
ពលរដ្ឋកម្ពុជា និងថៃមួយចំនួន តែងតែជជែកវែកញែកគ្នាអំពី “គុនខ្មែរ” និង “មួយថៃ” នៅលើបណ្ដាញសង្គម។ ខណៈដែលវានៅតែជាប្រធានបទនៃការជជែកនោះ ការអះអាងមួយនៅលើបណ្ដាញសង្គម បានលើកឡើងថា ម្ចាស់មេដាយមាសស៊ីហ្គេម លោក ឈុតសេរី វ៉ាន់ថង ធ្លាប់ហ្វឹតហាត់មួយថៃនៅប្រទេសថៃ មុននឹងក្លាយជាកីឡាករគុនខ្មែរ។ ការអះអាងនេះ ត្រូវបានចែករំលែកព្រោងព្រាតលើបណ្ដាញសង្គម។ ទោះជាយ៉ាងណា បន្ទាប់ពីទទួលបានការបញ្ជាក់ពីសាមីខ្លួនផ្ទាល់ យើងរកឃើញថា ការអះអាងនេះមិនត្រឹមត្រូវទេ។
ការអះអាងលើបណ្ដាញសង្គម
ទំព័រហ្វេសប៊ុកជាអក្សរថៃមួយ បាននិយាយថា កីឡាករប្រដាល់កម្ពុជា លោក ឈុតសេរី វ៉ាន់ថង ធ្លាប់ទៅហ្វឹកហាត់ក្បាច់ប្រដាល់ “មួយថៃ” ហើយពេលកីឡាកររូបបានល្បីឈ្មោះ ក្បាច់ប្រដាល់នោះក៏ក្លាយជា “គុនខ្មែរ”ទៅវិញ។
ទំព័រហ្វេសប៊ុកដដែលនេះ បានបង្ហោះភ្ជាប់មកជាមួយនូវរូបថតកីឡាករកម្ពុជារូបនេះកាលពីវ័យក្មេង ដែលស្លៀកខោកីឡាមានអក្សរថៃ “มวยไทย” ឬពាក្យ “មួយថៃ” និងរូបថតបច្ចុប្បន្នរបស់កីឡាករកម្ពុជារូបនេះស្លៀកខោមានអក្សរ “គុនខ្មែរ”។
ការអះអាងនេះ ត្រូវបានចែករំលែកជាច្រើនដងពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុក ហើយត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមនិយាយភាសាថៃជាច្រើន បានបញ្ចេញប្រតិកម្ម និងមតិយោបល់ ដោយជឿថា រឿងនេះជាការពិត។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីទំព័រហ្វេសប៊ុក “กรุงเทพฯ วันนี้” ដែលបានបង្ហោះសារកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ រៀបរាប់ថា “ฝึกหัดมวยไทยตั้งแต่เด็ก โตไปกลายร่างเป็นกุนขแมร์ บัดซบจริงๆ” ឬប្រែសម្រួលជាភាសាខ្មែរមានន័យថា “ហ្វឹកហាត់មួយថៃតាំងតែពីក្មេង ធំឡើងក្លាយជាគុនខ្មែរ ពិតជាអស្ចារ្យមែនទែន”។

បន្ទាប់ពីការបង្ហោះព័ត៌មានបែបនេះ អ្នកប្រើប្រាស់បណ្ដាញសង្គមកម្ពុជាជាច្រើន បានចោទសួរថា តើរឿងនេះពិតដូចការអះអាងឬយ៉ាងណា ហើយក៏ចង់ដឹងការបកស្រាយពីសាមីខ្លួនផងដែរ។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានចាប់ផ្ដើមត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើការអះអាងខាងលើនេះតាមរយៈកិច្ចសម្ភាសជាមួយកីឡាករប្រដាល់ លោក ឈុតសេរី វ៉ាន់ថង ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
នៅក្នុងដំណើរត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ព័ត៌មាននេះ យើងបានរកឃើញការបកស្រាយរបស់កីឡាករ ឈុតសេរី វ៉ាន់ថង នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនកាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤។
កីឡាករគុនខ្មែរដ៏ឆ្នើមរបស់កម្ពុជារូបនេះ បានច្រានចោលនូវព័ត៌មាននេះ ដោយបញ្ជាក់ថា លោកបានស្លៀកខោនោះ ព្រោះលោកប្រកួតប្រដាល់នៅក្នុងប្រទេសថៃ ហើយលោកទទួលបានជ័យជម្នះនាពេលនោះ។
ខាងក្រោមនេះ គឺជាការបកស្រាយរបស់លោក ឈុតសេរី វ៉ាន់ថង នៅលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ ដែលឆ្លើយតបទៅនឹងការផ្សព្វផ្សាយរបស់ទំព័រហ្វេសប៊ុកខាងលើថា “កាលនោះស្លៀកខោថៃព្រោះខ្ញុំទៅប្រកួតនៅប្រទេសថៃ ហើយផ្ដួលថៃសន្លប់ទឹកទី៣”។

លោក សេរីវ៉ាន់ថន បានបញ្ជាក់បន្ថែមទៀតថា លោកពុំធ្លាប់ចេញទៅហ្វឹកហាត់ប្រដាល់ “មួយថៃ” នៅក្នុងប្រទេសថៃឡើយ ហើយផ្ទុយទៅវិញ លោកហ្វឹតហាត់កីឡាប្រដាល់នេះជាមួយឪពុករបស់លោកផ្ទាល់នៅក្នុងប្រទេសកម្ពុជា។
កីឡាករប្រដាល់កម្ពុជារូបនេះ បានបញ្ជាក់បន្ថែមបែបនេះនៅក្នុងកិច្ចសម្ភាសជាមួយ Fact Crescendo Cambodia នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ដោយលោកអះអាងថា រូបថតនោះ គឺលោកចេញទៅប្រកួតប្រដាល់តាមវត្តស្ថិតនៅជាប់ព្រំដែនកម្ពុជា-ថៃកាលពីឆ្នាំ២០១៣។
កីឡាករវ័យ ២៤ឆ្នាំរូបនេះ បញ្ជាក់ទៀតថា លោកបានចេញប្រកួតប្រដាល់តាំងពីវ័យកុមារ ដើម្បីរកលុយផ្គត់ផ្គង់ការសិក្សានៅកម្រិតបឋមភូមិ និងរហូតដល់រៀនចប់មធ្យមសិក្សាទុតិយភូមិផងដែរ។
ខាងក្រោមនេះ គឺជាការបកស្រាយរបស់លោក ឈុតសេរី វ៉ាន់ថង ឆ្លើយតបនឹង Fact Crescendo Cambodia នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤។
លោក ឈុតសេរី វ៉ាន់ថង គឺជាម្ចាស់មេដាយមាសស៊ីហ្គេមលើវិញ្ញាសារគុនខ្មែរនៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលត្រូវបានរៀបចំធ្វើឡើងនៅក្នុងប្រទេសកម្ពុជាកាលពីឆ្នាំ២០២៣កន្លងមកនេះ។ លោកក៏ជាកីឡាករប្រដាល់អាជីពដ៏ជោគជ័យម្នាក់ ដែលបានឆ្លងកាត់ការប្រកួតជាច្រើនតាំងពីវ័យកុមារ។
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថា ការអះអាងដូចដែលត្រូវបានរៀបរាប់ខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ កីឡាករប្រដាល់កម្ពុជា លោក ឈុតសេរី វ៉ាន់ថង បញ្ជាក់ថា លោកមិនធ្លាប់ហ្វឹកហាត់ “មួយថៃ” នៅប្រទេសថៃនោះឡើយ។ ផ្ទុយទៅវិញ លោក វ៉ាន់ថង ប្រាប់ថា លោកធ្លាប់ទៅប្រកួតប្រដាល់នៅប្រទេសថៃ ដែលតម្រូវឱ្យស្លៀកខោមានពាក្យ “មួយថៃ”បែបនេះកាលពីជាង ១០ឆ្នាំមុន។

Title:ម្ចាស់មេដាយមាសស៊ីហ្គេមបកស្រាយ ក្រោយមានការអះអាងថា ធ្លាប់ហ្វឹតហាត់នៅថៃ
Written By: Jay UdomResult: Misleading