កាល​ពី​ប៉ុន្មាន​ថ្ងៃ​ថ្មី​ៗ​ចុង​ក្រោយ​នេះ​ មាន​វីដេអូ​ឃ្លីប​មួយ​ដែល​បង្ហាញ​ទិដ្ឋភាព​ព្រះ​សង្ឃ​មួយ​អង្គ​ រង​អំពើ​ហិង្សា​វាយ​ប្រហារ​ពី​សំណាក់​កម្លាំង​ប្រដាប់​អាវុធនោះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ម្នាក់​។ ដែល​នាំ​ឱ្យ​មាន​ការ​យល់​ថា ហេតុការណ៍​នេះកើត​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។ វីដេអូ​នេះ ទទួល​បាន​ការ​ចែក​រំលែក​បន្ត​​ និង​ប្រតិកម្ម​បញ្ចេញ​មតិ​ចម្រុះ​ជា​ច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​យ៉ាងផុស​ផុល​។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ ការ​សរសេរ​​ដោយ​ភ្ជាប់​ទៅ​នឹង​វីដេអូ​ឃ្លីប​ខាង​លើ​នោះ​ គឺ​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ​។​

ការ​អះ​អាង​លើ​បណ្តាញសង្គម

កាល​ពី​ថ្ងៃ​ទី​១២​ ខែ​មករា​ ឆ្នាំ​២០២៣​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​វីដេអូ​ឃ្លីប​មួយ​ បង្ហាញ​អំពី​ទិដ្ឋភាព​នៃ​ការ​ប្រើ​អំពើ​ហិង្សា​ ដេញ​វាយ​ព្រះ​សង្ឃ​មួយ​អង្គ​។​ អ្នក​ប្រើ​ប្រាស់​ដដែល​ខាង​លើ​នេះ​ ពុំ​បាន​បញ្ជាក់​ព័ត៌មាន​លម្អិត​នៃ​ហេតុការណ៍ និង​ទីតាំង​​ដែល​បាន​កើត​ឡើង​នោះ​ឡើយ​។

ការ​បង្ហោះ​បែប​នេះ​ ​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់នៅ​តាម​​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នា​នា​ បាន​ចែក​រំលែក​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផងដែរ។

ខាង​ក្រោម​នេះ​ គឺ​ជា​វីដេអូ​ឃ្លីប​ទាំង​ស្រុង​ ដែល​បាន​បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់​ខាង​លើ​ ដែល​បាន​សរសេរ​ថា​ «កុំធ្វើ​បាប​លោក​អី​»។​

Facebook Post | Archived Link

ការត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ទៅ​លើ​វីដេអូ​ឃ្លីប​​​​ខាង​លើ​នេះ​ តាម​រយៈ​ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការពិត​ដូច​ខាង​ក្រោម​នេះ។

វីដេអូ​ឃ្លីប​ដូច​គ្នា​ទាំង​ស្រុង​នេះ​ ត្រូវ​បាន​រក​ឃើញ​ និង​បង្ហោះ​នៅ​លើ​គេហទំព័រ​ Reddit កាល​ពី​ថ្ងៃ​ទី​១៩​ ខែ​វិច្ឆិកា ឆ្នាំ​២០២២​កន្លង​ទៅ​ ដែល​បាន​សរសេរ​បញ្ជាក់​ជា​ភាសា​អង់គ្លេស​ថា​ «Thai Police using police brutality against a monk (18th November)» ឬ​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​មាន​ន័យ​ថា​ «ប៉ូលិស​​ថៃ​​ប្រើ​​អំពើ​​ឃោរឃៅ​​ទៅ​លើ​ព្រះ​សង្ឃ​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា​»។​

ខាង​ក្រោម​នេះ​ គឺ​ជា​វីដេអូ​ឃ្លីបទាំង​ស្រុង​​ ដែល​បាន​ដក​ស្រង់​ចេញ​ពី​គេហទំព័រ​ខាង​លើ​។​

Reddit Link | Archived Link

ទិដ្ឋភាព​នៃ​ការ​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ព្រះ​សង្ឃ​ថៃ​មួយ​អង្គ​ខាង​លើ​នេះ​ ក៏​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ផង​ដែរ​ នៅ​លើ​គេហទំព័រ​សារព័ត៌មាន​ Bangkok Post កាល​ពី​ថ្ងៃ​ទី​១៨​ ខែ​វិចិ្ឆកា​ ឆ្នាំ​២០២២​កន្លង​ទៅ​។​ ​គេហទំព័រ​ដដែល​ខាង​លើ​នេះ​ ​បាន​សរសេរ​បញ្ជាក់​នៅ​ក្នុង​អត្ថបទ​របស់​ខ្លួន​ជា​ភាសា​អង់គ្លេស​ ឬ​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ថា​ «ប៉ូលិស​បាញ់​​គ្រា​ប់​កៅស៊ូ​​ទៅ​​លើ​​បាតុក​រ ដោយ​ក្នុង​នោះ​ក៏​មាន​ការ​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ព្រះ​សង្ឃ​ផង​ដែរ​»។​

Bangkok Post Link | Archived Link

ដើម្បី​ស្វែង​រក​ព័ត៌​មាន​ពិត​ សូម​តាម​ដាន​ការ​ផ្សាយ​របស់​យើង​តាម​រយៈ​ប្រព័ន្ធ​ដូច​ខាង​ក្រោម​៖

Facebook Twitter Telegram Google News TikTok

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា​វីដេអូ​ឃ្លីប​​ និង​ការ​លើក​ឡើង​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​​ខាង​លើ​នោះ​ គឺ​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ​។​ ច្បាប់​ដើម​នៃ​វីដេអូ​ឃ្លីប​នេះ​ គឺ​ជា​ទិដ្ឋភាព​ការ​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ព្រះ​សង្ឃមួយ​អង្គ​​ ពី​សំណាក់​អាជ្ញាធរប៉ូលិស​​ថៃ​ នៅ​ក្នុង​ទីក្រុង​បាងកក​ កាល​ពី​ថ្ងៃ​ទី​១៨​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២២​កន្លង​ទៅ​។​

Avatar

Title:វីដេអូ​អាជ្ញាធរ​ប៉ូលិស​ប្រើ​ហិង្សា​ទៅ​លើ​ព្រះ​សង្ឃ​ មិន​មែន​កើត​ឡើង​នៅ​កម្ពុជា​នោះ​ឡើយ

Fact Check By: Kakada Sim

Result: Misleading