
ស្របពេលដែលខ្សែភ្លើង ខ្សែកាប និងខ្សែបណ្ដាញផ្សេងៗដែលតរញ៉េរញ៉ៃតាមដងផ្លូវ នៅតែបន្តជាកង្វល់មួយរបស់សង្គមនោះ រូបថតមួយសន្លឹក បង្ហាញទិដ្ឋភាពបណ្ដាញខ្សែខ្វាត់ខ្វែងជាប់គ្នាជាច្រើន ត្រូវបានបង្ហោះឡើងដោយអ្នកប្រើប្រាស់ហ្វេសប៊ុកយ៉ាងផុសផុល ដោយបានអះអាងថានោះ គឺស្ថិតនៅក្នុងទីក្រុងបាងកក។ ការបង្ហោះខាងលើ ត្រូវបានចែកចាយ និងបញ្ចេញមតិជាច្រើនដង ពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមនានា។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់ Fact Crescendo Cambodia រកឃើញថា រូបថតបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកនោះ គឺមិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤កន្លងទៅ អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ បានបង្ហោះរូបថតមួយសន្លឹក បង្ហាញទិដ្ឋភាពនៃខ្សែបណ្ដាញផ្សេងៗរញ៉េរញ៉ៃខ្វាត់ខ្វែងនៅតាមដងផ្លូវមួយកន្លែង។ អ្នកប្រើប្រាស់ដដែលខាងលើនេះ ក៏បានបញ្ជាក់នៅក្នុងសារបង្ហោះរបស់ខ្លួនផងដែរថា នោះគឺជាទិដ្ឋភាពនៅក្នុងទីក្រុងបាងកក (Bangkok)។
ការលើកឡើងបែបនេះ ត្រូវបានចែកចាយតៗគ្នាជាច្រើនដង រួមជាមួយនឹងប្រតិកម្ម និងការបញ្ចេញមតិចម្រុះពីសំណាក់អ្នកប្រើប្រាស់សង្គមហ្វេសប៊ុកយ៉ាងផុសផុល។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីអ្នកប្រើប្រាស់ហ្វេសប៊ុកខាងលើ ដែលបានបញ្ជាក់ថា ទិដ្ឋភាពនោះ គឺស្ថិតនៅក្នុងទីក្រុងបាងកក ប្រទេសថៃ។

ដូចគ្នានេះ វីដេអូមួយដែលបង្ហាញនូវទិដ្ឋភាពខ្សែបណ្ដាញខ្វាត់ខ្វែងជាប់គ្នា ក៏ត្រូវបានរកឃើញ និងបង្ហោះដោយអ្នកប្រើប្រាស់បណ្ដាញសង្គម TikTok ដទៃទៀតផងដែរ។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើរូបភាពទាំងនេះតាមរយៈការដំណើរការ Google Reverse Image Search ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
តាមរយៈគេហទំព័រ Hive Moderation ដែលជាគេហទំព័រ និងជាកម្មវិធីផ្ទៀងផ្ទាត់អត្ថបទ ឬរូបភាពទាំងឡាយណា ផលិតឡើងដោយបចេ្ចកវិទ្យាបញ្ញាសិប្បនិម្មិត ក៏បានបង្ហាញនូវលទ្ធផលបញ្ជាក់ថាទិដ្ឋភាពទាំងឡាយនោះ គឺ៩៩ភាគរយ ដែលបង្កើតដោយកម្មវិធី (AI) តែប៉ុណ្ណោះ។

HIVE Moderation Link | Archived Link
ករណីរូបភាព និងវីដេអូឃ្លីប ដែលត្រូវបានបង្កើតឡើងដោយកម្មវិធី AI នេះ តែងតែត្រូវបានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ការពិតដោយក្រុមការងាររបស់ Fact Crescendo Cambodia ផងដែរ។
លោកអ្នកអាចស្វែងរក និងអានព័ត៌មានបន្ថែមតាមរយៈតំណភ្ជាប់ខាងក្រោម៖
- វីដេអូឃ្លីបបង្ហាញត្រីមុខមនុស្ស (Archived Link)
- រូបថតបង្ហាញប្រទីបដ៏ឆើតឆាយតាមដងទន្លេ (Archived Link)
- រូបថតព្រះសង្ឃគង់ក្បែរនារី និងច្រៀងកម្សាន្ត (Archived Link)
ដូចគ្នានេះ តាមរយៈគេហទំព័រសារព័ត៌មានក្នុងស្រុករបស់ប្រទេសថៃ The Nation ផ្សព្វផ្សាយកាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤កន្លងទៅនេះ បានបញ្ជាក់ថា គណៈកម្មការផ្សព្វផ្សាយ និងទូរគមនាគមន៍ជាតិ (NBTC) បានដាក់ចេញនូវផែនការ ក្នុងការដោះស្រាយជាមួយនឹងបណ្ដាញខ្សែនានា ដែលមានសភាពខ្វាត់ខ្វែង និងរញ៉េរញ៉ៃនៅទូទាំងទីក្រុងបាងកក និងបណ្ដាខេត្តដែលនៅជុំវិញ។

The Nation News Report | Archived Link
ដើម្បីស្វែងរកព័ត៌មានពិត សូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម៖
Facebook Twitter Telegram Google News TikTok WhatsApp
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញ ការអះអាងដូចដែលត្រូវបានរៀបរាប់ខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ រូបថតទាំងឡាយនេះ គឺត្រូវបានផលិតឡើងដោយបចេ្ចកវិទ្យាបញ្ញាសិប្បនិម្មិត (AI) តែប៉ុណ្ណោះ មិនមែនជាទិដ្ឋភាពជាក់ស្ដែងនោះទេ។

Title:រូបថតបង្ហាញបណ្ដាញខ្សែតរញ៉េរញ៉ៃ ត្រូវបានបង្កើតឡើងដោយកម្មវិធី AI តែប៉ុណ្ណោះ
Fact Check By: Kakada SimResult: Altered
