បន្ទាប់​ពី​រញ្ជួយ​ដី​មួយ​​បាន​វាយ​ប្រហារ​ប្រទេស​កាណាដា​កាល​ពី​ថ្មី​ៗ​នេះ​ វីដេអូ​ឃ្លីប​មួយ​​ដែល​បង្ហាញ​​អគារ​ញ័រ​ និង​បាន​​ដួល​រលំ​​ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​សំណេរ​ថា​ វា​ជា​ហេតុការណ៍​រញ្ជួយ​ដី​នៅ​កាណាដា​​។​ ការ​អះអាង​ភ្ជាប់​ដោយ​វីដេអូ​ខាង​លើ​ ត្រូវ​បាន​ចែក​រំលែកបន្ដ​ជា​ច្រើន​ដង​ និង​មាន​ការ​បញ្ចេញ​មតិ​ និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ​។​ ទោះ​ជា​យ៉ាង​ណា​ យើង​រក​ឃើញ​ថា​ វីដេអូ​នេះ​ត្រូវ​បាន​ភ្ជាប់​ជាមួយ​ព័ត៌មាន​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​

កាល​ពី​ពេល​ថ្មី​ៗ​នេះ​ វីដេអូ​យ៉ាង​ផុសផុល​មួយ​នៅ​លើ​បណ្ដាញ​សង្គមហ្វេសប៊ុក​ បាន​បង្ហាញ​ទិដ្ឋភាព​នៃ​ការ​រង​ខូចខាត​ និង​ផល​ប៉ះពាល់​ទៅ​លើ​អគារ​ ជាមួយ​នឹង​ការអះអាង​ថា​ នោះ​គឺជា​ទិដ្ឋភាព​នៃ​គ្រោះ​រញ្ជួយ​ដី​នៅ​កាណាដា​ម្សិល​មិញ​។​

ការ​បង្ហោះ​ដោយ​ភ្ជាប់​ទៅ​នឹង​វីដេអូ​ឃ្លីប​ខាង​លើ​ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជា​ច្រើន​ដង​ រួម​ជាមួយ​ការ​បញ្ចេញ​មតិ​ និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ​។​

ខាង​ក្រោម​នេះ​ គឺ​ជា​វីដេអូ​ឃ្លីប​ទាំង​ស្រុង​ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គមហ្វេសប៊ុក​ ​ជាមួយ​សំណេរ​រៀប​រាប់​ថា​ «គ្មាន​ស្រុក​ណា​ស្រួល​រស់​នៅ​ ជាង​ស្រុក​កំណើត​យើង​ទេ​»។

Facebook Post | Archived Link

ដូច​គ្នា​នេះ​ វីដេអូ​មួយ​ដែល​បង្ហាញ​នូវ​អគារ​ CN ស្ថិត​នៅ​ក្នុង​ទីក្រុង​តូរ៉ុនតូ​ (Toronto) ប្រទេស​កាណាដា​ បាន​ដួល​រលំ​ ក៏​ត្រូវ​បាន​រក​ឃើញ​ និង​បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ TikTok ដទៃ​ទៀត​ផង​ដែរ​។​

TikTok Link | Archived Link

វីដេអូ​ឃ្លីប​ដូច​គ្នា​ខាង​លើ​ ក៏​ត្រូវ​បាន​រក​ឃើញ​ និង​ចែក​ចាយ​យ៉ាង​ផុស​ផុល​នៅ​លើ​គេហទំព័រ​វីដេអូ​ YouTube ​ផង​ដែរ​ កាល​ពី​ពេល​ថ្មី​ៗ​នេះ​ ជាមួយ​សំណេរ​រៀប​រាប់​ថា​ “ការ​រញ្ជួយ​ដី​ខ្លាំង​នៅ​កាណាដា​ ៩.៥​​”។

YouTube Link | Archived Link

ការ​ត្រួត​ពិនិត្យ​ការ​ពិត​

Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះអាង​ខាង​លើ​នេះ​ តាម​រយៈ​ការ​ដំណើរ​ការ​កម្មវិធី​ Google Reverse Image Search ដែល​នាំ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​។​

តាម​រយៈ​ Google Reverse Image Search យើង​បាន​រក​ឃើញ​វីដេអូ​ដើម​ និង​មាន​រយៈ​ពេល​វែង​នៅ​លើ​បណ្ដាញ​សង្គម​ TikTok ដែល​បាន​បង្ហោះ​​ដោយ​អ្នក​ប្រើ​ប្រាស់​ដែល​មាន​ឈ្មោះ​ថា​ Nemya Begloo កាល​ពី​ខែ​តុលា​ ឆ្នាំ​២០២៣​មក​ម្ល៉េះ​។​

លោក​ Nemya Begloo ត្រូវ​បាន​គេ​ស្គាល់​ថា​ គឺ​ជា​អ្នក​រចនា​ក្រាហ្វិច​ (Graphic Designer) និង​ជា​អ្នក​គ្រប់គ្រងច្នៃ​ប្រឌិត​ (Creative Manager) ដែល​វីដេអូ​របស់​លោក​តែង​តែ​បង្ហាញ​ទិដ្ឋភាព​នៃ​ការ​កាត់​ត​​​ដោយ​ភ្ជាប់​ទៅ​នឹង​អគារ​ CN នៅ​ក្នុង​ប្រទេស​កាណាដា។​

@nemya.begloo

#cntower and all #towers in the wind 😂 I posted another video of towers shaking 😆 I think people like shaky things Let me know if I’m wrong 😅 #toronto #torontodowntown #vfx #aftereffects #torontolife #canada #tower #shake #wind #windy #building

♬ Wind sound effects (Nature, breeze, building wind, etc.) 04 - Rapid Fire

TikTok Link | Archived Link

ដូច​គ្នា​នេះ​ នៅ​ក្នុង​គណនី​បណ្ដាញ​សង្គម​ TikTok របស់​លោក​ Nemya Begloo បាន​បង្ហាញ​វីដេអូ​ឃ្លីប​ជា​ច្រើន​ ដែល​មាន​សណ្ឋាន​ និង​ទម្រង់​នៃ​ការ​កាត់​ត​ស្រដៀង​ៗ​គ្នា​ ដោយ​បាន​បង្ហាញ​ទិដ្ឋភាព​អគារ​ CN នៅ​ក្នុង​ទីក្រុង​តូរ៉ុនតូ​ ប្រទេស​កាណាដា​ បាន​ញ័រ​ ​ដួល​រលំ និង​គ្រប​ដោយ​ក្រណាត់​នៃ​បុណ្យណូអែល​​ជា​ដើម​។​

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ទាំង​ស្រុង​ពី​គណនី​បណ្ដាញ​សង្គម​ TikTok ខាង​លើ​។​

TikTok Profile | Archived Link

តាម​រយៈ​គេហទំព័រ​សារព័ត៌មាន​ USA Today ផ្សព្វផ្សាយ​កាល​ពី​ថ្ងៃ​ទី​០៥​ ខែ​មេសា​ ឆ្នាំ​២០២៤​កន្លង​ទៅ​ បាន​បង្ហាញ​ទិដ្ឋភាព​ផ្នែក​មួយ​នៃ​ដែក​សន្ទួច​សំណង់​នៅ​ក្នុង​ការ​ដ្ឋាន​មួយ​ បាន​ធ្លាក់​លើ​ស្ពាន​ ដែល​បាន​កើត​ឡើង​នៅ​ទីក្រុង​ Fort Lauderdale រដ្ឋ​ Florida សហរដ្ឋអាមេរិក​ បាន​សម្លាប់​មនុស្ស​ម្នាក់​ និង​រង​របួស​ចំនួន​បី​នាក់​ទៀត​។​

ហេតុការណ៍​ខាង​លើ​នេះ​ ពុំ​បាន​ពាក់​ព័ន្ធ​ទៅ​នឹងការ​រញ្ជួយ​ដី​នៅ​ក្នុង​ប្រទេស​កាណាដា​នា​ពេល​ថ្មី​ៗ​នោះ​ឡើយ​។​

USA Today News Report | Archived Link

វីដេអូ​ឃ្លីប​ខាង​លើ​នេះ​ ក៏​ត្រូវ​បាន​ផ្ទៀង​ផ្ទាត់​ដោយ​គេហទំព័រ​ The Quint ផង​ដែរ​ កាល​ពី​ថ្ងៃ​ទី​០២​ ខែ​ឧសភា​ ឆ្នាំ​២០២៤​កន្លង​ទៅ​ ដែល​បាន​បញ្ជាក់​ថា​ វីដេអូ​ឃ្លីប​ បង្ហាញ​អគារ​ CN ក្នុង​ប្រទេស​កាណាដា​ បាន​ញ័រ​ និង​ដួល​រលំ​នោះ​ គឺ​ត្រូវ​បាន​កាត់​ត​ដោយ​រចនា​ក្រាហ្វិច​ VFX (Visual Effects) លោក​ Nemya Begloo។​

ចំណែក​ទិដ្ឋភាព​ផ្សេង​ទៀត​ គឺជា​វីដេអូ​ឃ្លីប​​ចាស់​ៗ​ ដែល​បាន​កើត​ឡើង​ទីតាំង​ប្រទេស​ដទៃ​ និង​មិន​បាន​ពាក់​ព័ន្ធ​ទៅ​នឹងការ​រញ្ជួយ​ដី​នៅ​ក្នុង​ប្រទេស​កាណាដា​នោះ​ឡើយ​។

The Quint News Report | Archived Link

ដើម្បី​ស្វែង​រក​ព័ត៌​មាន​ពិត​ សូម​តាម​ដាន​ការ​ផ្សាយ​របស់​យើង​តាម​រយៈ​ប្រព័ន្ធ​ដូច​ខាង​ក្រោម​៖

Facebook Twitter Telegram Google News TikTok WhatsApp

សន្និដ្ឋាន​

Fact Crescendo Cambodia

បាន​រក​ឃើញ​ ការ​អះ​អាង​ដូច​ដែល​ត្រូវ​បាន​រៀប​រាប់​ខាង​លើ​នេះ​ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ វីដេអូ​ឃ្លីប​នេះ​ គឺ​ជា​ការ​ប្រមូល​ផ្ដុំ​នៃ​វីដេអូ​ឃ្លីប​កាត់​ត​ និង​ចាស់​ៗ​ ដែល​បាន​កើត​ឡើង​ទីតាំង​ប្រទេស​ដទៃ​ និង​មិន​បាន​ពាក់​ព័ន្ធ​ទៅ​នឹងការ​រញ្ជួយ​ដី​នៅ​ក្នុង​ប្រទេស​កាណាដា​នោះ​ឡើយ​។

Avatar

Title:វីដេអូ​ក្រាហ្វិក​មួយ​ត្រូវ​បាន​ចែក​រំលែកមិន​ត្រឹម​ត្រូវ​​ថា​ជា​ទិដ្ឋភាព​រញ្ជួយ​ដី​នៅ​​កាណាដា​

Written By: Kakada Sim

Result: Misleading