ចំណងជើងអត្ថបទព័ត៌មានចាស់ត្រូវបានបង្ហោះលើបណ្ដាញសង្គមឡើងវិញនាំឱ្យយល់ច្រឡំ
បន្ទាប់ពីមានព័ត៌មានចុះផ្សាយនៅដើមខែនេះថា មន្ត្រីជាន់ខ្ពស់កម្ពុជាបានស្នើទៅប្រតិភូសភាអាមេរិកឱ្យបន្តផ្ដល់ប្រព័ន្ធអនុគ្រោះពន្ធដល់កម្ពុជានោះ រូបភាពនៃចំណងជើងអត្ថបទព័ត៌មានមួយ«សម្ដេចនាយករដ្ឋមន្ត្រី ស្នើសុំកុំឱ្យកម្មករកម្មការិនីតក់ស្លុតពេលបិទរោងចក្រនៅខែក្រោយនេះ» ត្រូវបានបង្ហោះ និងចែកចាយយ៉ាងច្រើននៅលើបណ្ដាញសង្គមកាលពីថ្ងៃម្សិលមិញនេះ។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់របស់យើង បានរកឃើញថា ការបង្ហោះព័ត៌មាននេះ មិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
រូបភាពមួយសន្លឹកដែលបង្ហាញចំណងជើងសេចក្ដីរាយការណ៍មួយសរសេរ«សម្ដេចនាយករដ្ឋមន្ត្រីស្នើសុំកុំឱ្យកម្មករ-កម្មការិនីតក់ស្លុតពេលបិទទ្វាររោងចក្រនៅខែក្រោយនេះ» ត្រូវបានគេបង្ហោះនៅលើបណ្ដាញសង្គមដោយភ្ជាប់ជាមួយនឹងការដកប្រព័ន្ធអនុគ្រោះពន្ធរបស់អាមេរិក និងសហភាពអឺរ៉ុបពីកម្ពុជា ដែលប៉ះពាល់ដល់ការងារកម្មករកម្មការិនីក្នុងវិស័យកាត់ដេរកម្ពុជា។
រូបភាពជាមួយសំណេរបែបនេះ ត្រូវបានចែករំលែកបន្ត ទទួលបានការបញ្ចេញមតិ និងប្រតិកម្មផ្សេងៗពីអ្នកប្រើប្រាស់បណ្ដាញសង្គមនិយាយភាសាខ្មែរ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការបង្ហោះនៅលើបណ្ដាញសង្គមនូវរូបភាពអត្ថបទព័ត៌មានមានចំណងជើងថា «សម្ដេចនាយករដ្ឋមន្ត្រីស្នើសុំកុំឱ្យកម្មករ-កម្មការិនីតក់ស្លុត ពេលបិទទ្វាររោងចក្រនៅខែក្រោយនេះ» ដែលត្រូវបានបង្ហោះលើបណ្ដាញសង្គមកាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣។
រូបភាពជាមួយសំណេរដដែលនេះ ត្រូវបានចែករំលែកចូលទៅក្នុងក្រុមបណ្ដាញសង្គមផ្សេងៗ ដែលនាំឱ្យមានការចែករំលែកបន្តយ៉ាងច្រើនកាលពីថ្ងៃម្សិលមិញនេះ។
ការត្រួតពិនិត្យការពិត
Fact Crescendo បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើសារបង្ហោះនៅលើបណ្ដាញសង្គមតាមរយៈ Google Reverse Image Search និងពាក្យគន្លឹះនៅក្នុង Google Search ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
អត្ថបទព័ត៌មានដែលមានចំណងជើងថា «សម្ដេចនាយករដ្ឋមន្ត្រីស្នើសុំកុំឱ្យកម្មករ-កម្មការិនីតក់ស្លុតពេលបិទទ្វាររោងចក្រនៅខែក្រោយនេះ» ត្រូវបានរកឃើញចុះផ្សាយកាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០កន្លងមកដោយគេហទំព័រទស្សនាវដ្ដីប្រជាប្រិយ។
ខ្លឹមសារទាំងស្រុងនៃអត្ថបទព័ត៌មានមួយនេះ បានឱ្យដឹងថា នៅក្នុងពិធីមួយកាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០កន្លងមកនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រាប់ទៅកម្មករកម្មការិនីរោងចក្រកាត់ដេរកុំឱ្យជ្រួលច្របល់ នៅពេលរោងចក្រមួយចំនួនត្រូវបានបិទទ្វារនៅក្នុងខែមីនាក្នុងឆ្នាំនោះ។
លោក ហ៊ុន សែន បានប្រាប់ទៅកម្មករកម្មការិនីកាត់ដេរថា រោងចក្រកាត់ដេរមួយចំនួននៅកម្ពុជា នឹងត្រូវបិទទ្វារនៅក្នុងខែមីនាក្នុងឆ្នាំនោះ ដោយសារតែការផ្ទុះឡើងនៃវីរុសកូរ៉ូណានៅក្នុងប្រទេសចិន ដែលប៉ះពាល់ដល់ដំណើរការផ្គត់ផ្គង់វត្ថុធាតុដើមមកកាន់រោងចក្រកាត់ដេរនៅកម្ពុជា។ សូមអានអត្ថបទព័ត៌មានទាំងស្រុងនៅទីនេះ។
Popular Magazine | Archived Link
ការថ្លែងរបស់លោក ហ៊ុន សែន បែបនេះ ក៏ត្រូវបានចុះផ្សាយដោយសារព័ត៌មាន Fresh News ផងដែរ។ ខាងក្រោមនេះ គឺជាប្រសាសន៍ទាំងស្រុងរបស់លោកនៅក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ២ និងលេខ២២ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ដែលផ្សាយដោយ Fresh News នៅលើបណ្ដាញ YouTube។
សហភាពអឺរ៉ុប EU បានសម្រេចដកការអនុគ្រោះពន្ធ ២០ភាគរយសម្រាប់ទំនិញនាំចូលពីកម្ពុជាកាលពីខែកុម្ភៈ ឆ្នាំ២០២០កន្លងមក ដែលការសម្រេចបែបនេះ កើតឡើងក្រោយពីសហភាពអឺរ៉ុបមើលឃើញថា ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា បានធ្លាក់ចុះជាបន្តបន្ទាប់។
ទោះជាយ៉ាងណា រដ្ឋាភិបាលដឹកនាំដោយលោក ហ៊ុន សែន បានសម្រេចបង់ពន្ធ ២០ភាគរយលើទំនិញដែលកម្ពុជានាំចូលទៅកាន់សហគមន៍អឺរ៉ុប។
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថា ការបង្ហោះចំណងជើងអត្ថបទព័ត៌មាននេះ មិនត្រឹមត្រូវនោះឡើយ។ ចំណងអត្ថបទព័ត៌មាននេះ ត្រូវបានចុះផ្សាយកាលពីជាង ៣ឆ្នាំមុនដោយគេហទំព័រទស្សនាវដ្ដីប្រជាប្រិយញ។ អត្ថបទព័ត៌មានមួយនេះ បានដកស្រង់សម្ដីលោក ហ៊ុន សែន ដែលអំពាវនាវទៅកម្មករកម្មការិនីកាត់ដេរកុំឱ្យជ្រួលច្របល់នៅពេលរោងចក្រកាត់ដេរមួយចំនួន ត្រូវបានបិទទ្វារនៅក្នុងខែមីនាក្នុងឆ្នាំនោះ ដោយសារតែការផ្ទុះឡើងនៃវីរុសកូរ៉ូណា។
Title:ចំណងជើងអត្ថបទព័ត៌មានចាស់ត្រូវបានបង្ហោះលើបណ្ដាញសង្គមឡើងវិញនាំឱ្យយល់ច្រឡំ
Written By: Jay UdomResult: Missing Context