ស្រប​ពេល​ព្រះ​សង្ឃ​ គឺ​ជា​បុគ្គល​ដែល​គោរព​ប្រតិបត្តិ​ព្រះ​ពុទ្ធ​សាសនា​បាន​ប្រសើរ​ និង​ថ្លៃ​ថ្លា​ជាង​គ្រហស្ថ​នោះ​ រូប​ថត​មួយ​សន្លឹក​ បង្ហាញ​ទិដ្ឋភាព​ព្រះ​សង្ឃ​ ២​អង្គ​ ច្រៀង​កម្សាន្ត​ និង​គង់​ក្បែរ​នឹង​នារី​ ត្រូវ​បាន​បង្ហោះ​ឡើង​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​យ៉ាង​ផុស​ផុល​។​ ការ​បង្ហោះ​ខាង​លើ​ ត្រូវ​បាន​ចែក​ចាយ​ និង​បញ្ចេញ​មតិ​ជា​ច្រើន​ដង​ ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​នា​នា​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​របស់​ Fact Crescendo Cambodia រក​ឃើញ​ថា​ រូប​ថត​​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នោះ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​

ការ​អះអាង​លើ​បណ្ដាញ​សង្គម​

កាល​ពី​ថ្ងៃ​ទី​០៨​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៣​ថ្មី​ៗ​កន្លង​ទៅ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ បង្ហាញ​ទិដ្ឋភាព​ព្រះ​សង្ឃ​ចំនួន​ ២អង្គ​ គង់​នៅ​ក្បែរ​នារី​ក្នុង​ឈុត​ពណ៌​ចំនួន​ ៣នាក់​ ដោយ​មានទិដ្ឋភាព​ច្រៀង​កម្សាន្ត​ និង​គ្រឿង​ស្រវឹង​នៅ​លើ​តុ​ផង​ដែរ​។​ រូប​ថត​នេះ​ ត្រូវ​បាន​ភ្ជាប់​ជាមួយ​នឹង​ការ​លើក​ឡើង​ថា​ ព្រះ​សង្ឃ​ទាំង​ ២​អង្គ​នេះ​ ត្រូវ​ការ​លុយ​ដើម្បី​ចូល​​ច្រៀង​លេង​ជាមួយ​ស្រី​ៗ។​

ការ​លើក​ឡើង​បែប​នេះ​ ​ ត្រូវ​បាន​ចែក​ចាយ​តៗ​គ្នា​ជា​ច្រើន​ដង​ រួម​ជាមួយ​នឹង​ប្រតិកម្ម​ និង​ការ​បញ្ចេញ​មតិ​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​សង្គម​ហ្វេសប៊ុក​យ៉ាង​ផុស​ផុល​។​

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ខាង​លើ​ ដែល​​បាន​សរសេរ​រៀប​រាប់​ថា​ «អាត្មា​ត្រូវ​ការ​លុយ​ដើម្បី​ចូល​ Karaoke និង​ច្រៀង​លេង​ជាមួយ​ស្រី​ៗ ហើយ​ជួប​ស្រីស្នេហ៍​​»។​

Facebook Post | Archived Link

រូប​ថត​បែប​នេះ​ ក៏​ត្រូវ​បាន​បង្ហោះ​ និង​រក​ឃើញ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជា​ច្រើន​ទៀត​ផង​ដែរ​។​ សូម​មើល​ខ្លឹម​សារ​អះ​អាង​ទាំង​ស្រុង​ខាង​ក្រោម​នេះ​។​

Facebook Post | Archived Link

ការ​ត្រួត​ពិនិត្យ​ការ​ពិត​

Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​រូបភាព​ទាំង​នេះ​តាម​រយៈ​ការ​ដំណើរការ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។

រូប​ថត​មួយ​សន្លឹក​ ដែល​មាន​ទម្រង់​ និង​សណ្ឋាន​ដូច​គ្នា​ទាំង​ស្រុង​នេះ​ ត្រូវ​បាន​រក​ឃើញ​ និង​បង្ហោះ​ដោយ​ទំព័រ​ហ្វេសប៊ុក​ ដែល​មាន​ឈ្មោះ​ថា​ วันนี้ไม่เหมือนเมื่อวาน កាល​ពី​ថ្ងៃទី​០៥​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៣​កន្លង​ទៅ​ ដោយ​រូប​ភាព​ខាង​លើ​នេះ​ គឺ​ត្រូវ​បាន​​​ផលិត​ឡើង​ដោយ​បចេ្ចក​វិទ្យា​បញ្ញា​សិប្បនិម្មិត​ (AI) តែ​ប៉ុណ្ណោះ​។​

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ពី​សំណេរ​របស់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​រូប​នេះ បាន​រៀបរាប់​ជា​ភាសា​ថៃ​ថា​ «ฉลองได้ยอดทอดกฐิน ทะลุเป้า» ឬ​មាន​អត្ថន័យ​ជា​ភាសា​ខ្មែរ​ថា​ «​បុណ្យ​កឋិន​ ចំនួន​លើស​កំណត់​»។​

Facebook Post | Archived Link

Fact Crescendo Cambodia ក៏​បាន​រក​ឃើញ​រូបភាព​ជាច្រើន​ដែល​កែច្នៃ​ដោយ​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត (AI) ត្រូវ​បាន​បង្ហោះ​ផង​ដែរ​ ដោយ​ក្នុង​នោះ​មាន​ទាំង​រូបភាព​​ប្លែកៗ​ជាច្រើន​ទៀតផង​ដែរ​។

Facebook Post | Archived Link

កាល​ពី​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ​ Fact Crescendo Cambodia ក៏​បាន​ផ្ទៀង​ផ្ទាត់​រួច​មក​ហើយ​ដែរ​ នូវ​រូបភាព​លោក​យាយ​ម្នាក់​ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​កម្មវិធី ​AI ប៉ុន្តែ​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​មួយ​ចំនួន​យក​ទៅ​សរសេរ​រៀប​រាប់​ថា​ វា​ជា​រូប​ភាព​ការ​ពិត​ ដែល​លោក​យាយ​មាន​អាយុ​រហូត​ទៅ​ដល់​ ៣០០​ឆ្នាំ​។​ សូម​មើល​អត្ថបទ​ទាំង​ស្រុង​នៅ​ទីនេះ​។​

ដើម្បី​ស្វែង​រក​ព័ត៌​មាន​ពិត​ សូម​តាម​ដាន​ការ​ផ្សាយ​របស់​យើង​តាម​រយៈ​ប្រព័ន្ធ​ដូច​ខាង​ក្រោម​៖

Facebook Twitter Telegram Google News TikTok

សន្និដ្ឋាន​

Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ដែល​បាន​បង្ហោះ​ ដោយ​អ្នក​ប្រើ​ប្រាស់​ខាង​លើ​នេះ​ គឺ​ពិត​ជា​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ ច្បាប់​ដើម​នៃ​រូប​ថត​នេះ​ គឺ​ត្រូវ​បានបង្ហោះ​ដោយ​ទំព័រ​ហ្វេសប៊ុក​ថៃ​មួយ​ និង​​ផលិត​ឡើង​ដោយ​បចេ្ចក​វិទ្យា​បញ្ញា​សិប្បនិម្មិត​ (AI) តែ​ប៉ុណ្ណោះ​។​

Avatar

Title:រូប​ថត​ព្រះ​សង្ឃ​គង់​ក្បែរ​នារី​ និង​ច្រៀង​កម្សាន្ត​​​ ត្រូវ​បាន​ផលិត​ឡើង​ដោយ​កម្មវិធី​ AI

Written By: Kakada Sim

Result: Altered