
បន្ទាប់ពីក្រុមបាល់ទាត់ Manchester City រងការចោទប្រកាន់ថាបានល្មើសនឹងច្បាប់ហិរញ្ញវត្ថុចន្លោះពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៨មកនោះ ការអះអាងមួយនៅលើបណ្ដាញសង្គម បានលើកឡើងថា ក្រុមបាល់ទាត់អង់គ្លេសមួយនេះ ត្រូវបានស្ថាប័នលីគកំពូលរបស់អង់គ្លេស ពិន័យ ដោយដក ៣០ពិន្ទុ។ ការអះអាងនេះ ត្រូវបានចែកចាយ និងប្រតិកម្មជាច្រើនពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរ យ៉ាងផុសផុល។ ទោះជាយ៉ាងណា Fact Crescendo Cambodia រកឃើញថា ការអះអាងនេះ មិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្តាញសង្គម
កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ថ្មីៗនេះ ទំព័រហ្វេសប៊ុកមួយ ដែលមានឈ្មោះថា «Man City Fans Cambodia» បានអះអាងថា ក្រុមបាល់ទាត់ Manchester City ត្រូវបានស្ថាប័ន Premier League ពិន័យដោយកាត់ ៣០ពិន្ទុ។
ការពិន័យខាងលើ ត្រូវបានកើតឡើងក្រោយពីក្រុមបាល់ទាត់មួយនេះ ត្រូវបានរកឃើញថា បានធ្វើឲ្យខូចកិត្តិយស និងបាត់បង់ប្រជាប្រិយភាពលីគ (Premier League) ដែលជាលីគកំពូលរបស់អង់គ្លេស។
ការអះអាងនេះ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមចែករំលែកជាច្រើនដង រួមជាមួយការបញ្ចេញមតិ និងប្រតិកម្មចម្រុះបែបផងដែរ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីទំព័រហ្វេសប៊ុកខាងលើ ដែលបានបញ្ជាក់ផងដែរថា ការពិន័យមួយនេះ បានធ្វើឲ្យក្រុមបាល់ទាត់ Man City ធ្លាក់ពីចំណាត់ថ្នាក់លេខ២ ទៅដល់លេខ១២ នៅក្នុងតារាងបាល់ទាត់ Premier League។

ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia ចាប់ផ្ដើមត្រួតពិនិត្យទៅលើការអះអាងខាងលើ តាមរយៈបណ្ដាសារព័ត៌មាន និងតារាងពិន្ទុរបស់ Premier Leauge ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោម។
គេហទំព័រលីគកំពូលរបស់អង់គ្លេស Premier League ផ្សព្វផ្សាយនៅត្រឹមថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា ក្រុមបាល់ទាត់ Manchester City បច្ចុប្បន្នកំពុងឈរនៅលេខរៀងទី២ និងមានពិន្ទុសរុបចំនួន ៧០ពិន្ទុ ដោយតាមពីក្រោយក្រុមកំពូលតារាង Arsenal ចំនួន ៤ពិន្ទុ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីគេហទំព័រខាងលើ ដែលបានបង្ហាញក្រុមបាល់ទាត់ Manchester City ស្ថិតនៅលេខរៀងលំដាប់ទី២។

Premier League Link | Archived Link
ដូចគ្នានេះ នៅតាមបណ្ដាគេហទំព័រសារព័ត៌មានអន្តរជាតិនានាដទៃទៀត Sky Sports និង Evening Standards ក៏បានបង្ហាញ ក្រុមបាល់ទាត់ Manchester City បាននឹងកំពុងឈរនៅលេខរៀងទី២ ដោយមាន ៧០ពិន្ទុ នៅលើតារាងពិន្ទុលីគកំពូលរបស់អង់គ្លេសផងដែរ ដោយមិនត្រូវបានពិន័យ និងកាត់ ៣០ពិន្ទុ ចេញនោះឡើយ។
ដើម្បីស្វែងរកព័ត៌មានពិត សូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម៖
Facebook Twitter Telegram Google News TikTok
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថា ការអះអាងខាងលើ គឺមិនត្រឹមត្រូវនោះឡើយ។ បច្ចុប្បន្ន ក្រុមបាល់ទាត់ Manchester City កំពុងឈរនៅលេខរៀងទី២ មាន ៧០ពិន្ទុ តាមពីក្រោយក្រុមកំពូលតារាង Arsenal ចំនួន ៤ពិន្ទុ និងមិនត្រូវបានពិន័យដោយកាត់ ៣០ពិន្ទុនោះឡើយ។

Title:តើក្រុមបាល់ទាត់ Manchester City ត្រូវបានពិន័យ និងកាត់ ៣០ពិន្ទុ មែនដែរឬទេ?
Fact Check By: Kakada SimResult: False
