនេះ បានលើកឡើងថា វៀតណាមបានបង្ហាញឥទ្ធិពលរបស់ខ្លួនដល់កណ្ដាលប្រទេសកម្ពុជាហើយ បន្ទាប់ពីមានការតុបតែងទង់ជាតិវៀតណាមនៅក្នុងបរិវេណបញ្ជាការដ្ឋានយោធាមួយរបស់កម្ពុជា។ ព័ត៌មាននេះ ត្រូវបានចែករំលែកព្រោងព្រាតលើបណ្ដាញសង្គម។ ទោះជាយ៉ាងណា យើងរកឃើញថា ព័ត៌មាននេះមិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
ព័ត៌មានល្បីផុសផុលនៅលើបណ្ដាញសង្គមនៅថ្ងៃនេះ បានបង្ហោះនូវរូបថតចំនួនបីសន្លឹកដែលបង្ហាញទង់ជាតិវៀតណាមជាច្រើន ត្រូវបានតាំងបង្ហាញនៅក្នុងបរិវេណនៃបញ្ជាការដ្ឋានកងទ័ពកម្ពុជានៅក្នុងខេត្តកំពង់ធំ។
រូបថតទាំងនេះ ត្រូវបានបង្ហោះជាមួយសំណេរផ្សេងៗក្នុងន័យថា វៀតណាមបានឈ្លានពានលើអធិបតេយ្យភាពរបស់កម្ពុជារហូតដល់ថ្នាក់មូលដ្ឋាន ជាពិសេសនៅខេត្តកំពង់ធំ ដែលស្ថិតនៅភាគកណ្ដាលរបស់ប្រទេស។
រូបថតជាមួយសំណេរបែបនេះ ត្រូវបានចែករំលែកបន្តព្រោងព្រាតពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមកម្ពុជា ដោយពុំបានដឹងពីរឿងរ៉ាវពិតប្រាកដនៃការដោតទង់ជាតិវៀតណាមនៅឯបញ្ជាការដ្ឋានសឹករងខេត្តកំពង់ធំនោះឡើយ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការបង្ហោះព័ត៌មាននេះនៅលើបណ្ដាញសង្គមនៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ដោយមានសំណេររៀបរាប់ថា “កុំរវល់តែឈ្លោះគ្នា គេមកដល់ដំបូលផ្ទះយើងហើយ”។
រូបថតដូចគ្នានេះ ក៏ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមដោយអ្នកប្រើប្រាស់ហ្វេសប៊ុកដទៃទៀត ដែលសរសេររៀបរាប់ក្នុងន័យថា កម្ពុជានឹងផ្ដល់ដីស្របច្បាប់ទៅដល់ពលរដ្ឋវៀតណាម។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការបង្ហោះព័ត៌មាននេះនៅលើបណ្ដាញសង្គមកាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៤ ដែលសរសេររៀបរាប់ថា “ប្លង់រឹងជិតធ្លាក់មកហើយបងអូនស៊្មែរអើយ”។
ចំណែកទំព័រហ្វេសប៊ុកមួយទៀត បានបង្ហោះរូបថតពីរសន្លឹកនៅក្នុងចំណោមរូបថតទាំងបីសន្លឹក ដោយសរសេររៀបរាប់ថា ប្រទេសកម្ពុជាចាប់ផ្ដើមមានស្ថានភាពដូចទៅនឹងប្រទេសឡាវបណ្ដើរៗហើយ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមពីការបង្ហោះព័ត៌មាននៅលើបណ្ដាញសង្គមកាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ដែលសរសេររៀបរាប់ថា “ស្ថានភាពប្រទេសយើងពេលនេះចាប់ផ្ដើមដូចប្រទេសឡាវបណ្ដើរៗហើយ”។
ខាងក្រោមនេះ គឺជាវីដេអូមានរូបថតទាំងបីសន្លឹកនោះ ដែលត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមក្នុងន័យថា វៀតណាមបង្ហាញអំណាចរបស់ខ្លួននៅក្នុងទឹកដីកម្ពុជា។
ខាងក្រោមនេះ គឺជាវីដេអូមានរូបថតទាំងបីសន្លឹកនោះដែលត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមកាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ហើយត្រូវបានចែករំលែកបន្តយ៉ាងច្រើន។
ខាងក្រោមនេះ គឺជាវីដេអូមួយទៀតដែលត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមកាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ជាមួយសំណេររៀបរាប់ថា “ជ្រៅទៅៗហើយខ្មែរអើយ…”។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានចាប់ផ្ដើមត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើការអះអាងខាងលើនេះតាមរយៈការសម្ភាសមន្ត្រីយោធាកម្ពុជានៅខេត្តកំពង់ធំ ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
ដោយឃើញថា ព័ត៌មាននេះពាក់ព័ន្ធនឹងបញ្ជាការដ្ឋានសឹករងខេត្តកំពង់ធំ Fact Crescendo Cambodia បានស្វែងរកការបកស្រាយពីមន្ត្រីយោធានៅក្នុងខេត្តនេះ។
នៅពេលទាក់ទងតាមតេឡេក្រាមទៅកាន់លោកនៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ធំ លោក សោម ស៊ុន មិនបានបកស្រាយអ្វីទេ ប៉ុន្តែ លោកបានបង្ហាញសេចក្ដីប្រកាសព័ត៌មានមួយរបស់រដ្ឋបាលខេត្តកំពង់ធំ ដែលបកស្រាយអំពីរឿងរ៉ាវមួយនេះ។
នៅក្នុងលិខិតនោះ រដ្ឋបាលខេត្តកំពង់ធំបានបញ្ជាក់ថា ការរៀបចំតុបតែងទង់ជាតិវៀតណាមនៅក្នុងបរិវេណបញ្ជាការដ្ឋានសឹករងខេត្តកំពង់ធំ ត្រូវបានធ្វើឡើងដើម្បីស្វាគមន៍ប្រតិភូយោធាវៀតណាម ដែលធ្វើដំណើរទៅសួរសុខទុក្ខ និងជូនពរក្នុងឱកាសឆ្នាំថ្មីដល់កងទ័ពកម្ពុជានៅទីនោះ។
រដ្ឋបាលខេត្តកំពង់ធំ បានបញ្ជាក់ទៀតថា នេះគឺជារបៀបទទួលភ្ញៀវអន្តរជាតិដែលត្រូវបានអនុវត្តជាសកល ហើយពិធីបែបនេះ ត្រូវបានធ្វើឡើងរៀងរាល់ឆ្នាំរវាងកងទ័ពកម្ពុជានៅតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ធំ និងប្រតិភូកងទ័ពវៀតណាមមកពីទីក្រុងហូជីមិញ។
រដ្ឋបាលខេត្តកំពង់ធំថែមទាំងចាត់ទុកការបង្ហោះខ្លឹមសារនៅលើបណ្ដាញសង្គមជា “ការញុះញង់” និង “រើសអើងជាតិសាសន៍” ព្រមទាំងធ្វើឱ្យសាធារណជនយល់ច្រឡំទៀតផង។
ខាងក្រោមនេះ គឺជាលិខិតរបស់រដ្ឋបាលខេត្តកំពង់ធំ ដែលបានបំភ្លឺជុំវិញព័ត៌មានខាងលើនេះ ហើយ Fact Crescendo Cambodia ក៏បានរកឃើញលិខិតនេះផងដែរនៅលើទំព័រហ្វេសប៊ុកឈ្មោះ “រដ្ឋបាលខេត្តកំពង់ធំ” នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤។
ការបកស្រាយបំភ្លឺដោយរដ្ឋបាលខេត្តកំពង់ធំនេះ ត្រូវបានចុះផ្សាយដោយសារព័ត៌មាននានានៅក្នុងស្រុក ដូចជា ក្រសួងព័ត៌មាន (archived) និងសារព័ត៌មាននគរវត្ត (archived) ជាដើម។
ជាងនេះទៅទៀត ទំព័រហ្វេសប៊ុកឈ្មោះ “កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ Royal Cambodian Army” ក៏បានបង្ហោះផងដែរនូវព័ត៌មានដែលនិយាយអំពីជំនួបរវាងកងទ័ពកម្ពុជានៅតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ធំ និងគណៈបញ្ជាការយោធាទីក្រុងហូជីមិញ នៃកងទ័ពប្រជាជនវៀតណាម។
បើតាមព័ត៌មាននេះ ជំនួបមួយនេះ ត្រូវបានរៀបចំធ្វើឡើងនៅឯបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ធំ កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ ដោយប្រតិភូវៀតណាមជូនពរភាគីកងទ័ពកម្ពុជា។
ខាងក្រោមនេះ គឺជាខ្លឹមសារទាំងស្រុងនៃព័ត៌មានបង្ហោះដោយទំព័រហ្វេសប៊ុក “កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ Royal Cambodian Army” កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤។
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថា ការអះអាងដូចដែលត្រូវបានរៀបរាប់ខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ ការរៀបចំតុបតែងទង់ជាតិវៀតណាមនៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ធំ ត្រូវបានធ្វើឡើងដើម្បីទទួលប្រតិភូយោធាវៀតណាម ដែលជួបសួរសុខទុក្ខ និងជូនពរដល់កងទ័ពកម្ពុជានៅទីនោះ។ រដ្ឋបាលខេត្តកំពង់ធំបញ្ជាក់ថា ការរៀបចំតុបតែងទង់ជាតិបរទេសនេះ ត្រូវបានអនុវត្តជាសកលសម្រាប់ទទួលប្រតិភូមកពីប្រទេសណាមួយ។
Title:ទង់ជាតិវៀតណាមនៅកណ្ដាលប្រទេសកម្ពុជា តើការពិតបែបណាវិញ?
Written By: Jay UdomResult: Misleading