Fact-Check: តើ​រូបថត​មួយ​សន្លឹក​នេះ​គឺ​ជា​ពលករ​ខ្មែរ​ជាប់​គាំង​នៅ​តាម​ព្រំដែន​កម្ពុជា-ថៃ​មែន​ឬទេ?

កាល​ពី​ដើម​ខែ​សីហា​នេះ កម្ពុជា​បាន​សម្រេច​បិទ​ខ្ទប់​ខេត្ត​ចំនួន៧​នៅ​ជាប់​ព្រំដែន​កម្ពុជា ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩​ប្រភេទ​ថ្មី ដែល​ត្រូវ​បាន​គេ​ជឿ​ថា ត្រូវ​បាន​នាំ​ចូល​ពី​ប្រទេស​ថៃ​តាម​រយៈ​ពលករ​ខ្មែរ។ វិធានការ​នេះ បាន​បង្ខំ​ឱ្យ​ពលករ​ខ្មែរ​ជាច្រើន​ដែល​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​ថៃ បាន​ជាប់​គាំង​នៅ​តាម​ព្រំដែន​កម្ពុជា-ថៃ ឬ​ត្រូវ​បង្ខំ​ចិត្ត​ឆ្លង​ដែន​តាម​ច្រក​របៀង​ត្រឡប់​ចូល​មក​ប្រទេស​កំណើត​វិញ។ ទន្ទឹម​គ្នា​នេះ រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​ក្រុម​មនុស្ស​ប្រមូល​ផ្ដុំ​នៅ​ទីតាំង​មួយ​ដែល​គេ​មិន​ស្គាល់ ត្រូវ​បាន​គេ​បង្ហោះ​លើ​បណ្ដាញ​សង្គម ជាមួយ​ការ​អះ​អាង​ថា មនុស្ស​នៅ​ក្នុង​រូបថត​នោះ គឺ​ជា​ពលករ​ខ្មែរ​ដែល​ជាប់​គាំង​នៅ​តាម​ព្រំដែន​កម្ពុជា-ថៃ។ រូបថត​ជាមួយ​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​ជាច្រើន​ដង​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​សប្ដាហ៍​មុន។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​ទៅ​លើ​រូបថត​នេះ បាន​រក​ឃើញ​ថា ការ​អះ​អាង​ទៅ​លើ​រូបថត​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​០៤ ខែ​សីហា ឆ្នាំ​២០២១ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់ បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​នៅ​ក្នុង​ចំណោម​រូបថត​បី​​សន្លឹក​​ដែល​បង្ហាញ​ក្រុម​មនុស្ស​ធ្វើ​ដំណើរ​ឆ្លង​កាត់​ទឹក​ហូរ​មួយ​កន្លែង និង​ក្រុម​មនុស្ស​ប្រមូល​ផ្ដុំ​គ្នា​នៅ​ទីតាំង​មួយ។ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដដែល​នេះ អះ​អាង​ថា ក្រុម​មនុស្ស​នៅ​ក្នុង​រូបថត​ទាំង​នោះ គឺ​ជា​ពលករ​ខ្មែរ​ដែល​ព្យាយាម​ឆ្លង​កាត់​ព្រំដែន​កម្ពុជា-ថៃ​វិល​ត្រឡប់​មក​ប្រទេស​កំណើត​វិញ។ រូបថត​ជាមួយ​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ រួម​ទាំង​ការ​បញ្ចេញ​ប្រតិកម្ម និង​មតិ​ចម្រុះ​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដែល​រៀបរាប់​ថា «ថ្ងៃ​ទី​៤ ខែ​សីហា ឆ្នាំ​២០២១/August 4th 2021 របប​ ហ៊ុន សែន ធ្វើ​ឱ្យ​ពលករ​រង​ទុក្ខ​វេទនា ឆ្លង​ទឹក​ឆ្លង​គោក បុក​សម្រុក​មក​ច្រើន​ណាស់​ពលករ​ខ្មែរ​យើង តែ​ត្រូវ​បាន​អាជ្ញាធរ​ខាង​ខ្មែរ​ហាម​ឃាត់​មិន​ឱ្យ​ចូល ថែម​ទាំង​បណ្ដេញ​ត្រឡប់​ឱ្យ​មក​សម្រាក​នៅ​ខាង​ទឹក​ដី​ថៃ​ជា​បណ្ដោះ​អាសន្ន​វិញ»។ Facebook Post | […]

Continue Reading